ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​គួរ​ព្រួយ​បារម្ភ​អំពី​ការ​បំប្លែង​ខ្លួន​របស់​កូវីដ១៩​ដែរឬទេ ?

តើ​គួរ​ព្រួយ​បារម្ភ​អំពី​ការ​បំផ្លែងខ្លួន​របស់​កូវីដ​១៩​ដែរឬទេ ?
តើ​គួរ​ព្រួយ​បារម្ភ​អំពី​ការ​បំផ្លែងខ្លួន​របស់​កូវីដ​១៩​ដែរឬទេ ? via REUTERS - NIH

អង់គ្លេស​ត្រូវ​កាត់ផ្តាច់​ពី​ប្រទេសដទៃ។ បារាំង អាល្លឺម៉ង់ ហូឡង់​ អ៊ីតាលី ប៊ែលហ្សិក​ អូទ្រីស បាន​​ប្រកាស​ជាបន្តបន្ទាប់​ហាមឃាត់ និង​ព្យួរ​​ការ​ធ្វើ​ដំណើរ​ទាំង​អស់ពីអង់គ្លេសមួយរយៈ មិន​ថាជា​​ចរាចរណ៍​ជើង​គោក ជើង​ទឹក ជើង​អាកាស ​ ឬ​ជា​ចរាចរណ៍​មនុស្ស​ឬ​ទំនិញ​ឡើយ។ សេចក្តី​សម្រេច​នេះ​ធ្វើ​ឡើង​ក្រោយពីអង់គ្លេស​បាន​ប្រកាស​រកឃើញ​មេរោគកូវីដ១៩​បំប្លែងខ្លួន។ ការបំប្លែងខ្លួន​នេះ​នាំ​ឲ្យ​មាន​ការ​ចោទសួរ​ ជុំវិញ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង នៅ​ក្នុង​ពេល​ដែល​ទីភ្នាក់ងារ​ឱសថ​សហភាព​អឺរ៉ុប​ប្រជុំគ្នា នៅថ្ងៃ​ចន្ទ​នេះ ដើម្បី​សម្រេច​អនុញ្ញាត​ឲ្យ​ប្រើវ៉ាក់សាំងរបស់​ក្រុមហ៊ុន​ Pfizer/BioNtech នៅ​ក្នុង​សហភាព​អឺរ៉ុប។

ផ្សាយពាណិជ្ជកម្ម

ដោយ​​ឈរ​លើគោលការណ៍​ប្រុង​ប្រយ័ត្ន​ខ្ពស់ បារាំង​បាន​សម្រេច​ព្យួរ​ការ​ធ្វើ​ដំណើរ​ពី​អង់គ្លេស​រយៈ​ពេល​៤៨​ម៉ោង គិត​ចាប់​ពីម៉ោង​សូន្យ​ថ្ងៃចន្ទទី ២១​ធ្នូ២០២០មក។ ម្យ៉ាង​ទៀត ការ​សម្រេច​ព្យួរ​ការ​ធ្វើ​ដំណើរ​ទាំង​អស់​មក​ពី អង់គ្លេសនេះ​ គឺ​ដើម្បី​ឱ្យ​ប្រទេស​ជា​សមាជិក​សហភាពអឺរ៉ុប​ទាំង​អស់​ មាន​ឱកាស​រិះរក​វិធានការ​រួមទប់​ស្កាត់​កុំ​ឱ្យ​មេរោគ​កូវីដ១៩​បំប្លែង​ខ្លួន​ហើយ​ឆ្លង​រាលដាល​ចូល​មក​ដល់​ដែនទ្វីប​អឺរ៉ុប​។

ក្រៅ​អំពី​សហភាពអឺរ៉ុប កាណាដា ស៊ីលី អាហ្សង់ទីន កូឡុំប៊ី បាន​សម្រេច​បិទ​ព្រំដែន​អាកាស​ជាមួយអង់គ្លេស​ដែរ។ អារ៉ាប៊ីសាអូឌីត​បាន​ផ្អាក​រាប់​គ្រប់​ជើង​ហោះហើរ និងកំពង់ផែ​អន្តរជាតិ ​តែ​ម្តង។ កូវ៉ែត អ៊ីស្រាអែល ស្វីស អ៊ីរ៉ង់ សាល់វ៉ាដរ បាន​កាត់​ផ្តាច់​ទំនាក់​ទំនង​ផ្លូវអាកាស​ជាមួយ​អាហ្វ្រិក​ខាង​ត្បូង ដែល​ក៏​មានលេចករណី​មេរោគ​កូវីដបំប្លែង​ខ្លួនដែរ។

ការ​បំប្លែង​ខ្លួន​នៃមេរោគ​កូវីដ​១៩ ​​ជា​តំណាង​នៃ​គ្រោះ​ថ្នាក់​ថ្មី​ ?

បើ​តាម​សេចក្តី​ជូន​​ដំណឹង​របស់​អាជ្ញាធរ​អង់គ្លេស មេរោគ​កូវីដ​១៩ បានចាប់​​បំប្លែងខ្លួន​ តាំង​ពី​ពាក់កណ្តាល​ខែកញ្ញា​មក ព្រមទាំង​អាច​មាន​សមត្ថភាព ចម្លង​ខ្លាំង​ជាង​មេរោគ​ដើម​​ដល់​ទៅ​ប្រមាណ​៧០%។ ប៉ុន្តែ​ការ​បំប្លែង​ខ្លួន​របស់​កូវីដ១៩​នេះ មិន​មែន​កើត​មាន​តែ​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ទេ។ បើ​តាម​អង្គការ​សុខភាព​ពិភពលោក កូវីដ១៩​​បាន​បំប្លែង​ខ្លួន​ ប្តូរ​រូបរាង​ និង​កើត​មាន​រួច​ខ្លះ​មក​ហើយ​នៅ​ក្នុង​ប្រទេស​ដាណឺម៉ាក ហូឡង់ និង​អូស្ត្រាលី។ គេ​រក​ឃើញ​​មេរោគកូវីដ១៩​បំប្លែង​ខ្លួន​ មាន​ច្រើន​រាប់សិប​រយ​​ករណីមក​ហើយ (៤ពាន់) តែជា​ការ​បំប្លែង​ខ្លួន ប្តូរ​រចនា​សម្ព័ន្ធ​តិច​តួច​ ដែលគ្មាន​អ្វី​គួរ​ឱ្យ​អស្ចារ្យ​ទេ បើ​​​គិត​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​ និង​ភាគ​ច្រើន​ គ្មាន​បង្ក​ផលវិបាក​ថ្មីបន្ថែមឡើយ។

តាមការ​ពិត​ទៅ​នោះ ការ​បំប្លែង​ខ្លួន​នៃ​មេរោគ ជា​បាតុភូត​ធម្មតា​ទាំងស្រុង។ គ្រប់​អ្នក​ជំនាញ​ សុទ្ធ​តែ​បាន​បញ្ជាក់​ថា នៅពេល​ណា​មាន​ការ​ចម្លង​មេរោគ​ទៅ​លើ​មនុស្ស​កាន់​តែច្រើន មេរោគ​កាន់​តែងាយ​បំប្លែង​ខ្លួន​ ហើយ​នៅពេល​មេរោគ​អាច​បំប្លែង​ ការ​ចម្លង​មាន​កាន់​តែ​ខ្លាំង។ ​មេរោគ​ មិន​ថា​កូវីដ​១៩ ឬ​ផ្តាសាយ​ ឬ​មេរោគ​អ្វី ផ្សេង​ទេ សុទ្ធ​តែ​អាច​បំប្លែង​ខ្លួន​បាន​ដោយ​ចៀសមិន​រួច​ឡើយ។

ថ្វី​បើ​អង់គ្លេស​​កំពុង​ជ្រួល​ច្របល់​ខ្លាំង និង​បង្កើន​ភាពអាសន្ន​ដល់​កំរិត​ខ្ពស់​បំផុត​ ព្រមទាំងបិទ​ខ្ទប់ក្រុង​ឡុងដ៍​និង​តំបន់​ភាគ​ខាង​អាគ្នេយ៍​ជា​ថ្មី​​ ដើម្បី​ប្រឈម​នឹង​រលក​ចម្លង​ដ៏​ខ្លាំងក្លា​របស់​កូវីដ១៩​មែន ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រពុំ​ទាន់​មាន​ទិន្នន័យ និង​ភស្តុតាង​​គ្រប់គ្រាន់​សម្រាប់​បញ្ជាក់​ថា​ ការ​បំប្លែង​ខ្លួន​នៃ​កូវីដ​១៩​ អាច​នឹង​ធ្វើ​ឱ្យ​មាន​ករណី​ឈឺ​កូវីដ​១៩​ធ្ងន់ធ្ងរ​ ឬ​អត្រា​​ ​ស្លាប់​ ឡើង​ខ្ពស់​​ជាងករណី​​ឆ្លង​មេរោគ​កូវីដ​ដើមទេ។ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ផ្ទាល់​ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា​ អង់គ្លេស​មាន​ករណី​ឆ្លង​ច្រើន​ខ្លាំង​និង​លឿន​ជា​មុន តែ​មិន​អាច​លាត​ត្រដាង​និង​ភ្ជាប់​ករណី​បំប្លែង​ខ្លួន​នៃ​កូវីដ​១៩ ទៅ​នឹង​កំណើន​នៃការករណី​​ឆ្លងថ្មី​ ​ករណីឈឺ​​ធ្ងន់ធ្ងរ​និង​​ស្លាប់​បាន​ទេ។

​អឺរ៉ុប ត្រូវសម្រេច​ឱ្យប្រើប្រាស់​ថ្នាំ​វ៉ាក់សាំង​របស់ Pfizer/BioNtech

ថ្នាំវ៉ាក់សាំង​​ប្រឆាំង​នឹង​កូវីដ​១៩ ទើប​ត្រូវ​បាន​រក​ឃើញ និង​ទើប​ត្រូវ​បាន​ប្រទេស​មួយ​ចំនួន មានអាទិ៍​សហរដ្ឋ​អាមេរិក អង់គ្លេស កាណាដា ... អនុញ្ញាត​ឱ្យ​ប្រើ​ហើយ។ ចំណែក​នៅ​អឺរ៉ុប​ទីភ្នាក់ងារ​ឱសថ​សហភាព​អឺរ៉ុប ទើប​តែ​នឹង​ចាប់​ប្រជុំ​គ្នា នៅ​ថ្ងៃចន្ទ​ទី​២១​​នេះ។ ទីភ្នាក់ងារ​ត្រូវ​ ​​សម្រេចយល់ព្រម  ឱ្យ​ប្រើប្រាស់​ថ្នាំវ៉ាក់សាំងប្រឆាំង​កូវីដ​១៩​របស់​ក្រុមហ៊ុន​ Pfizer/BioNtech ផង ស្រាប់​តែ​ធ្លាក់​ដំណឹង​ស្តី​ពី​ការ​បំប្លែង​ខ្លួន​របស់​មេរោគកូវីដ១៩។ រក​ឃើញ​ការបំប្លែង​ខ្លួន​របស់​កូវីដ១៩ ពិត​ជាបន្ថែមការ​​លំបាក​ខ្លាំង​ដល់​អាជ្ញាធរក្នុង​ការ​ទាក់ទាញ​ជំនឿ​របស់​​ប្រជាពលរដ្ឋ ដែល​មិន​សូវ​មាន​ទំនុក​ចិត្ត​លើ​ថ្នាំ បង្ការ​ស្រាប់​ផង។

ការ​បំប្លែង​ខ្លួននៃ​មេរោគ​បញ្ចុះ​​ប្រសិទ្ធភាព​​​ថ្នាំ​បង្ការ​ ?

បើ​និយាយ​អំពី​​ប្រសិទ្ធភាព​ថ្នាំបង្ការ​នៅ​ចំ​ពោះ​មុខ​ការ​បំប្លែង​ខ្លួន​របស់​មេរោគកូវីដ១៩​វិញ អ្នក​វិទ្យាសាស្ត្រ​ពិត​ជា​មាន​ការ​ព្រួយបារម្ភ​ខ្លះ​មែន ប៉ុន្តែ​មិន​ដល់​ថ្នាក់​ភ្ញាក់​ផ្អើល​ឆោឡោទេ។ គិត​មក​ទល់​នឹង​ពេល​នេះ គ្មាន​អ្វី​ដែល​បង្ហាញ​ថា​ ​មេរោគ​កូវីដ​១៩​​បំប្លែងខ្លួន​ បង្កើន​អត្រា​មរណៈ​ ឬ​អាច​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ថ្នាំ​វ៉ាក់សាំង ឬ​ស៊ាំ​នឹង​ថ្នាំវ៉ាក់សាំង​។ គ្មាន​ទេ​ទិន្នន័យ​វិទ្យាសាស្ត្រ គឺ​មាន​តែ​ទិន្នន័យ​មក​ពី​ខាង​អង់គ្លេស​មួយ​ប៉ុណ្ណោះ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​កំពុង​សិក្សា​បន្ថែម​ជា​លក្ខណៈ​បន្ទាន់​ហើយ​ ដើម្បី​បញ្ជាក់​អំពី​ឥទ្ធិពល​នៃ​ការ​បំប្លែង​ខ្លួន​របស់​មេរោគ​កូវីដ១៩។

សម្រាប់​អ្នក​វិទ្យាសាស្ត្រ​មិន​ថា​អ្នក​ជំនាញ​ផ្នែក​វីរ៉ុស​ ឬ​ផ្នែក​ជំងឺ​ឆ្លង​ទេ សុទ្ធ​តែ​យល់​ថា​ការ​បំប្លែង​ខ្លួន​របស់​មេរោគ​កូវីដ១៩ដែល​គេ​បាន​ដឹង​កន្លង​មក​នេះ​ មិន​ចោទ​បញ្ហា​ដល់​ប្រសិទ្ធភាព​ថ្នាំ​បង្ការ​របស់​ក្រុមហ៊ុន Pfizer/BioNtech ​ទេ​។ តែថ្នាំ​បង្ការ​នីមួយៗ​មាន​ទិសដៅ​វាយប្រហារ​មេរោគ​ខុស​ៗ​គ្នា និង​សុទ្ធ​តែ​មាន​ត្រៀម​លក្ខណៈ​ប្រឈម​នឹង​ការ​បំប្លែង​របស់​មេរោ​គ​។ ករណី​ជាក់ស្តែង​ជា​ឧទាហរណ៍​គឺ ថ្នាំ​បង្ការ​ជំងឺ​គ្រុនផ្តាសាយធំ តែង​តែ​ប្តូរ​ផ្លាស់ ឬ​កែសម្រួល​រូបមន្ត​ថ្នាំ​ជា​រៀង​រាល់​ឆ្នាំ​ឬ​ស្ទើរ​រាល់​ថ្នាំ​ដើម្បី​ប្រឈមនឹងការ​ប្រែប្រួល​របស់​​វីរ៉ុស។ ដូច្នេះ គេ​ត្រូវ​បន្ត​តាមដាន​និង​ប្រុង​ប្រយ័ត្ន​ទៀត។ ​ក្នុង​បរិបទ​បែប​នេះ​ ការចាក់​ថ្នាំ​បង្ការ​កាន់​តែ​បន្ទាន់​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI