ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកត្រាំ​ ជួប​បរាជ័យ​ផ្ទួនៗ​ខណៈ​តំណែង​ជា​ប្រធានាធិបតី​កាន់​តែ​ជិត​របូត​ផុត​ចេញ​ពី​ដៃ

ប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ។
ប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ។ AP - Patrick Semansky

នៅ​អាមេរិក​ សភា​ និង​ព្រឹទ្ធសភា​បាន​បោះឆ្នោត​ដោយ​សំឡេង​គាំទ្រ​ច្រើន​លើស​លុប​ប្រឆាំង​នឹង​ការ​វ៉េតូ​របស់​លោក​ដូណាល់​ ត្រាំ​លើ​ច្បាប់​ថវិកា​ការពារ​ជាតិ​ក្នុង​ទឹក​ប្រាក់​ ៧៤០,៥ ពាន់​លាន​ដុល្លារ។ នេះ​គឺជា​លើក​ទី​មួយ​ហើយ​ដែល​សភា​ទាំង​ពីរ ​បាន​បោះឆ្នោត​ទម្លាក់​ចោល​ការ​វ៉េតូ​របស់​លោក​​ត្រាំ​ ក្នុង​ពេល​កាន់​តំណែង​ជា​ប្រធានាធិបតី​។ ចំណែក​ចៅក្រម​សហព័ន្ធវិញ​ក៏បាន​ច្រាន​ចោល​ផងដែរបណ្តឹង​របស់​សមាជិក​សភា​ម្នាក់​មកពី​បក្ស​សាធារណរដ្ឋ​ដែល​ស្វះ​ស្វែង​រកការ​បើកផ្លូវ​ឲ្យ​លោក​អនុ​ប្រធានាធិបតី​ Mike Pence​ បដិសេធ​ជ័យ​ជម្នះ​របស់​លោក​បៃដិន​​។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​សម្រេច​របស់​ព្រឹទ្ធ​សភា​ធ្វើឲ្យ​លោកដូណាល់ ត្រាំ​ រង​នូវ​ភាព​អាម៉ាស់

នៅ​សហរដ្ឋអាមេរិក​បន្ទាប់​ពី​សភា​ កាលពី​ថ្ងៃសុក្រ​ម្សិលមិញ​ព្រឹទ្ធ​សភា​ដែល​មាន​សមាជិក​ភាគ​ច្រើន​មកពី​គណបក្ស​សាធារណរដ្ឋ​ក៏​បាន​បោះឆ្នោត​ក្នុង​សំឡេង​គាំទ្រច្រើន​ជាង​ពីរ​ភាគបី​ ដើម្បី​ដក​ចេញ​នូវ​អំណាច​វ៉េតូ​របស់​លោកដូណាល់ ​ត្រាំ ​ដែល​ប្រឆាំងទៅ​នឹងច្បាប់​ថវិកា​ការពារជាតិ​សម្រាប់​ឆ្នាំ ២០២១ ដែរ​។

ជាង​ ២​សប្តាហ៍​មុន​ការ​ផ្ទេរអំណាច​ជា​ផ្លូវការ​ទៅ​ឲ្យ​លោកចូ ​បៃដិន លោក​ត្រាំ ​កាន់​តែ​ឯកោ កាន់តែ​ជួបរឿង​បរាជ័យ​ផ្ទួនៗគ្នា​ដោយ​ត្រូវ​បាន​ក្រុម​អ្នក​សាធារណរដ្ឋ​ដោះដៃ​ចោល​។

ក្រោយបញ្ចប់​កិច្ច​ពិភាក្សា​ស្តីអំពី​កញ្ចប់​ថវិកា​ការពារ​ជាតិ​កាលពី​ថ្ងៃសុក្រ​ ទី១​ មករា​ម្សិលមិញ​ ព្រឹទ្ធសភា​អាមេរិក​បាន​សម្រេច​ប្រឆាំង​នឹង​ការ​វ៉េតូ​របស់​លោក​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​។ ព្រឹទ្ធសភា​ដែល​មាន​សមាជិក​ ១០០ នាក់​បាន​សម្រេច​អនុម័ត​យល់ព្រម​លើ​កញ្ចប់​ថវិកា​ការពារ​ជាតិ​ចំនួន​ ៧៤០,៥ ពាន់​លាន​ដុល្លារ​ដោយ​សំឡេង​ភាគ​ច្រើន​ ពោល​គឺ​ដោយ​សំឡេង​ ៨១​ទល់​នឹង​១៣​សំឡេង​។

ចំណែក​ក្រុម​តំណាងរាស្ត្រ​នៅ​សភា​អាមេរិក​វិញ​ បាន​បោះឆ្នោត​ក្នុង​សំឡេង​ ៣២២ ទល់​នឹង​៨៧​កាលពី​ថ្ងៃចន្ទ​ដើម​សប្តាហ៍​ដើម្បី​បដិសេធ​សិទ្ធិ​វ៉េតូ​របស់លោក​ត្រាំ​។ នេះ​គឺជា​លើក​ទី​១ ហើយ​ដែល​សភា​អាមេរិក​ទាំងពីរ​ បោះឆ្នោត​ដោយ​សំឡេង​គាំទ្រ​ភាគច្រើន​បដិសេធ​ទៅនឹង​ការ​វ៉េតូ​របស់​លោក​ដូណាល់ ត្រាំ​ ក្នុង​ពេល​កាន់មុខ​តំណែង​ជា​ម្ចាស់​សេតវិមាន។​ វាគឺជា​រឿង​អាម៉ាស់មួយ​បន្ថែម​ទៀត​របស់​លោកត្រាំ​ បន្ទាប់ពី​ត្រូវ​បង្ខំ​ចិត្ត​ងាក​ទៅ​ចុះហត្ថលេខា​លើ​គម្រោង​កញ្ចប់​ថវិកា​ជួយ​សង្គ្រោះ​សេដ្ឋកិច្ច​ដោយ​រងសម្ពាធ​កាល​ពី​ចុងខែធ្នូ​ ឆ្នាំ២០២០​ កន្លងទៅថ្មីៗនេះ​។

គួរជ្រាបថា​ សភា​អាមេរិក​ទាំងពីរ​បាន​ត្រូវ​រ៉ូវគ្នា​ និង​បាន​អនុម័ត​លើ​ច្បាប់​ថវិកា​ការពារ​ជាតិ​ យ៉ាង​ងាយ​រលូន​ល្អ​កាលដើម​ខែធ្នូ​ ដោយ​សំឡេង​ភាគច្រើន​។ ក៏ប៉ុន្តែ​លោកត្រាំ​ បាន​ប្រឆាំង​នឹង​ច្បាប់​នេះ​ដោយប្រើ​អំណាច​វ៉េតូ​នាថ្ងៃទី​ ២៣​ ធ្នូ ឆ្នាំ២០២០​។

ហេតុអ្វី​លោក​ដូណាល់ ត្រាំ​ ប្រឆាំង​នៅនឹង​ច្បាប់​ថវិកា​ការពារ​ជាតិ​ថ្មី​?

លោក​ប្រធានាធិបតី​ទី​៤៥​ របស់​សហរដ្ឋ​អាមេរិក​បាន​ផ្គើន​ព្រឹទ្ធ​សភា​ និង​មិន​យល់​ស្រប​នឹង​ក្រុម​អ្នក​សាធារណរដ្ឋ​គ្នាឯង​ជុំវិញ​ច្បាប់​ការពារជាតិ​ថ្មី​ឡើយ។

ច្បាប់​ថវិកា​ការពារ​ជាតិ​ដែល​លោកដូណាល់ ​ត្រាំ ​បាន​បញ្ជូន​ត្រលប់​ទៅ​ព្រឹទ្ធ​សភាវិញ​កាល​ថ្ងៃពុធ​ទី​២៣ ​ធ្នូ​ គ្រោង​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​យោធា​ចំនួន​ ៣%​ ប៉ុន្តែ​លោក​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​បាន​សម្តែង​ការ​ជំទាស់​ទៅនឹង​ច្បាប់​ការពារជាតិ​ដោយ​ផ្អែក​លើ​ហេតុផល​៣​ សំខាន់ៗ​។

ទី១​ លោកត្រាំ​ចាត់ទុក​ច្បាប់នេះ​ថា​ប្រៀបបី​ដូចជា​អំណោយ​សម្រាប់​ប្រទេសចិន​ និង​រុស្ស៊ី ហើយ​និយាយ​ថា​លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​ច្បាប់ថ្មី​នេះ​ វា​ប៉ះពាល់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក​ក្នុង​ការ​កាត់​បន្ថយ​ចំនួន​កងទ័ព​អាមេរិក​ នៅ​អាហ្វហ្កានីស្ថាន ​អាល្លឺម៉ង់​ កូរ៉េ​ខាងត្បូង​ និង​នៅ​បណ្តា​ប្រទេស​ផ្សេងទៀត​។

ទី២​ លោក​ប្រធានាធិបតី​ជិត​ផុតអាណត្តិ​ ថា​ច្បាប់​ថវិកា​ការពារ​ជាតិ​មាន​ខ្លឹមសារ​ប៉ុនប៉ង​ប្តូរ​ឈ្មោះ​មូលដ្ឋាន​កងទ័ពមួយចំនួន​ដែល​បច្ចុប្បន្ន​ផ្តល់​និង​លើក​តម្កើង​កិត្តិយស​មេដឹកនាំ​ដែលជា​អ្នក​បាន​ប្រយុទ្ធ​ការពារ​ទាសភាព​ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​អាមេរិក​ចន្លោះ​ឆ្នាំ​ ១៨៦១​ ដល់​១៨៦៥​។

ចំណែកទី៣​ ដែល​ជា​ចំណុច​ចុងក្រោយគេ​នោះ​ គឺលោកត្រាំ​បាន​ទទូច​ឲ្យ​គេ​គួរ​តែ​រួម​បញ្ចូល​នូវ​ការ​រំលាយ​ច្បាប់​សហព័ន្ធ​មួយ​ចំណុច​នៅ​ត្រង់​មាត្រា​ ២៣០​។ សម្រាប់​លោក​ត្រាំ ​មាត្រា​ទី​២៣០ ស្តី​ពី​លក្ខន្តិកៈ​នៃ​បណ្តាញ​សង្គមនេះ​មាន​ភាព​លម្អៀង​ ផ្តល់​សិទ្ធិ​អំណាច​ច្រើន​ហួស​ហេតុ​ជ្រុល​ពេក​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗ​ ដោយ​ការពារ​ភាព​ទទួល​ខុសត្រូវ​របស់​ក្រុមហ៊ុន​បណ្តាញ​សង្គម​អ៊ីនធ័រនែត​ដូចជា​ ហ្វេសប៊ុក​ ធ្វីតធ័រ​ និង​ហ្គូហ្គល​ជាដើម​។

សភា​អាមេរិក​ទាំងពីរ​​សហការគ្នា​ធ្វើឲ្យ​លោកត្រាំ​រងបរាជ័យផ្ទួនៗគ្នាមុនចុះចេញពីតំណែង

ប្រធាន​សភា​តំណាង​រាស្រ្ត​អាមេរិក​លោកស្រី Nancy Pelosi បាន​សាទរ​ចំពោះ​ សភា និង​ព្រឹទ្ធិសភា​ដែល​បាន​រួម​កម្លាំងគ្នា​ និង​អាច​សម្រេច​អនុម័ត​ដក​ចេញនូវ​សិទ្ធិ​វ៉េតូ​របស់​ដូណាល់ ត្រាំបាន​។

តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ​ លោកស្រី​បានមានប្រសាសន៍ថា​ជំនួសឲ្យការ​ការពារ​ប្រជា​ពលរដ្ឋ​អាមេរិក​ឲ្យ​មាន​សុខ​សុវត្ថិភាព​ លោត្រាំបែរ​នៅតែ​បន្ត​ព្យាយាម​ប្រើប្រាស់​ពេលវេលា​ចុង​ក្រោយ​នៅ​សេតវិមាន​ ដើម្បី​បង្ក​ជា​ភាព​វឹកវរ​ច្របូកច្របល់ និងធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខជាតិ​។

ជាមួយគ្នានេះ​ សមាជិក​ព្រឹទ្ធសភា​ម្នាក់គឺលោក Jack Reed បាន​និយាយ​កាល​ពី​ថ្ងៃសុក្រ​ម្សិលមិញ​ថា​ ច្បាប់​ថវិកា​ការពារ​ជាតិថ្មី​មាន​សារៈសំខាន់​ណាស់​ក្នុងការ​លើកកម្ពស់​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត​ ប្រឆាំងទៅនឹង​ទម្រង់​នៃ​ការ​វាយប្រហារផ្សេងៗ​ដែល​បាន​រីករាល​​ដាល​ និង​ដែលថ្មីៗនេះ​បាន​វាយប្រហារ​ទាំង​ស្ថាប័ន​រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​នៅក្នុង​សហរដ្ឋអាមេរិក​។

មួយវិញទៀត​ ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​លោកដូណាល់ ត្រាំ​ ដែល​ថា​ច្បាប់​ការពារ​ជាតិ​អាមេរិកថ្មី​ហុច​ផល​ប្រយោជន៍ឲ្យ​ចិន​ និង​រុស្ស៊ីនោះ​ សមាជិកព្រឹទ្ធ​សភា​អាមេរិក​ដដែល​នេះ​ថា​ការ​អះអាង​របស់​លោកត្រាំ​គឺ​គ្មាន​មូលដ្ឋាន​អ្វី​ទាល់តែសោះ​។

នៅឯវិមានព្រឹទ្ធ​សភា​កាលពីថ្ងៃ​ម្សិលមិញ​ សមាជិក​ព្រឹទ្ធសភា​ជាច្រើន​នាក់ផ្សេងទៀត​បាន​នាំគ្នា​អបអរសាទរ​ម្តងហើយ​ម្តងទៀត​ ដែល​សភា​អាមេរិក​ទាំងពីរ​សហការគ្នា​ និង​អាច​សម្រេច​ទៅបាន​ដោយ​មតិគាំទ្រភាគច្រើន​ ប្រឆាំង​នឹង​ការ​វ៉េតូ​របស់​លោកត្រាំ ចំពោះ​ច្បាប់​ថវិកា​ការពារជាតិ។

សរុបមក​ ការ​បែរខ្នង​របស់​ក្រុម​អ្នក​សាធារណរដ្ឋ​ចំពោះ​ លោក​ដូណាល់ ត្រាំ​ ចុងក្រោយ​នេះ​ គឺជា​រឿង​ដ៏អាម៉ាស់​មួយទៀត​របស់​លោកដូណាល់​ ត្រាំ​ បន្ថែមពី​លើ​បរាជ័យ​ក្នុងការ​វ៉េតូ លើ​គម្រោង​កញ្ចប់​ថវិកា​ជួយសង្គ្រោះ​សេដ្ឋកិច្ច​កាលពីចុងឆ្នាំ២០២០​។

មិនតែប៉ុណ្ណោះ​ ការខ្នះខ្នែង​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​របស់​លោក​ត្រាំ​ទំនង​ជា​ដើរ​ដល់​ទី​បញ្ចប់​ត្រឹមនេះ​ហើយ​។ កាល​ពី​ថ្ងៃសុក្រ​ ចៅក្រម​សហព័ន្ធ​ម្នាក់​​បាន​ច្រានចោល​បណ្តឹង​របស់​សមាជិក​សភា​ម្នាក់​មកពី​បក្ស​សាធារណរដ្ឋ​ដែលស្វះ​ស្វែង​រក​ការ​បើកផ្លូវ​ឲ្យ​លោក​អនុ​ប្រធានាធិបតី​ Mike Pence ​អាច​បដិសេធ​ចំពោះ​ជ័យជម្នះ​របស់​លោកចូ បៃដិន នៅពេល​ដែល​សមាជិក​សភា​ត្រូវ​ជួប​ប្រជុំ​គ្នា​ ដើម្បី​បញ្ជាក់​ពី​ជ័យជម្នះ​ជាផ្លូវ​ការរបស់​លោក​លើ​ប្រធានាធិបតី​ដូណាល់ ត្រាំ​ នាថ្ងៃទី​ ៦​ មករា​ខាងមុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI