ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង​និង​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត​ចាប់​បើក​ព្រំ​ដែន​ជាមួយ​អង់គ្លេស​ឡើង​វិញ

សំឡេង ០៦:៥៩
រថយន្តប៉ូលិសជិះកាត់កន្លែងដែលឡានដឹកទំនិញជាច្រើនកកស្ទះនៅអង់គ្លេសនាថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០ ក្រោយពេលដែលបណ្តាប្រទេសអឺរ៉ុបប្រកាសបិទព្រំដែនជាប់អង់គ្លេស។
រថយន្តប៉ូលិសជិះកាត់កន្លែងដែលឡានដឹកទំនិញជាច្រើនកកស្ទះនៅអង់គ្លេសនាថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០ ក្រោយពេលដែលបណ្តាប្រទេសអឺរ៉ុបប្រកាសបិទព្រំដែនជាប់អង់គ្លេស។ REUTERS - PETER NICHOLLS

នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ បណ្តា​ប្រទេស​អឺរុប​ជាច្រើន​បាន​នាំ​គ្នា​ប្រកាស​ហាមឃាត់​ និង​ផ្អាក​រាល់​ការ​ធ្វើ​ដំណើរ​ទាំងអស់​ពី​អង់គ្លេស​ដោយសារ​បារម្ភពី​ការ​បំប្លែង​ខ្លួន​របស់​កូវីដ១៩​។ ក៏ប៉ុន្តែ​ នៅថ្ងៃពុធ​ ទី២៣​ ធ្នូ​នេះ​ បារាំង​និង​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត​ចាប់​ផ្តើម​បើក​ព្រំដែន​ជាមួយ​អង់គ្លេស​ឡើងវិញ​ ស្របពេល​ដែល​អង្គការ​សុខភាពពិភព​លោក​ប្រចាំ​តំបន់​អឺរ៉ុប​ក៏​គ្រោង​ជួបជុំអ្នក​ជំនាញ​ដែរ​ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​បំប្លែង​ខ្លួន​របស់​មេរោគ​កូវីដ​។ ហេតុអ្វី​បានជា​បារាំង​និង​បណ្តា​ប្រទេស​អឺរ៉ុប​ដទៃ​ទៀត​សម្រេច​ដក​បម្រាម​លើការ​ធ្វើ​ដំណើរ​ចូល​មកពី​អង់គ្លេស​? តើ​កិច្ច​ប្រជុំ​របស់​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​តំបន់​អឺរ៉ុប​សម្រេច​បាន​លទ្ធផល​អ្វីខ្លះ​?

ផ្សាយពាណិជ្ជកម្ម

ប្រទេស​ជា​សមាជិក​អឺរ៉ុប​ចាប់​បើក​ព្រំដែន​ជា​មួយ​អង់គ្លេសឡើង​វិញ​

ចាប់​តាំង​ពី​ថ្ងៃអាទិត្យ​ទី ២០ ធ្នូមក​ បារាំង​និង​បណ្តា​ប្រទេស​អឺរ៉ុប​ជាច្រើន​ទៀត​បាន​ប្រកាស​ជា​បន្ត​បន្ទាប់គ្នា​ហាមឃាត់និង​ផ្អាក​រាល់ការ​ធ្វើដំណើរ​ចូល​មក​ពី​ប្រទេស​អង់គ្លេស​ មិន​ថា​តែ​ចរាចរ​ជើង​គោក ជើង​ទឹក ជើង​អាកាស ​ ឬ​ជា​ចរាចរ​មនុស្ស ​ឬ​ក៏​ការ​ដឹក​ជញ្ជូន​ទំនិញ​ឡើយ​។

ប្រទេស​អឺរុប​ទាំង​នោះ​បាន​ដាក់ចេញ​វិធានការ​បែបនេះ​ ដោយសារ​ពួក​គេ​បារម្ភ​ខ្លាច​ពីការ​ឆ្លងរីក​រាល​ដាល​ពាសពេញ​អឺរ៉ុប​នៃ​ជំងឺ​កូវីដ១៩​ដែល​បាន​បំបែ្លង​ខ្លួន​ ពីព្រោះ​នៅ​អង់គ្លេស​ កាលពី​សប្តាហ៍មុន​ គេ​បាន​រក​ឃើញ​ថា​មេរោគ​កូរ៉ូណា​បាន​ផ្លាស់​ប្តូរ​ប្លែង​រូបរាង​ថ្មី ​ក្នុង​ចំណោម​អ្នកជំងឺ​អង់គ្លេស​រាប់​រយ​នាក់​។

ចាប់តាំង​ពី​មាន​ការ​បិទ​ព្រំដែន​គ្រប់​ច្រក​ល្ហក​រយៈ​បីថ្ងៃមក​នេះ​ គេ​ឃើញ​មាន​រថយន្ត​ច្រើន​រាប់ពាន់​គ្រឿង​ ទំនិញ​ជា​ច្រើន​តោន​ត្រូវ​ជាប់គាំង​។ រីឯ​មនុស្សម្នា​វិញ​ ក៏​មិន​អាច​ធ្វើដំណើរ​ចេញ​ពី​អង់គ្លេស​បាន​ដែរ​ជាពិសេស​នៅ​ជិត​ពេល​ដែល​មាន​ការ​ប្រារព្ធ​ពិធី​បុណ្យ​គ្រីសម៉ាស​ដែលជា​ពិធីបុណ្យ​ដ៏ធំ​នៅអឺរ៉ុប​។

ក៏ប៉ុន្តែ​ ដោយសារ​តែមាន​ការ​ខំខ្នះខ្នែង​ចរចា​ខ្លាំង​ពី​អង់គ្លេស​ បូករួម​ទាំងនៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ គណៈកម្មការ​អឺរ៉ុប​បាន​ជំរុញ​ឲ្យ​បណ្តា​រដ្ឋជា​សមាជិក​អឺរ៉ុប​ដក​បម្រាម​ចេញ​វិញ​ផង​ ទើប​នៅ​ទីបំផុត​ទៅ​ បារាំង​និង​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀតផ្តើម​បើក​ព្រំដែន​ជាមួយ​អង់គ្លេស​នៅ​ថ្ងៃ​ពុធនេះ​តែម្តង​ បើទោះបីជា​អាជ្ញាធរ​សុខាភិបាល​អង់គ្លេស​នៅ​មិន​អាច​គ្រប់គ្រងលើ​មេរោគកូវីដ​១៩​ ដែល​បំប្លែងខ្លួន​នោះ​ក្តី​។

ដោយឡែក​ បើទោះបី​ប្រទេសបារាំង​ ហូឡង់​ និង​បែលហ្ស៊ិក​ជាដើម​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជាមួយ​អង់គ្លេស​ដើម្បី​បើក​ព្រំដែន​នឹង​គ្នា​ហើយក្តី​ នៅ​មាន​ប្រទេស​រាប់​សិប​ផ្សេង​ទៀត​នៅ​មិន​ទាន់​ហ៊ាន​បើក​ព្រំដែន​ជាមួយ​អង់គ្លេស​វិញ​ឡើយ​។

ប្រទេស​ជាង ៥០ រួម​មាន​អាល្លឺម៉ង់​ អ៊ីតាលី​ ឥណ្ឌា​ និង​ប៉ាគីស្ថាន​ នៅបន្ត​ហាមប្រាម​អ្នក​ធ្វើ​ដំណើរ​មកពី​អង់គ្លេស​នៅឡើយ​ទេ។

បារាំង​និង​ប្រទេស​អឺរ៉ុប​ដទៃទៀត​យល់​ព្រម​បើក​ព្រំដែន​ជាមួយ​អង់គ្លេស​សម្រាប់​តែ​ការ​ធ្វើ​ដំណើរ​ចាំបាច់​

បារាំង​និង​ប្រទេស​អឺរ៉ុប​ជាច្រើនទៀត​ចាប់ផ្តើម​បើក​ព្រំដែន​ជាមួយ​អង់គ្លេស​ឡើងវិញ​ សម្រាប់​តែ​ការ​ធ្វើ​ដំណើរ​ចាំបាច់ និង​ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​។

ជាក់ស្តែង​ ស្របតាម​កិច្ចព្រមព្រៀង​រវាង​បារាំង​និង​អង់គ្លេស​ អ្នក​ដែល​ធ្វើ​ដំណើរ​ក្រោម​ហេតុ​ផល​ចាំបាច់​ណាមួយ​ រួមទាំង​អ្នកធ្វើ​ដំណើរ​ជនជាតិ​បារាំង​ និង​ពលរដ្ឋ​អង់គ្លេស​ដែល​មាន​សញ្ជាតិ​បារាំង​នឹង​ត្រូវ​គេ​អនុញ្ញាត​ឲ្យចូល​ប្រទេស​បារាំង​បាន​។

ប៉ុន្តែ​ ដើម្បី​អាច​ធ្វើដំណើរ​ចូល​ទឹកដីនៃ​ប្រទេស​បារាំង​​ ពួកគេ​ត្រូវ​ធ្វើតេស្ត​អវិជ្ជមាន​កូវីដដែល​មាន​រយៈពេល​តិច​ជាង​ ៧២ម៉ោង​មុន​ពេល​ចេញ​ដំណើរ​។ យ៉ាងណាមិញ​ វា​ទំនង​ជា​យឺត​ពេល​បន្តិច​សម្រាប់​ជនជាតិបារាំង​និង​ហូឡង់​មួយចំនួន​ដែល​រស់​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ក្នុងការ​ទទួល​បាន​ការ​ធ្វើ​តេស្ត​ឲ្យ​ទាន់​ពេលវេលា​ដើម្បីទៅ​ជួបជុំ​គ្រួសារ​ក្នុង​ឱកាស​បុណ្យ​ណូអែល​ពីព្រោះថា​ពិធីបុណ្យេនះ​នឹង​ត្រូវ​ចាប់ផ្តើម​ប្រារព្ធ​ធ្វើ​នៅថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ។

ទាក់ទងចំណុចនេះ​ គួរ​ជម្រាប​ជូន​ដែរ​ថា​ក្រោយ​មាន​ការ​ព្រមព្រៀង​រវាង​បារាំង​និង​អង់គ្លេស​ ចរាចរ​ផ្លូវ​ដែក​ ផ្លូវ​អាកាស​ និង​ផ្លូវទឹក​រវាង​ប្រទេស​ទាំងពីរ​បាន​ចាប់​ផ្តើម​ឡើងវិញ​នៅព្រឹក​ថ្ងៃពុធ​នេះ​តែម្តង​។

ចំណែក​បញ្ហា​ឡានដឹកទំនិញ​ប្រមាណ​ ៣ ពាន់​គ្រឿង​ដែល​នៅ​កក​ស្ទះ​តាម​ព្រំដែន​ប្រទេស​បារាំង-អង់គ្លេស ទំនង​ជា​នឹង​ត្រូវ​ដោះស្រាយ​បាន​ក្នុង​រយៈពេល​ ២-៣ ថ្ងៃ​ខាងមុខទៀត​។ អ្នក​បើកបរ​រថយន្ត​ដឹកទំនិញ​ ត្រូវ​រងចាំ​ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​កូវីដ​សិនមុន​នឹង​អាច​ធ្វើ​ដំណើរពី​ស្រុកខេន​ភាគអាគ្នេយ៍​នៃ​ប្រទេស​អង់គ្លេស​ចូល​ទៅ​ប្រទេស​បារាំងបាន​។

កិច្ច​ប្រជុំ​របស់​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​តំបន់​អឺរ៉ុប​អំពី​ការ​បំប្លែង​ខ្លួន​របស់​កូវីដ

នៅ​ខណៈពេល​ដែល​ព័ត៌មាន​ស្តីអំពី​ការ​បំប្លែង​ខ្លួន​របស់​មេរោគ​កូវីដ​ត្រូវ​បាន​ប្រកាស​ដោយ​រដ្ឋាភិបាល​អង់គ្លេស​ គេ​មាន​ការ​ព្រួយ​បារម្ភ​ជាខ្លាំងថា​វត្តមាន​កោសិកា​ថ្មី​ដែល​កើត​ចេញ​ពី​ការ​បំប្លែង​ខ្លួន​របស់​កូវីដ​នឹង​កាន់​តែ​ជំរុញ​ឲ្យការ​ឆ្លងរាតត្បាត​ខ្លាំង​និង​លឿន​ឆាប់រហ័ស​ ព្រមទាំង​អាច​បណ្តាល​ឲ្យ​មាន​ជន​រងគ្រោះ​កាន់​តែ​ច្រើន​លើសមុន​។

មួយវិញទៀត​ ការ​ផ្លាស់ប្តូរ​នេះក៏​នាំ​ឲ្យ​មានការ​ភ័យ​ព្រួយខ្លាំង​ និង​មាន​សំណួរ​លើក​ឡើង​ដែរ​ពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​បង្ការកូវីដ​ដែល​ប្រទេស​ជាច្រើន​មាន​ដូចជា​សហរដ្ឋអាមេរិក​ អង់គ្លេស​ និង​កាណាដា​ជាដើម​ បាន​ផ្តើម​យុទ្ធនាការ​ចាក់ថ្នាំវ៉ាក់សាំង​ឲ្យ​ប្រជាជន​ប៉ុន្មាន​ថ្ងៃ​នេះ​រួចទៅហើយ​នោះ​។

ដោយសារ​តែមាន​ការ​លើកឡើង​ពី​ក្តីបារម្ភ​ច្រើន​បែបនេះ​ហើយ​ទើប​អង្គការ​សុខភាព​ពិភព​លោក​នៅអឺរ៉ុប​បាន​សម្រច​ បើក​កិច្ច​ប្រជុំ​ពិភាក្សា​រវាងអ្នក​ជំនាញ​របស់​ខ្លួន​នៅថ្ងៃ​ពុធ​នេះ​ ដើម្បី​ពិភាក្សា​រកដំណោះ​ស្រាយ​ដើម្បី​ទប់ស្កាត់​ការឆ្លងរាតត្បាត​ពី​មេរោគកូវីដ​ដែល​បាន​ផ្លាស់ប្តូរ​ប្រែប្លែង​ខ្លួនថ្មី​។

នាខណៈពេលនះ​ កិច្ច​ប្រជុំ​របស់​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​តំបន់​អឺរ៉ុប​ នៅ​មិន​ទាន់​បិទ​បញ្ចប់​នៅឡើយ​នោះទេ​ ហើយ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​យ៉ាងណានោះ​ ក៏​នៅ​មិន​ទាន់​មាន​នរណា​ដឹង​នៅឡើយ​ដែរ​។

ប៉ុន្តែ​ បើ​តាម​លោក​ ហាន់ ខ្លូហ្គឺ (Hans Kluge) នាយក​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​តំបន់​អឺរ៉ុប​ កិច្ចប្រជុំនៅថ្ងៃនេះ​ នឹង​ផ្តោត​សំខាន់​អំពី​យុទ្ធសាស្ត្រសម្រាប់​ការ​ធ្វើតេស្ត​សាកល្បង​ ការ​កាត់បន្ថយ​ការឆ្លលរាលដាល​នៃ​មេរោគកូវីដ​ និង​ហានិភ័យ​នៃ​ទំនាក់​ទំនង​រវាង​មនុស្ស​និង​មនុស្ស​។

យ៉ាងណាក៏ដោយ​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លងរាលដាលខ្លាំងនៃ​ជំងឺកូវីដ១៩​ដែល​ទើប​បាន​បំប្លែង​ខ្លួន​នេះ​ អង្គការសុខភាព​ពិភព​លោកបាន​ផ្តល់​អនុសាសន៍​ឲ្យ​កាត់​បន្ថយ​ការ​ធ្វើដំណើរ​ និង​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាង​មុន​រហូតដល់​ក្រុម​អ្នកជំនាញ​ជូន​ព័ត៌មានថ្មី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI