ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​ប៉ូលិស​​​មិនអាច​រារាំង ទប់ស្កាត់​ក្រុមបាតុករ​គាំទ្រ​លោកដូណាល់ ត្រាំ ​នៅ​វិមាន​កាពីតូល?

សំឡេង ០៧:០៥
ប៉ូលិសកាពីតូល​បាន​ត្រឹម​តែ​ឈរមើល ក្រុមបាតុករ ដើរចូល​លុកលុយ​ពេញ​វិមាន​កាពីតូល កាលពីថ្ងៃ​ពុធ ទី ៦ មករា ២០២១
ប៉ូលិសកាពីតូល​បាន​ត្រឹម​តែ​ឈរមើល ក្រុមបាតុករ ដើរចូល​លុកលុយ​ពេញ​វិមាន​កាពីតូល កាលពីថ្ងៃ​ពុធ ទី ៦ មករា ២០២១ AP - Manuel Balce Ceneta

នៅមួយថ្ងៃ​ក្រោយ ក្រុមគាំទ្រ​លោកដូណាល់ ត្រាំ​សម្រុកចូល​វិមាន​កាពីតូល លោកដូណាល់ ត្រាំ ដែល​កាន់តែ​ឯកោ និង​ប្រឈម​នឹង​ការដកតំណែង បានបង្ហាញមុខ នៅក្នុង ​វីដេអូមួយ នៅ​លើ​បណ្តាញ​សង្គម Twitter កាលពី​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដែលនៅក្នុង​នោះ លោក​បាន​ថ្កោលទោស​សកម្មភាព បាតុករ​ចូលលុកលុយ សភាអាមេរិក។ លោកដូណាល់ ត្រាំ បាន​ទទួលស្គាល់ផងដែរ បរាជ័យ ហើយនិង​អំពាវនាវ​ឲ្យមានការផ្សះផ្សារជាតិ។ ក្នុង​ពេលជាមួយគ្នានេះ សំណួរមួយ​ដែលកំពុង​ចោទឡើង ទាក់ទង​នឹង​ចំណាត់ការ​របស់​ប៉ូលិស​ក្នុងការការពារ​សន្តិសុខ សុវត្ថិភាព​ឲ្យវិមាន​កាពីតូល ដែល​ជា​ស្ថាប័ន​កំពូល​របស់​រដ្ឋ។ ខ្សែវីដេអូ​​មួយចំនួន បាន​ប៉ូលិស​លើករនាំង បើកផ្លូវ​ឲ្យ​បាតុករ ចូល​លុកលុយ វិមានកាពីតូល ចំណែក​រូបភាព មួយចំនួន​បង្ហាញ​ប៉ូលិស​រងការធ្វើបាប​ពី ក្រុមបាតុករ​ទៅវិញ។

ផ្សាយពាណិជ្ជកម្ម

លោក​ដូណាល់ ត្រាំ បាន​រង់ចាំ​ពេល​មួយថ្ងៃ ទើប​ចេញ​មុខ ស្រែកថ្កោលទោស អំពើហិង្សា អនាធិបតេយ្យ ហើយនិង​ភាពរញ៉េរញ៉ៃ ដែលបង្កឡើង​ដោយ​ក្រុមអ្នកគាំទ្រ​របស់​លោក នៅក្នុង​វិមានកាពីតូល កាលពី ថ្ងៃ​ពុធ។

លោកដូណាល់ ត្រាំ ខ្លួនឯង ដែល​ជាអ្នកបើកភ្លើងខៀវ ​ស្រែក​អំពាវនាវ​ឲ្យ​ក្រុមគាំទ្រ របស់លោក ឲ្យទៅ​ធ្វើ​បាតុកម្ម នៅ​សភា ដើម្បី​រារាំង​កុំ​ឲ្យ​គេ​អាច​ផ្តល់​សភា​បោះឆ្នោត គាំទ្រ​ជ័យជំនះ​របស់​លោក​ចូ បៃដិន។ ដល់ពេល​ក្រុមរបស់លោក ធ្វើជ្រុលហួស លោក​មិនអាច បន្ទោសពួកគេ​ភ្លាមទេ ប៉ុន្តែ ដោយសារ​តែ លោក​រង​ការរិះគន់ សូម្បី​ពី​មនុស្ស​ជំនិតៗ ហើយ​រដ្ឋមន្រ្តី ក្នុង​រដ្ឋបាល​របស់​លោក​ជាច្រើននាក់ ចាប់ផ្តើម លែងដៃ ប្រកាស​លាចេញពីមុខ​តំណែង ជាបន្តបន្ទាប់ លោក​ដូណាល់ ត្រាំ គ្មានជម្រើសអ្វី​ផ្សេង ក្រៅតែពី​ត្រលប់​មក​ស្តីបន្ទោស ដាក់បន្ទុក លើ​ក្រុមកុប្បករ ដែល​ជាអ្នកគាំទ្រ​ផ្កាប់មុខ​របស់​លោក​នោះទេ។

នៅក្រោយ​ការចូល​លុកលុយ និង​អំពើហិង្សា របស់​ក្រុមគាំទ្រ​លោក​ដូណាល់ ត្រាំ​នៅ វិមានកាពីតូល រដ្ឋមន្រ្តី ក្រសួង​អប់រំ ហើយនិង​ក្រសួង​ដឹកជញ្ជូន បាន​ដាក់ពាក្យ​លាលែង​ពីមុខ​តំណែង។ ទីប្រឹក្សា​រង​ទទួលបន្ទុក​ផ្នែក​សន្តិសុខ​ជាតិ​របស់​លោកដូណាល់ គឺ​លោក Matt Pottinger បាន​ចុះចេញពីមុខតំណែង ជាមួយ​នឹង​អតីតអ្នកនាំពាក្យ​របស់​សេតវិមាន។

នៅក្នុង​សារ កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ដូណាល់ ត្រាំ បាន​និយាយថា អ្នកដែល​បាន​ប្រព្រឹត្តអំពើហិង្សា ហើយ​និង​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ នៅក្នុង​វិមាន​កាពីតូល កាលពី​ថ្ងៃ​ម្សិលមិញ មិនមែន​តំណាង​ឲ្យ​អាមេរិក​នោះទេ។ អ្នកដែល​ល្មើសច្បាប់ នឹង​ត្រូវរងការផ្តន្ទាទោស។ នៅក្នុង​សារវីដេអូ លោកដូណាល់ ត្រាំ បាន​ប្រកាសថា លោក​នឹង​ផ្ទេរអំណាច ដោយ​គ្មានការបោកប្រាស់ ហើយ​និង​បាន​អំពាវនាវ​ឲ្យ​មាន​ការផ្សះផ្សារជាតិ។ តាម​លោកដូណាល់ ត្រាំ នៅក្រោយ​ការបោះឆ្នោត​របស់​សភា រដ្ឋបាល​ថ្មី​នឹង​ស្បថ​ចូល​កាន់តំណែង នៅ​ថ្ងៃ​ទី ២០​មករា​ខាងមុខ។ នេះជា​ជំហរ​ថ្មី ខុសប្លែក​ទាំងស្រុង ពី​ការប្រកាស​កាលពី មួយថ្ងៃពុធ។ នៅ​ពេល​ក្រុមគាំទ្ររបស់​លោក​ចូល​ទៅ​អុកឡុក លុយលុយ​ក្នុង​សភា លោកដូណាល់ ត្រាំ បាន​ត្រឹម​អំពាវនាវ​ឲ្យពួកគេ​ត្រលប់​ទៅផ្ទះ ប៉ុន្តែ មិន​បាន​បញ្ជាក់ថា លោក​សុខចិត្ត​ទទួល​ចាញ់ឆ្នោត​នោះទេ។

ការងារ រក្សា​សុវត្ថិភាព របស់​ប៉ូលិស​ការពារ កាពីតូល កំពុង​ចោទជាបញ្ហា?

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ប៉ូលិស​កាពីតូល ប៉ូលិស​ម្នាក់ ក្នុង​ចំណោម​ប៉ូលិស​២នាក់ ដែល​រងរបួស​ធ្ងន់ នៅក្នុង​ការប្រឈម​មុខ​ជាមួយ​បាតុករ បាន​ស្លាប់​នៅ មន្ទីរពេទ្យ នៅថ្ងៃ ព្រហស្បតិ៍។ សរុបមក មាន​មនុស្ស​៥នាក់ ស្លាប់ នៅក្នុង​ហេតុការណ៍ សម្រុកចូល​វិមានកាពីតូល កាលពី​ថ្ងៃ​ពុធ ដែលនៅក្នុង​នោះ ស្រ្តីម្នាក់ ដែល​ជា​អតីត​ទាហាន​ទ័ពអាកាស​អាមេរិក ត្រូវ​ប៉ូលិស​បាញ់ នៅក្នុង​ពេល​ប៉ុនប៉ង ចូល​ក្នុង​វិមានកាពីតូល។

តាម​វិបសៃតិ៍​របស់​ប៉ូលិស កាពីតូល ស្ថាប័ន​រដ្ឋសភា អាមេរិក ត្រូវ​បាន​រក្សា​ការពារ​យ៉ាងមធ្យ័ត​ពី​ប៉ូលិសកាពីតូល​ដែលមាន​ប៉ូលិស និង​មន្រ្តី​រក្សា​សណ្តាប់ធ្នាប់ សរុប ២៣០០នាក់។ ប៉ុន្តែ អ្វីដែលធ្វើ​គេ​គ្រប់គ្នា ងឿងឆ្ងល់ នឹកស្មាន​មិនដល់ គឺ ក្រុមគាំទ្រ​លោកដូណាល់ ត្រាំ អាច​ជំនះចូល​ទៅក្នុង​បរិវេណ និង​ក្នុង​វិមាន​បាន​ដោយ​ស្រួល ដោយ​គ្មាន​ប្រឈម ប៉ះទង្គិចខ្លាំង​ជាមួយ​ប៉ូលិស។

រូបភាពវីដេអូ​មួយចំនួន​បង្ហាញ ប៉ូលិស សុខចិត្ត​បើក​រនាំង ឲ្យ​បាតុករ ចូល ក្នុង​បរិវេណ​របស់​កាពីតូល ចំណែក​នៅក្នុង​វិមាន​កាពីតូល​ផ្ទាល់​តែម្តង គេ​ឃើញ​ប៉ូលិស​ត្រូវ​កម្លាំង បាតុករ ដេញតាមពីក្រោយ។ ចំនួន​ប៉ូលិសនៅ​កន្លែង​កើតហេតុ មិនគ្រប់ដើម្បី ឆ្លើយតប​នឹងព្រឹត្តិការណ៍​ដែល​កើតឡើង គឺ​ជារឿងមួយ។ តាម​ប្រធាន​ប៉ូលិស​កាពីតូល ដែល​បាន​សុំ​លាលែង​ពីមុខតំណែង​នៅថ្ងៃ​នេះ ប៉ូលិសកាពីតូល​បាន​ត្រៀម​លក្ខណៈ ដើម្បី​ទប់ទល់​ក្រុមបាតុករ ប៉ុន្តែ មិន​បាន​គិត​ទុកមុន​ថា បាតុករ ហិង្សា ហើយ​និង​សម្រុក​ចូល​ទៅក្នុង វិមាន​កាពីតូល ដោយ​ខុសច្បាប់​យ៉ាងដូច្នេះទេ។ ម្យ៉ាង ប៉ូលិស​កាពីតូល​ភាគច្រើន គ្មានអាវុធ មធ្យោបាយ គ្រប់គ្រាន់ សម្រាប់​ទប់ទល់ បាតុករ ដែល​មួយចំនួន សុទ្ធតែ​មាន​បំពាក់អាវុធ ធុនធ្ងន់​នោះទេ។ ការពង្រាយ​អន្តរាគមន៍​យឺតយ៉ាវ​របស់​ក្រុមឆ្មាំជាតិ កំពុង​ធ្វើ​ឲ្យ​គេ​ចោទជា​សំណួរ​ផងដែរ។ ការពង្រាយ​ឆ្មាំជាតិ ជា​ភារកិច្ច​របស់​រដ្ឋាភិបាល ពោល​គឺ​លោកដូណាល់ ត្រាំ ជា​អ្នកសម្រេច។ ប៉ុន្តែ នៅ​ថ្ងៃ​ពុធ គឺ​លោក​អនុប្រធានាធិបតី ម៉ៃ ផិន ដែល​ជា​អ្នកបញ្ជា​ឲ្យ​ពង្រាយ​ឆ្មាំជាតិ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ 

តើ​ប៉ូលិសចូលដៃ ​ ស៊ុំគ្រលំ ​ជាមួយ​ក្រុមបាតុករ? 

នៅក្នុង​វីដេអូ​មួយចំនួន ប៉ូលិស​បាន​ទាំង​ថតរូប​ស៊ែលហ្វី​ជាមួយ ក្រុមគាំទ្រលោកដូណាល់ ត្រាំ ទៀតផង។ បើនិយាយ​ពីការចាប់ខ្លួនវិញ គឺ​តិចមែនទែន ប្រមាណ តែ​ជាង ៥០នាក់ នៅពេល​មនុស្ស​ជាច្រើន​រយនាក់ ត្រូវ​គេ​ឃើញ​ដើរចូល​ពេញ​សភាអាមេរិក។ នៅ​ថ្ងៃ ម្សិលមិញ ទាំង​លោក​ចូបៃដិន ហើយ​និង ចលនា​ដើម្បី​ការពារ​ប្រជាជន​ស្បែកខ្មៅ បាន​រិះគន់​បរិហារ​ជំហរ​លំអៀង​របស់​ប៉ូលិស នៅចំពោះមុខ​បាតុករ ស្តាំនិយមជ្រុល ព្រោះថា នៅពេល មាន​បាតុកម្ម​ដើម្បី​ប្រឆាំង​នឹង​ការរើសអើង​ទៅលើ​ប្រជាជន​ស្បែកខ្មៅ នៅ​កាពីតូល កាលពី​ខែ​មិថុនា ឆ្នាំ ២០២០ មាន​ប៉ូលិស ទាហាន​អាមេរិក​រាប់រយនា​ក់ ត្រូវ​បាន​ពង្រាយ ប្រចាំការ នៅខាងក្រៅ មិន​ឲ្យ​បាតុករ​ណាម្នាក់ បាន​ដាក់ជើងជាន់​បរិវេណ​របស់ កាពីតូលផង កុំថាឡើយ ក្នុង​វិមាន​កាពីតូល​ដូចក្រុមបាតុករស្តាំនិយម​ដែល​គាំទ្រ​លោកដូណាល់ ត្រាំលើកនេះ។

សមាជិក​សភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ​មួយចំនួន​បាន​ថ្កោលទោស ចំណាត់ការ​ធូររលុង របស់​ប៉ូលិស កាពីតូល និង​បាន​អំពាវនាវ​ឲ្យ​បើកការស៊ើបអង្កេត​ដើម្បី ស្វែងរក​អ្នកទទួល​ខុសត្រូវ​ដែល បណ្តោយ​ឲ្យ​វិមាន​កាពីតូល អាចត្រូវ​បាតុករ​ចូលលុកលុយលើកនេះ។ ប៉ូលិស​សហព័ន្ធ FBI កំពុង​បើក​ការស៊ើបអង្កេត និង​សន្យា​តាមចាប់ ជនដៃដល់ មក​កាត់ទោស​តាម​ច្បាប់។ 

ការការពារ​សន្តិសុខ​សម្រាប់​ពិធីស្បថ​ចូលកាន់​តំណែង​របស់​លោក​ចូ បៃដិន​នឹង​ចោទជា​បញ្ហាដែរឬទេ?

នៅពេល​ពិធី​ស្បថ​ចូលកាន់តំណែង ប្រធានាធិបី អាមេរិក កាន់តែ​ខិតចូល​មកដល់ លោកចូ បៃដិន ផ្ទាល់​និយាយ​ថា លោកមិន​បារម្ភ​ពី សុវត្ថិភាព​សន្តិសុខ​របស់​លោក នៅ​ថ្ងៃ​ស្បថ​ចូល​កាន់តំណែង នៅថ្ងៃ​ទី ២០​មករា​ខាងមុខនោះទេ។ ប៉ុន្តែ សមាជិក​ព្រឹទ្ធសភា មក​ពីគណបក្ស​ប្រជាធិបតេយ្យ​ម្នាក់​បាន​និយាយ​ថា គេ​បាន​ពិនិត្យ សើរើ មើលឡើងវិញ វិធានការ​ពង្រឹង​សន្តិសុខ នៅថ្ងៃ​ស្បថចូល​កាន់តំណែង​របស់​លោក​ចូ បៃដិន។ ស្ថានភាព​ប្រកាស​អាសន្ន នឹង​បន្ត​ រហូត​ដល់​ចប់​បុណ្យ​ស្បថ​ចូលកាន់តំណែង របស់​លោក​បៃដិន ចំណែក ឆ្មាំជាតិ នឹង​ត្រូវ ពង្រាយ ពីពេលនេះ រហូត ដល់​ដើម​ខែ​កុម្ភៈ ដើម្បី​ធានា​សុវត្ថិភាព ឲ្យ​ពិធី​បុណ្យ​ស្បថ​របស់​លោកចូ បៃដិន។ ប៉ុន្តែ នៅក្នុងពេលរង់ចាំ​នេះ អាជ្ញាធ​នៅ​វ៉ាស៊ីនតោន​បាន​បោះបង្គោល រៀបជញ្ជាំង កំពស់​២ម៉ែត្រ ជុំវិញ វិមាន​កាពីតូល ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ហេតុការណ៍ លុកលុយ​ចូល​ក្នុង​សភា ដូច ថ្ងៃ​ពុធទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI