ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកចូ បៃដិនបានបញ្ចូលសហរដ្ឋអាមេរិកទៅក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុឡើងវិញ

សំឡេង ០៥:៤៦
លោកចូ បៃដិនបានចុះហត្ថលេខាលើ​ក្រឹត្យបញ្ចូលសហរដ្ឋអាមេរិកទៅក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុឡើងវិញ
លោកចូ បៃដិនបានចុះហត្ថលេខាលើ​ក្រឹត្យបញ្ចូលសហរដ្ឋអាមេរិកទៅក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុឡើងវិញ Jim WATSON AFP
៣១ នាទី

នៅ​សហរដ្ឋអាមេរិក ប្រធានាធិបតី​លោក​ចូ បៃដិន​បាន​ធ្វើ​ការ​ភ្លាមៗ​ក្នុង​ថ្ងៃទី១ នៃ​ការ​ស្បថ​ចូល​កាន់​តំណែង​នា​ថ្ងៃ​ពុធ ទី២០ មករា​ដោយ​បាន​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​ចំនួន ១៧។ ក្នុង​ចំណោម​ក្រឹត្យ​ទាំង​នោះ លោក​បៃដិន​បាន​នាំ​សហរដ្ឋអាមេរិក​ឲ្យ​ចូល​ក្នុង​អង្គការ​សុខភាព​ពិភពលោក និង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ ២០១៥ ស្តីពី​អាកាសធាតុ។ កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​មួយ​នេះ​ត្រូវ​បាន​អតីត​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ​ដក​សហរដ្ឋអាមេរិក​ចេញ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៩។ « Welcome Back » នេះ​ជា​ការ​សាទរ​របស់​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​​ចំពោះ​ការ​សម្រេច​របស់​លោក​បៃដិន។

ផ្សាយពាណិជ្ជកម្ម

ការ​វិល​ត្រឡប់​របស់​សហរដ្ឋអាមេរិក​ចូល​ក្នុង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ ២០១៥ ស្តីពី​អាកាសធាតុ​ពេល​នេះ​មាន​ន័យ​ធំធេង​ណាស់ ព្រោះ​ទី១ ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​ការ​សន្យា​របស់​លោក​បៃដិន​នៅ​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត និង​ទី២ ជា​សារ​ដែល​ប្រធានាធិបតី​ថ្មី​អាមេរិក​រូប​នេះ​ចង់​បញ្ជូន​ទៅ​កាន់​ថ្នាក់ដឹកនាំ​ពិភពលោក។ គួរ​រម្លឹក​ថា កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ ២០១៥ ស្តីពី​អាកាសធាតុ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​ជំនាន់​ប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា និង​ដែល​មាន​រូប​លោក​បៃដិន​ជា​អនុប្រធានាធិបតី។ តែ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​លោក​ដូណាល់ ត្រាំ​ដក​អាមេរិក​ចេញ​វិញ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៩ ដោយ​លោក​ត្រាំ​យល់​ថា វា​បាន​ធ្វើ​ឲ្យ​អាមេរិក​ខាតបង់​សេដ្ឋកិច្ច។ សូម​បញ្ជាក់​ថា កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ ២០១៥ ស្តីពី​អាកាសធាតុ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ ១៩៧ប្រទេស។

មហិច្ឆតា​អាកាសធាតុ​របស់​លោក​បៃដិន​មិន​មែន​កំណត់​ត្រឹម​វិធានការ​ផ្ទៃក្នុង​ប៉ុណ្ណោះ​ទេ តែ​លោក​ចង់​ឃើញ​មហិច្ឆតា​អាទិភាព​មួយ​នេះ​ក្លាយ​ជា​មហិច្ឆតា​សកល។ នៅ​ក្នុង​ន័យ​នេះ លោក​បៃដិន​គ្រោង​រៀបចំ​ឲ្យ​មាន​ជំនួបកំពូល​នៃ​ក្រុម​ប្រទេស​ដែល​កំពុង​បំពុល​បរិយាកាស​ខ្លាំង​ជាង​គេ​លើ​ភពផែនដី​យើង​នេះ។ សូម​បញ្ជាក់​ថា កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ​បាន​ចែង​ពី​ការ​ទប់​កំណើន​កម្តៅ​ផែនដី​មិន​ឲ្យ​លើស​ពី ១,៥អង្សារ។ តែ​បញ្ហា​នៅ​ត្រង់​ថា កិច្ចព្រមព្រៀង​នេះ​គ្មាន​លក្ខណៈ​បង្ខិតបង្ខំ​ទេ មាន​ន័យ​ថា បើ​ប្រទេស​ហត្ថលេខី​ណា​មិន​ចូលរួម​គោរព​ក៏​គ្មាន​ទោសពៃ​អ្វី​ដែរ។ ចាប់​ពី​អំណេះ​ត​ទៅ និង​ដើម្បី​អាច​ធ្វើ​គំរូ​សម្រាប់​ប្រទេស​ផ្សេង​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ លោក​បៃដិន​ត្រូវ​ផ្តើម​ចាត់​វិធានការ​ជាក់ស្តែង​ជា​បន្ទាន់។

លោក​បៃដិន​គ្រោង​ចំណាយ​លុយ​ចំនួន ២ ០០០ ០០០លានដុល្លារ​ដើម្បី​អាកាសធាតុ

មហិច្ឆតា និង​ឆន្ទៈ​របស់​លោក​បៃដិន​ក្នុង​បុព្វហេតុ​អាកាសធាតុ​បាន​សម្តែង​ចេញ​តាម​រយៈ​ការ​តែងតែង​លោក​ចន ឃែរី​ឲ្យ​ធ្វើ​ជា​ប្រេសិតពិសេស​ទទួល​បន្ទុក​ចរចា​រឿង​អាកាសធាតុ។ នេះ​ជា​ជម្រើស​មួយ​មិន​ចៃដន្យ​ទេ ព្រោះ​លោក​ឃែរី​ដែល​ជា​អតីត​រដ្ឋមន្រ្តី​ការបរទេស​ក្នុង​ជំនាន់​ប្រធានាធិបតី​អូបាម៉ា គឺ​ជា​អ្នក​ចរចា និង​ជា​អ្នក​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ ២០១៥ ស្តីពី​អាកាសធាតុ។ ដូច្នេះ លោក​ឃែរី​បាន​ស្គាល់​ច្បាសឮ​ដូច​បាតដៃ​នូវ​សំណុំរឿង​អាកាសធាតុ​នេះ។ ទាក់ទង​នឹង​វិធានការ​ក្នុង​ស្រុក លោក​ចូ បៃដិន​នឹង​បង្ហាញ​ចេញ​នៅ​ខែ​កុម្ភៈ​ខាង​មុខ​នូវ​ផែនការ​ស្តីពី​អាកាសធាតុ​ដែល​មាន​ទឹកប្រាក់​ចំនួន ២ ០០០ ០០០លានដុល្លារ។ កម្មវត្ថុ​របស់​លោក​បៃដិន គឺ​ប្រែ​ក្លាយ​អាមេរិក​ទៅ​ជា​ប្រទេស​អព្យាក្រឹត្យ​កាបោន​នៅ​ឆ្នាំ ២០៥០។

ដើម្បី​អាច​ឈាន​ទៅ​ដល់​គោលដៅ​មួយ​នេះ​បាន រដ្ឋបាល​របស់​លោក​បៃដិន​គ្រោង​ដាក់​ឲ្យ​មាន​ឡើង​វិញ​នូវ​ច្បាប់​បរិស្ថាន​មួយ​ចំនួន​ដែល​រដ្ឋបាល​របស់​លោក​ដូណាល់ ត្រាំ​បាន​លុបចោល ពិសេស​ច្បាប់​ទាក់ទង​នឹង​ការ​បញ្ចេញ​ឧស្ម័ន​កាបូកនិក​របស់​រោងចក្រ សហគ្រាស និង​រថយន្ត។ ការ​បិទខ្ទប់​ដំណើរការ​សាងសង់​បំពង់​បង្ហូរ​ប្រេង Keystone XL រវាង​ប្រទេស​កាណាដា និង​សហរដ្ឋអាមេរិក​របស់​លោក​បៃដិន​ក៏​ជា​វិធានការ​ប្រយុទ្ធប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ​របស់​លោក​បៃដិន​ដែរ។ គួរ​រម្លឹក​ថា គម្រោង​សាងសង់​បំពង់​បង្ហូរ​ប្រេង Keystone XL ដែល​គាំទ្រ​ដោយ​កាណាដា​បាន​ចាប់​ផ្តើម​តាំង​ពី​​ឆ្នាំ ២០០៨។

តែ​ត្រូវ​បាន​អាមេរិក​ក្នុង​ជំនាន់​លោក​អូបាម៉ា​លុបចោល​វិញ​ក្រោម​ហេតុផល​បរិស្ថាន។ បន្ទាប់​មក គម្រោង​សាងសង់​បំពង់​បង្ហូរ​ប្រេង Keystone XL ដដែល​នេះ​ត្រូវ​បាន​សហរដ្ឋអាមេរិក​ក្នុង​ជំនាន់​លោក​ដូណាល់ ត្រាំ​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​ក្រោម​ហេតុផល​សេដ្ឋកិច្ច។ ឥឡូវ​នេះ លោក​បៃដិន​បាន​លុបចោល​ជា​ថ្មី។ នាយករដ្ឋមន្រ្តី​កាណាដា​លោក Trudeau បាន​សម្តែង​ការ​ខកចិត្ត​ចំពោះ​ការ​លុបចោល​នេះ តែ​ក៏​បាន​យល់​ពី​ការ​សម្រេចចិត្ត​របស់​លោក​បៃដិន។ តាម​សេតវិមាន លោក Trudeau ជា​ថ្នាក់ដឹកនាំ​បរទេស​មុន​គេ​ដែល​លោក​បៃដិន​នឹង​ជួប​សន្ទនា​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​សុក្រ ទី២២ មករា។ បន្ទាប់​មក លោក​បៃដិន​ក៏​បាន​ប្រកាស​ព្យួរ​មិន​ឲ្យ​បន្ត​ធ្វើ​អាជីវកម្ម​លើ​អណ្តូងប្រេង​ក្នុង​រដ្ឋ Alaska។

សភា​ទាំង​ពីរ​ជា​អ្នក​សម្រេច​ចុង​ក្រោយ

មហិច្ឆតា​ប្រយុទ្ធប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ​របស់​លោក​បៃដិន​ទទួល​បាន​ជោគជ័យ ឬ​បរាជ័យ គឺ​មិន​អាស្រ័យ​តែ​លើ​លោក​បៃដិន​ម្នាក់​ទេ។ គេ​ត្រូវ​រង់​ចាំ​មើល​ថា តើ​មហិច្ឆិតា និង​ឆន្ទៈ​របស់​លោក​បៃដិន​ក្នុង​រឿង​អាកាសធាតុ​នេះ​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​សភា និង​ព្រឹទ្ធសភា​កម្រិត​ណា​ដែរ។ អ្វី​ដែល​ច្បាស់ លោក​បៃដិន​បាន​សន្យា​កសាង​សេដ្ឋកិច្ច​បៃតង​ដោយ​ផ្អែក​លើ​ថាមពល​ក កើត​ឡើង​វិញ និង​ចង់​យក​បញ្ហា​អាកាសធាតុ​ធ្វើ​​ជា​យុទ្ធសាស្រ្តការទូត​នៅ​ក្នុង​អណត្តិ​របស់​លោក​សម្រាប់​សហរដ្ឋអាមេរិក និង​នៅ​លើ​ឆាកអន្តរជាតិ។ នេះ​ពិត​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​ក្រុម​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ ២០១៥ ស្តីពី​អាកាសធាតុ ពិសេស​ក្រុម​អ្នក​ការពារ​បរិស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI