ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិសមភាព ចិន វិបត្តិកូវីដ ជា​ភ្ញៀវ​ពិសេស​​របស់​វេទិកា​សេដ្ឋកិច្ច​​ពិភពលោក​២០២១

សំឡេង ០៧:៥៥
វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​២០២១ ចាប់​បើក​ធ្វើ​នៅ​ថ្ងៃ​ចន្ទទី ២៥​មករា តាម​អនឡាញ
វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​២០២១ ចាប់​បើក​ធ្វើ​នៅ​ថ្ងៃ​ចន្ទទី ២៥​មករា តាម​អនឡាញ AP - Markus Schreiber

វេទិកាសេដ្ឋកិច្ច​ដាវ៉ូស​ចាប់ផ្តើម​បើក​នៅថ្ងៃ​ចន្ទ​ទី ២៥​មករា ២០២១​នេះ សម្រាប់​រយៈ​ពេល​៥​ថ្ងៃ ដែល​គេ​ប្រសិទ្ធនាម​ថា “របៀបវារៈ​ដាវ៉ូស”។ ​វេទិកាដែល​ប្រព្រឹត្ត​ទៅ​តាម​អនឡាញ​សុទ្ធ​សាធ ​​ផ្តោតជា​សំខាន់​​ទៅលើ​វិបត្តិ​កូវីដ និង​ផលប៉ះពាល់​សេដ្ឋកិច្ច​ដោយ​វិបត្តិ​កូវីដ និង​ប្រទេស​ចិន​ ដែល​បាន​ដើរ​ចេញ​រួច​ពី​វិបត្តិ​កូវីដ​១៩​មុន​គេ។ ដូច​ទម្លាប់​ជា​រៀង​រាល់​ឆ្នាំ ក្នុងឱកាស​បើក​វេទិកា​សេដ្ឋកិច្ច​នេះ អង្គការ​ Oxfam តែងបាន​ចេញផ្សាយ​របាយការណ៍​មួយដាស់​សតិ​ពិភពលោក។ របាយការណ៍​ឆ្នាំ​នេះ​ បាន​​បង្ហាញ​អំពី​ការកើនឡើង​នៃ​វិសមភាព​សង្គម​នៅទូទាំង​ពិភពលោក ​បង្ក​ឡើង​ដោយ​វិបត្តិ​កូវីដ។

ផ្សាយពាណិជ្ជកម្ម

ដោយ​ហេតុ​វិបត្តិ​កូវីដ​១៩ ពុំ​មាន​ការ​ជួប​ជុំ​គ្នា​បង្ហាញ​វត្តមាន​នៅ​ក្រុង​ដាវ៉ូស​ប្រទេស​ស្វ៊ីស​ដូច​ទម្លាប់​​ចំនួន​៥០​ឆ្នាំមក​ទេ។វេទិកា​សេដ្ឋកិច្ច​ដាវ៉ូស​អនឡាញ​ឆ្នាំ​នេះ បាន​កា​រចូល​រួម​ពី​សំណាក់​ប្រមុខ​រដ្ឋ រដ្ឋាភិបាល ប្រធាន​ក្រុមហ៊ុន​សហគ្រាសគ្រាក់ៗ​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល អ្នក​វិទ្យាសាស្ត្រ សរុប​ចំនួន ១៥០០​នាក់ ក្នុងនោះ​​ក៏​មាន​ប្រធាន​ក្រុមហ៊ុន​មន្ទីរ​ពិសោធន៍​ឱសថ AstraZeneca ឬ​ប្រធានធនាគារ​យក្ស​Goldman Sachs​ផង។ ប្រធានាធិបតី ចិន លោក ស៊ី ជីនពីង ជា​អ្នក​ឡើង​ថ្លែង​សុន្ទរកថា​បើក​កម្មវិធី​ផង។កម្មវត្ថុ​នៃ​វេទិកា​នេះ គឺ​រក​វិធី​គ្រប់គ្រង​ជំងឺរាតត្បាតដែល​កំពុង​បន្ត​សម្លាប់​ជីវិត​មនុស្ស​នៅ​លើ​ពិភពលោក​ និង​ស្តារឱ្យ​មាន​កំណើន​​សេដ្ឋកិច្ច ដែល​ខ្ទេច​ខ្ទាំ​ដោយ​វិបត្តិ​កូវីដ១៩។

កូវីដ-ចិន​ ស្នូល​នៃ​វេទិកា​

វេទិកា​ឆ្នាំ​នេះ​ខុស​ប្លែក​ទាំង​ស្រុង​ពី​ឆ្នាំ​ទៅ​ទាំង​ទម្រង់ និង​ខ្លឹម​សារ។ ឆ្នាំ​ទៅ​វេទិកាបាន​​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​នរណា​ខ្វល់​​ពី​​វីរុសចម្លែក បង្ក​ជំងឺ​រលាក​សួត​​ នៅ​វ៉ូហានប្រទេស​ចិន​ទេ។ តែ​ឆ្នាំ​នេះ ​បញ្ហា​កូវីដ និង​​ចិន លេច​ត្រដែត​ក្នុង​វេទិកា ព្រោះ​ចិន​ជា​ប្រទេស​មហាសេដ្ឋកិច្ច​តែមួយ​គត់​នៅលើ​ពិភពលោក​ដែល​មាន​កំណើន​សេដ្ឋកិច្ច​វិជ្ជមាន (២,៣%) នៅ​ឆ្នាំ​២០២០ គេ​ចផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​បង្ក​ឡើង​កូវីដ១៩។ ​ដោយ​សារ​កូវីដ​ចិន​នឹង​អាច​មាន​ផលិតផល​សរុប​ស្រុក​ស្មើ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​២០៣០ (ពោលគឺ​ពីរ​ឆ្នាំ​មុន​ការ​ព្យាករណ៍​ដែល​គ្មាន​វិបត្តិ​កូវីដ)។ ដូច្នេះ​ពេល​នេះ​ចង់​ឬ​មិន​ចង់ ចិន​គឺ​ជា​ក្បាល​ម៉ាស៊ីន​ដ៏​ចាំបាច់​​ ដែល​ជួយ​អូស​ទាញ​ពិភពលោក​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ និង​ដែល​វេទិកា​មិន​អាច​មើល​រំលង​បាន​ជា​ដាច់​ខាត។

ប្រធានាធិបតី​ចិន លោក ស៊ី ​ជិនពីង  ដែល​បាន​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ដាវ៉ូស​ជា​លើក​ទី​មួយ​នៅ​ឆ្នាំ​២០១៧ ដើម្បី​បំផុស​ពិភពលោក​ឱ្យ​ទ្រទ្រង់​ការ​ផ្តោះប្តូរ​សេដ្ឋកិច្ច​សេរី និង​មាន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ នឹង​ធ្វើ​សេចក្តី​អំពាវនាវ​ក្នុង​ទិស​នេះ​ជា​ថ្មី។ កាលណោះ​ ប្រធានាធិបតី​ចិន​បាន​ចេញមុខ​តតាំង​​​នឹង​នយោបាយ​ការពារ​តែ​ប្រយោជន៍​ជាតិ​អាមេរិក​​ម្នាក់​របស់​លោក​ដូណាល់ ត្រាំ ដែល​ទើប​ចាក​ចេញ​ពី​អំណាច​។ ហើយ​ចិន​ក៏​បាន​ឆ្លៀត​ឱកាស​យក​វេទិកា​ដាវ៉ូស​សម្រាប់​ បង្ហាញ​ខ្លួន​ បង្ហាញ​សមត្ថភាព​ថា​ចិនអាច​​ធានារ៉ាប់រង​ឱ្យ​មាន​នយោបាយ​សកលភាវូបនីកម្ម​។​ ហេតុ​ដូច្នេះ ហើយ​បាន​ជា​រដ្ឋ​អំណាចប៉េកាំង​ចាប់​អារម្មណ៍​លើ​ ដាវ៉ូស សម្រាប់​ណែនាំ​ពិភពលោក​ឱ្យ​ស្គាល់​ចិន​ថា​ជា​ជម្រើស​​គួរឱ្យ​ទុក​ចិត្ត​​។ ចិន​ត្រលប់​មក​វេទិកា​ដាវ៉ូស​លើក​ទី​៥១ ជាមួយ​ពាក្យ​ស្លោក​ថា “​ឆ្នាំ​ដ៏​សំខាន់​ក្នុងការ​ស្ថាបនា​ទំនុកចិត្ត”។

ក្រៅ​ពី​​ចិន​ អ្នក​រៀប​ចំ​វេទិកា​ឆ្នាំ​នេះ​ ​ផ្តល់​តម្លៃ​ពិសេស​​ដល់ អាស៊ី តែ​ម្តង។ ក្រៅ​អំពី​ប្រធានាធិបតី​ចិន គេ​សង្កេត​ឃើញ​មាន​អន្តរាគមន៍​របស់​ប្រធានាធិបតី​កូរ៉េខា​ង​ត្បូង នាយករដ្ឋមន្ត្រី​ឥណ្ឌា​និង​ជប៉ុន​​ទៀត។ បើ​តាម​ស្ថានិប​វេទិកា​ដាវ៉ូស លោកសាស្ត្រាចារ្យ Klaus Schwab​ នៅ​ឆ្នាំ​២០២១ អាស៊ី​​នឹង​តំណាង​ឱ្យ​៥០%​នៃ​ផលិតផល​សរុប​របស់ប្រជាជន​​ពិភពលោក។ វេទិកា​ចាំ​បាច់​ត្រូវ​គិត​គូរ​អំពី​តួនាទី​របស់​អាស៊ី​ ដែល​អាច​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការ​ផ្តល់​កំណើន​សេដ្ឋកិច្ច​ពិភពលោក។ ដោយ​យល់​អំពី​ភាពសំខាន់​របស់​អាស៊ី​នេះ​ហើយ​ទើប​បាន​ជា​វេទិកា​សេដ្ឋកិច្ច​ដាវ៉ូស​លើក​ទី​៥១​​នឹង​លើក​ទៅ​ធ្វើ​ដោយ​ពិតៗ នៅ​ប្រទេស​សិង្ហបុរី នៅ​ខែ​ឧសភា​ខាង​មុខ។ រដ្ឋ​ដែល​គេ​ចាត់​ទុក​ថាមាន​សុវត្ថិភាព​ជាងក្រុង​ហ្សឺណែវ​ប្រទេស​ស្វ៊ីស​ ប្រឈម​នឹ​ងការ​រាត​ត្បាត​របស់​កូវីដ១៩។​

​យុទ្ធសាស្ត្រ​ស្វ័យភាព​​អឺរ៉ុប

ថ្វីបើ​លោក​ចូបៃដិន​ប្រធានាធិបតី​អាមេរិក​ថ្មី មិន​បង្ហាញ​វត្តមាន​ក្នុង​វេទិកា​អនឡាញ​ ដោយបញ្ជូន​ត្រឹម​លោក​ចនឃែរី ប្រេសិត​ពិសេស​ទទួល​បន្ទុក​អកាសធាតុ និង​លោក Anthony Fauci មក​ចូល​រួម​ក្នុង​វេទិកា​មែន តែ​ខាង​អឺរ៉ុប​​វិញ មាន​លោកប្រធានាធិបតី​បារាំង ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ នាយករដ្ឋមន្ត្រី​អ៊ីតាលី និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប មក​ជា​តំណាង​ ដើម្បី​រំលឹក​អំពី​វត្តមាន​​អឺរ៉ុប​ នៅរវាង​មហាអំណាច​អាមេរិក​និង​ចិន។ អឺរ៉ុបនឹង​ប្រើ​វេទិកា​នេះ ដើម្បី​សាកល្បង​លាត​ត្រដាង​ យុទ្ធសាស្ត្រ​ស្វ័យភាព​របស់​ខ្លួន។

​វិបត្តិ​កូវីដ​១៩ បាន​បំភ្លឺ​ឱ្យ​ឃើញ​ថា ក្រុម​លោក​ខាង​លិច ​រំពឹង​ខ្លាំងណាស់​លើ​ចិន ក្នុង​នាម​​ជា​រោង​ចក្រ​របស់​ពិភពលោក​។ ពេល​នេះ​ អឺរ៉ុប សហរដ្ឋ​អាមេរិក​ កំពុង​ចាប់​ផ្តើមរៀបចំ​​វិធាន​​ច្បាប់​នាំ​ផលិតកម្ម​យុទ្ធសាស្ត្រ​ចូលមក​តាំង​ទី​ក្នុង​​ស្រុក​វិញ។ ដោយ​ហេតុ​វិបត្តិ​កូវីដ សេដ្ឋកិច្ច​អនឡាញ​និង​វេជ្ជសាស្ត្រ​អនឡាញ​ បាន​ស្ទុះ​ឡើង​ខ្លាំង អឺរ៉ុប​ដែល​មាន​ធនធាន​មនុស្ស​ផ្នែក​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត្ត និងកង់ទិក ចាប់​​ផ្តើមបង្កើន​វិនិយោគ និង​បង្កើន​ល្បឿន​ផ្នែក​បច្ចេក​វិទ្យា​នេះ​ហើយ។

អ្នក​ជំនាញ​ភូមិសាស្ត្រនយោបាយ​​​បានអះអាង​ថា សូម​កុំ​យល់​ច្រលំ​ថា​ចិន​​​អាច​​ឈ្នះ​វិបត្តិ​កូវីដ ដោយ​ម្នាក់ឯង​បាន និង​ដោយ​សារ​តែ​មាន​កំណើន​សេដ្ឋកិច្ច​លឿន​ជាង​គេ​។ ​ត្រូវ​តែ​សហការ​គ្នា ទើប​អាច​គ្រប់គ្រង​ការ​ចម្លង​រាតត្បាត និង​ផ្តល់​ថ្នាំបង្ការ​ដល់​ពលរដ្ឋ​គ្រប់​រូប។ ស្ថាបនិក​វេទិកា​​ដាវ៉ូស បាន​អំពាវនាវ​ឱ្យ​ពិភពលោក​ឆក់​ឱកាស ជា​ប្រវត្តិសាស្ត្រ​តែ​ម្តង ដើម្បី​​រៀប​ចំ​សណ្តាប់​ធ្នាប់​សេដ្ឋកិច្ច​ពិភពលោក។

កូវីដ​បង្កើន​​​វិសមភាពក្នុង​លោក

Oxfam បាន​ហៅ​កូវីដ​១៩ ថា​ជា​ វីរុស​វិសមភាព។ បើតាម​​របាយការណ៍​ប្រចាំ​ឆ្នាំ​ ដែល​ចេញ​ផ្សាយ​ជា​សាធារណៈចំ​​នៅ​ថ្ងៃ​បើក​វេទិកា​ដាវ៉ូស កូវីដ​១៩បាន​បង្កើន​វិសមភាព​សង្គម​ខ្លាំង​ណាស់​។ ក្រុម​អ្នក​មាន​បាន​ឆ្ល​ងរួច​ពី​វិបត្តិ​ បាន​យ៉ាង​លឿនរហ័ស។ ក្នុង​រយៈ​ពេល​តែ​៩​ខែ​ ក្រុម​អ្នក​មាន​ជាង​គេ​១ពាន់​នាក់​ដំបូង​នៅ​លើ​ពិភពលោក រក​បានទ្រព្យ​ធន​ស្មើ​ដើម​វិញ ដូច​មុន​សម័យ​មុន​​កូវីដ ឯ​ចំណែក​ជន​ក្រីក្រ​ជាង​គេ​បំផុត​វិញ ត្រូវ​ការ​ពេល​វេលា​ដល់​ទៅ​១០​ឆ្នាំ​ ទើប​អាច​ងើប​ពី​ចេញ​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​បាន។

មិនតែ​ប៉ុណ្ណោះ​ មហាសេដ្ឋី​មាន​ប្រាក់​ដល់​ទ្រីលាន​ កាន់​តែ​មាន។ តាំង​ពីផ្ទុះ​វិបត្តិកូវីដ​មក​អ្នក​មាន​១ពាន់​នាក់​ដំបូង​គេ​ កើន​ទ្រព្យ​សម្បត្តិ​ដល់​ទៅ ៥៤០​ពាន់​លាន​ដុល្លារ​ ពោល​គឺ​ជា​ទឹក​ប្រាក់​គ្រប់គ្រាន់​ល្មម​សម្រាប់​ទិញ​ថ្នាំ​បង្ការ​កូវីដ​១៩​ដល់​ជន​គ្រប់​រូប និង​បញ្ចៀស​មិន​ឱ្យ​ជន ណា​ម្នាក់​ធ្លាក់ក្នុង​ភាព​ក្រីក្រ ដោយ​កូវីដ​បាន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​Oxfam៕​

​​ក្នុង​កំរិត​ពិភពលោក ទ្រព្យសម្បត្តិ​របស់​អ្នក​មាន​បាន​​កើន​ឡើង​ដល់​៣៩០០​ទ្រីលាន​ក្នុង​រវាង​ពី​ថ្ងៃ​ទី ១៨​មីនា ដល់​ថ្ងៃតី ៣១​ធ្នូ ២០២០។  ជា​ឧទាហរណ៍​ជាក់​ស្តែង មហាសេដ្ឋី​បារាំង ​លោក Bernard Arnault ប្រធាន​ក្រុមហ៊ុនLouis Vuitton​ ដែល​ជា​អ្នក​មាន​លំដាប់ទី​បី​ពិភពលោក ​ចំណេញ​បានជិត​១៧៥​លាន​អឺរ៉ូ (ពី​ខែ​មីនា​ដល់​ធ្នូ ២០២០) ពោល​គឺ​ច្រើន​ជាង​ផល​ចំណេញ​មុន​វិបត្តិ​កូវីដ​១៩​ទៅ​ទៀត។

ប្រឈម​នឹង​វិសមភាព​បែប​នេះ អង្គការ​Oxfam បាន​សំណូម​ពរ​ឱ្យ​ប្រទេស​នីមួយៗ​នៅលើ​ពិភពលោក​ ដំឡើង​ពន្ធ​​លើ​ក្រុម​អ្នក​មាន ព្រោះ​ជា​ឧទាហរណ៍​ នៅ ប្រទេ​ស​អាហ្សង់ទីន ដែល​ទើប​បាន​អនុម័ត​ច្បាប់​យក​ពន្ធពិសេស​ពី​អ្នក​មានទ្រព្យ​ច្រើន​ខ្លាំង បាន​ពាំនាំ​ថវិកា​បាន​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​​សម្រាប់​យក​ទៅ​ចំណាយ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​១៩៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI