ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង្គការសុខភាព​ពិភពលោក​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង Pfizer

សំឡេង ០៨:៤៥
រូបឡូហ្គោ​របស់​អង្គការ​សុខភាព ពិភពលោក នៅទីក្រុង​ហ្សឺណែវ
រូបឡូហ្គោ​របស់​អង្គការ​សុខភាព ពិភពលោក នៅទីក្រុង​ហ្សឺណែវ © AP - Anja Niedringhaus

នៅ​មួយថ្ងៃ​មុន​ឆ្លង​ចូលឆ្នាំ​ថ្មី អង្គការ​សុខភាព​ពិភពលោក បាន​សម្រេច​ផ្តល់​ភ្លើងខៀវ អនុញ្ញាត​ឲ្យ​គេ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការជំងឺកូវីដ ១៩ នៅក្នុង​ករណី​សុខភាពបន្ទាន់។ គិត​រហូត​មកដល់​ពេលនេះ មាន​ប្រទេស​ជាង ៥០​បាន​ផ្តើម​រួចទៅហើយ យុទ្ធនាការ​ចាក់វ៉ាក់សាំង​ប្រឆាំង​ជំងឺកូវីដ ដែលនៅក្នុង​នោះ ភាគច្រើន គឺជា​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អាមេរិកាំង Pfizer។

ផ្សាយពាណិជ្ជកម្ម

នៅ​មុន ការសម្រេចរបស់ អង្គការ​សុខភាព​ពិភពលោក ប្រទេស​ជាច្រើន ដោយ​ចាប់ផ្តើម​ដំបូង អង់គ្លេស បាន​ផ្តើម​យុទ្ធនាការ​ចាក់វ៉ាក់សាំង​Pfizer របស់​ក្រុមហ៊ុន​អាមេរិកាំង​និង​ក្រុមហ៊ុន​អាល្លឺម៉ង់ តាំង​ពី​ដើម​ខែ​ធ្នូ​ឆ្នាំមុន។

ភ្លើងខៀវ​របស់​អង្គការ​សុខភាព​ពិភពលោក ឲ្យ​គេ​អាច​ប្រើ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​Pfizer សំខាន់ណាស់ ព្រោះ​វា​នឹង​ជួយ​សម្រួល បើកផ្លូវ​ឲ្យ​គ្រប់​ប្រទេស​នៅក្នុង​ពិភពលោក អាច​ប្រើ​វ៉ាក់សាំង​Pfizer។  មានន័យថា ទោះ​ជា គេ​គ្មាន​សមត្ថភាព សិក្សា វាយតម្លៃ គុណភាព ប្រសិទ្ធិភាព​របស់វ៉ាក់សាំង​Pfizer ដោយខ្លួនឯង ប៉ុន្តែ គេ​នៅតែ​អាច​ប្រើ​វ៉ាក់សាំងនេះ បាន​ដោយ​យោង ទៅលើ​ការអនុញ្ញាតិ បើកភ្លើងខៀង​របស់​អង្គការ​សុខភាព​ពិភពលោក។

គួររំលឹកជូនថា វ៉ាក់សាំង របស់​ក្រុមហ៊ុន ​Pfizer ជាប្រភេទ​វ៉ាក់សាំង​ដែល​បង្កើត​ឡើង​ដោយ​បច្ចេកវិទ្យា​ទំនើបថ្មី មិនដែល​ធ្លាប់ប្រើ​ពីមុនមកនោះទេ។ មាន​ប្រទេស​តិចតួចណាស់ ជាពិសេស គឺក្រុមប្រទេស​អ្នកមាន​តែម្តង ដែល​មាន​មន្ទីរពិសោធន៍ អ្នកជំនាញ គ្រប់គ្រាន់ ដូចជា​អង់គ្លេស អាមេរិក ឬ បារាំង​ជាដើម ដើម្បី​សិក្សា​វាយតម្លៃ​ប្រសិទ្ធិភាព និងសុវត្ថិភាព

ដូច្នេះ ដើម្បី​សម្រួល បើកផ្លូវ​ឲ្យ​មាន​ការប្រើប្រាស់ និង​ចែកចាយ វ៉ាក់សាំង ​ជាទូទៅ នៅក្នុង ពិភពលោក អង្គការ​សុខភាព​ពិភពលោក ដែល​មានអ្នកជំនាញ​ផ្ទាល់​របស់ខ្លួន ព្រមទាំងអ្នកជំនាញ អន្តរជាតិ ជាច្រើនរូបទៀត ក៏​បាន​តាំងខ្លួន ជាអ្នកតំណាង ហើយនិង​សិក្សា វាយតម្លៃ ទៅលើ​ប្រសិទ្ធិភាព​របស់​វ៉ាក់សាំង។

តាម​សេចក្តីប្រកាស​របស់​អង្គការ​សុខភាព​ពិភពលោក នៅក្រោយ ពឹងផ្អែក​ទៅលើ​មតិយោបល់​របស់​អ្នកជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក ហើយ​និង​ស្ថាប័ន​ឱសថ​របស់​ប្រទេស​នានា​នៅក្នុងពិភពលោក គេ​បាន​ចេញ​ការសន្និដ្ឋានថា វ៉ាក់សាំង របស់​ក្រុមហ៊ុន​​Pfizer មាន​ប្រសិទ្ធិភាព គុណភាព ហើយនិង​សុវត្ថិភាព ដែល​គេ​អាចជឿទុកចិត្ត យក​ទៅប្រើប្រាស់​បាន។

មួយវិញទៀត ការបើកភ្លើងខៀវ របស់​អង្គការ​សុខភាព​ពិភពលោក ដោយ​ អនុញ្ញាត​ឲ្យ​គេអាច​ប្រើ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​Pfizer​នៅពេលនេះ ក៏ជា​ការបញ្ជូន​សញ្ញា ទៅកាន់ អង្គការ​យូនីសេហ្វ ដែល​មាននាទី ដឹកជញ្ជូន និង​ចែកចាយ វ៉ាក់សាំង​ទៅកាន់​ប្រទេស​ក្រីក្រ និង​ កំពុងអភិវឌ្ឍ។ ការអនុញ្ញាត​របស់​អង្គការ​សុខភាព​ពិភពលោក នឹង​បើកភ្លើង​ខៀវផងដែរ ឲ្យ អង្គការ​Pan American ដែល​ទទួលបន្ទុក​ផ្នែក​សុខភាព អាច​មាន​សិទ្ធិទិញ វ៉ាក់សាំង យកទៅចែកចាយ​បន្ត​សម្រាប់​បណ្តា​ប្រទេស​ដែលត្រូវការ​វ៉ាក់សាំង ប្រឆាំង​ជំងឺកូវីដ។

ប្រទេស​ជាង​៥០​ដែល​បាន​ផ្តើម​យុទ្ធនាការ​ចាក់វ៉ាក់សាំង បង្ការ​ជំងឺកូវីដ

បណ្តា​ប្រទេស​គ្រប់​ទ្វីប​បាន​ចាប់ផ្តើម​ចាក់វ៉ាក់សាំង​បង្ការកូវីដ ប៉ុន្តែ នៅក្នុង​ពេលវេលា​ខុសៗគ្នា។ ប្រទេស​ចិន​បាន​ចាប់ផ្តើម​ដំណើរការ​ចាក់វ៉ាក់សាំង​មុនគេ តាំង​ពី​ខែ​កក្កដា​ម្ល៉េះ។ ប៉ុន្តែ ក្នុង​ករណី​ចិន វ៉ាក់សាំង​ដែល​ចិន​បាន​ចាក់ទៅលើ​បុគ្គលិកពេទ្យ ហើយនិង​ប្រជាជន​ដែល​ត្រូវ​ទៅធ្វើការ​នៅបរទេស គឺ​ជា​បេក្ខជន​វ៉ាក់សាំង​នៅឡើយទេ មានន័យថា វ៉ាក់សាំង ដែល​កំពុង​ស្ថិតនៅក្នុង​ដំណាក់កាល​សាកល្បង​ទី​៣ ដែល​មិនទាន់​បាន​ទទួល​ភ្លើងខៀវ ពីទីភ្នាក់ងារ​ឱសថ​ជាតិចិន។ ទីភ្នាក់ងារ​ឱសថជាតិ​ចិន ទើប​តែ​ផ្តល់ភ្លើងខៀវ កាលពី​ថ្ងៃ ព្រហស្បតិ៍ ម្សិលមិញ ឲ្យ​វ៉ាក់សាំង ក្នុង​ស្រុក ឈ្មោះ Sinopharm អាច​ដាក់​ប្រើប្រាស់ ចរាច នៅទីផ្សារ នោះបើទោះបី​ជា វ៉ាក់សាំង Sinopharm មិនទាន់​បិទបញ្ចប់​ដំណាក់កាល​សាកល្បង​ជា​ស្ថាពរក្តី។ ត្រូវ​ដឹងថា ទោះបី​ជា​វ៉ាក់សាំង​របស់​ចិន នៅមិនទាន់​បញ្ចប់​ការធ្វើតេស្ត​សាកល្បង ប៉ុន្តែ ចិន​បាន​ចាក់​បេក្ខជន​វ៉ាក់សាំង ក្នុង​ស្រុក របស់ខ្លួន ទៅលើ​ប្រជាជន​ចិន ប្រមាណ ៤លាន ៥សែននាក់ រួចហើយ គិត​មកត្រឹម ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ។

បន្ទាប់ពីចិន គឺ​រុស្ស៊ី ដែល​បាន​ផ្តើម​យុទ្ធនាការ​ចាក់វ៉ាក់សាំង Spoutnik របស់ខ្លួន នៅ​ថ្ងៃ​ទី ៥ ធ្នូ។ វ៉ាក់សាំង​របស់​រុស្ស៊ី ត្រូវ​បាន​បេឡារុស និង​អាហ្សង់ទីន ទទួល​យក សម្រាប់​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ក្នុង​ប្រទេស។

ក្រៅតែ​ពីវ៉ាក់សាំង ចិន ដែល​មិនទាន់​បញ្ចប់​ការធ្វើតេស្ត​សាកល្បង ហើយ​និង វ៉ាក់សាំងSpoutnik ដែល​រុស្ស៊ី ស្រាវជ្រាវ​ដោយ​លាក់បាំង​ពីអង្គការ​សុខភាព​ពិភពលោក គឺ​មាន​វ៉ាក់សាំង​របស់​ក្រុមហ៊ុន អាមេរិកាំង Pfizer ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់ នៅក្នុង​ប្រទេស ជាបន្តបន្ទាប់ ដែលមាន​តាំង​ពី​អឺរ៉ុប តំបន់អារ៉ាប់ អាមេរិកឡាទីន អូស្ត្រាលី ជាដើម។

នៅប្រទេស​លោកខាងលិច អង់គ្លេស ជា​ប្រទេស​ទី​១​ដែល​បាន​ផ្តើម​ដំណើរការ​ចាក់វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ Pfizer​មុនគេ។ បន្ទាប់​គឺ​អាមេរិក កាណាដា។ យុទ្ធនាការ​ចាក់វ៉ាក់សាំង បាន​បង្កើនល្បឿន នៅ សហភាពអឺរ៉ុប ទាំង ២៧ និង នៅ​បណ្តាប្រទេស​អាមេរិកឡាទីន ដូចជា ម៉ិចស៊ិក ឈីលី កូស្តារីកា។ ចំណែក​នៅ ដើមបូព៌ា មាន​អ៊ីស្រាអែល អារ៉ាប៊ី សាអូឌីត បារ៉ែន អូម៉ង់ កាតា កូវ៉ែត។ ក្រុមប្រទេស​ដែល​ខ្ញុំ​រៀបរាប់ខាងលើ គឺ​សុទ្ធតែ ជា​ប្រទេស​អ្នកមាន ប្រទេស​សេដ្ឋីប្រេង ដែល​បានមាន​លុយទិញ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ Pfizer។ ក្រៅពីនោះ គេឃើញ​មាន​ប្រទេស​មួយចំនួន ដូចជា តួកគី ឬ​អេមីរ៉ាអារ៉ាប់រួម ដែល​ប្រើ​វ៉ាក់សាំង​ចិន Sinovac។

ជារួម គេ​សង្កេតឃើញ​ថា យុទ្ធនាការ​ចាក់វ៉ាក់សាំង ធ្វើច្រើន​តែក្នុង​បណ្តា​ប្រទេស​អ្នកមាន ប្រទេស​លោកខាងលិច ចំណែក​នៅអាស៊ី ក្រៅតែ​សិង្ហបុរី​ដែល​ផ្តើម​ប្រើវ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer គឺ​ប្រទេស​ផ្សេងទៀត ដូចជា ថៃ អាហ្វហ្កានីស្ថាន ប៉ាគីស្ថាន ឬ​ឥណ្ឌា ជប៉ុន តៃវ៉ាន់ មិនសូវជា​ ប្រញាប់ប្រញាល់​ណាស់ណានោះទេ។ ជប៉ុន ឥណ្ឌា និង​តៃវ៉ាន់ គ្រោងចាក់វ៉ាក់សាំង​នៅ ត្រីមាសទី​១​ដើមឆ្នាំ ២០២១ ចំណែក ថៃ នៅពាក់កណ្តាល​ឆ្នាំ ២០២១។

នៅអាហ្វ្រិក​វិញ ដែល​សំបូរ​ដោយ​ប្រទេស​ក្រីក្រ យុទ្ធនាការ​ចាក់វ៉ាក់សាំង​សឹង​តែ​សូន្យ លើកលែង​តែ​ទីក្រុង កូណាគ្រី​របស់​ប្រទេស​ហ្គីណេ ដែល​បាន​ចាក់វ៉ាក់សាំង រុស្ស៊ី ចំនួន ៦០ដូស។

មាន​វ៉ាក់សាំងហើយ តែ​ជំងឺកូវីដ១៩ នៅតែ​បន្ត​មានលើផែនដី

នៅពេល​ពិភពលោក កំពុង​រួបរឹត ដោយ​វិបត្តិកូវីដ គេ​បាន​ដាក់​ក្តីសង្ឃឹម​ទាំងស្រុង ទៅលើ​វ៉ាក់សាំង ដើម្បី ងើបចាកចេញ​ពី​វិបត្តិ​សព្វថ្ងៃ ប៉ុន្តែ នៅពេល​គេរកឃើញ​វ៉ាក់សាំង ដែល​សូម្បី​អង្គការ​សុខភាព​ពិភពលោក​វាយតម្លៃថា មាន​ប្រសិទ្ធិភាព និង​សុវត្ថិភាព ប៉ុន្តែ គេ​នៅ​តែ​គ្មាន​សង្ឃឹម​ចាកចេញ ដកខ្លួន​រួច​ពី​ជំងឺរាតត្បាត​កូវីដ​នោះទេ។

នៅ ក្នុង​សន្នីសិទ​កាសែត កាលពី ថ្ងៃទី ២៨ធ្នូ  អង្គការ​សុខភាពពិភពលោក​ បាន​ព្រមាន​រួចហើយថា វ៉ាក់សាំង​តែមួយមុខគឺ មិនអាច​បិទបញ្ចប់ ជំងឺឆ្លងរាតត្បាត​កូវីដ​១៩​បានទេ។

មន្រ្តី អង្គការ​សុខភាព​ពិភពលោក​ទទួល​ស្គាល់​ថា វ៉ាក់សាំង បង្ការ​ជំងឺកូវីដ នឹង​ជួយ​កាត់បន្ថយ​បញ្ហា​បាន​ច្រើន ជាពិសេស​សម្រាប់​ជួយ​ការពារ​ជីវិត​មនុស្ស ព្រោះថា វ៉ាក់សាំង​ដែល​គេ​រកឃើញ​មាននាទី​ជួយ ទប់ស្កាត់​កុំ​ឲ្យគេ​ធ្លាក់​ខ្លួន​ឈឺធ្ងន់ធ្ងរ ឬ​ដល់​ថ្នាក់ស្លាប់ ដោយសារ​មេរោគ​កូវីដ ប៉ុន្តែ វ៉ាក់សាំង​សព្វថ្ងៃ នៅមិនទាន់​មាន​ប្រសិទ្ធិភាព​ដើម្បី ទប់ស្កាត់​ការចម្លង​បាន​នៅឡើយទេ។ មានន័យថា អ្នកដែល​បាន​ទទួល​ចាក់វ៉ាក់សាំង បង្ការកូវីដ នឹង​អាច​ជៀសផុត ពីធ្លាក់ខ្លួន​ឈឺ ប៉ុន្តែ គេ​នៅតែ​អាច​ផ្ទុក និង​ចម្លងមេរោគកូរ៉ូណា ទៅ​អ្នកដទៃ។ ដោយសារ​តែ​ហេតុនេះហើយ បាន​ជា​អ្នកជំនាញ​សុខភាព​របស់អង្គការ​សុខភាព​ពិភពលោក នៅតែ​ណែនាំ​ឲ្យ​គេ​បន្ត​ពាក់ម៉ាស និង រក្សា​គម្លាតសង្គម យូរបន្តទៅទៀត។

មួយវិញទៀត ទោះបី​ជា​មាន​វ៉ាក់សាំង ប៉ុន្តែ គេ​មិន​ប្រាកដថា នឹង​ទទួល​បាន​ការផ្សាំ បង្កើត អង់ទីករ រួម នៅក្នុង​ចំណោម​ប្រជាជន​បានទេ ដោយសារម្យ៉ាង មេរោគកូរ៉ូណា​ចេះបំប្លែងខ្លួន ឆ្លងលឿន​ជាងមេរោគចាស់។ ម្យ៉ាងទៀត គេ​មិន​ប្រាកដថា មាន​ប្រជាជន​ដែល​យល់ព្រម​ទទួល​ចាក់​វ៉ាក់សាំង​នោះទេ។ ឧទាហរណ៍​ជាក់ស្តែង នៅ​ប្រទេស​បារាំង ជាទី​ដែល​ប្រជាជន អរិភាព មិន​ជឿទុកចិត្ត​លើ​វ៉ាក់សាំង មាន​ប្រជាជន​មិនដល់ ២០០នាក់ ផងដែល​យល់​ព្រម​ចាក់វ៉ាក់សាំង គិត ចាប់តាំង​ពី​ថ្ងៃអាទិត្យ ក្នុង​ពេល​អាល្លឺម៉ង់​វិញ មាន​អ្នកចាក់វ៉ាក់សាំង ដល់ ទៅ ជាង ១សែននាក់ ក្នុងរយៈពេល​តែ ៥ថ្ងៃ។ បើសិន​ការចាក់វ៉ាក់សាំង​មិន​គ្រប់គ្រាន់ ក្នុង​ចំណោម​ប្រជាជន នៅក្នុង​ប្រទេសមួយ នៅ​ក្នុង​តំបន់​មួយ នោះ​មេរោគកូរ៉ូណា​នៅតែមាន​ចរាចរណ៍ មាន​វត្តមាន​នៅលើ​ភពផែនដី មិនងាយ​នឹង​រលាយ​បាត់នោះទេ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI