ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហរដ្ឋ​អាមេរិក ៖ តើ​អង្គ​បោះឆ្នោត អាច​មិន​ជ្រើសរើស​លោក​បៃដិន ​ប្រធានាធិបតី​ជា​ផ្លូវការ​ ដែរឬទេ ?

សំឡេង ០៥:៤៩
លោក ចូ បៃដិន ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី
លោក ចូ បៃដិន ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី REUTERS - KEVIN LAMARQUE

ជាង​មួយ​ខែ​ក្រោយ​ការ​បោះឆ្នោតប្រធានាធិបតី​អាមេរិក​​ថ្ងៃ​ទី​៣​វិច្ឆិកា គឺ​នៅ​ថ្ងៃចន្ទ​ទី ១៤​ ធ្នូ ២០២០​នេះ ដែល​អង្គ​បោះឆ្នោត​ត្រូវ​ជួប​ប្រជុំ​គ្នា​បោះឆ្នោត ជា​ផ្លូវការ​ ​ជ្រើស​រើស លោក ចូ បៃដិន ជា​​ប្រធានាធិបតី​ប្រធានាធិបតី​អាមេរិក​ថ្មី។ កន្លងមក​ និ​ងតាម​ទម្លាប់ ការ​បោះឆ្នោត​ថ្ងៃ​នេះ គ្រាន់​តែ​ជា​ការ​បោះឆ្នោត​បង្គ្រប់កិច្ច​ ស្រប​តាម​ប្រព័ន្ធ​បែបបទ​បោះឆ្នោត​អាមេរិក​​តែ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​ ដំណើរ​បែប​បទ​ មាន​លាក់​ភាព​មិន​ប្រាកដ​ប្រជា​ខ្លះ។

ផ្សាយពាណិជ្ជកម្ម

ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ ដែល​ប្រព្រឹត្ត​ទៅ កាលពី​ថ្ងៃទី ៣ វិច្ឆិកា មិនមែន​ជា​ការ​បោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​ដោយ​ផ្ទាល់ទេ និង​មិនមែន​ជា​ការ​បោះឆ្នោត​ទូទៅថ្នាក់ជាតិ ដែរ តែ​ជា​ការ​បោះឆ្នោត នៅ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋនីមួយៗ​ដាច់ដោយ​ឡែក​ពីគ្នា ដើម្បី​​ជ្រើសរើសអង្គបោះឆ្នោត ដែល​គេ​ហៅ​តាម​ភាសា​អង់គ្លេស​ថា « Electoral College »។ អង្គបោះឆ្នោត​ដែល​ជ្រើសរើស​ចេញ​ពី​ការ​បោះឆ្នោត​ថ្ងៃទី៣​វិច្ឆិកា​នេះ​ ​ជា​អ្នក​ត្រូវ​ជ្រើសរើស​ប្រធានាធិបតី នៅ​ក្នុង​ការ​បោះឆ្នោត​ ដែលប្រព្រឹត្ត​ទៅ​ នៅថ្ងៃទី១៤ធ្នូ ២០២០នេះ។ តាម​លទ្ធផល លោក ចូបៃដិន បាន​ទទួល​អង្គ​បោះឆ្នោត ៣០៦​រូប ទល់​នឹង​លោក​ដូណាល់ ត្រាំ ២៣២​រូប។

សូមអាន ៖ បោះឆ្នោត​ប្រធានាធិបតីអាមេរិក៖ តើអ្វីទៅជា "អង្គបោះឆ្នោត"?

តាម​ធម្មតា​ នៅ​ពេល​ដល់​ថ្ងៃ​ដែល​អង្គបោះឆ្នោត​ ទាំង ៥៣៨រូប ត្រូវ​ប្រជុំ​គ្នា​ដើម្បី​បោះឆ្នោត​ ជា​ផ្លូវការ​ ជ្រើសរើសប្រធានាធិបតី​ រាល់​ការ​តវ៉ា​​​ទាំង​ឡាយ សុទ្ធ​តែ​ត្រូវ​បាន​អារកាត់​សេចក្តី​ចប់​សព្វគ្រប់​ទាំង​អស់។ ​ ​ប្រធានាធិបតី​ផុត​អាណត្តិ​ និង​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​​ ក៏​បាន​ព្រមព្រៀង​និង​ចាប់​ផ្តើម​ធ្វើ​អន្តរកាល​ផ្ទេរ​អំណាច​ បណ្តើរៗ​ហើយ យ៉ាង​រលូន​។ តែសម្រាប់​​ថ្ងៃ​​នេះ​ លោក​ ដូណាល់ ត្រាំ​ ប្រធានាធិបតី​ផុត​អាណត្តិ​ នៅ​តែ​បន្ត​បដិសេធ មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ថ្ងៃទី ៣​វិច្ឆិកា​ទេ។ ហើយ​គេបាន​ថែម​ទាំង​ដឹង​ទៀត​ថា លោក​ដូណាល់ ត្រាំ បាន​ព្យាយាម​ដាក់​គំនាប​លើ រូប​អង្គ​បោះឆ្នោត​មួយ​ចំនួន ដោយ​អំពាវនាវ​ឱ្យ​ពួក​គេ​កុំ​គោរព​តាម​លទ្ធផល​ឆ្នោត​កាលពី​ខែ​មុន។

 

តើ​អង្គ​បោះឆ្នោត​អាច​ធ្វើ​ផ្ទុយ​ពីលទ្ធផល​បោះឆ្នោត​ថ្ងៃ​ទី ៣ វិច្ឆិកា ​ដែរ​ឬទេ ?

 

ដោយ​ជាក់ស្តែង​ទៅ​នោះ គ្មាន​អ្វី​អាច​មក​ហាមឃាត់​​ពួកគាត់​ទេ។ នៅ​ថ្ងៃ​នេះ​ អង្គ​បោះឆ្នោត​​អាចបោះឆ្នោត​​គាំទ្រ​បេក្ខជន​ប្រធានាធិបតីណា​ក៏​បាន គ្រាន់​តែ​ថា​បើ​គាត់ធ្វើ​ផ្ទុយ​នឹង​ឆន្ទៈ​របស់​ពលរដ្ឋ​ គាត់​អាច​នឹង​រង​ការ​ផាក​ពិន័យ។

វា​ជា​ការ​កម្រ​ណាស់​ដែល​អង្គបោះឆ្នោត​រូប​ណា​ម្នាក់ សម្រេច​ចិត្ត​​ធ្វើ​ផ្ទុយ​ពី​លទ្ធផល​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​នោះ។​ ​ ពាក្យ​ថាកម្រ បាន​ន័យ​ថា​ធ្លាប់​មាន​អង្គបោះឆ្នោត​គាំទ្រ​បេក្ខជន​ដែល​មិន​មែន​ជា​តំណាងបក្ស​​របស់​ខ្លួន​។

ជាក់ស្តែង នៅ​ឆ្នាំ ២០១៦ នៅក្នុង​សម័យ​បោះឆ្នោត​នោះ​​លោក​ដូណាល់ ត្រាំ ជាប់​ឆ្នោត​​ជា​ប្រធានាធិបតី​អាមេរិក ដោយ​មាន​​អង្គបោះឆ្នោត​ច្រើន​ជាង​លោកស្រី ហ៊ីឡារី គ្លីនតុន តែ​បើ​គិត​អំពី​សំឡេងរបស់​ប្រជាពលរដ្ឋ​វិញ គឺ​លោកស្រី​បេក្ខនាទី​បក្ស​ប្រជា​ធិបតេយ្យទេ​ ដែល​បាន​​ទទួល​គាំទ្រ​ច្រើន​ជាង​ (លើស​ដល់ទៅ​ជាង​បី​លាន​សំឡេង​ឯណោះ)។ នៅ​ពេល​នោះ ក្រុម​អ្នក​ប្រជាធិបតេយ្យ​ខ្លះ​​ បាន​រំពឹង​​ថា​ អាច​នឹង​មាន​អង្គបោះឆ្នោត​របស់​បក្ស​សាធារណរដ្ឋ​ខ្លះ​ផ្តាច់​ខ្លួន ពី​បក្ស​ ហើយ​​ងាក​មក​គាំទ្រ​ បេក្ខភាព​លោកស្រី​គ្លីនតុនវិញ។ ដូច​ក្តី​សង្ឃឹម​មែន កាលណោះ​មាន​ អង្គបោះឆ្នោត​ចំនួន​៧​រូប បាន​ជ្រើសរើស​ងាក​មក​បោះឆ្នោត​ជូន​លោកស្រី​ គ្លីនតុន។ ជា​ចំនួន​ដ៏​ច្រើន ខុស​ពី​ទម្លាប់ ប៉ុន្តែ​មិន​គ្រប់​គ្រាន់​នឹង​រារាំង​មហាសេដ្ឋី​ ដូណាល់ ត្រាំ​ មិន​ឱ្យ​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ទី​៤៥​បាន​ឡើយ។

ដូច្នេះ​ហើយ​បាន​ជា​លោក​ដូណាល់ ត្រាំ នៅ​តែ​បន្ត​មាន​ជំនឿ​ថា​អាច​ប្តូរ​លទ្ធផល​បោះឆ្នោត​ថ្ងៃទី ៣​វិច្ឆិកាបាន។ អង្គ​បោះឆ្នោត ត្រូវ​ជួប​ប្រជុំ​គ្នា​ នៅ​ថ្ងៃ​ចន្ទ​ទី ១៤​ធ្នូនេះ ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ជា​ផ្លូវការ។ សន្លឹក​ឆ្នោត​របស់​អង្គបោះឆ្នោត​នឹង​ត្រូវ​បញ្ជូន​ទៅ​ឱ្យស​ភា និង​ព្រឹទ្ធសភា​​ រាប់​និង​ប្រកាស​លទ្ធផល ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​៦ ​មករា ២០២១។

 

ក្រោយ​ការ​បោះឆ្នោត​របស់​អង្គ​បោះឆ្នោត តើ​លោក​ ដូណាល់ ត្រាំ អាច​បន្ត​បដិសេធ​លទ្ធផល​ ទៀត ?

កាលពី​ពីរ​សប្តាហ៍​មុន​ លោក ដូណាល់ ត្រាំ បាន​ព្រលយ​មាត់​​ថា លោកនឹង​គោរព​តាម​សេចក្តី​សម្រេច​របស់​អង្គបោះឆ្នោត។ ប៉ុន្តែ​ គ្មាន​អ្វី​ប្រាកដ​ទេ បើ​យោល​ទៅតាម​​ឥរិយាបថ​របស់​ប្រធានាធិបតី​ផុត​អាណត្តិ​ នារយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ ក្រោយ​អំពី​បរាជ័យ​ក្នុង​ការ​តវ៉ា​តាម​ផ្លូវ​តុលាការ​ នៅ​តាម​រដ្ឋ​ជា​ច្រើន​ និង​បន្ត​បន្ទាប់​មក​ លោកដូណាល់ ត្រាំ នៅ​មាន​ជម្រើស​ចុងក្រោយ​មួយ​ទៀត គឺ​សុំ​ឱ្យ​ព្រឹទ្ធសភា​កុំ​អនុម័ត​លទ្ធផល​ បោះឆ្នោត​របស់​អង្គបោះឆ្នោត​ថ្ងៃចន្ទ​នេះ។

ប៉ុន្តែ​លោក​ត្រាំ ទំនង​គ្មាន​សំណាង​សម្រេច​បំណង​ទេ ព្រោះ​បក្ស​ប្រជាធិបតេយ្យ​មាន​សំឡេង​ភាគ​ច្រើន​នៅសភា ហើយ​សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​ភាគ​ច្រើន​បាន​ប្រកាស​ជា​ស្រេច​ហើយ​ថា​នឹង​គោរព​លទ្ធផល​បោះឆ្នោត​ថ្ងៃទៅ ៣ វិច្ឆិកា ២០២០៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI