ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហរដ្ឋអាមេរិកបានអនុម័តច្បាប់ប្រឆាំងនឹងការគេចពន្ធ និងការលាងលុយកខ្វក់

សំឡេង ០៤:៣៤
វិមានរដ្ឋសភាអាមេរិក
វិមានរដ្ឋសភាអាមេរិក AP - Pablo Martinez Monsivais

នៅ​ថ្ងៃ​សោរ៍ ទី២ មករា សភា​អាមេរិក​បាន​អនុម័ត​ច្បាប់​ប្រឆាំង​នឹង​ការ​គេចពន្ធ និង​ការ​លាងលុយកខ្វក់​ឈ្មោះ « Corporate Transparency Act »។ តាម​រយៈ​ច្បាប់ « Corporate Transparency Act » ម្ចាស់ក្រុមហ៊ុន​អានាមិក​ទាំង​អស់​ត្រូវ​តែ​បង្ហាញ​អត្តសញ្ញាណ​របស់​ខ្លួន ពោល​មិន​អាច​បន្ត​លាក់​អត្តសញ្ញាណ​បាន​ទៀត​ឡើយ។ គួរ​រម្លឹក​ថា ក្រុមហ៊ុន​អានាមិក​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​លាងលុយកខ្វក់ និង​លាក់លុយ​ដើម្បី​គេចពន្ធ។ អង្គការ​សហប្រជាជាតិ​បាន​ប៉ាន់ប្រមាណ​ថា​ក្នុង​មួយ​ឆ្នាំៗ​នៅ​ទូទាំង​ពិភពលោក មាន​លុយខុសច្បាប់​ចន្លោះ​ពី ៨០០ ០០០លានដុល្លារ​ទៅ ២ ០០០ ០០០លានដុល្លារ​ត្រូវ​បាន​បង្វែរ​ឲ្យ​ទៅ​ជា​លុយស្របច្បាប់។

ផ្សាយពាណិជ្ជកម្ម

ច្បាប់ « Corporate Transparency Act » ជា​ផ្នែក​មួយ​នៃ​ច្បាប់​ថវិកា​ការពារជាតិ​ដែល​សភា និង​ព្រឹទ្ធិសភា​អាមេរិក​ទើប​បាន​អនុម័ត។ ចាប់​ពី​ពេល​នេះ​ត​ទៅ ច្បាប់ « Corporate Transparency Act » បាន​បង្ខំ​ឲ្យ​ម្ចាស់ក្រុមហ៊ុន​អានាមិក​ទាំង​អស់​ផ្តល់​ទិន្នន័យ និង​អត្តសញ្ញាណ​របស់​ខ្លួន​ទៅ​ឲ្យ​បណ្តាញ​បង្រ្កាប​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​ដែល​ជា​ទីភ្នាក់ងារ​មួយ​របស់​ក្រសួង​សេដ្ឋកិច្ច។ ទិន្នន័យ និង​អត្តសញ្ញាណ​របស់​ក្រុមហ៊ុន​អានាមិក​ទាំង​នេះ​នឹង​មិន​ត្រូវ​បាន​ទម្លាយ​ជា​សាធារណៈ​ទេ។ មាន​តែ​ក្រសួង​សេដ្ឋកិច្ច និង​កម្លាំងសមត្ថកិច្ច​ដែល​អាច​ចូល​មើល​ទិន្នន័យ និង​អត្តសញ្ញាណ​ទាំង​នោះ​បាន។

ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុម​អ្នក​ការពារ​តម្លាភាព​បាន​ចាត់​ទុក​ច្បាប់ « Corporate Transparency Act » ពេល​នេះ​ថា ជា​ការ​បោះ​មួយ​ជំហាន​ទៅ​មុខ​យ៉ាង​វែង​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ ឧក្រិដ្ឋកម្ម​រៀបចំ​ទុក​មុន និង​ការ​គេច​ពន្ធ។ ចំណែក​លោក Ian Gary ដែល​ជា​នាយកប្រតិបត្តិ​នៃ​សម្ព័ន្ធ FACT ក៏​បាន​យល់​ឃើញ​ស្រដៀង​គ្នា​នេះ​ដោយ​បញ្ជាក់​ថា ច្បាប់ « Corporate Transparency Act » ជា​ការ​បោះ​មួយ​ជំហាន​ដ៏​សំខាន់​ដើម្បី​ការពារ និង​ប្រឆាំង​លើ​ទង្វើ​រំលោភបំពាន​លើ​​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​សហរដ្ឋអាមេរិក។ តាម​លោក Ian Gary តាំង​ពី​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​ក្រុម​អ្នក​ជំនាញ​បាន​ចាត់​ទុក​ក្រុមហ៊ុនអានាមិក​នៅ​អាមេរិក​ជា​ផលវិបាក និង​ជា​ភាព​ចន្លោះ​ប្រហោង​នៅ​ក្នុង​ច្បាប់​ប្រឆាំង​នឹង​ការ​លាងលុយកខ្វក់។

គេ​មិន​ដឹង​ថា តើ​មាន​ទឹកលុយ​ចំនួន​ប៉ុន្មាន​លាន​ដុល្លារ​ដែល​ត្រូវ​បាន​លាក់ទុក​ដើម្បី​គេច​ពន្ធ និង​ត្រូវ​បាន​បង្វែរ​ពី​លុយ​ខុសច្បាប់​ទៅ​ជា​លុយ​ស្រប​ច្បាប់​តាម​រយៈ​ក្រុមហ៊ុន​អានាមិក​នៅ​អាមេរិក​ទេ។ តែ​អង្គការ​សហប្រជាជាតិ​បាន​ប៉ាន់ប្រមាណ​សរុប​នៅ​ទូទាំង​ពិភពលោក​ថា​ក្នុង​មួយ​ឆ្នាំៗ មាន​លុយខុសច្បាប់​ពី ៨០០ ០០០លានដុល្លារ​ទៅ ២ ០០០ ០០០លានដុល្លារ​ត្រូវ​បាន​បង្វែរ​ឲ្យ​ទៅ​ជា​លុយស្របច្បាប់។

សហរដ្ឋអាមេរិក​ជា​ឋានសួត៌​សម្រាប់​របប​ពុករលួយ និង​ឧក្រិដ្ឋជនដើម្បី​លាក់លុយ?

រហូត​មក​ដល់​ពេល​នេះ ពិភពលោក​បាន​ផ្តោត​ចក្ខុ និង​ចាប់​អារម្មណ៍​ខ្លាំង​លើ​ប្រទេស​ប៉ាណាម៉ា និង​កោះ​កៃម៉ាន​ថា​ជា​ឋានសួត៌​សម្រាប់​លាក់លុយ​ដើម្បី​គេចពន្ធ និង​លាងលុយកខ្វក់។ តែ​ក្រុម​អ្នកជំនាញ​បាន​អះអាង​ថា ទំហំ​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក ពិសេស​សមត្ថភាព​ក្នុង​ការ​ស្រូប​យក​រាប់សិបពាន់លានដុល្លារ​ដោយ​គ្មាន​ការ​កំណត់​ក៏​អាច​ជា​កន្លែង​មួយ​ដើម្បី​បង្វែរ​ពី​លុយ​ខុសច្បាប់​ទៅ​ជា​ស្របច្បាប់​តាម​រយៈ​ក្រុមហ៊ុន​អានាមិក។ នៅ​ដើម​ឆ្នាំ ២០២០ អង្គការ Tax Justice Network បាន​ចាត់​ចំណាត់ថ្នាក់​កោះ​កៃម៉ាន និង​សហរដ្ឋអាមេរិក​ដូច​ជា​ជើងឯក​អនុញ្ញាត​ឲ្យ​លាក់លុយ​ដើម្បី​គេចពន្ធ។

លោក Gary Kalman នាយក​អង្គការ​ក្រៅរដ្ឋាភិបាល Transparency International បាន​បញ្ជាក់​ថា ទោះ​បី​ជា​មាន​ភាព​តានតឹង​ភូមិសាស្រ្តនយោបាយ​ក៏​ដោយ​ក៏​មាន​មាន​លំហូរ​លុយ​ខុស​ច្បាប់​ពី​ប្រទេស​រុស្ស៊ី និង​ពី​ប្រទេស​ចិន​ចូល​សហរដ្ឋអាមេរិក។ តាម​លោក Kalman សហរដ្ឋអាមេរិក​ជា​ទីកន្លែង​មួយ​ងាយស្រួល​ក្នុង​ការ​លាងលុយខុសច្បាប់​តាម​រយៈ​ការ​ទិញ​ផ្ទះសម្បែង ទិញ​ភាគហ៊ុន​ក្រុមហ៊ុន ឬ​ទិញ​វត្ថុសិល្បៈ​ជា​ដើម។ នាយក​អង្គការ​ក្រៅរដ្ឋាភិបាល Transparency International រូប​នេះ​ដដែល​បាន​ថ្លែង​ថា​មក​ដល់​ពេល​នេះ សហរដ្ឋអាមេរិក​ជា​ប្រទេស​តែ​មួយ​គត់​ក្នុង​លោក​ដែល​ងាយ​ស្រួល​ក្នុង​ការ​បង្កើត​ក្រុមហ៊ុន​អានាមិក និង​ថា សហរដ្ឋអាមេរិក​ជា​ឋានសួគ៌​សម្រាប់​របប​ពុករលួយ និង​ឧក្រិដ្ឋជន​ដែល​ចង់​លាក់លុយ​របស់​ពួក​គេ។

តាម​រយៈ​ច្បាប់ « Corporate Transparency Act » ម្ចាស់​ក្រុមហ៊ុនអានាមិក​ដែល​មិន​ព្រម​បង្ហាញ​អត្តសញ្ញាណ​អាច​ប្រឈម​នឹង​ការ​ជាប់​ក្នុង​ពន្ធនាគារ​ដល់ ២ឆ្នាំ និង​ការ​ផាកពិន័យ​ជា​ប្រាក់​ចំនួន ១០ ០០០ដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI