ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកដូណាល់ ត្រាំ​ជាប្រធានាធិបតី​អាមេរិកដំបូង​គេ​ដែល​ប្រឈម​នឹងការ​ដក​តំណែង ដល់ទៅ​២លើក

សំឡេង ០៧:១៩
លោកដូណាល់ ត្រាំថ្លែង​ទៅកាន់អ្នកគាំទ្រ​របស់លោក នៅ ក្បែរសេតវិមាន ដោយ​និយាយ​ប្រាប់ពួកគេ​ឲ្យទៅធ្វើបាតុកម្ម​នៅ​សភា វិមាន កាពីតូល ជាទី​ដែល​សភាអ្នកតំណាងរាស្រ្ត និង​ព្រឹទ្ធសភា ត្រូវ​បោះឆ្នោត បញ្ជាក់ជ័យជំនះ​របស់​លោក​ចូ បៃដិន នៅថ្ងៃទី ៦មករា ២០២១
លោកដូណាល់ ត្រាំថ្លែង​ទៅកាន់អ្នកគាំទ្រ​របស់លោក នៅ ក្បែរសេតវិមាន ដោយ​និយាយ​ប្រាប់ពួកគេ​ឲ្យទៅធ្វើបាតុកម្ម​នៅ​សភា វិមាន កាពីតូល ជាទី​ដែល​សភាអ្នកតំណាងរាស្រ្ត និង​ព្រឹទ្ធសភា ត្រូវ​បោះឆ្នោត បញ្ជាក់ជ័យជំនះ​របស់​លោក​ចូ បៃដិន នៅថ្ងៃទី ៦មករា ២០២១ AP - Evan Vucci

នៅ ៥​ថ្ងៃ​ក្រោយ ក្រុមគាំទ្រ​លោកដូណាល់ ត្រាំ សម្រុក ចូល​លុកលុយ វិមាន​កាពីតូល គណបក្ស​ប្រជាធិបតេយ្យ​បាន​សម្រេច ចាប់ផ្តើម​នីតិវិធី​ដក​តំណែង លោក​ដូណាល់ ត្រាំ ជា​លើកទី​២។ នៅក្នុង​លិខិត​ចោទប្រកាន់ ដាក់​ទៅ​រដ្ឋសភា កាលពីថ្ងៃ​ចន្ទ គណបក្ស​ប្រជាធិបតេយ្យ​បាន​ចោទប្រកាន់​លោក​ដូណាល់ ត្រាំ ពីបទ​ញុះញង់ ក្រុម​អ្នកគាំទ្រ​របស់លោក ឲ្យ​រំលោភ សម្រុក​ចូល​ក្នុង​នៅ​វិមាន​កាពីតូល កាលពីថ្ងៃ​ទី ៦ មករា ២០២១។ បទចោទប្រកាន់​នឹង​ត្រូវ​ដាក់​ជូន​រដ្ឋសភា​អនុម័ត នៅ ថ្ងៃ​ពុធ ប៉ុន្តែ សំណួរ​ចោទ​ឡើងថា តើ​ព្រឹទ្ធសភា ដែល​កំពុង​ស្ថិតក្នុង​ដៃ​គ្រប់គ្រង​របស់​បក្សសាធារណរដ្ឋ របស់​លោកដូណាល់ ត្រាំ នឹង​កោះប្រជុំ ដើម្បី​​បោះឆ្នោត ដក​តំណែង​លោកដូណាល់ ត្រាំ ដែល​ត្រូវ​ផុតអាណត្តិ នៅថ្ងៃទី ២០​មករា ខាងមុខ​ដែរឬយ៉ាងណា? 

ផ្សាយពាណិជ្ជកម្ម

គណបក្ស​ប្រជាធិបតេយ្យ​បាន​ចាប់ផ្តើម​នីតិវិធី​ដក​តំណែង​លោកដូណាល់ ត្រាំ ជា​លើកពីរ ដោយ​លើកនេះ លោក​ដូណាល់ ត្រាំ ត្រូវ ​ចោទប្រកាន់ខ្លាំងៗ​ថា នឹង​គំរាមកំហែង សន្តិសុខជាតិ ប្រជាធិបតេយ្យ និង​រដ្ឋធម្មនុញ្ញ បើសិន គេ​នៅ​តែ បន្ត​ឲ្យ​លោក​កាន់តំណែង ដឹកនាំ​អាមេរិក​បន្តទៀត

៥​ថ្ងៃ​ក្រោយ ការសម្រុក​ចូល​របស់​ក្រុមគាំទ្រ​របស់​លោកដូណាល់ ត្រាំ ទៅក្នុង​វិមាន​កាពីតូល ជាទី​ដែល​សភាអ្នកតំណាងរាស្រ្ត និង​ព្រឹទ្ធសភា បោះឆ្នោត បញ្ជាក់ជ័យជំនះ​ឆ្នោត​របស់​លោក​ចូ បៃដិន គណបក្ស​ប្រជាធិបតេយ្យ មិន​ អត់ឱន​ឲ្យ​លោក​ដូណាល់ ត្រាំនោះទេ។ បន្ទាប់​ពីអំពាវនាវ​មិន​បាន​សម្រេច​ឲ្យ លោក​ដូណាល់ ត្រាំ ចុះចេញពី​តំណែងដោយ​ខ្លួនឯង គណបក្ស​ប្រជាធិបតេយ្យ ចាប់ផ្តើម​នីតិវិធី​តាម​ផ្លូវច្បាប់ នៅ​ថ្ងៃ​ចន្ទ ដើម្បី​ចាប់បង្ខំ​ឲ្យ​គេ​ដកហូត​តំណែង​របស់​លោកដូណាល់ ត្រាំ។ គណបក្ស​ប្រជាធិបតេយ្យ​បាន​ផ្តើម​នីតិវិធី​២ ក្នុង​ពេលតែមួយ ដើម្បី ដាក់សម្ពាធ លើ​គណបក្ស​សាធារណរដ្ឋ ឲ្យ​ដោះដៃ ចេញ​ពី​លោកដូណាល់ ត្រាំ។ ទី ១ ក្រុមបក្ស​ប្រជាធិបតេយ្យ​បាន​ដាក់​ពាក្យ​ចោទប្រកាន់​ជាផ្លូវការ​លោកដូណាល់ ត្រាំ នៅ រដ្ឋសភា កាលពី​ថ្ងៃ​ចន្ទ។ នៅ ថ្ងៃ​អង្គារ រដ្ឋសភា​ត្រូវ​បើកអង្គប្រជុំ ដើម្បី បោះឆ្នោត លើ​សម្រេច​ចិត្ត​មួយ ទៀត ដែល​ទាមទារ​ឲ្យ​លោក​អនុប្រធានាធិបតី Mike Pence ប្រើ​មាត្រា ទី ៤ នៃ​វិសោធនកម្ម​ក្នុង​រដ្ឋធម្មនុញ្ញ ដើម្បី ដកអំណាច​ពីលោកដូណាល់ ត្រាំ ក្នុង​ហេតុផល គ្មាន​សមត្ថភាព​ដឹកនាំប្រទេស។ នៅពេលនោះ គឺ​លោក​Mike Pence ដែល​ត្រូវ​ដឹកនាំប្រទេស ជំនួស លោកដូណាល់ ត្រាំ។

ប៉ុន្តែ ដោយសារ​តែ លោក​Mike Pence ហាក់​គ្មាន​ជំហរ​ចង់ ដក​អំណាច​ពីលោកដូណាល់ ត្រាំ គណបក្ស​ប្រជាធិបតេយ្យ បាន​រៀបជើងព្រួល​មួយទៀត ដោយ​ទុក​ពេល​ឲ្យ​លោក​អនុប្រធានាធិបតី ២៤​ម៉ោង ដើម្បី សម្រេចចិត្ត។ មានន័យថា បើ​សិន លោក​Mike Pence នៅតែ​មិន​ព្រម​ដោះដៃ​ចូល​លោកដូណាល់ ត្រាំ នោះ រដ្ឋសភា ត្រូវ​បោះឆ្នោត​ជា​ផ្លូវការ ដើម្បី ដកតំណែង​ប្រធានាធិបតី ពី​លោក​ដូណាល់ ត្រាំ។

ការប៉ុនប៉ង​របស់​គណបក្ស​ប្រជាធិបតេយ្យ ដើម្បី​បើកនីតិវិធី​ដកតំណែង​របស់​លោក​ដូណាល់ ត្រាំ ​ធ្វើឡើង​នៅក្នុង​ពេល ប៉ូលិស FBI បាន​ព្រមាន​ពី​ការផ្ទុះ​ឡើង​បាតុកម្ម​របស់​ក្រុមជ្រុលនិយម នៅគ្រប់រដ្ឋ អាមេរិក ពីពេលនេះ រហូត​ដល់ថ្ងៃ​ស្បថចូលកាន់តំណែង​ប្រធានាធិបតី របស់​លោក​ចូ បៃដិន នៅថ្ងៃទី ២០ មករា ខាងមុខ។ រងការរិះគន់​ថា យឺតយ៉ាវ ក្នុងការអន្តរាគមន៍​នៅថ្ងៃ​សម្រុក​ចូល​របស់​ក្រុមគាំទ្រ​លោកដូណាល់ ត្រាំ ទៅក្នុង​វិមាន​កាពីតូល ក្រសួងការពារ​ជាតិ អាមេរិក​បាន​ប្រកាស​ពង្រាយ ឆ្មាំជាតិ ១៥ ០០០នាក់ នៅ​រដ្ឋធានី​វ៉ាស៊ីតោន សម្រាប់​ពិធី​ស្បថចូលកាន់តំណែង​របស់​លោក​ចូ បៃដិន។

គណបក្ស​ប្រជាធិបតេយ្យ​នៅតែ​ព្យាយាម​ចង់​បើក​នីតិវិធី​ទម្លាក់​លោក​ដូណាល់ ត្រាំ

នីតិវិធី ទម្លាក់​លោកដូណាល់ ត្រាំ ពីតំណែង ប្រធានាធិបតី ដែល​ធ្វើឡើង​នៅ​ប៉ុន្មាន​ថ្ងៃ មុន​អស់​អាណត្តិ​យ៉ាងដូច្នេះ មានន័យ​ជា​និមិត្តរូប ព្រោះថា ចង់ ឬមិន​ចង់ ចាប់ពី​ថ្ងៃ ទី ២០​មករា គឺ​នៅតែ​ ៨ថ្ងៃទៀត លោក​ដូណាល់ ត្រាំ ក៏​លែង​ជា​ប្រធានាធិបតី​អាមេរិក​តទៅទៀតដែរ។ គ្រប់គ្នា រួម​ទាំង​គណបក្ស​ប្រជាធិបតេយ្យ ដឹងរឿងនេះ​ច្បាស់។ ប៉ុន្តែ សម្រាប់ គណបក្ស ប្រជាធិបតេយ្យ ការប៉ុនប៉ង ឈាន​ទៅ​ទម្លាក់​លោក​ដូណាល់ ត្រាំ​ឲ្យ​បាន​មុន​ ថ្ងៃ ទី ២០​មករា មិន​សំខាន់​នោះទេ។ អ្វីដែល​សំខាន់ គឺ គេ​បាន​បើកនីតិវិធី ដើម្បី​ថ្កោលទោស​ប្រធានាធិបតី មួយរូប ដែល​បាន​ញុះញង់​ឲ្យ​មាន​អំពើហិង្សា លើកទឹកចិត្ត​ឲ្យ​ក្រុមគាំទ្រ​ខ្លួន សម្រុក​ចូលក្នុង​វិមាន​កាពីតូល ដែល​តំណាង​ឲ្យ​បេះដូង​នៃ​លទ្ធិប្រជាធិបតេយ្យ​របស់​អាមេរិក។

ទោះជា​មិនអាច ឈាន​ទៅ ដកតំណែង​លោកដូណាល់ ត្រាំ ឲ្យ​បាន​មុន ថ្ងៃ​ទី ២០ មករា ប៉ុន្តែ គណបក្ស​ប្រជាធិបតេយ្យ នៅតែ​បើក​នីតិវិធី​ទម្លាក់​តំណែង ប្រធានាធិបតី ព្រោះថា ធ្វើដូច្នេះ គឺ ដើម្បី បិទផ្លូវ មិន​ ឲ្យ​លោកដូណាល់ ត្រាំ អាច​ត្រលប់​មក​ចូលក្នុង​ឆាកនយោបាយ ឬ ឈរឈ្មោះ សម្រាប់​ការបោះឆ្នោត ប្រធានាធិបតី នៅ​៤ឆ្នាំទៀត នៅ ឆ្នាំ ២០២៤។ លោកដូណាល់ ត្រាំ ជា​ប្រធានាធិបតី​អាមេរិក ដំបូង គេ ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក ដែល​រងប្រឈម​នឹងនីតិវិធី​ដកតំណែង នៅសភា ដែល​នឹង​ធ្វើ​ឲ្យ​ជីវប្រវត្តិ​របស់​លោក មាន​ដាន​មិនល្អ មិនអាច​ឈរឈ្មោះនយោបាយ​អ្វី​ទៀត​នោះទេ។ ម្យ៉ាងទៀត បើសិន លោក​ត្រូវព្រឹទ្ធសភា​រកឃើញថា លោក​មានទោស ក្នុងរឿង​ញុះញង់ ឲ្យអ្នកគាំទ្ររបស់​លោក សម្រុកចូល​វិមានកាពីតូល មែន នោះ​លោកដូណាល់ ត្រាំ មិនអាច​ទទួលបាន ប្រាក់សោធននិវត្ត ក្នុង​នាមជា​អតីត​ប្រធានាធិបតី​នោះទេ។

បក្សប្រជាធិបតេយ្យមានគោលដៅ បំបាក់សំឡេង​របស់​បក្ស​សាធារណរដ្ឋ

មួយវិញទៀត ដោយ​បើកនីតិវិធី ទាមទារ​ដកតំណែង​របស់​លោកដូណាល់ ត្រាំ គណបក្ស​ប្រជាធិបតេយ្យ​ចង់​ផងដែរ បំបែកបំបាក់ សមាជិក​របស់​បក្ស​សាធារណរដ្ឋ។ តាមរយៈ ការបោះឆ្នោត នៅ​សភាអ្នកតំណាងរាស្រ្ត នៅ​ថ្ងៃ​ពុធ​ស្អែក ក្រុមបក្ស​ប្រជាធិបតេយ្យ ចង់​ឲ្យ​ពលរដ្ឋ​អាមេរិក​មើលឃើញ​ថា តើ​សមាជិក​របស់​បក្ស​សាធារណរដ្ឋ​មួយណា ដែល​បោះឆ្នោត​ប្រឆាំង មិន​ចង់​ដកលោកដូណាល់ ត្រាំ។ មានន័យថា អ្នកទាំងនោះ គឺ នៅតែ គាំទ្រ​លោកដូណាល់ ត្រាំ គាំទ្រ សកម្មភាព​ហិង្សា រំលោភ​ចូល​វិមាន​កាពីតូល រំលោភ​ប្រជាធិបតេយ្យ អាមេរិក ដែល​គេ​មិន​គួររាប់រក​នោះទេ។ គណបក្ស​សាធារណរដ្ឋ កំពុង​ស្ថិតក្រោម​សម្ពាធ មែនទែន ព្រោះថា ពួកគេ អាចប្រឈម​នឹង​ការបាត់បង់​ប្រជាប្រិយភាព បើសិន​ជា​បោះឆ្នោត​ប្រឆាំង ប៉ុន្តែ​បើ​គាំទ្រឲ្យ​គេ​ដក​ដូណាល់ ត្រាំ នោះ នឹង​មាន​អ្នកគាំទ្រ​បក្ស​សាធារណរដ្ឋ​ជា​ច្រើន​ដែល​មិន​សប្បាយចិត្ត។

នីតិវិធី ដកតំណែង នឹងបន្ត ក្រោយ លោក​ដូណាល់ ត្រាំ ផុត​អាណត្តិ​ជា​ផ្លូវការ នៅថ្ងៃទី ២០មករា

នីតិវិធី​ដកតំណែង​លោកដូណាល់ ត្រាំ នឹង​មិនអាច ធ្វើឡើង​នៅ មុន ថ្ងៃ ទី ១៩​មករា​នោះទេ នោះបើទោះបី​ជា​រដ្ឋសភា ឬ​សភាអ្នកតំណាងរាស្រ្ត​អាច​បោះឆ្នោត ទម្លាក់​លោក​ដូណាល់ ត្រាំ ចេញពីតំណែង​នៅ​ថ្ងៃ​ពុធ ស្អែក​ក៏ដោយ។ ការសម្រេច​ចិត្ត​ចុងក្រោយ គឺ​នៅ​ព្រឹទ្ធសភា ដែល​ត្រូវ​បើ​អង្គប្រជុំ នៅថ្ងៃ ទី ១៩​មករា​ខាងមុខ។

តាម​សមាជិក​បក្ស​ប្រជាធិបតេយ្យ ទោះជា​លោកដូណាល់ ត្រាំ ត្រូវ​ផុតអាណត្តិ នៅ ថ្ងៃ​ទី ២០ ប៉ុន្តែ សវនាការ​ជំនុំជម្រះ​របស់លោក នឹង​នៅតែ​មាន ទោះ​លោក​លែង​ជាប្រធានាធិបតី​ទៀត​ក៏ដោយ។ គណបក្ស​ប្រជាធិបតេយ្យ នៅតែ​ចង់​អូសក លោកដូណាល់ ត្រាំ ឲ្យ​មកទទួល​ខុសត្រូវ​លើ​ការញុះញង់ ឲ្យ​មានការ​រំលោភចូល​ដោយ​ខុសច្បាប់ ទៅ​ក្នុង​សភា វិមាន​កាពីតូល ទោះលោក​លែង​ជា​ប្រធានាធិបតី​ទៀត​ក៏ដោយ។

នៅ ព្រឹទ្ធសភា​ទៀតសោត គណបក្ស​ប្រជាធិបតេយ្យ បើទោះបី​ជា​មាន​សំឡេង​ភាគច្រើន នៅ​ព្រឹទ្ធសភា ចាប់ពី​ថ្ងៃ​ទី ២០​មករា ខាងមុខ នឹង​មិន​សង្ឃឹម​ប្រមូល​បាន​សំឡេងភាគច្រើន ៦៧ លើ​១០០ ដើម្បី​ប្រឆាំង លោក​ដូណាល់ ត្រាំដែរ។

ការក្រាញននៀល​របស់បក្ស​ប្រជាធិបតេយ្យ ដើម្បី បើកសវនាការ ទម្លាក់​តំណែង​របស់​លោកដូណាល់ ត្រាំ នឹងជះ​ឥទ្ធិពល​អាក្រក់​ ទៅលើ​អាណត្តិ​ដឹកនាំ​ថ្មី របស់​លោក​ចូ បៃដិន ដែល​ត្រូវ​ចាប់ចូល​កាន់តំណែង នៅ​ថ្ងៃ​ទី ២០​មករា​ខាងមុខ។

ដោយសារ​ព្រឹទ្ធសភា ជាប់រវល់​នឹង​សវនាការ​កាត់ទោស លោកដូណាល់ ត្រាំ នៅ ខែ​មករា ព្រឹទ្ធសភា នឹង​គ្មាន​ពេល​គ្រប់គ្រាន់​ដើម្បី សិក្សា បោះឆ្នោត ឈ្មោះ​បេក្ខជន​សមាជិក​រដ្ឋាភិបាល ថ្មី ឬ​លើ​ច្បាប់ស្រោចស្រង់​សេដ្ឋកិច្ច​របស់​លោកចូ បៃដិន។ នៅ​ថ្ងៃ​ចន្ទ លោក​ចូ បៃដិន​បាន​និយាយ​ថា លោក​បាន​ពិភាក្សា​ជាមួយ សមាជិក​ព្រឹទ្ធសភា ដើម្បី​ធ្វើយ៉ាងណា បែងចែក ពេលវេលា​ពាក់កណ្តាល សម្រាប់ កិច្ចការ ចាំបាច់ បន្ទាន់ ពោលគឺ​ធ្វើយ៉ាង​ណាកុំ​ឲ្យ​ការងារ​របស់​រដ្ឋបាល​ថ្មី របស់លោក ត្រូវ​ខកខាន យឺតយ៉ាវ ដោយសារ​តែ​សវនាការ ដកតំណែង​របស់​លោកដូណាល់ ត្រាំ លើកនេះ។

នៅក្នុង​សំណុំរឿង បើកនីតិវិធី​ដកតំណែង​របស់​លោកដូណាល់​ ត្រាំ លោក​ចូ បៃដិន​ធ្លាប់​បាន​និយាយ​ថា លោក​មិន​ចង់​ឲ្យកើតមាននោះទេ ព្រោះ​វា​នឹង​ធ្វើ​ប្រជាជន​អាមេរិកាំង​នៅតែ​បែកបាក់ គ្នាសាជាថ្មី។ ប៉ុន្តែ នៅ​ថ្ងៃ​ចន្ទ លោក​ចូ បៃដិន​លែង​និយាយ​ទៀតហើយថា តើ​លោក​គាំទ្រឬទេ សវនាការ ទម្លាក់​លោកដូណាល់ ត្រាំ។ លោក​គ្រាន់តែ​ប្រាប់អ្នកកាសែត​ថា លោក​ធ្លាប់​និយាយ​តាំង​ពីយូរ​ហើយថា លោក​ដូណាល់ ត្រាំ​មិន​សក្តិសម​នឹងធ្វើ​ជា​ប្រធានាធិបតី អាមេរិក។

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI