ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូវីដ១៩៖អង្គការសុខភាពពិភពលោកពន្លឿនយន្តការកូវ៉ាក់ដោយផ្តើមចរចាជាមួយមន្ទីរពិសោធន៍ផ្សេងទៀត

សំឡេង ០៦:០៦
លោក Bruce Aylward អគ្គនាយករង​អង្គការសុខភាពពិភពលោក។
លោក Bruce Aylward អគ្គនាយករង​អង្គការសុខភាពពិភពលោក។ REUTERS/Denis Balibouse

អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់​ជា​ភាសា​អង់គ្លេស WHO បាន​ប្រកាស​ក្នុង​ថ្ងៃ​អង្គារ ទី១៥ ធ្នូ​ពី​ការ​ចរចា​ជាមួយ​មន្ទីរពិសោធន៍​អាមេរិក​ចំនួន​ពីរ គឺ Pfizer និង Moderna។ កម្មវត្ថុ​នៃ​កិច្ចចរចា គឺ​ដើម្បី​ទិញ​វ៉ាក់សាំងបង្ការ​កូវីដ១៩ ពី​មន្ទីរពិសោធន៍​ទាំង​ពីរ​សម្រាប់​បម្រើ​ឲ្យ​យន្តការ​កូវ៉ាក់ (COVAX)។ កន្លង​មក និង​ក្នុង​គោលដៅ​យន្តការ​កូវ៉ាក់​ដូច​គ្នា WHO បាន​កម្ម៉ង់ទិញ​វ៉ាក់សាំង​បង្ការ​កូវីដ១៩​ពី​មន្ទីរពិសោធន៍​ចំនួន ៣ គឺ AstraZeneca Novavax និង Sanofi-GSK។ គោលដៅ​ដែល WHO បាន​កំណត់​សម្រាប់​យន្តការ​កូវ៉ាក់ គឺ​មាន​វ៉ាក់សាំង​ក្នុង​ដៃ​ចំនួន ២ ០០០លានដូស​ពី​ពេល​នេះ​ទៅ​ដំណាច់​ឆ្នាំ ២០២១។

ផ្សាយពាណិជ្ជកម្ម

យន្តការ​កូវ៉ាក់​ជា​យន្តការ​អន្តរជាតិ​មួយ​ដែល​បាន​បង្កើត​ឡើង​ដោយ​អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់ WHO និង​សម្ព័ន្ធ​ដើម្បី​វ៉ាក់សាំង​ហៅ​កាត់ Gavi កាល​ពី​រដូវ​ក្តៅ​កន្លង​មក ពោល​ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​ញាំញី​ខ្លាំង​ដោយ​កូវីដ១៩។ កម្មវត្ថុ​របស់​យន្តការ​កូវ៉ាក់ គឺ​ការ​ចែកចាយ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ឲ្យ​ក្រុម​ប្រទេស​ក្រីក្រ​ក្នុង​លោក។ ដូច​គ្រប់​គ្នា​បាន​ដឹង​រួច​ហើយ​ថា ជាង​ពេល​ណាៗ​ទាំង​អស់ វ៉ាក់សាំង​បង្ការ​កូវីដ១៩​ជា​វ៉ាក់សាំង​ដែល​មនុស្សលោក​ទន្ទឹម​រង់ចាំ​យ៉ាង​អន្ទះសារ។ បញ្ហា​នៅ​ត្រង់​ថា គ្រាន់​តែ​វ៉ាក់សាំង​កំពុង​ស្ថិត​ក្នុង​ដំណាក់ការ​ស្រាវជ្រាវ និង​សាកល្បង​ដោយ​មន្ទីរពិសោធន៍​ជា​ច្រើន​នៅ​ឡើយ ក្រុម​ប្រទេស​អ្នក​មាន​បាន​នាំ​គ្នា​កម្ម៉ង់ទិញ​រាប់សិបលានដូស​ដោយ​ឲ្យ​លុយ​មុន​រួច​ជា​ស្រេច។ ចុះ​ក្រុម​ប្រទេស​ក្រីក្រ​ដែល​គ្មាន​លុយ​ទិញ គិត​យ៉ាង​ម៉េច​ដែរ?។

គឺ​ផ្តើម​ចេញ​ពី​សំណួរ​នេះ​ដែល WHO និង Gavi បាន​បង្កើត​ឲ្យ​មាន​យន្តការ​កូវ៉ាក់​ឡើង។ ចូរ​កុំ​ភ្លេច​ថា​សព្វថ្ងៃ​នេះ ក្នុង​ចំណោម​អ្នក​ក្រីក្រ​លើ​លោក មាន​ជាង ៤០% កំពុង​រស់​ក្នុង​ប្រទេស​ផុយស្រួយ និង​មាន​ជម្លោះ។ ក្រៅ​ពី​រងគ្រោះ​ដោយ​សង្រ្គាម ការ​បម្លាស់ទី​ដោយ​បង្ខំ និង​គ្រោះ​ធម្មជាតិ អ្នកក្រីក្រ​ទាំង​អស់​នោះ​កំពុង​រងគ្រោះ​ដោយ​វិបត្តិ​កូវីដ១៩ និង​វិបត្តិ​សេដ្ឋកិច្ច​ដែល​បង្ក​ឡើង​ដោយ​កូវីដ១៩។ WHO និង Gavi បាន​យល់​ឃើញ​ថា សាមគ្គីភាព​ជាមួយ​ក្រុមប្រទេស​ក្រីក្រ​ជា​រឿង​ចាំបាច់​មិន​អាច​ខ្វះ​បាន​ដើម្បី​ប្រឆាំង​នឹង​វីរុស​កូវីដ១៩។ រហូត​មក​ដល់​ពេល​នេះ មាន​ជាង ១៨០ប្រទេស​បាន​ចូលរួម​ជាមួយ​យន្តការ​កូវ៉ាក់ និង​មាន​ការ​រួម​សហការ​ពី​មន្ទីរពិសោសធន៍​ចំនួន ៩ ក្នុង​ចំណោម​បេក្ខជន​វ៉ាក់សាំង​បង្ការ​កូវីដ១៩។

WHO និង Gavi សង្ឃឹម​ទទួល​បាន​ថវិកា​ចំនួន ២ ០០០លានដុល្លារ​ពី​ពេល​នេះ​ទៅ​ដំណាច់​ឆ្នាំ ២០២០ និង​បាន​កំណត់​គោលដៅ​មាន​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ចំនួន ២ ០០០លានដូស​ពី​ពេល​នេះ​ទៅ​ដំណាច់​ឆ្នាំ ២០២១ ក្នុង​នោះ មាន​ជិត​ពាក់កណ្តាល​នឹង​យក​ទៅ​ជួយ​ប្រទេស​ចំនួន ៩២ប្រទេស​ដែល​ក្រីក្រ​ខ្លាំង​ជាង​គេ​ក្នុង​លោក។

WHO ចង់​បាន​ការ​រួម​សហការ​ពី​មន្ទីរពិសោធន៍​ទាំង​អស់

ដើម្បី​អាច​ទទួល​បាន​វ៉ាក់សាំង​រហូត​ដល់​ទៅ ២ ០០០លានដូស​ពី​ពេល​នេះ​ទៅ​ដំណាច់​ឆ្នាំ ២០២១ WHO មិន​អាច​រង់ចាំ និង​សង្ឃឹម​ទិញ​ពី​មន្ទីរពិសោធន៍​មួយ ឬ​ពីរ​ប៉ុណ្ណោះ​ទេ ពោល​គឺ​ត្រូវ​ចរចា​ជាមួយ​គ្រប់​បេក្ខជន​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ទាំង​អស់ មិន​ថា​ជា​វ៉ាក់សាំង​អាមេរិក បារាំង អាល្លឺម៉ង់ ចិន ឬ​មួយ​ក៏​រុស្ស៊ី។ ចូរ​កុំ​ភ្លេច​ថា មិនមែន​មាន​តែ WHO ម្នាក់​ទេ​ដែល​កំពុង​ត្រូវ​ការ​វ៉ាក់សាំងបង្ការ​កូវីដ១៩។ ការ​ដែល WHO បាន​ងាក​ទៅ​ចរចា​ជាមួយ Pfizer និង Moderna បន្ថែម​ទៀត គឺ​មក​ពី​វ៉ាក់សាំង​បង្ការ​កូវីដ១៩ របស់ Pfizer ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​មុន​គេ និង​កំពុង​ត្រូវ​បាន​ប្រទេស​មួយ​ចំនួន​ចាប់​ផ្តើម​ចាក់​លើ​ពលរដ្ឋ​របស់​ខ្លួន មុន​គេ​គឺ​ប្រទេស​អង់គ្លេស។

គេ​និយាយ​បាន​ថា​គិត​ត្រឹម​ពាក់​កណ្តាល​ខែ​ធ្នូ ឆ្នាំ ២០២០ នេះ មាន​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ផលិត​ដោយ​មន្ទីរពិសោធន៍ Pfizer/BioNTech តែ​មួយ​គត់​ដែល​កំពុង​ធ្វើ​ចរាចរ។ ដោយឡែក ជម្រើស​យក​មន្ទីរពិសោធន៍ Moderna ក៏​ដោយសារ​តែ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ របស់ Moderna នឹង​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​បន្ទាន់​ពី​ទីភ្នាក់ងារឱសថ​អាមេរិក​នា​ពេល​ឆាប់ៗ​ខាង​មុខ។ គួរ​បញ្ជាក់​ថា ក្នុង​ចំណោម​មន្ទីរពិសោធន៍​ចំនួន ៣ គឺ AstraZeneca Novavax និង Sanofi-GSK ដែល WHO បាន​ចរចា​នៅ​មិន​ទាន់​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ពី​ទីភ្នាក់ងារ​ឱសថ​ក្នុង​ស្រុក​នៅ​ឡើយ។ ម្យ៉ាងទៀត មន្ទីរពិសោធន៍ Sanofi-GSK ទើប​បាន​ប្រកាស​ថា វ៉ាក់សាំង​របស់​ខ្លួន​មិន​អាច​មាន​នៅ​មុន​ដំណាច់​ឆ្នាំ ២០២១ បាន​ទេ។ ឃើញ​ថា បើ​មិន​រត់​រក​អ្នក​ផ្សេង​ទេ WHO ពិត​ជា​មិន​អាច​សម្រេច​បាន​នូវ​កម្មវត្ថុ​សម្រាប់​យន្តការ​កូវ៉ាក់​របស់​ខ្លួន​បាន​ឡើយ។

ក្រៅ​ពី Pfizer និង Moderna WHO ក៏​បាន​បញ្ជាក់​ពី​ការ​ត្រៀម​ពិនិត្យ និង​ទិញ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ដែល​ផលិត​ដោយ​មន្ទីរពិសោធន៍​ចិន និង​រុស្ស៊ី​ដែរ ប្រសិន​បើ​វ៉ាក់សាំង​ចិន និង​រុស្ស៊ី​ពិត​ជា​ឆ្លើយ​តប​នឹង​និយាម​ប្រសិទ្ធិភាព សុវត្ថិភាព និង​គុណភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI