ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហរដ្ឋ​អាមេរិកគេច​ពី​វិបត្តិ​​ជាប់គាំង​ថវិកាshutdownបាន តែផែនការ​ផ្តល់​សន្ទុះ​ប្រឆាំង​កូវីដ​ទ័លច្រក

សំឡេង ០៧:៣៩
មន្ទីរពេទ្យ Bismarck រដ្ឋDakota ខាង​ជើង ដែល​ជា​រដ្ឋអាមេរិកមានអត្រាមរណៈ​ព្រោះកូវីដ១៩ខ្ពស់​ជាង​គេ នៅលើពិភពលោក
មន្ទីរពេទ្យ Bismarck រដ្ឋDakota ខាង​ជើង ដែល​ជា​រដ្ឋអាមេរិកមានអត្រាមរណៈ​ព្រោះកូវីដ១៩ខ្ពស់​ជាង​គេ នៅលើពិភពលោក © RFI/Anne Corpet

សម្ពាធតានតឹងបាន​ប៉ោង​ឡើង​ជា​ថ្មី​នៅ​ព្រឹទ្ធសភា និង​សភា​អាមេរិក។ នៅ​​ក្នុង​ថ្ងៃ​សុក្រទី ១៨ ធ្នូ ​ម្សិលមិញ សភា​ទាំងពីរបាន​យល់ព្រម ​ឲ្យ​ពន្យារពេល​ចរចាចំនួន​២ថ្ងៃបន្ថែមទៀត ​ដើម្បី​ស្វែង​រកការព្រមព្រៀង​លើ​​កញ្ចប់​​ថវិកាជាតិ​សម្រាប់​ឆ្នាំ ២០២១។ ការយល់ព្រម​នេះ​បាន​អនុញ្ញាត​ឲ្យ​រដ្ឋបាលសហព័ន្ធ​ចៀសផុត​ពី​ភាព​ជាប់គាំង (Shutdown) និងបន្ត​ព្យាយាម​សម្រេច​ឲ្យ​បាន​នូវផែនការជួយ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ដែល​រងគ្រោះ​ដោយ​កូវីដ១៩។​

ផ្សាយពាណិជ្ជកម្ម

តាំង​ពីមួយ​សប្តាហ៍​មក​នេះ ​ព្រឹទ្ធសភាអាមេរិក​ប្រឹង​ចរចា​ស្វែង​រក​កិច្ចព្រមព្រៀង​លើ​កញ្ចប់​ថវិកា​ឆ្នាំ​២០២១​ផង និង​លើ​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ប្រឆាំង​កូវីដ១៩ផង។ ផែនការទាំង​ពីរ​ដែល​មិន​ភ្ជាប់​គ្នា​ជា​សំណុំ​ថវិកា​តែមួយ មាន​កញ្ចប់​ថវិកា​សរុប​ទំហំ​អាច​ដល់​ជាង​២០០០ ០០០លាន។

ព្រឹទ្ធសភា​អាមេរិក​ដែល​គ្រប់គ្រង​ដោយ​អ្នក​សាធារណរដ្ឋ និង​សភា​ដែលក្រុម​អ្នក​ប្រជាធិបតេយ្យ​មាន​សំឡេង​ភាគ​ច្រើន សង្ស័យ​ថា​ពួកគេ​ត្រូវ​ជជែក​ និង​ពន្យារ​ពេល​ចរចា​គ្នា​ទៀត ក្នុង​ពេលសម្រាក​បុណ្យ​គ្រីស្មាក់​ទៀត​ផង ក៏​មិន​ដឹង។ ប៉ុន្តែ​ នៅយប់​មិញ សភា​ទាំង​ពីរបានព្រមព្រៀង​ពន្យារ​ពេល​ពី​រថ្ងៃ​បន្ថែម​ទៀត​ដើម្បី​ចរចា​ និង​បាន​ព្រមព្រៀង​គ្នា​ចេញ​សេចក្តី​សម្រេច​​ចិត្ត​ពន្យារ​​ច្បាប់​ថវិកា​ជាតិ​ចាស់​។ ​លោកប្រធានាធិបតី​ ​ដូណាល់ ត្រាំ ក៏​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​សម្រេច​នេះហើយ​ដែរ ដែល​ជំរុញ​ឱ្យ​​រដ្ឋបាល​សហព័ន្ធបាន​គេ​ចផុត​ពី​​វិបត្តិ​​ជាប់​គាំង​ថវិកា។

បើ​គ្មានការ​ព្រមពន្យារ​ច្បាប់​ថវិកា​នេះ​ទេ រដ្ឋាភិបាលសហព័ន្ធ​ ត្រូវ​បង្ខំ​ចិត្តបិទ​ទ្វារ​នៅត្រឹម​យប់​ថ្ងៃ​សុក្រ​ទី ១៨​ធ្នូ វេលាម៉ោង​១២​អាធ្រាត្រ​ ហើយយត្រូវ​​ព្យួរ​រាល់​កម្មវិធី​បន្ទាន់​មួយ​ចំនួន​ផង និង​បង្ខំ​ចិត្ត​ឱ្យ​បុគ្គលិកមួយ​ចំនួន​ធំ​ឈប់​ពី​ការ​ងារ​មួយរយៈ​ទៀតផង។ ​កញ្ចប់​ថវិកា​ឆ្នាំ​២០២១ ដែល​ចាយ​វាយ​រហូត​ដល់​ខែ​កញ្ញា២០២១ មានតម្លៃ​ជាង​១៤០០​ពាន់​លាន​ដុល្លារ សម្រាប់​ផ្តល់ឱ្យ​រដ្ឋ​បាល​សហព័ន្ធ​ចាត់​ចែង​គ្រប់គ្រង​វិស័យ​ជា​ច្រើន​ដូច​ជា​សុខភាព​ សន្តិសុខ​ជាតិ​ ឬ​តំបន់​ឧទ្យាន ។ល។ និង​។ល។

ចំណុច​ខ្ទាស់​គ្នា

​តាម​រយៈការ​ព្រមព្រៀង​ពន្យារ​ពេល​នេះ សភា​ទាំង​ពីរ​សង្ឃឹម​ជា​ពិសេស​ថា​នឹង​អាច​សម្រេច​អនុម័ត​ផែនការផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ដែល​រងគ្រោះ​ដោយ​កូវីដ​១៩​បាន មុន​ផែនការ​សង្គ្រោះ​អនុម័ត​កាលពី​ខែ​មីនា ត្រូវ​ផុត​ឱសានវាទ​នៅ​ថ្ងៃទី ២៦​ធ្នូ សប្តាហ៍​ក្រោយ។​

ផែនការសង្គ្រោះ តម្លៃ​ជាង​៩០៨​ពាន់​លាន​ដុល្លារ​ដែល​មាន​ទិសដៅ​ជួយ​ដល់ពលរដ្ឋ​​​និង​ក្រុមហ៊ុន​សហគ្រាស​​អាមេរិក ត្រូវ​ជាប់​គាំង​ដោយ​ចំណុច​ខ្វែង​គ្នា​ពីរ​ធំៗ។ ខាង​អ្នក​សាធារណរដ្ឋ​ ចង់​បាន​​ការ​ការពារ​ក្រុមហ៊ុន​ពី​ការប្តឹង​ផ្តល់ ក្នុង​ករណី​មាន​បុគ្គលិក​ឆ្លង​កូវីដ១៩ និង​ជាពិសេស​បាន​ស្នើ​នៅនាទី​ចុងក្រោយ​បញ្ចូល​​ទៅ​ក្នុង​ច្បាប់​នូវ​លក្ខខណ្ឌ រិត​ត្បិត​អន្តរាគមន៍​របស់​​ធនាគារ​កណ្តាល​ក្នុង​ការ​ផ្តល់​កម្ចី​ឥណទាន​ដល់​ក្រុម​ហ៊ុន​សហគ្រាស​និង​ស្ថាប័ន​ផ្សេងៗ។ ចំណែក​ខាង​អ្នកប្រជាធិបតេយ្យ​ទាមទារ​ចង់​ឱ្យ​មាន​ជំនួយ​ផ្តល់​ជូន​ដល់​រដ្ឋ​និង​អាជ្ញាធរមូលដ្ឋាន ព្រមទាំង​ការ​បន្ត​ផ្តល់​​​ជំនួយ​ជា​ថវិកា​ផ្តល់​ជូន​ពលរដ្ឋ​ដោយ​ផ្ទាល់ ដូច​ក្នុង​ផែនការ​សង្គ្រោះ​ដំបូង។ សមាជិក​សភា​ប្រជាធិបតេយ្យ​ខ្លះ​ ចង់ឃើញ​គ្រូសារ​​ពលរដ្ឋ​ក្រីក្រ​ បន្តបាន​ទទួល​ប្រាក់​ជំនួយ​​​១២០០​ដុល្លារ តែ​អ្នក​សាធារណរដ្ឋប្រឆាំង​ដោយ​យល់ថា​វា​នឹង​ធ្វើ​ឱ្យ​រដ្ឋមាន​ឱនភាព​ថវិកា​កាន់​តែ​ខ្លាំង។ នៅ​ក្នុងផែនការ​សង្គ្រោះថ្មី​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល​ផុត​អាណត្តិ​ គ្មាន​ទេ​​គម្រោង​ផ្តល់​សាច់​លុយ​ជួយ​ពលរដ្ឋ​ដោយ​ផ្ទាល់​ដូច​ក្នុង​ផែនការ​ដំបូង ដែលនឹង​ត្រូវ​អស់​សុពលភាព​នៅ​ថ្ងៃទី ២៦​ធ្នូ​នេះ​ទេ។

តាំង​ពី​លោក បៃដិន បាន​ជាប់​ឆ្នោត​​មក លោក បាន​ទទូច​ហើយ​ទទូច​ទៀត​ឱ្យ​ព្រឹទ្ធសភា​បោះឆ្នោត​អនុម័ត​ភ្លាម ផែនការ​ជួយ​សង្គ្រោះ​ថ្មី។ ហើយផែនការ​នោះ​ត្រូវ​មាន​បញ្ចូល​នូវ​វិធានការ​ចែក​ចាយ​​និង​ដឹកជញ្ជូន​ភស្តុភារ​ថ្នាំ​បង្ការ​ប្រឆាំង​កូវីដ១៩ ព្រមទាំង​ជំនួយ​ឧបត្ថម្ភបន្ថែម​​ចំពោះ​អ្នកអត់ការងារ​ធ្វើ ចំនួន​៣០០​ដុល្លារ​ ក្នុង​មួយ​សប្តាហ៍ និងការ​ផ្តល់​ជំនួយ​ដល់​គ្រួសារ​អាមេរិក​ម្នាក់ៗ​៦០០​ដុល្លារ​ ពោល​គឺ​ពាក់​កណ្តាល​បើ​ប្រៀប​ទៅ​នឹង​ជំនួយ​ក្នុង​ផែនការ​ដំបូង។

សូម​រំលឹក​ថា ផែនការ​សង្គ្រោះ​ « Cares Act » អនុម័តកាលពី​ចុង​ខែមីនា ​ទំហំ​ជាង​២២០០​ពាន់​លាន​ដុល្លារ​ និង​បាន​បន្ថែម​ជិត​៥ពាន់​លានដុល្លារ​ទៀត នៅ​ខែ​មេសា​ បាន​​ជួយ​ស្តារ​​សេដ្ឋកិច្ចអាមេរិក​​មិន​ឱ្យ​ធ្លាក់​ក្នុង​វិបត្តិ​ដើរ​ថយ​ក្រោយ​និង​បាន​ជួយ​​ប្រជាពលរដ្ឋ​រាប់​លាន​នាក់ឱ្យ​គេច​ផុត​ពី​​ភាព​ក្រីក្រ។ តាំង​ពី​ជា​ច្រើន​ខែ​មក​ហើយ​ គ្រប់​អ្នក​ជំនាញ​សេដ្ឋកិច្ច​បាន​ជំរុញ​​ឱ្យ​រដ្ឋាភិបាល​អាមេរិក​អនុម័ត​ផែនការ​សង្គ្រោះ​ថ្មី​ ព្រោះ​ប្រទេស​កំពុង​ប្រឈម​នឹង​រលក​រាតត្បាតកូវីដ​១៩ខ្លាំង​​ជា​ថ្មី ដែលធ្វើ​ឱ្យ​សេដ្ឋកិច្ច​បន្ថយ​ល្បឿន​យ៉ាងខ្លាំង។ អាជ្ញាធរ​តំបន់ ដែលធ្លាប់​តែ​​ប្រឆាំង​ខ្លាំង​នឹង​វិធានការ​បិទ​ខ្ទប់ប្រទេស​នោះ ក៏​បាន​សម្រេចចិត្ត​បិទ​សកម្មភាព​សេដ្ឋកិច្ច​មួយ​ចំនួន​មានអាទិ៍​ បារ ភោជនីដ្ឋាន ... ការ​នេះ​បាន​ធ្វើ​ចំនួន​អ្នក​អត់​ការងារ​ធ្វើ​កើន​ឡើង​យ៉ាង​ខ្លាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI