ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកចូ បៃដិន ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​​ទី​៤៦​ ​នៃ​សហរដ្ឋអាមេរិក

សំឡេង ០៨:០១
ទង់ជាតិប្រមាណ​ជិត​២សែន ត្រូវគេដោតនៅលើទីលាន National Mall ជំនួសឲ្យ​​មហាជន​ដែលមិនអាចមកចូលរួម​កម្មវិធី​ស្បថចូលកាន់តំណែង របស់​លោកប្រធានាធិបតី ចូ បៃដិន។ វ៉ាស៊ីនតោន ថ្ងៃទី​២០ មករា ២០២០
ទង់ជាតិប្រមាណ​ជិត​២សែន ត្រូវគេដោតនៅលើទីលាន National Mall ជំនួសឲ្យ​​មហាជន​ដែលមិនអាចមកចូលរួម​កម្មវិធី​ស្បថចូលកាន់តំណែង របស់​លោកប្រធានាធិបតី ចូ បៃដិន។ វ៉ាស៊ីនតោន ថ្ងៃទី​២០ មករា ២០២០ REUTERS - ALLISON SHELLEY

ថ្ងៃទី​២០​មករានេះ លោក ចូ បៃដិន នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតី នៅទីក្រុងវ៉ាស៊ីនតោន។ កម្មវិធីស្បថចូលកាន់តំណែងរបស់​លោកចូ បៃដិននេះ គឺស្ថិតក្នុងបរិបទមួយ​ដ៏ប្លែកបំផុត ពោលគឺ​គ្មានការចូលរួម របស់​ប្រធានាធិបតីដែល​ចប់អាណត្តិ និង​ជាពិសេសនោះ គឺទីក្រុងវ៉ាស៊ីនតោន ត្រូវស្ថិតនៅក្នុង​ការយាមកាមសន្តិសុខ យ៉ាងតឹងតែងបំផុត ដោយ​ប្រជាជនសាមញ្ញ មិនអាចទៅចូលរួមបានទេ។

ផ្សាយពាណិជ្ជកម្ម

ពិធីស្បថចូលកាន់តំណែង ក្រោមការការពារសន្តិសុខខ្ពស់ និង​គ្មានមហាជន

កម្មវិធីស្បថចូលកាន់តំណែង របស់លោកចូ បៃដិន នៅថ្ងៃនេះ គឺមាន​លក្ខណៈ​ប្លែក ខុសខ្លាំងពីសព្វមួយ​ដង។ តាមធម្មតាកម្មវិធីផ្ទេរអំណាច នៅថ្ងៃទី២០មករា ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកនេះ គឺជាកម្មវិធីដ៏ឱឡាឬក អបអរសប្បាយ​ជាទីបំផុត ដោយ​មាន​មនុស្ស​រាប់ម៉ឺននាក់ មកចូលរួមផ្ទាល់ នៅ​ទីលាន​ National Mall ខាងមុខ​វិមាន​កាពីតូល កណ្តាល​ក្រុង​វ៉ាស៊ីនតោន។ តែលើកនេះ គឺមិនមាន​មនុស្សចូលរួមទេ ក្រៅតែ​ភ្ញៀវកិត្តិយសនៅលើវេទិកា ដែលសុទ្ធតែជា​សមាជិកសភាខុនហ្ក្រេសរបស់សហរដ្ឋអាមេរិក។ សមាជិកសភាម្នាក់ៗ អាច​មាន​សិទ្ធិ​យកមនុស្សម្នាក់​មកចូលរួមដែរ។ ដូច្នេះបើសរុបទៅ ទាំងអ្នកកាសែតផង គឺមាន​ប្រមាណតែជាង១ពាន់នាក់ប៉ុណ្ណោះ។

ដូចយើងបានដឹងហើយ ថាលោកដូណាល់ ត្រាំ និងភរិយានឹងមិនមកចូលរួមទេ។ ក៏ប៉ុន្តែ លោក មៃឃ៍ ផែនស៍ អតីតអនុប្រធានាធិបតីរបស់​លោកត្រាំ នឹងមកចូលរួម ។ អតីតប្រធានាធិបតី​៣រូបទៀត មានលោក ប៊ីល គ្លីនតុន​ លោក ហ្សក ដាប់ប៊ែលយូប៊ូស និងលោក​បារ៉ាក់អូបាម៉ា​ ក៏​នឹងមាន​វត្តមាន​នៅក្នុងកម្មវិធីនេះ។

ចំណែកនៅខាងលើទីលាន National Mall គេបានដោតទង់ជាតិប្រមាណជិត ២សែនទង់ជាតិ ជំនួសឲ្យ​វត្តមាន​របស់​ប្រជាជន ដែលមិនអាចមកចូលរួមកម្មវិធីនេះបាន។ ប្រមាណជាជិត​១​សប្តាហ៍​មកហើយ ដែលទីក្រុងវ៉ាស៊ីនតោន ត្រូវស្ថិតនៅក្នុងការការពារសន្តិសុខយ៉ាងតឹងតែងបំផុត បន្ទាប់ពីមានហេតុការណ៍ សម្រុកចូលដោយ​ហិង្សាទៅក្នុងវិមាន​កាពីតូល កាលពីថ្ងៃទី ៦មករា។ គណកម្មការរៀបចំកម្មវិធី ខ្លាចក្រែងថា មានក្រុមជនប្រដាប់អាវុធជ្រុលនិយម ធ្វើសកម្មភាពវាយ​ប្រហារ នៅថ្ងៃ​ស្បថចូលកាន់តំណែងនេះ។ ទាហាន​ប្រមាណ​ជិត ២៥០០០នាក់ ត្រូវបាន​គេដាក់ពង្រាយ ហើយផ្លូវធំៗ និងនៅខាងមុខ​​ស្ថាប័នរដ្ឋនៅវ៉ាស៊ីនតោន គឺត្រូវបិទដោយ​រនាំង​ខ្ពស់ៗ ហាមឃាត់មិនឲ្យ​មានមនុស្ស​ដើរកាត់ទេ។

តាមពិតទៅ ហេតុផលមួយទៀត ដែល​គណកម្មការរៀបចំកម្មវិធី សម្រេចមិនឲ្យ​មានប្រជាជនមកចូលរួម គឺបញ្ហា​ឆ្លងរាលដាលកូវីដ​១៩។ គេបានចាប់ផ្តើមគិតតាំងតែពី​ខែ​ធ្នូម្លេះថា កម្មវិធីនេះមិនត្រូវឲ្យ​មានមនុស្ស​ចូលរួមច្រើនទេ តែប្រជាជនអាមេរិក អាចតាមដានកម្មវិធីដ៏ពិសេសនេះ តាម​ការ​ផ្សាយ​ផ្ទាល់តាមទូរទស្សន៍ និងបណ្តាញអ៊ីនធ័រណិត​។

REUTERS - MIKE SEGAR

ប្រធានាធិបតីថ្មីទៅដាក់បាច់ផ្កានៅទីលានបញ្ចុះសពទាហាន Arlington

តាមការគ្រោងទុក កម្មវិធីនឹងចាប់ផ្តើមនៅម៉ោង​១១និង៣០នាទីព្រឹក ម៉ោងនៅវ៉ាស៊ីនតោន ដោយ​ជាបឋ​ម គឺតារាចម្រៀង Lady Gaga នឹងច្រៀងចម្រៀងជាតិសហរដ្ឋអាេមរិក។ បន្តាប់មកទៀត មាន​ការសំដែងរបស់តារាចម្រៀង Jennifer Lopez និង តារាចម្រៀងខុនទ្រី Garth Brooks។ បន្ទាប់ពី​លោកស្រី កាម៉ាឡា ហារីស ស្បថនៅចំពោះមុខចៅក្រមតុលាការកំពូលហើយ គឺនៅម៉ោង១២ព្រឹក លោកចូ បៃដិន នឹងស្បថនៅចំពោះមុខប្រធានតុលាការកំពូល។ ស្បថរួចហើយ លោក​ប្រធានាធិបតីថ្មី នឹងថ្លែងសន្ទរកថា ទៅកាន់ប្រជាជាតិអាមេរិកទាំងមូល។

ជាទំលាប់ គឺក្រោយ​ចប់សន្ទរកថានេះឯង ដែល​ប្រធានាធិបតី​ចប់អាណត្តិ ត្រូវជូនដំណើរប្រធានាធិបតីថ្មី ឡើងឧត្ថម្ភាគចក្រ ដើម្បីធ្វើដំណើរទៅ​កាន់សេតវិមាន។ តែលើកនេះ ដំណើរការ​ប្រព្រឹត្តិទៅ​ត្រូវ​ផ្លាស់ប្តូរ ដោយ​សារលោកដូណាល់ ត្រាំ មិនមកចូលរួម។ ក្រោយ​ថ្លែងសន្ទរកថាចប់ហើយ លោកចូ បៃដិន រួមជាមួយ​លោកស្រី កាម៉ាឡា ហារីស នឹងដើរត្រួតពលមួយ​ភ្លែត មុននឹងផ្តើមកម្មវិធី​ពិសារភេសជ្ជៈនំចំណីបន្តិចបន្តួច ជាមួយ​ភ្ញៀវកិត្តិយសទាំងអស់។ ចំណែក​​កម្មវិធីបាយថ្ងៃត្រង់ជាមួយ​ភ្ញៀវកិត្តិយស ត្រូវលុបចោល ដោយហេតុតែបញ្ហាខ្លាចឆ្លង​កូវីដ​១៩។

បន្ទាប់មកទៀតនៅពេលរសៀល លោក ចូ បៃដិន ជាមួយ​ភរិយា អមដំណើរដោយ​អតីតប្រធានាធិបតី​​ទាំង៣រូបនិងភរិយា ដែលមានវត្តមានចូលរួម ទាំងអស់គ្នា​នឹងធ្វើដំណើរទៅដាក់កម្រងផ្កាលើផ្នូរនាយទាហាន នៅ​ឯទីបញ្ចុះសពទាហាន Arlington ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន​​ ពីទីក្រុង​វ៉ាស៊ីនតោន។ ក្រោយ​ដាក់កំរងផ្កាហើយ ក្បួនរថយន្តនឹងបើកត្រលប់មកវិញ ជូន​លោក ប្រធានាធិបតី ចូ បៃដិន ព្រមទាំងភរិយា មកកាន់សេតវិមាន។ នៅតាមកញ្ចក់ទូរទស្សន៍វិញ គេ​នឹងមានផ្សាយការដើរព្យុះហយាត្រា បង្ហាញពីលក្ខណៈពិសេស នៃរដ្ឋនិងដែនដី​ទាំង​៥៦របស់សហរដ្ឋអាមេរិក។ យប់បន្តិចនឹងមាន​ការផ្សាយ​បន្តផ្ទាល់តាមទូរទស្សន៍ នូវ​ការប្រគុំតន្ត្រីកម្សាន្តសប្បាយ ចូលរួមដោយតារាល្បីៗរបស់អាមេរិក រយៈពេល​៩០នាទី ដើម្បី​បិទបញ្ចប់​កម្មវិធីនេះ។

បិទបញ្ចប់គោលនយោបាយ​ដឹកនាំប្រទេស ដែលសម្រេច​ដោយ​លោកដូណាល់ ត្រាំ

ដូចយើងមានដឹងហើយ លោកចូ បៃដិន ចូលកាន់តំណែងអាណត្តិនេះ ជាមួយ​នឹងសហរដ្ឋអាមេរិក ដែល​ពោរពេញដោយ​វិបត្តិ​ បញ្ហាធំៗច្រើនជំពូក។ ៤ឆ្នាំ ក្រោមការដឹកនាំប្រទេសដោយ​លោកដូណាល់ ត្រាំ សង្គមអាមេរិក បែកបាក់គ្នាខ្លាំងណាស់ អមដោយ​អំពើហិង្សា ការ​រើសអើង​ប្រកាន់​ពូជ​សាសន៍។

វិបត្តិកាន់តែធ្ងន់ធ្ងរទៀត ដោយសារតែជម្ងឺឆ្លងកូវីដ១៩។ លោក ចូ បៃដិនបានសន្យាថា លោកនឹង​ដឹកនាំប្រទេស ដោយ​ប្រឹងប្រែង ព្យាបាលស្នាមរបួស និង​បង្រួបបង្រួម​ជាតិ ឲ្យ​មានការសាមគ្គីឡើងវិញ។ យ៉ាងណាមិញ កាលពី​ថ្ងៃម្សិលមិញនេះ ពេលទៅ​ដល់ក្រុងវ៉ាស៊ីនតោនភ្លាម លោកចូ បៃដិន បានរៀបចំកម្មវិធីរំលឹកវិញ្ញាក្ខន្ធថ្នាក់ជាតិ ដល់អ្នកស្លាប់​ដោយ​កូវីដ​១៩។ នេះជាលើកទីមួយ​ហើយ ដែលរដ្ឋបាលសហព័ន្ធ ទទួលស្គាល់ពីភាពធ្ងន់ធ្ងរ នៃការរងគ្រោះដោយ​វិបត្តិកូវីដ១៩នេះ។

មានសំណុំរឿងច្រើនណាស់ ដែលរងចាំ​រដ្ឋាភិបាលថ្មីដោះស្រាយ​ ដូចជាបញ្ហាសេដ្ឋកិច្ច បញ្ហាបរិស្ថាន និង​បញ្ហានយោបាយ​ការបរទេសជាដើម។ តាមការវិភាគ អ្វីដែលលោកចូ បៃដិននឹងចាប់ផ្តើមធ្វើ គឺកែប្រែ ឬលុប​ចោល​​ នូវ​គោលនយោបាយ​ដឹកនាំកន្លងមក របស់​លោកដូណាល់ ត្រាំ។ កាលពីល្ងាចថ្ងៃអង្គារ លោកចូ បៃដិន បានសរសេរ លើទំព័រ Twitter ថា រដ្ឋាភិបាលថ្មីត្រូវតែធ្វើការងារឲ្យ​បានឆាប់រហ័ស មិនអាចបង្អង់បានឡើយ។

យោងតាមការលើកឡើង របស់​លោកJen Psaki ដែលជាអ្នកនាំពាក្យ​របស់​លោកចូ បៃដិន គឺ​ នៅពេលទៅដល់​សេតវិមានភ្លាមនៅថ្ងៃនេះ លោកចូ បៃដិន នឹងចុះហត្ថលេខា លើក្រិត្យ​ច្បាប់ ចំនួន១៥ ដើម្បី​ចាប់ផ្តើមដឹកនាំ​ប្រទេស ដោះស្រាយ​វិបត្តិសេដ្ឋកិច្ច បញ្ហាជំងឺឆ្លងកូវីដ១៩ និងសំណុំរឿងអាកាសធាតុជាដើម។ យោងតាមប្រភពនេះ​ គឺនឹងមានក្រិត្យច្បាប់ថ្មី ដែលតម្រូវឲ្យ​មនុស្សពាក់ម៉ាស នៅតាម​អាគារសាធារណៈ និងការបង្កើតទីភ្នាក់ងារពិសេសមួយ ស្ថិតក្រោមចំណុះសេតវិមាន ដើម្បីគ្រប់គ្រងការប្រយុទ្ធប្រឆាំងកូវីដ១៩។ តាមការសង្ស័យផ្សេងទៀត គឺលោកចូ បៃដិនអាចប្រហែលជាចេញក្រិត្យច្បាប់ នាំសហរដ្ឋ​អាមេរិក ឲ្យ​ត្រលប់ចូលមកក្នុងកិច្ចព្រមព្រៀង​ទីក្រុងប៉ារីសស្តីពីអាកាសធាតុវិញ ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI