ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកដូណាល់ត្រាំដាក់សម្ពាធលើមន្រ្តីបោះឆ្នោតនៅរដ្ឋ Georgia ដើម្បីអាចប្តូរលទ្ធផលបោះឆ្នោត

សំឡេង ០៧:១១
លោក ដូណាល់ ត្រាំ បាន​ទូរស័ព្ទ​ទៅ មន្ត្រី​ទទួល​បន្ទុក​បោះឆ្នោត​នៅ​រដ្ឋ Georgia លោក​ Brad Raffensperger ដើម្បី​រក​សំឡេង​មក​ប្តូរ​លទ្ធផ​ល​បោះឆ្នោត
លោក ដូណាល់ ត្រាំ បាន​ទូរស័ព្ទ​ទៅ មន្ត្រី​ទទួល​បន្ទុក​បោះឆ្នោត​នៅ​រដ្ឋ Georgia លោក​ Brad Raffensperger ដើម្បី​រក​សំឡេង​មក​ប្តូរ​លទ្ធផ​ល​បោះឆ្នោត AP - Evan Vucci

នៅ​ថ្ងៃ​អាទិត្យ​ទី ៣ មករា ២០២១​ កាសែត​ Washington Post​ ​បាន​ទម្លាយ​ព័ត៌មាន​ដ៏អស្ចារ្ស​មួយ​ដែល​គ្មាន​នរណា​នឹកស្មាន​ដល់​មួយ​ថា លោក ប្រធានាធិបតី​អាមេរិក​ជិត​ផុត​អាណត្តិ ​ដូណាល់ ត្រាំ ​បាន​ទូរស័ព្ទ​ទៅ​ដាក់​សម្ពាធ​លើ​មន្ត្រី​ទទួល​បន្ទុក​ការ​បោះឆ្នោត​នៅ​រដ្ឋ​ Georgia ឱ្យ​រក​សន្លឹក​ឆ្នោតចំនួន ១១៧៨០​ មក​បង្គ្រប់ ដើម្បី​អាច​ប្តូរ​លទ្ធផល​បោះឆ្នោត​ថ្ងៃទី ៣​វិច្ឆិកា​២០២០។ ពោល​គឺ​ឱ្យលោកក្លាយ​ជា​​ឈ្នះវិញ។

ផ្សាយពាណិជ្ជកម្ម

លោក​ដូណាល់ ត្រាំ​ មិន​ដែល​​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ថ្ងៃទី ៣​វិច្ឆិកា​២០២០​ទេ បើទោះ​បី​ជា​មានការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ និង​សេចក្តី​សម្រេច​របស់​តុលាការយ៉ាងណា​ក៏​ដោយ។ លោក​បាន​បន្ត​ធ្វើការ​បរិហារ​ថា​មានការ​លួច​បន្លំ​សន្លឹក​ឆ្នោត និង​​ធ្លាប់​បាន​ដាក់​សម្ពាធ​លើ​មន្ត្រី​បក្ស​សាធារណរដ្ឋ​ទទួល​បន្ទុក​ការ​បោះឆ្នោត​នៅរដ្ឋ​ផ្សេងៗ ​ប៉ុន្តែគ្មាន​នរណា​ធ្វើ​តាមទេ។

​កាលពី​ថ្ងៃសៅរ៍ ទី ២​មករា ​លោក ដូណាល់ ត្រាំ​ បាន​ទូរស័ព្ទ​ទៅ​ដាក់​គំនាប​ លើ​​​លោក Brad Raffensperger អ្នក​បន្ទុក​បោះឆ្នោតបក្ស​សាធារណរដ្ឋ​​នៅ​រដ្ឋ Georgia ​ រក​សន្លឹក​គាំទ្រ​លោក​ ​ឱ្យ​បាន​ ១១៧៨០​សន្លឹក​ ដើម្បី​អាច​​ក្រលាស់​​លទ្ធផល​បោះឆ្នោតថ្ងៃ​ទី ៣​វិច្ឆិកា។ លទ្ធផល​ឆ្នោត​ដែល​បន្ទាប់​ពី​រាប់​សន្លឹក​ឆ្នោត​ចំនួន​ពីរ​ដង ដោយ​ប្រើ​ម៉ាស៊ីន​ម្តង​ និង​ដោយ​ដៃ​ម្តង ផ្តល់​ជ័យ​ជំនះ​ឱ្យ​លោក ចូ បៃដិន បាន​ឈ្នះ ដោយ​ទទួល​បាន​ការ​គាំទ្រ​​១១៧៧៩​សំឡេងលើសលោក​ដូណាល់​ត្រាំ។

​​នៅ​ក្នុង​​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ ​មួយ​ម៉ោងនេះ លោកត្រាំ​បានលើក​ឡើង​ដដែលៗ​ ថា​មាន​ការ​លួច​បន្លំ​ មាន​ការ​ស្កាន​សន្លឹក​មួយ​រាប់​ដល់​បីដង មាន​អ្នក​ស្លាប់​រាប់​ពាន់​នាក់​មក​បោះឆ្នោត ។ល។ និង​។ល។ តែ​លោក Brad Raffensperger បកស្រាយ​បដិសេធ​មួយ​ម្តងៗវិញ និង​ ​បដិសេធ​ដាច់​ខាត​ ​ មិន​អាច​រាប់​ជា​លើក​ទីបី​ដើម្បី​បង្គ្រប់​សំលេង​ផ្តល់​ជោគជ័យ​ដល់​លោក​ត្រាំ​បាន​ឡើយ ព្រោះ​ការ​រាប់​សន្លឹក​ឆ្នោត​បាន​ប្រព្រឹត្ត​ទៅយ៉ាង​ត្រឹម​ត្រូវហើយ។

សំឡេង​កិច្ចសន្ទនា​នេះ ត្រូវ​បាន​ លោកBrad Raffensperger​ ​ប្រគល់​មក​ឱ្យកាសែត​វ៉ាស៊ីនតោនប៉ុស្តិ៍​។ លោក​ត្រាំ​ផ្ទាល់​ក៏​បាន​ទទួល​ស្គាល់​ថា​មាន​កិច្ចសន្ទនានោះ និង​ពុំ​ទទួល​បានផល​អ្វី​ដូច​ចិត្ត​ទេ។

សភា​និង​ព្រឹទ្ធសភា​អាមេរិក​ត្រូវ​អនុម័ត​លទ្ធផល​នៅ​ថ្ងៃទី ៦​មករា

បើ​គិត​ជា​តួលេខ ទោះបី​ជា​លោក​ចូបៃដិន បែរ​ជាត្រូវ​​បាត់​បង់​​រដ្ឋ​ Georgia​នេះ​ក៏​ដោយ ក៏​លោក​នៅ​តែ​ឈ្នះ​ដែរ ប៉ុន្តែ​ទង្វើ​របស់​លោក​ដូណាល់ ត្រាំ ដែល​ទៅ​ដាក់​សម្ពាធ​​មន្ត្រី​បោះឆ្នោត ពិត​ជា​​ពុំ​ធ្លាប់​មាន​ប្រធានាធិបតី​អាមេរិក​ណា​ធ្លាប់​ធ្វើ​ពី​មុន​មក​សោះ។ ហេតុដូច្នេះ​ហើយ​បាន​ជា​លោកស្រី កាម៉ាឡា ហារី អនាគត​អនុប្រធានាធិបតី​អាមេរិកថ្មី​ ដែល​កំពុង​ធ្វើ​យុទ្ធនាការ​​ឃោសនា​នៅ​រដ្ឋ​ Georgia បាន​ចាត់​ទុក​ទង្វើ​របស់​លោក​ត្រាំ ថា​ជា​ការ​រំលោភ​អំណាច​​ដ៏​គួរ​ឱ្យ​ខ្មាសអៀន។

ការដាក់​សម្ពាធ​លើ​មន្ត្រី​បោះឆ្នោត​នៅ​Georgia នេះ ធ្វើ​ឡើង​តែ​បី​ថ្ងៃ​មុន​ការ​បោះឆ្នោត​អនុម័ត​​របស់​សភា​និង​ព្រឹទ្ធសភា ​ទទួលស្គាល់​លោក ចូ បៃដិន ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​ជា​ផ្លូវការ​ បន្ទាប់​ពី​អង្គបោះឆ្នោត​បាន​បោះឆ្នោត​ផ្តល់​ជ័យ​ជំនះ​ដល់​លោក​បៃដិន​ក្នុង​សំឡេង ៣០៦ ទល់​នឹង​២៣២​សម្រាប់លោក​ដូណាល់ត្រាំ។ សភា និង​ព្រឹទ្ធសភា​ ត្រូវ​បញ្ជាក់​ជោគជ័យ​នេះ នៅ​ថ្ងៃ​ពុធ​ទី ៦ មករា ខាន​ស្អែក។ សភា​មាន​សំឡេង​ភាគ​ច្រើន​ជា​អ្នក​ប្រជាធិបតេយ្យ​ និង​ដឹកនាំ​ដោយ​អ្នក​ប្រជាធិបតេយ្យ តែ​ព្រឹទ្ធសភា​វិញ ពេលនេះ​កំពុង​គ្រប់គ្រង​ដោយ​បក្សសាធារណរដ្ឋ។ ព្រឹទ្ធសភា​ដែល​អាច​នឹងប្តូរមកខាង​អ្នក​ប្រជាធិបតេយ្យ​ ក្រោយការ​បោះឆ្នោត​ជា​លើកទីពីរ នៅ​រដ្ឋ Georgia ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​អង្គារ​​ទី៥មករាស្អែក​នេះ​។

​ត្រួត​ត្រា​អំណាច

ឥស្សរជន​គ្រាក់ៗ​របស់​បក្ស​​សាធារណរដ្ឋ​ រាប់​ទាំង​ប្រធាន​ព្រឹទ្ធសភា​ Mitch McConnell ផង​បាន​ប្រកាស​ទទួល​ស្គាល់​ជោគ​ជ័យ​របស់​លោក​ចូបៃដិន​ហើយ នៅ​ឡើយ​តែ​​សមាជិក​សភា និង​ព្រឹទ្ធ​សភា​​បក្ស​សាធារណរដ្ឋ​​​មួយ​ចំនួន​ប៉ុណ្ណោះ​​ ដែល​បន្ត​គាំទ្រ​លោក​ដូណាល់ ត្រាំ​ យ៉ាង​មុតមាំ។ ​ អន្តរាគមន៍​របស់​សមាជិក​សភា​គាំទ្រ​លោក​ត្រាំ​នេះ​ មិន​អាច​រារាំង​ ដំណើរការ​ផ្ទេរ​អំណាច​ ជូន​លោក ចូ បៃដិន នៅ​ថ្ងៃទី ២០ មករាទេ។

ប៉ុន្តែ​ សកម្មភាព​របស់​​ពួកគេ​​អាច​នឹង​ធ្វើ​ឱ្យ​រដ្ឋបាល​អាមេរិក​​ថ្មី​របស់​លោក​ចូ បៃដិន ជួប​ការ​លំបាក​ខ្លាំង​ក្នុងសម្រេច​កម្មវត្ថុ​​ផ្សះផ្សា​​​ជាតិ និង​ពិសេស​ពិបាក​សម្រេចផែនការ​ ប្រសិន​បើ​បក្ស​សាធារណរដ្ឋដណ្តើម​អាសនៈ​ព្រឹទ្ធ​សភា​​នៅ​រដ្ឋ Georgia នៅ​ថ្ងៃ​អង្គារ​ ទី ៥​មករា២០២១។ ថ្ងៃ​​​បោះឆ្នោត​សមាជិក​ព្រឹទ្ធសភា​​ជុំ​ទីពីរ បន្ទាប់​ពី​ការ​បោះឆ្នោត​ ថ្ងៃ​ទី ៣​វិច្ឆិកា (ដែល​ជាការ​បោះឆ្នោត​សភា​ផង​ព្រឹទ្ធសភា​ផង​និង​ប្រធានាធិបតី​ផង) គ្មាន​បេក្ខជន​ណា​ទទួល​បាន​សំឡេង​គាំទ្រ​ភាគ​ច្រើន​ដាច់​ខាត (លើស​ពី​៥០%)។

ប្រសិន​បើ​បក្ស​សាធារណរដ្ឋ​របស់​លោក​ត្រាំ ជា​អ្នក​ឈ្នះ​ នោះ​បក្ស​សាធារណរដ្ឋ​នឹង​មានអំណាច​គ្រប់គ្រង​ព្រឹទ្ធសភា និង​​អាច​រារាំង​រាល់​គ្រប់​ផែនការ​​ឬ​កំណែទម្រង់​របស់​រដ្ឋាភិបាល​លោក​ចូបៃដិន​បាន។ តែ​បើ​បក្ស​ប្រជាធិបតេយ្យ​ជា​ឈ្នះ​វិញ នោះ​ព្រឹទ្ធសភា​អាមេរិក​នឹង​មាន​សំឡេង​ស្មើ​គ្នា ៖ ៥០​​ជា​អ្នក​ប្រជាធិបតេយ្យ និង​៥០​ជា​អ្នក​សាធារណរដ្ឋ​។ ក្នុងករណី​ព្រឹទ្ធសភា​និយាយ​មិន​ត្រូវ​គ្នា គឺ​អនុប្រធានាធិបតី​​ គឺ​លោកស្រី កាម៉ាឡា ហារី នៃ​បក្ស​ប្រជាធិបតេយ្យ​​ ជា​អ្នក​អារកាត់​សេចក្តី បាន​ន័យ​ថាបក្ស​ប្រជាធិបតេយ្យ​មាន​ប្រៀប រដ្ឋាភិបាល​លោក​ចូបៃដិន អាច​សម្រេច​កិច្ច​ការ​បាន​ដោយ​គ្មាន​ការ​រាំង​ស្ទះ។

ដូច្នេះ​ហើយ​បាន​ជា​លោក​ត្រាំ ក៏​ដូច​ជា​លោក​ចូបៃដិន​ប្រឹង​បញ្ចេញ​សកម្មភាព ​ដោយ​ចុះ​ធ្វើ​យុទ្ធនាការ​ ផ្ទាល់​នៅ​រដ្ឋ​ Georgia ​នេះ។ ​តាម​ទម្លាប់​​​ជាង​២០​ឆ្នាំមកនេះ ​ Georgia ជា​រដ្ឋ​​មាន​ព្រឹទ្ធសភា​ជា​អ្នក​សាធារណរដ្ឋ​ តែ​បក្ស​ប្រជាធិបតេយ្យ​ក៏​ផ្តើម​ឡើង​ខ្លាំង តាម​រយៈ​ការ​​ទទួល​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃ​ទី ៣​វិច្ឆិកា។

លទ្ធផល​យ៉ាង​ណា​គេ​នឹង​បាន​ដឹង​នៅ​ថ្ងៃស្អែក និង​មិន​អាច​ទស្សន៍​ទាយ​បាន​ទេ​នៅ​ពេល​នេះ ព្រោះវា​​កៀកកិត​គ្នា​ពេក៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI