ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កងទ័ពជើងទឹក​អង់គ្លេស​​ត្រៀមការពារ​ដែនសមុទ្រ ករណីគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម​អង់គ្លេស អឺរ៉ុប

កប៉ាល់ចម្បាំង​អង់គ្លេស  Bulwarkនៅក្នុង​បេសកកម្ម​ការពារ​ដែនសមុទ្រ​មេឌីទែរ៉ាណេ នៅឆ្នាំ ២០១៦
កប៉ាល់ចម្បាំង​អង់គ្លេស Bulwarkនៅក្នុង​បេសកកម្ម​ការពារ​ដែនសមុទ្រ​មេឌីទែរ៉ាណេ នៅឆ្នាំ ២០១៦ AP - Ariel Schalit

តើ​អង់គ្លេស និង​អឺរ៉ុប នឹង​មាន​កិច្ចព្រមព្រៀង ឬ​ក៏គ្មាន​កិច្ចព្រមព្រៀង? ការចរចា​រវាង​ភាគី​ទាំងពីរ បាន​ឈាន​ចូល​ដល់​ដំណាក់កាល​ចុងក្រោយ នៅថ្ងៃ​អាទិត្យ ទី ១៣​ធ្នូ ថ្ងៃ​ដែល​កំណត់​ថា តើ​អង់គ្លេស និង​អឺរ៉ុប​នឹង​អាច​ចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម នៅក្រោយ ការផ្តាច់ខ្លួន​ទាំងស្រុង របស់​អង់គ្លេស ពី​សហភាពអឺរ៉ុប​ដែរឬទេ។ អ្នកតំណាង​អឺរ៉ុប និង​អង់គ្លេស បាន​ព្យាយាម​ចរចាគ្នា រហូត​ដល់​យប់​ថ្ងៃ​សៅរ៍ មុន​នឹង​ចាប់ផ្តើម​បន្ត នៅព្រឹកថ្ងៃ​អាទិត្យនេះទៀត នៅ​ទីក្រុង​ព្រុចស៊ែល។ 

ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​អាទិត្យនេះ ជាថ្ងៃ​ចុងក្រោយ​ដែល​អង់គ្លេស និង​អឺរ៉ុប​ត្រូវ​ចរចា ដើម្បី​រកកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម នៅក្រោយ អង់គ្លេស បាន​ដកខ្លួន លែង​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​តទៅទៀត។ ប៉ុន្តែ រហូតមក​ដល់​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ ក្បែរ​នឹង​ថ្ងៃ​ចុងក្រោយ នេះ​ទៅហើយ អង់គ្លេស និង​សហភាពអឺរ៉ុប នៅតែ​មិនទាន់ ចរចា​រកឃើញ​កិច្ចព្រមព្រៀង​នឹង​គ្នាទៀត។

នៅពេល​ការចរចានៅមិនទាន់​បញ្ចេញពន្លឺ ជា​វិជ្ជមាន​អ្វីសោះនោះ នាយករដ្ឋមន្រ្តី​អង់គ្លេស ត្រូវ​ជួប​សន្ទនា​តាម​ទូរស័ព្ទ ជាមួយ​ប្រធាន​គណៈកម្មការ​អឺរ៉ុប។ អ្នកទាំងពីរ នឹង​សម្រេចថា តើ​គួរ​បន្ត​ចរចា​ទៅមុខទៀត ឬ​ក៏បោះបង់​ចោល​ការចរចា នៅត្រឹមណេះ។ នៅថ្ងៃ​អាទិត្យ ទី ១៣​ធ្នូ លោកស្រី ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​ប្រកាស​ថា ភាគី​ទាំងពីរ​បាន​និយាយ​ព្រមព្រៀងថា នឹង​ពន្យារការចរចា នៅក្រោយ ថ្ងៃ​​អាទិត្យ នេះ។

អង់គ្លេស​បានដើរចេញ​ពី​រង្វង់សហភាព​អឺរ៉ុប ជាផ្លូវការ តាំង​ពី​ថ្ងៃទី ៣១​មករា ដើមឆ្នាំ​២០២០។ ប៉ុន្តែ អង់គ្លេស​នៅ​បន្ត​សិទ្ធិ​ប្រើប្រាស់​ទីផ្សារ​អឺរ៉ុបរួម និង​គ្មាន​របាំង​ពន្ធគយ​របស់​អឺរ៉ុប រហូត​ដល់​ថ្ងៃទី ៣១​ធ្នូ​ចុងឆ្នាំនេះ។ ប៉ុន្តែ ដោយសារ​តែ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ពិសេស​រវាង​អង់គ្លេស និង​អឺរ៉ុប ត្រូវ​ចប់​នៅចុងឆ្នាំនេះ ភាគី​ទាំង​ពីរ​បាន​បើកចរចា គ្នា​តាំង​ពីខែ​មីនា មក​ដើម្បី​រក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី សម្រាប់​ទំនាក់ទំនង​ថ្មី ក្នុងនាម​ដែល​អង់គ្លេស លែង​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​តទៅទៀត។

កាលកំណត់ ដែល​អង់គ្លេស ត្រូវ​ចាកចេញ​ពី​ទីផ្សារ​អឺរ៉ុប និងអនុគ្រោះពន្ធគយ​របស់​អឺរ៉ុប គឺ​នៅ​ថ្ងៃទី ៣១​ធ្នូ​ខាងមុខ។ ប៉ុន្តែ នាយករដ្ឋមន្រ្តី​អង់គ្លេស និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន បាន​កំណត់​យក​ថ្ងៃ​អាទិត្យ ទី ១៣​ធ្នូ​នេះ​ជា​ថ្ងៃ​ចរចា​ចុងក្រោយ។ ដូច​ស្រីពេជ្រ​បាន​លើកខាងដើម នៅថ្ងៃនេះ នៅក្នុង​កិច្ចសន្ទនា​តាមទូរស័ព្ទ មេដឹកនាំ​អង់គ្លេស និង​មេដឹកនាំ​អឺរ៉ុប​នឹង​សម្រេច​ថា គេ​បន្ត​ការចរចា ទៅមុខទៀត ឬ​មួយ​ក៏​បោះបង់​ចោល​ត្រឹមនេះ។ មន្រ្តីបារាំង សម្រាប់​កិច្ចការ​អឺរ៉ុប បាន​បញ្ជាក់ហើយថា ទីក្រុង​ឡុងដ៍ និង​ព្រុចស៊ែល អាច​បន្ត ការចរចា ប៉ុន្តែ មិនច្រើននោះទេ ព្រោះថា ​ពេលវេលា​កាន់តែ​ខើចណាស់ទៅហើយ។ នៅពេល​តែ​ប៉ុន្មានថ្ងៃទៀតទេ ថ្ងៃ​ទី ៣១​ធ្នូ នឹង​ឈាន​មកដល់ ប៉ុន្តែ ភាគី ទាំងពីរ​បានពន្លយ​ឲ្យ​ដឹង​ពី​លទ្ធភាព គ្មាន​កិច្ចព្រមព្រៀង ច្រើនជាង មានកិច្ចព្រមព្រៀង។

ទូកនេសាទអឺរ៉ុប​ក្នុង​ដែនទឹកអង់គ្លេស ជាចំណុច​ជាប់គាំង​ខ្លាំង​ក្នុង​ការចរចា​អង់គ្លេស អឺរ៉ុប

ការចរចា រកកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម អង់គ្លេស អឺរ៉ុប នៅក្រោយ Brexit នៅតែ​ទ័លច្រក ជាប់គាំង លើ​ចំណុច​សំខាន់មួយចំនួន ដែល​ អង់គ្លេស និង​អឺរ៉ុប ហាក់​ដូចជា គ្មាន​ចង់​ធ្វើ​សម្បទាន ឲ្យ​គ្នា​ទាល់តែសោះ។

ចំណុច​គាំង​ទី ១ គឺ លើ​សិទ្ធិ​របស់​អ្នកនេសាទ​អឺរ៉ុប ក្នុង​ដែនទឹក​របស់អង់គ្លេស។ រឿង​នេសាទ នេះ​ជា​ការទាមទារ​ចង់​បាន​ខ្លាំង​របស់​ប្រទេស​សមាជិក​មួយចំនួន​ដូចជា បារាំង ហូឡង់ បែលហ្ស៊ិក ឬ​អេស្ប៉ាញជាដើម ព្រោះថា ដែន​ទឹកសមុទ្រ​អង់គ្លេស មាន​សំបូរ​ត្រីច្រើន។

ភាគី​អឺរ៉ុប​ចង់បន្ត ចូល​ទៅ​នេសាទ​ក្នុង​ដែនទឹក​របស់​អង់គ្លេស ដូចមុន ជាថ្នូរ​នឹង​ការដែល​អង់គ្លេស អាច​បញ្ជូន លក់​ផលិតផល​គ្រឿង​សមុទ្រ ក្នុង​ទីផ្សារ​អឺរ៉ុប។ ប៉ុន្តែ អង់គ្លេស វិញ មិន​ឯកភាព​នោះទេ ក្នុងហេតុផលថា អង់គ្លេស​មានអធិបតេយ្យភាព ត្រូវ​គ្រប់គ្រង ការពារ​ដែនទឹក​សមុទ្រ​របស់ខ្លួន ​ឲ្យ​ប្រទេស​អឺរ៉ុប មាន​សិទ្ធិ​ចូល​នេសាទ​ដូចមុន។

ចំណុចជាប់គាំង​ទី​២ គឺ​រឿង ប្រកួតប្រជែងពាណិជ្ជកម្ម ទៅ​ថ្ងៃ​អនាគត។ ភាគី​អឺរ៉ុប​បាន​យល់ព្រម ឲ្យ​អង់គ្លេស អាច​បន្ត​ប្រើប្រាស់​ទីផ្សារ​អឺរ៉ុប ហើយ​និង​គ្មាន​រនាំងពន្ធគយ​ដូចមុន គឺ​ដូចពេល​ដែល​អង់គ្លេស នៅ​ជា​សមាជិក​របស់​អឺរ៉ុប ប៉ុន្តែ ជាថ្នូវិញ អង់គ្លេស ត្រូវ គោរព​តាម​ក្បួនខ្នាត ច្បាប់ផ្ទៃក្នុង​របស់​អឺរ៉ុប ទាក់ទង​នឹង​កម្លាំង​ពលកម្ម ការយកពន្ធ ឬ​សង្គម​បរិស្ថាន ជាដើម។ សម្រាប់​អឺរ៉ុប វា​មិនមែន​ជា​រឿង​យុត្តិធម៌​ទេ ដែល​អង់គ្លេស​អាច​ចូល​ប្រើប្រាស់​ទីផ្សារ​អឺរ៉ុប​ដោយ​សេរី និង​គ្មាន​របាំងពន្ធគយ ប៉ុន្តែ អង់គ្លេស កំណត់​ស្តង់ដា ច្បាប់​ផ្ទាល់​ខ្លួន អង់គ្លេស​នោះ។ ដើម្បី បន្ត​ប្រើប្រាស់​ទីផ្សារ​អឺរ៉ុប ដោយ​សេរីដូចមុន អឺរ៉ុប​បាន​ទាមទារ​ឲ្យ​អង់គ្លេស​បន្ត​គោរព​ច្បាប់​ជំនួញ​អឺរ៉ុប។ អឺរ៉ុប ខ្លាចថា អង់គ្លេស អាច​ធ្វើការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់ ដូចជា​អាច​លួច​ផ្តល់ជំនួយ​ឧបត្ថម្ភ​ដល់​ក្រុមហ៊ុន​អង់គ្លេស ដែល​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អឺរ៉ុប​ពិបាក​នឹង​ប្រកួតប្រជែង​ជាមួយ នៅក្នុង​ទីផ្សារ​អឺរ៉ុប។

ក្នុង​ករណី​ដែល​អង់គ្លេស​មិន​គោរព តាម​ក្បួនច្បាប់អឺរ៉ុប អឺរ៉ុប​ចង់ ប្រើសិទ្ធិ​ដើម្បី ចាត់វិធានការ​ឯកតោភាគី តាមរយៈ ការអនុវត្តយក​ពន្ធ និង​កំណត់​ចំនួន​កូតា ទំនិញ​របស់អង់គ្លេស ក្នុង​ទីផ្សារ​អឺរ៉ុប ដើម្បី ការពារ​ក្រុមហ៊ុន​អឺរ៉ុប ទល់​នឹង​ក្រុមហ៊ុន​អង់គ្លេស ដែលធ្វើជំនួញ មិន​ស្មោះត្រង់។

គ្មាន​កិច្ចព្រមព្រៀង​នឹង​គ្នា អង់គ្លេស និង​សហភាពអឺរ៉ុប ត្រូវ​គោរពគោលការណ៍​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក

បើ​គ្មាន​កិច្ចព្រមព្រៀង​ មុន​ថ្ងៃទី ៣១​ធ្នូទេ នោះ ចាប់​ពី​ថ្ងៃទី ១ មករា​២០២១​ទៅ​ រាល់​គ្រប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​អង់គ្លេស​និង​អឺរ៉ុប នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​តាមគោលការណ៍​នៃ​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO  ដែល​មានន័យ​ថា ការកំណត់​កូតា ហើយ​និង​អត្រាពន្ធគយ នឹង​ត្រូវ​គេ​អនុវត្ត​ ដោយ​ស្វ័យប្រវត្តិ​រវាង​ភាគី អង់គ្លេស ហើយ​និង​អឺរ៉ុប។

ដោយសារ​តែ​មាន​កំណត់កូតា ហើយនិង​តម្លៃពន្ធគយ ទំនិញ​នឹង​ឡើងថ្លៃ ដែលជះផលអាក្រក់​ដល់​អ្នកប្រើប្រាស់​របស់អង់គ្លេស និង​អឺរ៉ុប ចំណែក​ការត្រួតពិនិត្យ ដំណើរ​ចេញចូល ឆ្លងដែន​រវាង ​អង់គ្លេស ហើយ​និង​អឺរ៉ុប ក៏ត្រូវ​ចាប់ផ្តើម មានឡើងវិញ ជាលើកទី១ នៅក្រោយ អវត្តមាន​អស់ជាច្រើន​ទសវត្សរ៍ នៅពេល​អង់គ្លេស ធ្លាប់ជា​សមាជិក​របស់អឺរ៉ុប។

រឿង​ទាំងអស់នេះ នឹង​ទៅ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ភាគី ទាំងពីរ ជាពិសេស អង់គ្លេស​តែម្តង ដែល​នៅ​ឯកោ​តែម្នាក់ឯង ហើយ​កំពុង​មាន​សេដ្ឋកិច្ច​ចុះទន់ខ្សោយដោយសារ​តែ​វិបត្តិ​កូវីដ​រួចហើយនោះ។

នៅ​ភាគីអឺរ៉ុប ប្រឈម​នឹង​លទ្ធភាព គ្មាន​កិច្ចព្រមព្រៀង ច្រើន​ជាង​មាន​កិច្ចព្រមព្រៀង គណៈកម្មការ​អឺរ៉ុប បានបង្ហាញ​វិធានការ​មួយចំនួន ដើម្បី​ទប់ទល់​កុំ​ឲ្យ​ការលែងលះ​ជាមួយ អង់គ្លេស ប៉ះពាល់​ខ្លាំង​ពេក​ដល់​វិស័យ ដឹកជញ្ជូន ការធ្វើដំណើរ​តាមផ្លូវអាកាស ហើយ និង​ការនេសាទ។ ជារួម គណៈកម្មការ​អឺរ៉ុប​ចង់​ឲ្យ​គេ​បន្តរក្សា កិច្ចព្រមព្រៀង​ស្តីពីការដឹកជញ្ជូន រវាង​អង់គ្លេស និង​អឺរ៉ុប ក្នុង​រយៈពេល ៦ខែ​ទៅមុខទៀត ចំណែក អង់គ្លេស និង​អឺរ៉ុប នៅតែ​អាច​បន្ត ចូល​ទៅនេសាទ ក្នុង​ដែនទឹកគ្នា​ទៅវិញ ទៅមក រហូត​ដល់ចុងឆ្នាំ ២០២១។ បើសិន​ការចរចា នៅ​ថ្ងៃ​ចុងក្រោយនេះ គ្មាន​លទ្ធផល​វិជ្ជមានទេ នោះ សភា​អឺរ៉ុប​នឹង​បោះឆ្នោត លើ​វិធានការ​បន្ទាន់ របស់​អឺរ៉ុប នៅ​ថ្ងៃ​ទី ១៨​ធ្នូ​ខាងមុខ។

អង់គ្លេស​ត្រៀមកប៉ាល់ចម្បាំង​សម្រាប់​ល្បាត ហាម​មិន​ឲ្យ​ទូកនេសាទ​បរទេស​ចូល​ក្នុងដែនទឹក​អង់គ្លេស

កងទ័ព​អង់គ្លេស បាន​ប្រកាសកាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ​ថា ខ្លួនត្រៀម រួចជាស្រេច​ដើម្បី​ចាប់ផ្តើម​ល្បាត​ព្រំដែន សមុទ្រ ជាមួយ​សហភាពអឺរ៉ុប។ អង់គ្លេស និង​សហភាព​អឺរ៉ុប​ធ្លាប់សហការគ្នា និង​ជាសម្ព័ន្ធមិត្ត នៅក្នុង​អង្គការ​អូតង់។

សម្រាប់​មន្រ្តីរដ្ឋាភិបាល​អង់គ្លេស រាល់កិច្ចព្រមព្រៀង​ត្រូវ​តែ​ស្មើភាព និង​គោរព​ជំហរ​ជាមូលដ្ឋាន​គ្រឹះ របស់​អង់គ្លេស ដែលក្នុង​នោះ អង់គ្លេស​ជា​រដ្ឋអធិបតេយ្យ ក្នុង​រយៈពេល ៣សប្តាហ៍​ខាងមុខ។ ក្នុងន័យនេះ អង់គ្លេស នឹង​មិន​បណ្តែតបណ្តោយ ឲ្យ​ទូកបរទេស ចូល​ទៅនេសាទ ក្នុង​ដែនទឹក​របស់ខ្លួន ទៀតនោះទេ។

នៅប៉ុន្មានម៉ោង មុន ​ថ្ងៃ​ចរចា​ចុងក្រោយ ក្រសួងការពារ​ជាតិ​អង់គ្លេស បាន​បង្កើនភាពតានតឹង មួយជាន់ ថែមទៀត ដោយ​បាន​អះអាងថា កងទ័ព​អង់គ្លេស​បាន​ត្រៀម​កប៉ាល់ចម្បាំង ៤គ្រឿង សម្រាប់​ចេញ ទៅ​ការពារ​ដែនទឹក របស់​អង់គ្លេស ទល់​នឹងកប៉ាល់​បរទេស នៅក្នុង​ករណី គ្មាន​កិច្ចព្រមព្រៀង អង់គ្លេស អឺរ៉ុប។ សម្រាប់ អតីត​មេបញ្ជាការ​កងទ័ព​ជើងទឹក​អង់គ្លេស​លោក Alan West វាជារឿង​សមគួរ ដែល​កងទ័ព​ជើងទឹក​អង់គ្លេស ចេញមុខ​ការពារ​ដែនទឹកសមុទ្រអង់គ្លេស បើសិន រដ្ឋាភិបាល មិនចង់​ឲ្យ​ទូកនេសាទ​បរទេស ចូលក្នុង​ដែនទឹក​អង់គ្លេសនោះ។

ក្រសួងការពារជាតិអង់គ្លេស​បាន​បញ្ជាក់ថា គេ​បាន​ត្រៀម​កងទ័ព ប្រមាណ ១៤ ០០០​នាក់ សម្រាប់​ត្រៀម ជួយ រដ្ឋាភិបាល ក្នុង​ការការពារ​ដែនទឹកអង់គ្លេស ក្នុង​ដំណាក់កាល​អន្តរកាល ក្រោយ Brexit ដែលនៅក្នុង​នោះ មាន​ផងដែរ​ឧទ្ធម្ភាគចក្រ សម្រាប់​តាមដាន​ឆ្នេរសមុទ្រ អង់គ្លេស។

អតីត​រដ្ឋមន្រ្តី​ការពារ​ជាតិ​អង់គ្លេស និង​ជា​អតីតមន្រ្តី​របស់​គណៈកម្មការអឺរ៉ុប លោក Chris Patten បាន​ចោទប្រកាន់​លោកនាយករដ្ឋមន្រ្តី​បូរីស ចនសុន​ថា កំពុង​ធ្វើខ្លួន​ជា​ជនជាតិ​អង់គ្លេស​ជាតិនិយម។ ជារួម កងទ័ព​អង់គ្លេស​ដែល​កំពុងជាប់រវល់​ដោយសារ​រឿង​ផ្សេងហើយនោះ មិនអាច​ទៅ រវល់ ហើយ​និង​ចេញមុខ​ប្រឈម​ដាក់​ប្រទេស​អឺរ៉ុប ដែល​ជាសម្ព័ន្ធមិត្ត​របស់​អង់គ្លេស នៅក្នុង​អង្គការ​អូតង់​ដោយសារ​តែរឿង​នេសាទ នោះទេ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI