ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ខួប​៥​ឆ្នាំ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​៖ មេ​ដឹក​នាំ​ពិភព​លោក​ប្តេជ្ញា​ចូល​រួម​ទប់​ស្កាត់​ការ​ឡើង​កម្តៅ​ផែនដី

សំឡេង ០៧:១៦
សកម្មជនអាកាសធាតុ ឈរនៅក្បែររូបដ៏ធំរបស់ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ចំថ្ងៃប្រារព្ធខួប៥ឆ្នាំនៃកិច្ចព្រមព្រៀងក្រុង​ប៉ារីសក្រោមពាក្យស្លោកថា “កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ថិតនៅក្នុង​អណ្តាតភ្លើង។
សកម្មជនអាកាសធាតុ ឈរនៅក្បែររូបដ៏ធំរបស់ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ចំថ្ងៃប្រារព្ធខួប៥ឆ្នាំនៃកិច្ចព្រមព្រៀងក្រុង​ប៉ារីសក្រោមពាក្យស្លោកថា “កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ថិតនៅក្នុង​អណ្តាតភ្លើង។ REUTERS - BENOIT TESSIER

នៅថ្ងៃសៅរ៍​ ទី១២​ ធ្នូនេះ​ កិច្ច​ព្រមព្រៀង​អាកាសធាតុ​ទីក្រុងប៉ារីស​ចម្រើន​វ័យ​បាន ៥ឆ្នាំហើយ​។ ក្នុងឱកាសនេះ​​ មេដឹកនាំ​ពិភពលោក​នឹង​បើក​ជំនួប​កំពូល​តាមអនឡាញ ដើម្បី​ជជែក​ពិភាក្សា​គ្នា​ពីការ​កំណត់​គោលដៅថ្មី​ដើម្បី​ទប់ស្កាត់​ការ​កើន​ឡើង​កម្តៅផែនដី​។ក្នុងរយៈពេល​ ៥ឆ្នាំ​ កន្លងមកនេះ​ តើគោលដៅ​ទប់​ស្កាត់​ការ​ឡើង​កម្តៅផែនដី​ទទួល​បាន​លទ្ធផល​យ៉ាងណាដែរ​? តើ​ប្រទេស​ហត្ថលេខី​នៃកិច្ច​ព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស គួរ​បន្ត​ធ្វើអ្វីខ្លះទៀត​ដើម្បី​សម្រេចឲ្យបាន​នូវ​មហិច្ឆតា​ជួយ​សង្គ្រោះ​ផែនដី​ពីការ​ឡើងកម្តៅ​?

ផ្សាយពាណិជ្ជកម្ម

កិច្ច​ប្រជុំ​កំពូល​ស្តីអំពី​អាកាសធាតុ​ចំ​ថ្ងៃ​គម្រប់​ខួប៥​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស

ក្នុងឱកាសដែល​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុងប៉ារីស​ឈាន​ដល់​វ័យ​ ៥ ឆ្នាំ​ (ថ្ងៃទី១២ ធ្នូ ២០១៥-១២ ធ្នូ ២០២០) មេដឹកនាំពិភពលោក​ និង​អ្នកពាក់ព័ន្ធ​ផ្សេង​ទៀតបាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​កិច្ច​ប្រជុំ​កំពូល​ប្រចាំឆ្នាំនេះ​ ដើម្បី​បង្ហាញពី​ការប្តេជ្ញាចិត្ត​របស់ពួកគេ​ចំពោះ​កិច្ចព្រមព្រៀង​អាកាសធាតុ ដែល​ក្រុម​អ្នកជំនាញខ្លះ​បាន​ព្រមានថា​បាន​បង្ហាញ​នូវ​ការ​បរាជ័យ​រួចហើយនោះ​។

កិច្ច​ប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ​ថ្ងៃនេះ​ត្រូវ​គេគិតគូរ​រៀប​ចំ​ឡើង​ ក្រោយ​ពេល​ដែល​អង្គការ​សហប្រជាជាតិបាន​ព្រមានថា​ការ​ចូលរួម​របស់​ពិភព​លោក​​បច្ចុប្បន្ន​នៅ​មិន​ទាន់​គ្រប់គ្រាន់​នោះទេ​ ក្នុងការ​ឆ្លើយតប​ទៅនឹង​បញ្ហា​កើន​ឡើង​កម្តៅ​នៃភពផែនដី​។

ដោយសារតែ​ជំងឺ​រាតត្បាត​កូវីដ១៩​ នៅ​បន្ត​វាយប្រហារ​លើពិភពលោក​នៅឡើយ​ ជំនួប​កំពូល​ស្តីអំពីអាកាសធាតុនៅ​ថ្ងៃសៅរ៍នេះ​ នឹងប្រព្រឹត្តឡើង​តាមអនឡាញ។ ជំនួបនេះ​ ​សហការ​គ្នា​ធ្វើឡើង​ដោយប្រទេស​អង់គ្លេស បារាំង និង អ.ស.ប ដោយ​សង្ឃឹមថានឹង​អាច​ប្រមូល​ផ្តុំកម្លាំង​ និងអាចជំរុញការសន្យា​របស់​ប្រទេសនានា​នៅមុន​សន្និសីទ​អាកាសធាតុ​របស់អ.ស.ប ​ (COP26) ដែល​គ្រោងធ្វើ​នៅក្នុង​ប្រទេស​ស្កុតឡែនដ៍​នាខែ​វិច្ឆិកា ឆ្នាំ ២០២១ ខាងមុខ​។

លោក​បូរីស ចនសុន​ នាយករដ្ឋមន្ត្រី​អង់គ្លេស​ គឺជា​អ្នក​ដែល​នឹង​បើក​ជំនួប​កំពូលនេះ​ នៅម៉ោង​ ១៤ ០០ ម៉ោង​សកល​ ឬស្មើនឹង​ម៉ោង​ ៩ យប់​ ម៉ោង​នៅ​ប្រទេស​ខ្មែរ​។ កិច្ច​ប្រជុំ​ស្តីអំពីអាកាសធាតុនេះ​ ក៏នឹង​មាន​ផ្សាយផ្ទាល់ផងដែរ​តាម​គេហទំព័រ​របស់​ អ.ស.ប (Weatherambitionsummit2020.org)។

មេដឹកនាំ​ពិភពលោក​ និង​បុគ្គល​សំខាន់ៗ​ជាច្រើន​រូបទៀត​មានជាអាទិ៍​ ប្រធានាធិបតី​ចិន​ លោក ស៊ី ជីនពីង​ និង​លោក​អេម៉ានុយអែល​ ម៉ាក្រុង​ មេដឹកនាំ​បារាំង​ ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រមុខរដ្ឋ​ដែលនឹង​ថ្លែង​សុន្ទរកថា​ទៅកាន់​មេដឹកនាំ​ប្រទេសនានា​ ដែល​បាន​ដាក់​ផែនការ​ប្រកប​ដោយ​មហិច្ឆតា​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​ឡើ​ង​កម្តៅ​ផែនដី។ វាគ្មិន​នឹង​បញ្ជូនសារ​ជាវីដេអូខ្លីៗ​ ហើយ​ក្រោយមកទៀត​ ប្រទេស​អ្នករៀបចំ​កម្មវិធី​នឹង​ប្រកាស​អំពីការប្តេជ្ញាចិត្ត​ ព្រមទាំង​គោលដៅថ្មី​ក្នុងការ​ជួយសង្គ្រោះ​ភពផែនដី​ពី​ការកើន​ឡើងកម្តៅ​។

គួរកត់សម្គាល់ផងដែរថា​ បណ្តា​ប្រទេស​សេដ្ឋកិច្ច​ធំៗ​ រួមមានអូស្រ្តាលី​ ប្រេស៊ីល និង​អាហ្វ្រិក​ខាងត្បូង នឹងអវត្តមាន​នៅក្នុង​ជំនួបកំពូល​នា​ថ្ងៃសៅរ៍នេះ​។ អូស្រ្តាលី​ មិនបាន​ប្តេជ្ញាទេថា​នឹង​បំភាយ​ឧស្ម័នពុល​ឲ្យ​បានដល់​សូន្យ​ត្រឹមឆ្នាំ​ ២០៥០​ និង​ត្រូវ​បានគេ​ស្តីបន្ទោសថា​ បាន​កំណត់​គោលដៅ​តិចតួច​បំផុត​ក្នុងការប្រយុទ្ធប្រឆាំង​នឹងការឡើង​កម្តៅផែនដីនេះ។

គោលដៅ​ទប់ស្កាត់​ការកើនឡើង​កម្តៅ​ផែន​ដី​ទទួល​បាន​លទ្ធផល​យ៉ាងណាដែរ​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​មកនេះ​?

គួរ​រំឭក​ជូនឡើងវិញ​បន្តិច​ថា​កាលពី៥​ ឆ្នាំមុន​ ពោលនៅថ្ងៃ​ ទី១២​ ធ្នូ​ ឆ្នាំ​២០១៥​ ក្នុង​ទី​ក្រុងប៉ារីស​ មាន​ប្រទេស​ចំនួន​ ១៩៦​ បាន​សម្រេច​រួមគ្នា​នូវ​កិច្ច​ព្រមព្រៀង​អាកាសធាតុ​ដែល​បន្ទាប់​មក​គេហៅ​កិច្ច​ព្រមព្រៀង​នេះថា​ជា​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស​។

គោលបំណង​របស់​វា​ គឺ​ចាំបាច់​ធ្វើយ៉ាងណា​កាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិកឲ្យ​បាន ៤៥% នៅ​ត្រឹមឆ្នាំ២០៣០ ហើយ​ត្រូវ​កាត់បន្ថយការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ឲ្យ​ដល់​កម្រិត ០ នៅ​ត្រឹម​ឆ្នាំ២០៥០ ដើម្បី​អាច​ទប់ស្កាត់​មិន​ឲ្យ​សីតុណ្ហភាព​មធ្យម​លើ​ភពផែនដីកើនឡើង​លើស​ពី ១,៥អង្សារ នៅ​ចុងសតវត្សរ៍​នេះ។

តាមពិតទៅ​ គេបាន​ឃើញថា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ ពិតជាបានប្តេជ្ញា​ចាត់វិធានការ​ ដើម្បី​ប្រយុទ្ធប្រឆាំងនឹង​ការឡើងកំដៅផែនដីមែន​។ ក៏ប៉ុន្តែ​ អ.ស.ប បាន​ព្រមាន​នៅ​សប្តាហ៍នេះ​ ថា​ បច្ចុប្បន្ន​ផែនដី​នៅ​តែស្ថិត​ក្នុង​ដំណើរ​ឆ្ពោះទៅរក​ “ ការកើនឡើង​សីតុណ្ហភាព​គួរ​ឲ្យ​បារម្ភ​ដែល​មាន​កម្រិត​​លើសពី​ ៣ អង្សារ​។ មានន័យការ​ ការចូលរួម​របស់ពិភពលោក​ នៅមិនទាន់​គ្រប់គ្រាន់​នោះទេ ស្រប​ទៅតាម​អ្វី​ដែល​គេ​បាន​ព្រមព្រៀងគ្នានៅ​ក្នុង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស កាល​ពី​ឆ្នាំ២០១៥។

ទំនួល​ខុសត្រូវ​របស់​មេដឹកនាំ​ពិភពលោក

ដើម្បី​ដោះស្រាយ​បញ្ហាកើនឡើង​កម្តៅផែនដី​ប្រកប​ដោយ​ប្រសិទ្ធភាព​ មានតែ​បង្កើន​ការ​ប្តេជ្ញា​ ការ​ចូលរួម​ និង​បង្កើន​ទំនួលខុសត្រូវ​ពី​មេដឹកនាំពិភព​លោក​នោះទេ​។ ក៏ប៉ុន្តែ​ ការ​ចូលរួម​យ៉ាងពេញ​ដៃពេញ​ជើង​ពី​បណ្តា​ប្រទេសនានា​ ក្នុងការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នការបូនិក​ ឬ​ឧស័ន្មពុល​ មិនមែនជារឿងងាយស្រួលឡើយ​។ មិនងាយស្រួល​ ដោយហេតុថា​ វាអាច​ប៉ះពាល់ទៅ​ដល់​ដំណើរការ​រោងចក្រ​ ឧស្សាកម្ម​ យានយន្ត​ ដែលជា​សរសៃឈាម​សេដ្ឋកិច្ច​របស់​ប្រទេស​ជាច្រើន​ មិនថា​ប្រទេស​អ្នកមាន​ ឬអ្នកក្រឡើយ​។

ដោយមើលឃើញ​បែបនេះ​ ក្នុងថ្ងៃ​មាន​ជំនួប​កំពូល​អាកាសធាតុ​ អង្គការ Greenpeace បានឆ្លៀត​ដាស់​តឿនរំឭកដោយទទូចថា​ វា​ដល់​ពេល​មែនទែន​ហើយដែល​មេដឹក​នាំ​ពិភពលោក​ត្រូវចាប់​មានទំនួលខុស​ខ្ពស់​ឆ្លើយតប​ទៅនឹង​បញ្ហាប្រែប្រួល​អាកាសធាតុ​ ដែល​ជា​បញ្ហាដ៏​រសើបខ្លាំង​បំផុត​មួយ​របស់​ពិភព​លោក​យើង។

បើមេដឹកនាំពិភពលោក​ នៅតែមិនសូវខ្វល់ខ្វាយ​ ឬនៅតែ​មិនយក​វិធានការ​កាត់​បន្ថយ​កំដៅ​ផែនដី​ជាអាទិភាព​ទេ​នោះ​ ភពផែនដីយើង​ នឹង​នៅតែ​រងគ្រោះ​ថ្នាក់​កាន់តែ​ខ្លាំងទៅៗ​ពីមួយ​ឆ្នាំ​ទៅមួយឆ្នាំ​។ ឧទាហរណ៍​ជាក់ស្តែង​ ខែត្រជាក់​ អាកាសធាតុ​នឹង​កាន់​តែ​ត្រជាក់​ខ្លាំង​ ហើយ​ពេលក្តៅវិញ​ អាកាសធាតុ​នឹង​រឹងរឹត​តែក្តៅ​ខ្លាំង​។ ជាលទ្ធផល​ មនុស្សលោកយើងនេះ​ហើយ​ ដែលនឹង​ក្លាយជាជនរង​គ្រោះខ្លាំង​ទាំងអស់​គ្នា​។

យ៉ាងណាក៏ដោយ​ បើយើងតាម​អ.ស.ប​ នៅមួយរយៈពេល​ចុងក្រោយ​នេះ​ មានការ​ធ្លាក់​ចុះ​នៃ​ការបំភាយឧស្ម័ន​កាបូនិកដែរ​ ដោយសារ​ការរាតត្បាត​នៃជំងឺឆ្លង​កូវីដ១៩​។ ក៏ប៉ុន្តែ​ ការធ្លាក់ចុះនេះ​ មានចំនួនតិចតួច​ណាស់​ ដែល​អាច​រារាំង​ការកើន​ឡើង​នៃកំដៅផែនដីបាន​។

ដូច្នោះហើយ​ ដូច​បាន​រៀបរាប់​ខាងលើ​ មានតែ​ការ​ចូលរួម​ប្រកប​ដោយ​ទំនួល​ខុសត្រូវ​ខ្ពស់​ ពី​សំណាក់​មេដឹកនាំពិភពលោក​ប៉ុណ្ណោះ​ ទើប​គេ​ជួយ​សង្គ្រោះ​ពិភពលោក​ ជួយ​ទប់ស្កាត់​ការកើន​ឡើងកំដៅ​ផែនដី​ ក៏ដូចជា​ជួយ​មនុស្សលោក​ពីគ្រោះថ្នាក់​បង្ក​ឡើង​ដោយ​ធម្មជាតិ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI