ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកណាវ៉ាល់នី បង្ហាញ​សម្លេង​សន្ទនា​ជាមួយ​​ចារកិច្ច​រុស្ស៊ី ដែល​​បាន​​​​​ទទួលស្គាល់​គម្រោង​​ធ្វើ​ឃាត​លោក​

សំឡេង ០៦:៤៤
រូបថតពីវីដេអូ ដែល​បង្ហាញថាលោក ណាវ៉ាល់នី កំពុងនិយាយទូរស័ព្ទជាមួយ​ជនម្នាក់ ដែល​លោកអះអាងថា ឈ្មោះ Konstantin Koudriavtsev និងជាចារកិច្ចរុស្ស៊ី។
រូបថតពីវីដេអូ ដែល​បង្ហាញថាលោក ណាវ៉ាល់នី កំពុងនិយាយទូរស័ព្ទជាមួយ​ជនម្នាក់ ដែល​លោកអះអាងថា ឈ្មោះ Konstantin Koudriavtsev និងជាចារកិច្ចរុស្ស៊ី។ via REUTERS - NAVALNY.COM

រឿងរ៉ាវដាក់ថ្នាំបំពុល ទៅលើរូប​លោក អាឡិចសី ណាវ៉ាល់នី ដែលជាអ្នកនយោបាយ​ប្រឆាំងរុស្ស៊ី ដ៏សំខាន់នោះ នៅមិនទាន់ស្វែងរកការពិត​ច្បាស់នៅឡើយទេ។ នៅលើទំព័រប្លុករបស់ខ្លួន លោកអាឡិចសី​ ណាវ៉ាល់នី ទើបតែបានបង្ហោះផ្សាយវីដេអូមួយ​ បង្ហាញពីការសន្ទនាតាមទូរស័ព្ទ រវាងរូបលោក និងមនុស្សម្នាក់ ដែល​លោក​អះអាងថា គឺជា​ចារកិច្ចសំងាត់របស់រុស្ស៊ី ហើយដែលជននោះ បានទទួលស្គាល់ ថាបានចូលរួមក្នុងសកម្មភាពដាក់ថ្នាំបំពុល ប៉ុនប៉ងសម្លាប់​លោកណាវ៉ាល់នី។ យ៉ាងណាក៏ដោយ​ ភាគីរដ្ឋាភិបាលរុស្ស៊ី បានបន្តបដិសេធ និងចោទថាលោកអាឡិចសី ណាវ៉ាល់នី បានឃុបឃិតជាមួយ​ចារកិច្ចបរទេស ដើម្បីរកវិធីចោទប្រកាន់មកលើរដ្ឋាភិបាល​រុស្ស៊ី និងលោក​​ប្រធានាធិបតី​​​ពូទីន​។ 

ផ្សាយពាណិជ្ជកម្ម

បន្លំនិយាយទូរស័ព្ទជាមួយ​ចារកិច្ច

លោក អាឡិចសី​ ណាវ៉ាល់នី សកម្មជននយោបាយ​ប្រឆាំងលោកពូទីន ត្រូវបានគេដាក់ថ្នាំបំពុល កាលពីខែ​កក្កដាកន្លងទៅ។ បច្ចុប្បន្ន លោកកំពុងបន្តសំរាកព្យាបាល​នៅ​ទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់។ កាលពីថ្ងៃទី​២០ធ្នូ នៅលើទំព័រប្លុករបស់​លោកណាវ៉ាល់នី គាត់ទើបតែបានបង្ហោះវីដេអូមួយ ដែលបង្ហាញពីការសន្ទនាតាមទូរស័ព្ទ ជាមួយ​ជនម្នាក់ ដែល​អះអាងថាខ្លួន​ជាសមាជិកចារកិច្ចរុស្ស៊ី ហើយ​ដែលបានចូលរួម ក្នុងការដាក់ថ្នាំបំពុល​លោកណាវ៉ាល់នី។

នៅក្នុងវីដេអូ ដែល​លោកអាឡិចសី ណាវ៉ាល់នី បានបង្ហោះផ្សាយនេះ គឺលោកបាននិយាយទូរស័ព្ទជាមួយ​មនុស្សម្នាក់ ដែលលោកអះអាងថា មានឈ្មោះថា Konstantin Koudriavtsev និងជាសមាជិកម្នាក់ នៃក្រុមចារកិច្ចសម្ងាត់រុស្ស៊ី។ លោកណាវ៉ាល់នី បានក្លែងបន្លំលេខ​ទូរស័ព្ទ ដោយ​កុហកថា គាត់​ជាជំនួយ​ការ​​របស់​លោក Nikolaï Patrouchev ដែលជា​អគ្គលេខាធិការ ក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី។ ដោយកុហករបៀបនេះ លោកណាវ៉ាល់នី បានជជីក​​សួរ ជនឈ្មោះ Konstantin Koudriavtsev នេះ ដោយលើកឡើងថា ត្រូវការចម្លើយ​យកទៅធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើ ទាក់ទិននឹង​ប្រតិបត្តិការដាក់ថ្នាំបំពុល​លោកណាវ៉ាល់នី។

ពីដំបូង ជនឈ្មោះ Konstantin Koudriavtsev បាន​អេះអុញ ភ័យខ្លាច មិនសូវហ៊ាននិយាយច្រើនទេ។ តែយូរទៅក៏ចេះតែនិយាយចេញរឿងរហូត ដល់ទៅ​ប្រមាណ​៤៥នាទី។ ជននេះ បាន​ទទួលស្គាល់ថាខ្លួន បានចូលរួមក្នុងបេសកកម្មនេះមែន តែមិនបាន​មានវត្តមាននៅក្នុងពេល​ដាក់ថ្នាំបំពុលទេ តែមានវត្តមានក្នុងពេលពេល​បំផ្លាញ​ភស្តុតាង ក្រោយ​សម្រេចការងារបាន។ បើតាមការអះអាងរបស់ជននេះ គឺសារធាតុពុល ប្រភេទ Novitchok ត្រូវបានដាក់នៅក្នុង​ខោស្លីបរបស់​លោកណាវ៉ាល់នី។ តែដាក់ដោយ​របៀប​ណា នៅពេលណា គឺជននោះ មិនបានលំអិតទេ។ ជននេះ បានបន្ថែមថា បើកុំតែ​អ្នក​បើកយន្តហោះ សម្រេចចុះចតបន្ទាន់ ហើយ​នាំលោក​ណាវ៉ាល់នី ទៅពេទ្យទាន់ទេ កុំអី លោកណាវ៉ាល់នី ស្លាប់នៅលើយន្តហោះ​បាត់ទៅហើយ។

លេខទូរស័ព្ទបានមកពីគេហទំព័រ Bellingcat

បើ​តាម​ការអះអាង របស់លោកអាឡិចសី ណាវ៉ាល់នី គឺលោកបានលេខទូរស័ព្ទ របស់ជន​នេះ ពីគេហទំព័រឈ្មោះ Bellingcat។ Bellingcat គឺជាគេហទំព័រព័ត៌មានស៊ើបអង្កេតស៊ីជំរៅមួយ នៅអង់គ្លេស។ យ៉ាងណាមិញ គឺគេហទំព័រនេះហើយភារី ដែលបានចុះផ្សាយ កាលពីថ្ងៃទី​១៤ធ្នូ ថ្មីៗនេះ ថាគេបានតាមដានដឹង ស្គាល់អត្តសញ្ញាណ​មនុស្ស​យ៉ាងហោច ៨នាក់ ដែលជាសមាជិករបស់​ក្រុម​ចារកិច្ចសម្ងាត់រុស្ស៊ី ដែលបាន​ធ្វើសកម្មភាព ដាក់ថ្នាំបំពុល ប៉ុនប៉ងសម្លាប់​លោកអាឡិចសី ណាវ៉ាល់នី។ ដំណឹងនេះ ត្រូវបាន​ចុះផ្សាយ​បន្ត ដោយគេហទំព័រ Insider Der Spiegel El Pais និង CNN ផងដែរ។

អ្នកជំនាញរបស់គេហទំព័រនេះ បានតាមដាន​តាមរយៈទិន្នន័យរ៉ាដាទូរស័ព្ទ ដឹងថា ក្រុមមនុស្សមួយក្រុមនេះ បានតាមប្រកៀកប្រកិត ក្បែរលោក​អាឡិចសី ណាវ៉ាល់នី ចំនួន​៣៧លើក ក្នុងរយៈពេល​៣ឆ្នាំកន្លងមកនេះ។ ហើយ​នៅថ្ងៃកើតហេតុដាក់ថ្នាំបំពុល គឺថ្ងៃទី​២០សីហា គឺមានសមាជិករបស់​ក្រុមនេះ នៅ​ក្បែរនឹងលោក​ណាវ៉ាល់នី។ ដូច្នេះហើយ បានគេដាក់ការសង្ស័យថា គឺប្រហែលជាក្រុម​ចារកិច្ចរុស្ស៊ីនេះហើយ​ ដែលជាអ្នកធ្វើសកម្មភាព​ដាក់ថ្នាំបំពុល។

ក្រោយការចុះផ្សាយរបស់​គេហទំព័រនេះ លោកអាឡិចសី ណាវ៉ាល់នី បានទទួលបានលេខទូរស័ព្ទ មួយចំនួនរបស់​ចារកិច្ចទាំងនោះ។ លោកបានអះអាងថា លោកបានទូរស័ព្ទទៅគ្រប់លេខ តែគ្រាន់តែលោកបាន​ចាប់ផ្តើមនិយាយថា លោកចង់សួរនាំរឿងបេសកកម្មដាក់ថ្នាំបំពុលនេះភ្លាម គឺគេបាន​ដាក់ទូរស័ព្ទចុះភ្លាម។ គឺមានតែជនម្នាក់គត់ ដែលបាន​យល់ព្រមនិយាយ ហើយដែលលោក​ណាវ៉ាល់នី អះអាងថា មានឈ្មោះ Konstantin Koudriavtsev ខាងលើនេះឯង។​ យ៉ាង​ណា​ក៏​ដោយ គ្មានភស្តុតាងណាមួយបញ្ជាក់ទេ ថាជននោះ ពិតជាឈ្មោះ Konstantin Koudriavtsev ហើយជាសមាជិក របស់ការិយាល័យសន្តិសុខជាតិរុស្ស៊ី​ ពិតមែនឬយ៉ាងណា។ តែយ៉ាងណា លោកអាឡិចសីណាវ៉ាល់នី អះអាងថា វាប្រាកដណាស់ ដែលថា ក្រុមចារកិច្ចរុស្ស៊ីបានទទួលបញ្ជាពីថ្នាក់លើ ឲ្យសម្លាប់​លោក។

លោកពូទីនថា បើចង់សម្លាប់មែន ម្លេះលោកណាវ៉ាល់នីស្លាប់បាត់ទៅហើយ

កាលពីថ្ងៃពុធ ទី១៧ធ្នូថ្មីៗនេះ លោកពូទីន បានឆ្លើយ​ទៅកាន់អ្នកកាសែត BBC ថា លោកអាឡិចសី ណាវ៉ាល់នី ត្រូវបានដាក់ឲ្យស្ថិតក្រោមការតាមដានជាសម្ងាត់ពិតមែន ដោយ​ហេតុ​​ថា លោកអាឡិចសី ណាវ៉ាល់នី មានទំនាក់ទំនង ជាមួយ​ក្រុមចារកិច្ចបរទេស ដែលធ្វើសកម្មភាពប្រឆាំងរុស្ស៊ី។ ក៏ប៉ុន្តែ លោកពូទីនអះអាងថា រុស្ស៊ីគ្មាន​ហេតុផលណាមួយ​ទៅសម្លាប់ លោកអាឡិចសី ណាវ៉ាល់នីនោះទេ ហើយ​បើរុស្ស៊ី​ចង់សម្លាប់មែន គឺម្លេះលោកណាវ៉ាល់នីស្លាប់បាត់ទៅហើយ មិនមែន​សុខចិត្តឲ្យរបូត​រួច ទៅដល់អាល្លឺម៉ង់នោះទេ។

នៅថ្ងៃអង្គារទី​២១ធ្នូ ការិយាល័យសន្តិសុខជាតិរុស្ស៊ី បានច្រានចោលភ្លាមៗតែម្តង នូវវីដេអូ​ដែល​បង្ហាញពី​ការ​សន្ទនា​តាមទូរស័ព្ទ រវាង​លោក ណាវ៉ាល់នី និង លោក​ Konstantin Koudriavtsev​។ នៅក្នុងលិខិតប្រកាសរបស់ការិយាល័យសន្តិសុខជាតិរុស្ស៊ី ដែលបណ្តាញព័ត៌មានរុស្ស៊ីបានចុះផ្សាយ គឺគេបាន​លើកឡើងថា ការដែលលោក អាឡិចសី ណាវ៉ាល់នី បានបន្លំលេខទូរស័ព្ទ កុហកជនម្នាក់ទៀតឲ្យ​និយាយ​ គឺវាជារឿងខុសច្បាប់បាត់ទៅហើយ។ លិខិតនេះ បន្តថា វិធីរបៀបនេះ លោកណាវ៉ាល់នី មិនមែនអាចធ្វើតែម្នាក់ឯងបានទេ គឺវាទាល់តែមាន​ក្រុមជំនាញចារកិច្ចបរទេស នៅពីក្រោយ​។

ដោយឡែក ក្រសួងការបរទេសរុស្ស៊ី បានចេញលិខិតប្រកាសមួយ​ទៀត នៅថ្ងៃទី​២១ធ្នូដែរ ដោយ​បានចាត់ទុក ថា​លោកអាឡិចសី ណាវ៉ាល់នីកំពុងតែរវើរវាយ ចោទប្រកាន់គេឯងដោយ​គ្មានហេតុផល។ ក្រសួងការបរទេសរុស្ស៊ី ក៏បានដាក់ទណ្ឌកម្ម វាយបកវិញទៅប្រទេសសហភាពអឺរ៉ុប ដែលបាន​សម្រេចដាក់​​ទណ្ឌកម្ម​លើរុស្ស៊ី ក្នុងសំណុំរឿងនេះ កាលពីខែតុលា។ ទណ្ឌកម្ម ដែល​​ក្រសួង​ការបរទេស​រុស្ស៊ី ប្រកាសនៅថ្ងៃនេះ គឺមានពាក់ព័ន្ធ នឹងការហាមមិនឲ្យ​ជាន់ដីរុស្ស៊ី ទៅលើ​បុគ្គលិក នឹងអ្នកការទូតមួយចំនួន របស់​បារាំង អាល្លឺម៉ង់ និង​ស៊ុយអែដ។ ប្រទេសទាំង​៣នេះ ត្រូវ​បាន​រុស្ស៊ីចោទថា បានចូលដៃជួយ​លោក អាឡិចសី ណាវ៉ាល់នី ក្នុងការប្រឌិតរឿងចោទរុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI