ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អគ្គនាយករង​ក្រុមហ៊ុន​សាំស៊ុង​ ជាប់​ទោស​ក្នុង​ពន្ធនាគារ​២ឆ្នាំកន្លះ​ ពីបទ​ពុករលួយ

សំឡេង ០៦:៣០
លោក Lee Jae-yong (photo) អគ្គនាយករង​ក្រុមហ៊ុន​ Samsung Electronicsត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ​កន្លះ​ពី​បទ​ពុករលួយ.
លោក Lee Jae-yong (photo) អគ្គនាយករង​ក្រុមហ៊ុន​ Samsung Electronicsត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ​កន្លះ​ពី​បទ​ពុករលួយ. AP - Lee Jin-man

លោក Lee Jae-yong លី ជា​យ៉ុង ដែល​ជា​កូនប្រុស​ស្នង​មរតក​របស់​ម្ចាស់​ក្រុមហ៊ុន​សាំស៊ុង ត្រូវ​ត្រលប់​ចូល​ពន្ធនាគារ​ជា​ថ្មី។​ នៅ​ថ្ងៃចន្ទទី ១៨ មករា ២០២១នេះ  ​តុលាការចេញ​សាលក្រម កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំកន្លះ ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ សំណុំ​រឿង​ពុក​រលួយ​ដែល​មាន​ពាក់​ព័ន្ធ​នឹង​អតីត​ប្រធានាធិបតីលោកស្រី​ ប៉ាក់ គុនហេ និង​ដែល​បាន​ធ្វើ​លោកស្រី​ធ្លាក់​ពី​តំណែង​ ហើយ​កំពុង​​ជាប់​ពន្ធនាគារ​សព្វថ្ងៃ​នេះ។

ផ្សាយពាណិជ្ជកម្ម

លោក លីជាយ៉ុង Lee Jae-yong បាន​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ទេ នៅ​ពេល​លោក​ដើរ​ចូល​ទៅ​កាន់​អង្គ​សវនាការ​។ ហើយ​គ្រាន់​តែ​តុលាការ​ប្រកាសសាលក្រម​​ដាក់​ទោស​លោក​ ឱ្យ​ជាប់​ពន្ធនាគារ​​​ពីរ​ឆ្នាំ​កន្លះ​ភ្លាម ប៉ូលិស​ក៏​បាន​មក​​នាំលោក​​ទៅ​កាន់​កន្លែង​​ឃុំឃាំង​ ដោយ​គ្មាន​បង្អង់​ទេ។

ជា​សាលក្រម​ប្រកប​ដោយ​ជា​និម្មិត្តរូប។ បើ​តាម​តុលាការ​ លោក​លី​ ជាយ៉ុង បាន​យក​លុយ​ ទៅ​សូក​ មិត្ត​ស្រី​ជំនិត​របស់​អតីត​ប្រធានាធិបតី និង ពឹង​អំណាច​របស់​លោកស្រីអតីត​​ប្រធានាធិបតី​ ប៉ាក់ គុនហេ ដើម្បី​បាន​ឡើង​គ្រប់គ្រង​​ក្រុមហ៊ុន​យក្ស​សាំស៊ុង។ “​ពិត​ជា​គួរ​ឱ្យ​សោកស្តាយ​​ណាស់ ដែល​សាំសុង ក្រុមហ៊ុន​ដ៏​ធំ​របស់​ប្រទេស ល្បី​ទូទាំង​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ទំនើប បែរ​ជា​​ត្រូវ​ប្រព្រឹត្ត​បទ​ល្មើសដដែលៗ ឱ្យ​តែ​មាន​កា​រប្តូរ​ផ្លាស់​មេ​ដឹកនាំនយោបាយដូច្នេះ​”។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់​តុលាការ​សេអ៊ូល។

ជា​ផ្លូវ​ការ​​លោក លី ជាយ៉ុង ​អាយុ​៥២​ឆ្នាំ​ ជា​អគ្គនាយករង​របស់​ក្រុមហ៊ុន តែ​ដោយ​ធាតុ​ពិត​ជាក់ស្តែងក្រុមហ៊ុន​យក្ស​សាំស៊ុង​ស្ថិត​ក្រោ​ម​កា​រគ្រប់​គ្រង​របស់​លោក​ទាំង​ស្រុង​ស្រាប់​ទៅ​ហើយ ព្រោះ លោក​លី គុនហេ ជា​​ឪពុក ជា​អគ្គនាយក​បាន​​ធ្លាក់​ខ្លួន​ឈឺ​ សន្លប់​ធំ​លែង​ដឹង​ស្មារតី​​ តាំង​ពី​ឆ្នាំ​២០១៤​មក និង​ទើប​ចូល​មរណភាព​នៅ​ខែ​តុលា​២០២០។

​២០១៧​ប្រធានាធិបតី​ធ្លាក់​ពី​តំណែង

ដោយ​សារ​តែ​សំណុំ​រឿង​នេះ អតីត​ប្រធានាធិបតី​លោកស្រី​ប៉ាក់ គុនហេ ត្រូវ​បាន​ធ្លាក់​ចេញ​តំណែង​ នៅ​ឆ្នាំ​២០១៧ និង​ត្រូ​វបាន​តុលាការ​កាត់​ទោស​​ឱ្យ​ជាប់​ពន្ធនាគារ​ពី​បទ​រំលោភ​អំណាច។

ចំណែក​លោក លី ជាយ៉ុង ក៏​ត្រូវ​បាន​តុលាការ​​កាត់​ទោស​ដែរ នៅ​ឆ្នាំ​២០១៧​នោះ ​ឱ្យ​ជាប់​ពន្ធនាគារចំនួន​​៥​ឆ្នាំ​ ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ សូកប៉ាន់ ដែល​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជា​៤០​លាន​ដុល្លារ ដើម្បី​ឱ្យ​រដ្ឋាភិបាល​របស់​លោកស្រី​ប៉ាក់ គុនហេ បិទភ្នែក​បណ្តោយឱ្យ​ក្រុមហ៊ុន​សាំស៊ុង​ធ្វើ​អ្វី​ស្រេច​នឹង​ចិត្ត។ ក្រោ​យ​ជាប់​ពន្ធនាគារ​អស់​មួយ​ឆ្នាំ និង​​នៅ​ពេល​ឡើង​ដល់​សាលា​ឧទ្ធរណ៍ បទ​ចោទ​ប្រកាន់​ពុក​រលួយ​ត្រូវ​បាន​ច្រាន​ចោល​ លោក​ លី​ ជាយ៉ុង​​ ក៏​បាន​រួច​មាន​សេរីភាព​ និង​ជាប់​ទោស​ត្រឹម​នៅ​ក្រៅ​ឃុំ។ ប៉ុន្តែ ​តុលាកា​រ​កំពូល​ បាន​បញ្ជា​ឱ្យ​បើ​ក​សវនាការ​ថ្មី ម្តង​ទៀត។

​គឺ​តុលាការ​កំពូល​នេះហើយ​ ដែល​ទើប​សម្រេច កាល​ពី​ថ្ងៃព្រហស្បតិ៍​ទី ១៤មករា ២០២១ ​តម្កល់​ទោស​ ​ ដាក់​​លោកស្រី​អតីត​ប្រធានាធិបតី​កូរ៉េខាង​ត្បូង ប៉ាក់ គុនហេ ក្នុង​ពន្ធនាគារ​២០​ឆ្នាំ ពី​បទ​ពុក​រលួយ​ និង​រំលោភ​អំណាច​ដែល​មាន​ពាក់​ព័ន្ធ​នឹង​ក្រុមហ៊ុន​សាំស៊ុង​នេះ​ឯង។

កាលពី​ខែ​ឧសភា លោក លី ជាយ៉ុង បាន​ធ្វើ​ការ​សុំ​ទោស​ ​ដោយ​កម្រ ជា​សាធារណៈ នៅ​ចំពោះ​អ្នក​សារព័ត៌មាន​ ​ចំពោះ​ដំណើរការ​ស្នង​មរតក​ដ៏​ចម្រូង​ចម្រាស​ ដែល​បាន​រុញ​ច្រាន​លោក​ឱ្យ​បាន​ក្លាយ​ជា​មេដឹក​នាំ​ក្រុមហ៊ុន​ស្ថាបនា​ដោយ​ជីតា​និង​បិតា​របស់​លោក​។ លោក លី​ថែម​ទាំង​​បាន​សន្យាទៀត​ថា លោក​ជា​អ្នក​ស្នងមរតកចុងក្រោយ​ហើយ។ កូនៗ​របស់​លោក​នឹង​មិន​បន្តស្នង​មរតក​ទេ។ ជីតា​និង​បិតា​របស់​លោក​ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន​សាំស៊ុង ក៏ធ្លាប់​មាន​ជាប់​ពាក់ព័ន្ធ​នឹង​តុលាការ​ដែរ តែ​ពុំ​ដល់​ថ្នាក់ជាប់​ពន្ធនាគារ​ទេ។

​​Samsung គ្មាន​មេដឹកនាំ

​ឡើង​ថ្លៃ​ខ្លាំ​ង​ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​កូវីដ១៩ ដូច​បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្សេង​ទៀត​ដែរ តែ​ក្រោយ​សាលក្រម ភាគហ៊ុន​របស់​សាំស៊ុង បាន​​ធ្លាក់​ចុះ​ទៅ​វិញ​នៅ​ថ្ងៃ ចន្ទ​ទី ១៨​មករា អស់ ៣,៤%។ សម្រាប់​អ្នក​វិភាគ​ខ្លះ​ ការ​ជាប់​ឃុំ​ឃាំង​របស់​អគ្គនាយក​រង នឹង​អាច​ប៉ះពាល់​ដល់​ដំណើរសម្រេច​កិច្ចការ​ធំៗ ​ថ្នាក់​កំពូលរបស់​ក្រុមហ៊ុន ដូច​ជា​សេចក្តី​សម្រេច​អំពីការ​​វិនិយោគ​នា​ពេល​អនាគត។​ ប៉ុន្តែ​បើ​និយាយ​អំពី សុខភាព​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន ទំនង​ជា​គ្មាន​កា​ររំខាន​ធំដុំ​ទេ។ ក្រុមហ៊ុន​មាន​ដំណើរការ​ល្អ មាន​​​ប្រាក់​ចំណេញ កើន​ឡើង​​ ​២៥%​នៅ​ត្រី​មាស​ទី​បួន​នៃ ឆ្នាំ​២០២០។

ពិភពលោក​អ្នក​សេដ្ឋកិច្ច​ជា​ច្រើន​ នៅ​តែ​បន្ត​គាំទ្រ​​លោក លី ជាយ៉ុង ជា​និច្ច។ សហព័ន្ធ​ឧស្សាហកម្ម​កូរ៉េខា​ង​ត្បូង​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ សម្តែង​ការ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​ការ​កាត់​ក្តី​អគ្គនាយករង​ក្រុមហ៊ុន​សាំស៊ុង មាន​ហានិភ័យ​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​​សេដ្ឋកិច្ច​ប្រទេស​ទាំង​មូល​។ បើ​តាមសហព័ន្ធ​ លោក​ លី​ ជា​យ៉ុង​ បាន​ចូល​រួម​ចំណែក​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ តាម​រយៈ​ការ​វិនិយោគគ្រាក់ៗ និងបាន​​បង្កើត​ការងារ​ច្រើន​ក្នុង​បរិបទ​​កូវីដ។

សាំស៊ុង​ជា​តំណាង​សេដ្ឋកិច្ច​ ​ទី​១២ ​របស់​ពិភពលោក​។ ផលរបរ (ផលិតផល) របស់​ក្រុមហ៊ុន​តំណាង​ឱ្យ​១​ភាគ​៥​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​​របស់​កូរ៉េខាងត្បូង ពោល​គឺក្រុមហ៊ុន​​ជា​ទន្ទល់​ដ៏​សំខាន់​មួយ​នៃ​សេដ្ឋកិច្ច​ជាតិ។​

កន្លង​មក​ ថៅកែ​ ប្រធាន​ក្រុមហ៊ុន​ធំៗ​ដែល​ជាប់​ទោស​ពី​បទ​គេចប​ន្លំ​ពន្ធ​ ឬ​ពុករលួយ តែង​​ទទួល​បាន​នូវការ​លើក​លែង​ទោស​ពី​ប្រធានាធិបតី ចំពោះ​បុព្វហេតុ​បាន​បម្រើ​សេដ្ឋកិច្ច​ជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI