ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រសួងការបរទេស​អាមេរិក​ប្រកាស​លែង ​រឹតបន្តឹង​ទំនាក់ទំនង ជាមួយ​តៃវ៉ាន់ តទៅទៀត

សំឡេង ០៧:២៦
រដ្ឋមន្រ្តីការបរទេស​អាមេរិក នៅ​ក្នុង​សន្នីសិទ​កាសែត នៅ​ក្រសួងការបរទេស ក្នុង​ទីក្រុង​វ៉ាស៊ីនតោន នៅ​ខែ​វិច្ឆិកា​ឆ្នាំ ២០២០
រដ្ឋមន្រ្តីការបរទេស​អាមេរិក នៅ​ក្នុង​សន្នីសិទ​កាសែត នៅ​ក្រសួងការបរទេស ក្នុង​ទីក្រុង​វ៉ាស៊ីនតោន នៅ​ខែ​វិច្ឆិកា​ឆ្នាំ ២០២០ AP - Jacquelyn Martin

អាមេរិក តាមរយៈ រដ្ឋមន្រ្តីការបរទេស លោក Mike Pompeo បាន​ប្រកាស នៅ ថ្ងៃ​សៅរ៍ ទី ៩​មករា ២០២១​ បិទបញ្ចប់ នយោបាយ​រឹតបន្តឹង​លើ​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់។ ចិន ធ្លាប់​បាន​គំរាម ព្រមាន​អាមេរិករួចហើយ កុំ​ឲ្យ​ទាក់ទង​ជាមួយ​តៃវ៉ាន់។ ការប្រកាស​របស់​ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ធ្វើឡើង ​នៅ តែ ១០​ថ្ងៃ មុន ការចូល​កាន់អំណាច​របស់​រដ្ឋបាល​ថ្មី ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី ចូ បៃដិន។ តើអ្វីជា​ចេតនាពិតប្រាកដ​របស់​ប្រមុខការបរទេស របស់​រដ្ឋបាល​ចាស់ ដឹកនាំ​ដោយ​លោកដូណាល់ ត្រាំ? 

ផ្សាយពាណិជ្ជកម្ម

នៅពេល​អាមេរិក​ងាក​ទៅ​ទទួល​ស្គាល់​នយោបាយ​ចិន​តែមួយ នៅ​ឆ្នាំ ១៩៧៩ អាមេរិក បាន​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយតៃវ៉ាន់ ប៉ុន្តែ ​អាមេរិក​នៅតែ​រក្សា​សិទ្ធិ​លក់​អាវុធ សម្រាប់​ឲ្យ​តៃវ៉ាន់ ដែល​ជាសម្ព័ន្ធមិត្ត ​អាច​ការពារ​ខ្លួន។ នៅ ឆ្នាំ ១៩៧៩ ដដែលនោះ ទោះជា​អាមេរិក គ្មាន​ទំនាក់ទំនង​ការទូត​ជាផ្លូវការ​ជាមួយ​តៃវ៉ាន់ ប៉ុន្តែ អាមេរិក បាន​បង្កើត វិទ្យាស្ថាន​អាមេរិក សម្រាប់​តៃវ៉ា់ន់ ដើម្បី​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​តៃវ៉ាន់ ហើយ​តៃវ៉ាន់ ក៏មាន​អ្នកតំណាង​របស់ខ្លួន​នៅទីក្រុង​វ៉ាស៊ីនតោន​ដែរ។ យ៉ាងណា​ក៏ដោយ វា​ជា​ទំនាក់ទំនង​ដែល​រឹតត្បិត ដើម្បី បំពេញចិត្ត​ប្រទេស​ចិន។ នេះ​ជាប្រសាសន៍ ​របស់​ ប្រមុខ​ការបរទេស​អាមេរិក លោក​Mike Pompeo កាលពី ថ្ងៃ​សៅរ៍ម្សិលមិញ។

នៅ ថ្ងៃ​ម្សិលមិញ​Mike Pompeo បាន​សម្រេច​បិទបញ្ចប់​ លែង​ឲ្យមាន​ការរឹតបន្តឹងផ្ទៃក្នុង​របស់​ក្រសួងការបរទេស អាមេរិក ស្តីពី​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ តទៅទៀត។ លោក​ Mike Pompeo មិន​បាន​បញ្ជាក់​លម្អិត​នោះទេ។ ប៉ុន្តែ បើតាម​ច្បាប់ស្តីពី ​ទំនាក់ទំនង​អាមេរិក តៃវ៉ាន់ ដែល​បង្កើតឡើង នៅក្រោយ អាមេរិក​ទទួល​ស្គាល់​ប្រទេស​ចិន​តែមួយ មន្រ្តី អាមេរិក និង​តៃវ៉ាន់ គឺ​មិនអាច​កំណត់​ទីកន្លែង​ដែល​ពួកគេ អាចជួបគ្នា។ មន្រ្តីជាន់ខ្ពស់​របស់អាមេរិក​មិនអាច​ចូលរួម​ក្នុង​ពិធីបុណ្យជាតិ​របស់តៃវ៉ាន់ ហើយ អាមេរិក​មិនត្រូវ​ចាត់ទុក​តៃវ៉ាន់ ជា​ប្រទេស​ឬ រដ្ឋាភិបាល​មួយ​នោះទេ។

រដ្ឋាភិបាល​អាមេរិកមុនៗ បាន​បន្ត​គោរព​ច្បាប់​នោះរហូតមក ដើម្បី​ជៀសវាង មិន​ឈ្លោះ ប្រឈមមុខ​ជាមួយ ចិន។ ប៉ុន្តែ ចាប់តាំង​ពី​រដ្ឋបាល​លោកដូណាល់ ត្រាំ ចូល​ដឹកនាំ​ប្រទេស អាមេរិកដកខ្លួន លែង​សូវ​គោរព​ខ្ជាប់ខ្ជួន​បទវិន័យ ដូចមុនទៀត ពោល​គឺ នៅមុន​ការប្រកាស​របស់​រដ្ឋមន្រ្តីការបរទេស កាលពី​ថ្ងៃសៅរ៍ទៅទៀត។ នៅ មុន​រដ្ឋមន្រ្តី​ការបរទេស ប្រកាស​ដកចោល ការរឹតបន្តឹង​លើ​ទំនាក់ទំនង​ជាមួយតៃវ៉ាន់ រដ្ឋបាល​អាមេរិក​បាន​បង្កើតរួចហើយ នៅ​ឆ្នាំ ២០១៨ ច្បាប់ មួយ ដែល​អនុញ្ញាត​ឲ្យ​អ្នកទទួល​ខុសត្រូវជាន់ខ្ពស់​របស់​អាមេរិកទៅ​កោះតៃវ៉ាន់ ឬជួបពិភាក្សា​ជាមួយ ប្រធានាធិបតីតៃវ៉ាន់។ ជាក់ស្តែង នៅពេល​កើតមានជម្លោះពាណិជ្ជកម្ម សន្តិសុខ និង​ជំងឺកូវីដ ជាមួយ ប្រទេស ចិន រដ្ឋបាល​លោកដូណាល់ ត្រាំ បាន​ធ្វើ​រឿង​ជាច្រើន ដែល ធ្វើ​ឲ្យ​ប្រទេស​ចិន​ខឹងក្តៅក្រហាយ ជាច្រើនដង ដូចជា អាមេរិក​បង្កើត វិទ្យាស្ថានអាមេរិក សម្រាប់​តៃវ៉ាន់ នៅ​ក្រុង​តៃប៉ិ បញ្ជូន​មន្រ្តី​ជាន់ខ្ពស់ ឲ្យ​ទៅ​ជួប​ប្រធានាធិបតី​តៃវ៉ាន់ ឬ​ចូលរួម​ក្នុង​ពិធីបុណ្យជាតិ​តៃវ៉ាន់ កាលពី​ឆ្នាំ ២០២០។ នៅ​តែ​ប៉ុន្មាន ថ្ងៃ​មុន​ផុតអាណត្តិនេះ​ទៀត រដ្ឋបាល​លោកដូណាល់ ត្រាំ​បាន​ប្រកាស បញ្ជូន​ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំ អង្គការ​សហប្រជាជាតិ ទៅ​កោះតៃវ៉ាន់។ លោកស្រី Kelly Craft​អ្នកតំណាងអាមេរិក​នៅអង្គការ​សហប្រជាជាតិ នឹង​ទៅធ្វើ​ទស្សនកិច្ច​នៅតៃវ៉ាន់ ពី​ថ្ងៃ​ទី ១៣ ដល់​ថ្ងៃទី ១៥ មករា​សប្តាហ៍ក្រោយនេះ។

វិទ្យាស្ថាន​អាមេរិក​នៅតៃវ៉ាន់ (AIT) ត្រូវ​ដាក់សម្ពោធ​ឲ្យ​ប្រើប្រាស់នៅក្រោមអាណត្តិ​របស់លោកដូណាល់ ត្រាំនៅ ឆ្នាំ ២០២០
វិទ្យាស្ថាន​អាមេរិក​នៅតៃវ៉ាន់ (AIT) ត្រូវ​ដាក់សម្ពោធ​ឲ្យ​ប្រើប្រាស់នៅក្រោមអាណត្តិ​របស់លោកដូណាល់ ត្រាំនៅ ឆ្នាំ ២០២០ AFP - SAM YEH

ហេតុអ្វី លោកម៉ៃ ប៉ុមពេអូ ប្រកាស​ដកចោល វិធានការរឹតបន្តឹង​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ នៅពេលនេះ?

ការប្រកាស​របស់​រដ្ឋមន្រ្តីការបរទេស អាមេរិក ក្នុង​ការលុបចោល ការរឹតបន្តឹង​លើ​ទំនាក់ទំនង​ជាមួយតៃវ៉ាន់ គឺគ្រាន់តែ​ជា​និមិត្តរូប ច្រើនជាង​ការអនុវត្ត​ជាក់ស្តែង ព្រោះថា រដ្ឋាភិបាល​អាមេរិក​លែង​រឹតបន្តឹង​ទំនាក់ទំនង​ជាមួយតៃវ៉ាន់ តាំង​ពី​ឆ្នាំ ២០១៨​មកម្ល៉េះ។ ការលក់សព្វាវុធ ឲ្យតៃវ៉ាន់ ក្នុង​តម្លៃ ១៨ពាន់លាន​ដុល្លារ គឺ​ជា​ឧទាហរណ៍ស្រាប់ ដែល​បញ្ជាក់ពីទំនាក់ទំនង ជិតស្និទ្ធ​មែនទែន រវាង​តៃវ៉ាន់ និងអាមេរិក​ក្រោមរដ្ឋបាល​លោកដូណាល់ ត្រាំ។

ប៉ុន្តែ លោក Mike Pompeo ប្រកាស​ នៅពេលនេះ គឺ​ដើម្បី​ផលប្រយោជន៍​នយោបាយ​ផ្ទាល់ខ្លួន ច្រើនជាង។ គេធ្លាប់​គិត​ថា លោក​ Mike Pompeo​ដែល​គ្រោង​នឹង​ចង់​ឈរឈ្មោះ សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​៤ឆ្នាំខាងមុខទៀត កំពុង​ធ្វើ​នយោបាយ​ការបរទេស ដើម្បី សាងមុខមាត់​របស់ខ្លួន។

មួយវិញទៀត ការសម្រេច ដកចោល ការរឹតបន្តឹង ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ ដែល​នឹង​ធ្វើ​ឲ្យ​ចិន ខឹង​សម្បារ នៅតែ​ប៉ុន្មាន​ថ្ងៃ​មុន ផុតអាណត្តិ​យ៉ាងដូច្នេះ គឺ​ជា​ជំហរ មួយ ដែល​គេជឿថា លោក​ Mike Pompeo កំពុង​ចង់បង្កើត​សំណុំរឿង​ឈឺក្បាល ទុក ឲ្យ​រដ្ឋបាល​ថ្មី​របស់​លោក​ចូ បៃដិន ជាអ្នកដោះស្រាយ។ បើសិន​លោក​ចូ បៃដិន មិន​បន្ត​អនុវត្ត​នយោបាយ​ចុងក្រោយ​របស់​អាមេរិក នៅចំពោះ​មុខ​តៃវ៉ាន់​ទេ នោះ រដ្ឋបាល​លោកចូ បៃដិន​អាច​រងការរិះគន់​ថា លោក​មិន​ការពារ​តៃវ៉ាន់ ដោយ​សុខចិត្ត ចុះញ៉ម ប្រទេស​ចិន។

ប៉ុន្តែ មនុស្ស​ស្និទ្ធ​នឹង​លោក​ចូ បៃដិន បាន​និយាយ​ហើយថា នៅពេល​ចូល​កាន់តំណែង លោក​ចូ បៃដិន នឹង​អាច​គ្រលាស់​ដៃ បោះបង់​ចោល នយោបាយ​ចាស់ៗ​របស់​លោក​ដូណាល់ ត្រាំ ដោយ​ត្រលប់​ទៅ គោរព​ទៅ​តាម គោលការណ៍​ចាស់ នៅក្នុង​សំណុំរឿង​តៃវ៉ាន់ ពោល​គឺ​អាមេរិក​នៅបន្ត ការពារ គោរព​ការសម្រេចចិត្ត​របស់ប្រជាជន​តៃវ៉ាន់ ប៉ុន្តែ​ជាមួយគ្នានោះ ក៏មិន​បង្កឈ្លោះ ជាមួយ​នឹង​ប្រទេស​ចិនដែរ។

ចិន នឹង​ខឹងសម្បារ?

រាល់​ជំហាន​ណាមួយ​របស់អាមេរិក ដើម្បី​ទាក់ទង ចូល​ជិតស្និទ្ធ​ជាមួយ​តៃវ៉ាន់ ដែល​ចិន​ចាត់ទុក​ជាដី​ខេត្ត គឺ​តែងតែ​ធ្វើ​ឲ្យ​ចិន​ខឹង​ក្តៅក្រហាយ។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ៧មករា នៅបន្ទាប់​ពី​ក្រសួង​ការបរទេស​ប្រកាស​ពីដំណើរ​ទស្សនកិច្ច​របស់​ឯកអគ្គរដ្ឋទូតអាមេរិក​ទៅតៃវ៉ាន់ នៅថ្ងៃទី ១៣​មករា ទីក្រុង​ប៉េកាំង​បាន​ដំឡើង​សំដែង គំរាម អាមេរិក​ពីផលវិបាក​ធ្ងន់ធ្ងរ បើសិន​ជា អាមេរិក​បញ្ជូន​មន្រ្តីជាន់ខ្ពស់ ទៅ​តៃវ៉ាន់។

តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក នៅក្នុង​ទស្សនកិច្ច​របស់ខ្លួន​នៅតៃវ៉ាន់ លោកស្រី Kelly Craft នឹង​ថ្លែង​កោតសរសើរ​ការចូលរួម​របស់តៃវ៉ាន់ សម្រាប់​សហគមន៍អន្តរជាតិ ហើយ​និង​សារៈសំខាន់​នៃ​ការចូលរួម​របស់តៃវ៉ាន់ ទៅក្នុង​អង្គការ​អន្តរជាតិ។ ចង់​ឬ​មិន​ចង់ ចិន​មើលឃើញថា ទស្សនកិច្ច​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ នៅ តៃវ៉ាន់ មានន័យ​ពង្រឹង​ទំនាក់ទំនង​អាមេរិក និង តៃវ៉ាន់ ហើយ​និង​គាំទ្រ​មុខមាត់​របស់​តៃវ៉ាន់ នៅក្នុង​ឆាកអន្តរជាតិ ពោល​គឺ​ផ្ទុយពី​ការព្យាយាម​របស់ចិន ដែល​បាន​ដាក់​សម្ពាធ ធ្វើ​ឲ្យ​តៃវ៉ាន់ ឯកោរ​ទាំង​ការទូត និង​នយោបាយ។

លើកនេះ តើ​ចិន​នឹងខឹង​សម្បារដែរ ឬទេ ដែល​លឺ រដ្ឋមន្រ្តីការបរទេស​អាមេរិក​ប្រកាស ដកចោល​ការរឹតបន្តឹង​លើទំនាក់ទំនង​ជាមួយតៃវ៉ាន់នោះ។ ចម្លើយ គឺ​មិន​ច្បាស់ទេ ព្រោះថា រហូត​មកដល់ពេលនេះ គេ​នៅមិនទាន់ឃើញ​មាន​ប្រតិកម្ម​ណាមួយ ពីចិន​នៅឡើយទេ។ ប៉េកាំង​អាច​យល់​ថា វា​ជា​ល្បែង​នយោបាយ​មួយ​របស់​រដ្ឋបាល​ចាស់ នយោបាយ​ផ្ទៃក្នុង របស់អាមេរិក។ ចិន​ប្រហែល​ជា​មិន​ឈឺក្បាល រហូត​ដល់​ប្រតិកម្ម នឹង​ការប្រកាស​របស់​រដ្ឋបាល​អាមេរិក​ដែល​នឹង​អស់​អំណាច នៅ​១០​ថ្ងៃ​ខាងមុខនោះទេ។ ចិន​ប្រហែល​ជា​រង់ចាំ និយាយ​ចរចា ជាមួយ រដ្ឋបាល​អាមេរិក​ថ្មី របស់លោកចូ បៃដិន វិញ ព្រោះ​ជា​រដ្ឋបាល​ដែល​នឹង​ដឹកនាំ​អាមេរិក ៤ឆ្នាំ​ទៅមុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI