ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន និងសហភាពអឺរ៉ុប​ខិតកាន់តែជិត ដល់​ការចុះកិច្ចព្រមព្រៀងស្តីពីការវិនិយោគរវាងគ្នា

សំឡេង ០៧:៥០
ទង់ជាតិ​សហភាពអឺរ៉ុប និង​ចិន នៅច្រកចូល ទីលានធានអានមេន ទីក្រុង​ប៉េកាំងថ្ងៃទី ២៥មេសា ២០០៨
ទង់ជាតិ​សហភាពអឺរ៉ុប និង​ចិន នៅច្រកចូល ទីលានធានអានមេន ទីក្រុង​ប៉េកាំងថ្ងៃទី ២៥មេសា ២០០៨ AP - ANDY WONG

ចិន និង​សហភាព​អឺរ៉ុប​កំពុង​បោះជំហាន ទៅ​សម្រេច​ជិត​បាន​កិច្ចព្រមព្រៀង​ស្តីពីការវិនិយោគ​រវាងគ្នា ក្រោយ​ពី ការចរចា​អស់ ៧ឆ្នាំ។ សហភាព​អឺរ៉ុប​អាច​ចុះ​កិច្ចព្រមព្រៀង ស្តីពីការវិនិយោគ​ជាមួយ​ចិន ឲ្យ​បាន​មុន​ដំណាច់ឆ្នាំនេះ គឺ​ជា​កម្មវត្ថុ​របស់​លោកស្រី​នាយករដ្ឋមន្រ្តី អាល្លឺម៉ង់ ដែល​ត្រូវធ្វើ​ប្រធាន​ផ្លាស់វេន សហភាពអឺរ៉ុប រហូត ដល់​ថ្ងៃទី៣១​ធ្នូ ឆ្នាំ​នេះ។ តើ​កិច្ចព្រមព្រៀង​ស្តីពីការវិនិយោគ ចិន អឺរ៉ុប នឹង​ផ្តល់​ប្រយោជន៍​អ្វីខ្លះ​ដល់​ភាគីទាំងពីរ? 

ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​ស្តីពី​ការវិនិយោគ ដែល​ចិន និង​សហភាព​អឺរ៉ុប​បាន​បើកការចរចា​តាំង​ពី​ចុងឆ្នាំ ២០១៣ សំដៅ ការពារ​ការវិនិយោគ​របស់សហភាពអឺរ៉ុប នៅទឹកដី​ចិន និង​ការវិនិយោគ​របស់​ចិន នៅ​ទឹកដី អឺរ៉ុប។ កិច្ចព្រមព្រៀង​នេះ​សំខាន់ណាស់ បើគេ​មើលទៅលើ​ទំហំ​នៃ​ការវិនិយោគ​រវាង​ភាគី​ទាំងពីរ។ ការវិនិយោគ​របស់សហភាព​អឺរ៉ុប​នៅ ចិន មានតម្លៃ ១៥០ពាន់​លាន​អឺរ៉ូ ចំណែក​ចិន​វិញ វិនិយោគ​ក្នុង​បណ្តាប្រទេស​សមាជិក​សហភាពអឺរ៉ុប ក្នុងទឹកប្រាក់ ១៣០ពាន់​លាន​អឺរ៉ូ។ នៅក្នុង​រយៈពេល ១០​ឆ្នាំ​ចុងក្រោយនេះ សហភាពអឺរ៉ុប វិនិយោគ ជាមធ្យម ៧ពាន់លាន​អឺរ៉ូ ក្នុងមួយឆ្នាំៗ ក្នុង​ពេល​ចិន​វិនិយោគ​ជាមធ្យម ជាង ៥ពាន់លាន​អឺរ៉ូ។

ដោយសារ​តែ​ការវិនិយោគ​មានទំហំ ក្នុង​ទឹកប្រាក់​រាប់ពាន់​លាន​អឺរ៉ូ ភាគី ទាំងពីរ ជាពិសេស សហភាព​អឺរ៉ុប បាន​ចរចា ទាមទារ​ច្រើន មុន​នឹង​អាច​ឈាន​ទៅ ចុះ​កិច្ចព្រមព្រៀង​រវាងគ្នា ស្តីពីការវិនិយោគ។

នៅ ចំណែក​ចិន ទីក្រុង​ប៉េកាំង ចង់​ចូលប្រើ​ទីផ្សារសេរី​របស់អឺរ៉ុប ដោយ​ទាមទារ​ឲ្យ​សហភាព​អឺរ៉ុប ឈប់​ការពារ រឹតត្បិត ការវិនិយោគ​បរទេស ទៅលើ​វិស័យ​សំខាន់ៗ​មួយចំនួន ដែល អឺរ៉ុប​ចាត់ទុក​ជា​វិស័យ​គន្លឹះ យុទ្ធសាស្រ្ត ដូចជា វិស័យ​ទូរគមនាគមន៍ និង​ថាមពលជាដើម។ ចិន​ចង់​បាន​ការធានា​ឲ្យ​មាន​វិនិយោគ​របស់ខ្លួន ក្នុង​វិស័យ​សំខាន់ពីរ​នេះ​របស់​អឺរ៉ុប។ ត្រូវដឹងថា សព្វថ្ងៃ នេះ ចិន មិន​សប្បាយចិត្តទេ ដែល​ឃើញ ប្រព័ន្ធ 5G របស់​ក្រុមហ៊ុន Huawei ត្រូវ​ផាត់ចេញ​ពី​ទីផ្សារ នៅក្នុង​ប្រទេស​អឺរ៉ុប ជាច្រើន ដោយសារ​តែ​ហេតុផល​ការសម្ងាត់ និង​ការពារ​សន្តិសុខ​របស់អឺរ៉ុបនោះ។

នៅ​ភាគី​អឺរ៉ុបវិញ គេ​ចង់​ឃើញ​ក្រុមហ៊ុន​អឺរ៉ុប​ទទួល​បាន​សិទ្ធិ វិនិយោគ​នៅ ប្រទេស​ចិន ដូចដែល​ក្រុមហ៊ុន​ចិន បាន​ទទួល ពីការវិនិយោគ​នៅ ទឹកដី អឺរ៉ុប។ សហភាព អឺរ៉ុប ទាមទារ​ចង់បាន​ខ្លាំង​ឲ្យ​មាន​ការធានា​ដល់​ការគោរព កម្មសិទ្ធិបញ្ញា របស់​ក្រុមហ៊ុន​អឺរ៉ុប នៅ ទឹកដី ចិន។ ទៅតាម​សេចក្តីព្រាង​នៃ​កិច្ចព្រមព្រៀង សហភាពអឺរ៉ុប​បដិសេធ រាល់ការទាមទារ​ឲ្យ​មាន​ការផ្ទេរបច្ចេកវិទ្យា របស់​ក្រុមហ៊ុន​អឺរ៉ុប ដូចដែល​ចិន​ធ្លាប់​ធ្វើ​កន្លងមក ហើយ​ចិន ត្រូវ​បង្ហាញ​តម្លាភាព ពី​រឿង​ផ្គត់ផ្គង់​ឧបត្ថម្ភ​ទុន​របស់​រដ្ឋ សម្រាប់​ក្រុមហ៊ុន​ឯកជន។ ចំណុច​សំខាន់​ចុងក្រោយ ហើយ​ដែល​ធ្វើ​ឲ្យ​ការចរចា នៅ​ជាប់គាំង ខ្លាំង​គឺ បញ្ហា​សង្គម និង​បរិស្ថាន ដែល​ជាការកំណត់ចង់បាន​របស់​សហភាពអឺរ៉ុប។ ប៉ុន្តែ នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ គណៈកម្មការ​អឺរ៉ុប​ដែល​ទទួល​បន្ទុក​ការចរចា​ជាមួយ​ភាគី​ចិន បាននិយាយប្រាប់​ថ្នាក់ដឹកនាំ​អឺរ៉ុប ថា ប្រទេស​ចិន​បាន​យល់ព្រម តាម​សំណើ​របស់អឺរ៉ុប។

តើចិន​ធ្វើ​សម្បទាន​អ្វីខ្លះ?

កន្លងមក ដើម្បី បញ្ចុះបញ្ចូល​សហភាព អឺរ៉ុប ឲ្យ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ខ្លួន ភាគីចិន​បាន​ យល់ព្រម​ឲ្យ​ក្រុមហ៊ុន​អឺរ៉ុប អាច​វិនិយោគ នៅក្នុង​វិស័យ​សំខាន់ៗ ដូចជា ទូរគមនាគមន៍ មន្ទីរពេទ្យ​ឯកជន វិស័យ​ហិរញ្ញវត្ថុ ហើយ​និង​គមនាគមន៍ នៅ​ប្រទេស​ចិន។ ប៉ុន្តែ ការបន្ទន់ជំហររបស់​ចិន នៅមិនទាន់​គ្រប់គ្រាន់ ជាពិសេស នៅក្រោយ​មាន​រឿងអាស្រូវ​ស្តីពីការងារ​ចាប់បង្ខំ ទៅលើ​ប្រជាជន​អ៊ុយហ្គួរ នៅ​ខេត្ត​ស៊ីនជាំង។

អ្នកជំនាញ និង​អង្គការ​ការពារ​សិទ្ធិមនុស្ស ជាច្រើន​បាន​ចោទប្រកាន់​ទីក្រុង​ប៉េកាំង បាន​ចាប់ឃុំ​ជនជាតិ​អ៊ុយហ្គួរ​ប្រមាណ ១លាននាក់ នៅក្នុង​ជំរំលត់ដំ និង​ចាប់បង្ខំ​ឲ្យពួកគេ ធ្វើការងារ​ធ្ងន់ធ្ងរ សម្រាប់​ក្រុមហ៊ុន​ចិន។

នៅ សប្តាហ៍មុន រដ្ឋាភិបាល​បារាំង​ដែល​ជា​សមាជិក​មួយ​របស់សហភាព​អឺរ៉ុប​បាន​ប្រកាស​ហើយ​ថា បារាំង​នឹង​មិនគាំទ្រ​ឲ្យ​មាន​កិច្ចព្រមព្រៀង បើសិន បក្ស​កុម្មុយនិស្ត​ចិន មិន​ព្រម​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា របស់​អង្គការ​ពលកម្ម​អន្តរជាតិ ដែល​មាន​គោលដៅ ហាមឃាត់ ពលកម្ម​ដោយ​ចាប់បង្ខំ។

សូមបញ្ជាក់ថា សហភាព​អឺរ៉ុប​បាន​ទាមទារ​ឲ្យ​ចិន​ផ្តល់​សច្ចាប័ន​ទៅលើ​អនុសញ្ញា​ទាំង​៨​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ប៉ុន្តែ ចិន​រហូតមកដល់​ពេលនេះ​បាន​ផ្តល់​សច្ចាប័ន​តែ​៤ ប៉ុណ្ណោះ ចំណែក​អនុសញ្ញា សំខាន់​ពីរ ដែល​ហាម​ឃាត់​ការងារ​ចាប់បង្ខំ ហើយ​និងការធានា​សេរីភាព​សហជីព នោះ គឺ​ចិន នៅមិនទាន់ ផ្តល់​សច្ចាប័ន​នៅឡើយទេ។

ប៉ុន្តែ គណៈកម្មការ​អឺរ៉ុប ដែល​ទទួលបន្ទុក​ការចរចា បានប្រាប់រដ្ឋសមាជិក​អឺរ៉ុប កាលពី ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ចិន បាន​យល់ព្រម តាមសំណើរបស់​អឺរ៉ុប ទៅលើ​ចំណុច​សំខាន់​ពីរ​ខាងលើនេះហើយ។

បើសិន​ចិន យល់ព្រម​តាមសំណើ ការចង់បាន​របស់ខ្លួន​ហើយនោះ អឺរ៉ុប នឹង​មើល​មិន​ឃើញ​ថា នៅ​មាន​ចំណុច​ខ្ទាស់​អ្វីផ្សេង ទៀត​នោះទេ។ តាម​មន្រ្តីទូតអឺរ៉ុប ចិន និង​សហភាព​អឺរ៉ុប​នឹង​អាច​រកឃើញ​កិច្ចព្រមព្រៀង យ៉ាងយូរ នៅ​សប្តាហ៍នេះ ឲ្យ​បាន​មុន​ដាច់ឆ្នាំ ២០២០។

ហេតុអ្វី ចិន​យល់ព្រម​ធ្វើ​សម្បទាន ទៅ​ឲ្យ​អឺរ៉ុប នៅពេលនេះ?

អាមេរិក​ក្រោម​ការដឹកនាំរបស់​លោក​ដូណាល់ ត្រាំ បាន​បង្កើត​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន និង​បង្កើត​ឧបសគ្គ ចោទប្រកាន់ សូម្បី​អឺរ៉ុប ដែល​ជាសម្ព័ន្ធមិត្ត។ ប៉ុន្តែ នៅ ប៉ុន្មាន​សប្តាហ៍ខាងមុខ អាមេរិក នឹង​លែង​មាន​លោកដូណាល់ ត្រាំ ជា​ប្រធានាធិបតី ប៉ុន្តែ ជា​លោក​ចូ បៃដិន ដែល​ជាមិត្ត​របស់​សហភាពអឺរ៉ុប។ នេះ​ជា​ហេតុផល​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​ចិន សម្រុក ជំរុញ​ការចរចា ឲ្យ​បាន​ជាមួយ​ភាគី​អឺរ៉ុប។ ចិន ដែល​មាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក បាន​ព្យាយាម​ទាក់ទាញ​អឺរ៉ុប​ឲ្យ​មក​ចុះ​កិច្ចព្រមព្រៀង​វិនិយោគ​ជាមួយ​ខ្លួន ឲ្យ​បាន​មុន​ពេល​ដែល​លោក​ចូ បៃដិន ចូលស្បថ​កាន់តំណែង​ជាប្រធានាធិបតី បន្ត​ពីលោក​ដូណាល់ ត្រាំ នៅ ថ្ងៃទី ២៩​មករា​ឆ្នាំក្រោយ។

ក្នុង​ក្រសែភ្នែក ចិន មាន​ជំហរ​ផ្ទុយពី​លោកដូណាល់ ត្រាំ រដ្ឋបាល​លោក​ចូ បៃដិន​នឹង​ត្រលប់​មក​ជានា​ជាមួយ​សម្ព័ន្ធមិត្ត​អឺរ៉ុប  ដែល​នឹង​ធ្វើ​ឲ្យ​ចិន ពិបាក​ចរចា ឬ បង្កើត​កិច្ចព្រមព្រៀង ណាមួយ​ជាមួយ​សហភាព អឺរ៉ុប។ អឺរ៉ុប​ផ្ទាល់​ក៏យល់ដែរថា នៅពេល​លោក​ចូ បៃដិន ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​ថ្មី នោះ រដ្ឋបាល​អាមេរិក ថ្វីត្បិត​ថា ជា​សម្ព័ន្ធមិត្ត​របស់អឺរ៉ុប ប៉ុន្តែ ប្រាកដ​ជា​នឹង​ដាក់​សម្ពាធ​លើ​អឺរ៉ុប ដូចមុន ដោយ​បង្ខំ​ឲ្យ​អឺរ៉ុប លះបង់​ចោល ការចុះកិច្ចព្រមព្រៀង​ ជាមួយ​ចិន។

កង្វល់​របស់​ចិន និងអឺរ៉ុប បាន​ស្តែងឡើង​រួចហើយ នៅពេល​ទីប្រឹក្សា​សន្តិសុខជាតិ​របស់​លោក​ចូ បៃដិន បាន​និយាយ​នៅ​សប្តាហ៍មុន​ថា អាមេរិក​នឹង​ពិភាក្សា​ជាមួយ​ភាគីអឺរ៉ុប ដើម្បី និយាយ​ប្រាប់​ភាគី​អឺរ៉ុប​ពីកង្វល់​របស់​អាមេរិក នៅចំពោះមុខ​ការអនុវត្ត​នយោបាយ​សេដ្ឋកិច្ច​របស់​ចិន។

បន្ថែម​ពីលើ​សម្ពាធ​របស់​អាមេរិក ទំនាក់ទំនង​រវាង​ចិន និង​អឺរ៉ុប​ផ្ទាល់​ក៏មិនសូវជា​រលូន​ណាស់ណាទេ ជាពិសេស ដោយសារ​តែ រឿង ចិន​អនុវត្ត​ច្បាប់​ការពារ​សន្តិសុខ​នៅទីក្រុង​ហុងកុង ចាប់សកម្មជន​សិទ្ធិមនុស្ស ចាប់អ្នកកាសែត ដែល​រាយការណ៍​ព័ត៌មានពី​ការរីករាតត្បាត​ជំងឺកូវីដ។

ការរំលោភសិទ្ធិមនុស្ស​ទាំងអស់នេះ គឺបាន​ប៉ះពាល់​ដល់​គោលការណ៍​គោរព​សិទ្ធិមនុស្ស​របស់​សហភាព​អឺរ៉ុប ដែល​នឹង​អាច​ធ្វើ​ឲ្យ​សភា​អឺរ៉ុប អាច​បោះឆ្នោត ទាត់ចោល បើទោះបីជាគណៈកម្មការ​អឺរ៉ុប​អាច​រកឃើញ កិច្ចព្រមព្រៀង​ស្តីពីការវិនិយោគ​ជាមួយ​ចិន នៅមុន ដំណាច់ឆ្នាំ​នេះ​ក៏ដោយ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI