ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិកូវីដ​១៩៖ បាតុកម្ម​ដ៏ហិង្សា​នៅហូឡង់ ដើម្បី ប្រឆាំង​នឹង​វិធានការ​បម្រាមគោចរ

សំឡេង ០៨:០៥
កញ្ចក់​របស់​ហាងអាហារ​នៅ ទីក្រុង​កំពង់ផែ​Rotterdam របស់​ហូឡង់ នៅក្រោយ​បាតុកម្ម​ហិង្សា​របស់​បាតុករ​ប្រឆាំង​វិធានការ​អនុវត្ត​បម្រាមគោចរ នៅថ្ងៃ​ទី ២៥​មករា ២០២១
កញ្ចក់​របស់​ហាងអាហារ​នៅ ទីក្រុង​កំពង់ផែ​Rotterdam របស់​ហូឡង់ នៅក្រោយ​បាតុកម្ម​ហិង្សា​របស់​បាតុករ​ប្រឆាំង​វិធានការ​អនុវត្ត​បម្រាមគោចរ នៅថ្ងៃ​ទី ២៥​មករា ២០២១ AP - Peter Dejong

បាតុកម្ម​ដ៏ហិង្សា ដែល​កើតឡើង ២ថ្ងៃផ្ទួនៗគ្នា នៅ ប្រទេស​ហូឡង់ បាន​ធ្វើ​ឲ្យ​គេភ្ញាក់ផ្អើល​ជាខ្លាំង។ នៅ យប់​ថ្ងៃអាទិត្យ និង​ថ្ងៃចន្ទ ទី ២៥ មករា បាតុកម្ម​បាន​ផ្ទុះឡើង ​នៅតាម​ទីក្រុង​ជាច្រើន​របស់​ប្រទេស​ហូឡង់ ​ដើម្បី ប្រឆាំងនឹង​បម្រាមគោចរ​ដែល​រដ្ឋាភិបាល បាន​ប្រកាស​អនុវត្ត សម្រាប់ ទប់ស្កាត់​ការឆ្លងរាលដាល​មេរោគបំប្លែងខ្លួនថ្មី។ បាតុកម្ម អំពើហិង្សាប្រឆាំង​នឹង​វិធានការ​រឹតបន្តឹង​របស់​រដ្ឋាភិបាល កើតមាន​ផងដែរ​នៅ ចុងសប្តាហ៍មុននេះ នៅ ប្រទេស ដាណឺម៉ាក អ៊ីស្រាអែល អេស្ប៉ាញ លីបង់ ជាដើម។ បាតុកម្ម​ចាប់ផ្តើម​កក្រើកឡើង នៅក្នុង​ពេល​ប្រទេស​អឺរ៉ុប​ជាច្រើន ដូចជា​បារាំង ជាដើម កំពុង​ពិចារណា ចង់​បិទខ្ទប់​ប្រទេស​ជា​លើក​ទី ៣ ដើម្បីទប់ទល់​នឹង​ការឆ្លងរាលដាល​របស់​មេរោគបំប្លែងខ្លួនថ្មី ឬ​មេរោគអង់គ្លេស។

ផ្សាយពាណិជ្ជកម្ម

ប្រទេស​ហូឡង់​បាន​ជួប បាតុកម្ម​ដ៏​ហិង្សា​២​ថ្ងៃ​ផ្ទួនៗគ្នា ដើម្បី​ប្រឆាំង​នឹង​បម្រាមគោចរ​របស់​រដ្ឋាភិបាល ដែល​ចាប់​ចូល​ជាធរមាន តាំង​ពី​ថ្ងៃ​សៅរ៍ទី ២៣​មករា។ រដ្ឋាភិបាល​ហូឡង់ ធ្លាប់​បាន​ប្រកាស​បិទខ្ទប់​ប្រទេស​ម្តង​ហើយ ដល់​ទៅ ៣សប្តាហ៍ កាលពី ខែ​ធ្នូ​កន្លងទៅ ដើម្បី ទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺកូវីដ១៩។

ចាប់តាំង​ពី​មាន​វិធានការ​រឹតបន្តឹង​របស់​រដ្ឋាភិបាល​ហូឡង់ ដូចជា ការប្រកាស​បិទខ្ទប់ ប្រទេស កន្លងមក ដើម្បី​ទប់ស្កាត់​ការចម្លងរាលដាល​ជំងឺកូវីដ ធ្លាប់​មាន​ដែរ បាតុកម្ម​ប្រឆាំង ប៉ុន្តែ មិនដែល​កើតមាន​អំពើហិង្សា​នោះទេ។ នេះជាលើកទី​១ ដែល​បាតុកម្ម​ប្រឆាំង​វិធានការ​រឹតបន្តឹង របស់​រដ្ឋាភិបាល បាន​ប្រែក្លាយ​ទៅ​ជា​បាតុកម្ម​ហិង្សា ឬ​កុប្បកម្ម​ហិង្សា​ផងដែរសម្រាប់​ក្រសែភ្នែក​របស់​រដ្ឋាភិបាល។

ត្រូវដឹងថា នៅក្រោយ​រដ្ឋាភិបាល បណ្តោះអាសន្ន​របស់​ហូឡង់​ប្រកាស​ដាក់អនុវត្ត បម្រាមគោចរ ចាប់ពី ថ្ងៃ​សៅរ៍ ទី ២៣​មករា រហូត ថ្ងៃទី ៩​កុម្ភៈ បាតុកម្ម​ប្រឆាំង​វិធានការ​របស់​រដ្ឋាភិបាល​បានផ្ទុះឡើង នៅ​តាម​ទីក្រុងធំៗ​របស់​ហូឡង់ ដែល​មាន​តាំង ពី Amsterdam Rottadam ជាដើម។ នៅក្នុង​បាតុកម្ម ហិង្សា នៅ​​ថ្ងៃ​អាទិត្យ និង​នៅ ថ្ងៃ​ចន្ទ មន្ទីរពេទ្យ រង​ការវាយប្រហារ ពី​ក្រុមបាតុករ។ កន្លែង​ធ្វើតេស្ត រកមេរោគកូវីដ ក៏ត្រូវ​គេ​ដុតបំផ្លាញ ចំណែក ប៉ូលិស និង​អ្នកកាសែត ដែល​បាតុករ​ចោទថា ជាដៃជើង​របស់​រដ្ឋាភិបាល បានរងការគំរាមកំហែង វាយប្រហារ ពីសំណាក់​បាតុករ។

បម្រាមគោចរ លើកនេះ មាន​រយៈពេល​ខ្លី និងមានលក្ខណៈធូស្រាល ជាង​ប្រទេស​ផ្សេងទៀត  ដូចជា​ប្រទេស​បារាំង ជាដើម ដែលចាប់អនុវត្ត តាំងពី​ម៉ោង ៦ល្ងាច រហូត​ដល់​ម៉ោង ៦ព្រឹក។ នៅ ហូឡង់ បម្រាមគោចរ នឹង​ចាប់មានត្រឹម​ពី​ម៉ោង ៩យប់ ទៅដល់ ម៉ោង ៤កន្លះភ្លឺ តែប៉ុណ្ណោះ ប៉ុន្តែ សម្រាប់ ប្រជាជន​ហូឡង់ នេះ​ជារឿងមួយ​ដែល​គេ​មិនអាច​ទទួល​យកបានទេ។ ទី ១ រឿងបម្រាមគោចរ​ជា​រឿង​រសើប និង​ទើប​មានជាលើកទី ១ នៅ ហូឡង់ ចាប់តាំង​ពី​ចប់​សង្រ្គាម​លោក​លើក​ទី ២មក។ ទី ២ ទាក់ទង​នឹង​ការអនុវត្ត​បម្រាមគោចរ​លើកនេះ គឺ​មាន​ការខ្វែងគំនិតគ្នា សូម្បី​ក្នុង​រដ្ឋាភិបាល ហូឡង់​ផ្ទាល់។ អ្វីដែលប្រជាជន​ហូឡង់ មិនយល់ នៅត្រង់ថា ករណី​ឆ្លងជំងឺកូវីដ​បាន​ធ្លាក់ថយចុះ នៅក្នុង​ប្រទេស ប៉ុន្តែ ហេតុអ្វី បាន​ជា​រដ្ឋាភិបាល សម្រេច ដាក់​បម្រាមគោចរ ដែល​នឹងអាច​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​រស់នៅ របស់​ប្រជាជន​ធ្វើអ្វី? អ្នកដែល​ចូលរួម​ក្នុង​បាតុកម្ម​លើកនេះ ភាគច្រើន ជា​យុវជន ដែល​មិនសប្បាយចិត្ត​នឹង​វិធានការ​រឹតបន្តឹង ការដើរហើរ សម្រេច​ដោយ​រដ្ឋាភិបាល។ មានផងដែរ ក្រុមអ្នកប្រឆាំង​នឹង​វ៉ាក់សាំង អ្នកនយោបាយ ប្រឆាំង​រដ្ឋាភិបាល ហើយនិង​សកម្មជនការពារ​សិទ្ធិសេរីភាព។

សម្រាប់​នាយករដ្ឋមន្រ្តីហូឡង់ បាតុកម្ម កាលពី ថ្ងៃ​អាទិត្យ គ្មានទាក់ទង​នឹង​ការទាមទារ​សេរីភាព​នោះទេ។ គេ​ត្រូវរួមគ្នា​ប្រយុទ្ធប្រឆាំង នឹង​មេរោគកូវីដ។ បើមិនដូច្នេះទេ គេ​មិនអាច​ទទួល​បាន​សេរីភាពវិញនោះ​បានទេ។” នេះជា​ប្រសាសន៍​របស់​នាយករដ្ឋមន្រ្តី​ហូឡង់ លោក Mark Rutte។

នៅហូឡង់ អ្នកឆ្លងសរុប មានចំនួន​ជាង ៩៥២៩៥០នាក់ ដោយមានអ្នកឆ្លង​ប្រមាណ៤០១៧នាក់ ក្នុងមួយថ្ងៃ និង​មនុស្ស​ស្លាប់ សរុប ១៣ ៥៧៩នាក់។

ជារួម ប៉ូលិស​បាន​ចាប់ខ្លួន មនុស្ស សរុប ៣២០នាក់ នៅក្នុង​បាតុកម្ម ទូទាំង​ប្រទេស នៅ​រយៈពេល ២​ថ្ងៃ។

បាតុកម្មផ្ទុះ​នៅប្រទេស​ជាច្រើន ដើម្បី​ប្រឆាំង​វិធានការ​រឹតបន្តឹង ដើម្បីបង្ការ​ការឆ្លងរាលដាលជំងឺកូវីដ ១៩

ប្រឈម​នឹង​គំរាមកំហែង​នៃ​ការឆ្លងរាលដាល​លឿន​របស់​មេរោគកូវីដ បំប្លែងខ្លួនថ្មី រដ្ឋាភិបាល​របស់​ប្រទេស​ជាច្រើន បាន​ចាត់វិធានការ រឹតបន្តឹង ជាច្រើន ដូចជា​ការដាក់​បម្រាមគោចរ ឬ​បិទខ្ទប់​ប្រទេស​ជាដើម។ ដូច្នេះ បាតុកម្ម​ ប្រឆាំង​វិធានការ​រឹតបន្តឹង​របស់​រដ្ឋាភិបាល បាន​កើតមាន​ជាហូរហែ នៅ​តាម​ប្រទេស​ជាច្រើន។ នៅអេស្ប៉ាញ ក្រុមដែល​មិនជឿថា មាន​មេរោគកូវីដ ពិតប្រាកដ ​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង វិធានការរឹតបន្តឹង​របស់​រដ្ឋាភិបាល។ នៅ លីបង់ ការប៉ះទង្គិចគ្នា​រវាង ប៉ូលិសហើយ និង​យុវជន​ដែល​ជា​បាតុករ បានធ្វើ​ឲ្យ​មាន​មនុស្ស​របួស ៣០នាក់។ លីបង់​ដែលមាន​ប្រជាជន តែ ៦លាននាក់ ករណី​ឆ្លង ជំងឺកូវីដ មានដល់ទៅ ជិត ៣សែននាក់។ ដើម្បីជួយសម្រាល​បន្ទុក របស់មន្ទីរពេទ្យ ដែល​គ្មាន​គ្រែ ឧបករណ៍​គ្រប់គ្រាន់ រដ្ឋាភិបាលលីបង់ បាន​សម្រេច​បិទខ្ទប់​ប្រទេស ចាប់តាំង​ពីថ្ងៃ​ចន្ទម្សិលមិញ រហូត​ដល់​ថ្ងៃទី ៨​កុម្ភៈ។

នៅ អ៊ីស្រាអែល​ឯណោះវិញ ក្រុមសាសនា​និយមជ្រុល​ក៏​បានធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វិធានការ​របស់រដ្ឋាភិបាល ដែល​បាន​សម្រេច​បិទសាលារៀនដែរ។ សម្រាប់​អ្នកដែលធ្វើបាតុកម្ម​តវ៉ា សាលារៀន​មិនថា សាលារៀន​ទូទៅ ឬ​សាលា បង្រៀន​សាសនា​នោះទេ ជា​កន្លែង​សំខាន់ ដែល​គេ​មិនត្រូវ​បិទ​នោះទេ។ ម្យ៉ាង ពួកសិស្ស​នៅ សាលា​សាសនា​ជាច្រើននាក់ ​ធ្លាប់​បាន​ឆ្លង និង​មានប្រព័ន្ធការពារ សម្រាប់​ទប់ទល់ នឹង​ជំងឺកូវីដរួចហើយ ដូច្នេះ រដ្ឋាភិបាល​មិនគួរ​បិទទាំងអស់​នោះទេ។

នៅក្រោយវិបត្តិកូវីដ មួយឆ្នាំមកនេះ វិធានការ​បិទខ្ទប់ប្រទេស​ជារឿង​ដែល​ប្រជាជន​លែងទទួល​យកបាន

ប្រឈម​នឹង​មេរោគកូវីដ​បំប្លែងខ្លួនថ្មី ឬ​មេរោគអង់គ្លេស ដែល​ល្បីខាងឆ្លងលឿនជាងមេរោគទម្រង់ដើម រដ្ឋាភិបាល​បារាំង កំពុង​នៅ រារែក មិនទាន់​សម្រេចថា តើ​ត្រូវ​ចាត់វិធានការ​បិទខ្ទប់​ប្រទេស​ជាលើកទី ៣ដែរឬទេ។ នៅចំពោះមុខ​នៃការគំរាមកំហែង​របស់​មេរោគកូវីដ​បំប្លែងខ្លួនថ្មី មេរោគ​អង់គ្លេស ក្រុមវិទ្យាសាស្រ្ត​បានជំរុញ ឲ្យ​រដ្ឋាភិបាល សម្រេច​បិទខ្ទប់ប្រទេស​ឲ្យបាន​ឆាប់​បំផុត ដើម្បី​កុំ​ឲ្យ​ធ្លាក់ក្នុង​ស្ថានភាពដុនដាប ដូច​អង់គ្លេស​សព្វថ្ងៃ។

ប៉ុន្តែ វិធានការ​បិទខ្ទប់​ប្រទេស​ជាលើកទី ៣ មិនមែន​ជា​រឿង​ងាយស្រួល នោះទេ។ រដ្ឋាភិបាល​ត្រូវ​ថ្លឹងថ្លែង​មែនទែន ជាពិសេស ការខាតបង់​សេដ្ឋកិច្ច។ វិធានការ​បិទខ្ទប់​លើកទី ១​កាលពី​ខែ​មីនា​ឆ្នាំមុន​បានធ្វើ​ផលិតផល​ក្នុងស្រុក​សរុបបារាំង ធ្លាក់ថយចុះ អស់ ៣០ភាគរយ ចំណែក វិធានការ​បិទខ្ទប់​ប្រទេស​លើកទី ២​នៅខែ​តុលា​កន្លងទៅ បានធ្វើ​ឲ្យ​ផលិតផល​ក្នុងស្រុកសរុប ថយចុះ អស់ ១២ភាគរយ។

រាល់​វិធានការ​បិទខ្ទប់ ប្រទេស​ម្តង ធ្វើ​ឲ្យ​រដ្ឋាភិបាលបារាំង​ខាតបង់ ១១​ពាន់​លាន​អឺរ៉ូ ក្នុង​មួយខែ នោះ ក៏​ដោយសារ​តែ ភោជនីយដ្ឋាន ហាងទំនិញ ដែលមិនចាំបាច់ ត្រូវបិទទ្វារ ចំណែកសកម្មភាព​វប្បធម៌ គ្មានសោះតែម្តង។ វិធានការ​បិទខ្ទប់ប្រទេស មិនត្រឹមតែ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​តែប៉ុណ្ណោះទេ ប៉ុន្តែ វា​បានជះឥទ្ធិពល​អាក្រក់​ច្រើន​មកហើយ ទៅលើ​សង្គម។ យុវជន និស្សិត​បារាំង បាន​ត្អូញត្អែរ​ពី​វិបត្តិ​ផ្លូវចិត្ត អស់​សង្ឃឹម ក្នុងជីវិត ដោយសារ​តែសាលារៀន បិទទ្វា រៀន​មិនបានជាប់លាប់ ហើយ​ក្រុមហ៊ុន​ជាច្រើន​បានបិទទ្វារ ឬ​ក៏​កាត់បន្ថយ​បុគ្គលិក។

នៅ ថ្ងៃ​ចន្ទ មន្រ្តី​រដ្ឋាភិបាល​បារាំង ពន្លយ​ឲ្យ​ដឹងថា លោកប្រធានាធិបតី បារាំង នឹង​មិន​ប្រកាស​អ្វី នៅក្រោយ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​យោធា នៅថ្ងៃ​ពុធ សប្តាហ៍នេះទេ ដែលជាហេតុ​ធ្វើ​ឲ្យ​គេជឿថា រដ្ឋាភិបាល​បារាំង នឹង​មិន​ប្រកាស​បិទខ្ទប់ប្រទេស​ជាលើកទី ៣​នៅ សប្តាហ៍នេះ ដូច​ពាក្យ​ចចាមអារ៉ាម កន្លងមកនោះទេ។

ប្រជាជន​បារាំង ជាច្រើន ជាពិសេស យុវជន ហាក់លែង​ទទួល​យកបាន​ហើយ វិធានការ​បិទខ្ទប់​ប្រទេស។ វិធានការ​បិទខ្ទប់​ប្រទេស ជាលើកទី ៣ នឹង​អាច​ជម្រើស​ដ៏​ចុងក្រោយ​បំផុត ដែល​រដ្ឋាភិបាល ត្រូវជ្រើសរើស។ ក្នុងពេល​នេះ រដ្ឋាភិបាលបារាំង ទំនង​ផ្តល់​អាទិភាព​លើ​យុទ្ធនាការ​ចាក់វ៉ាក់សាំង និង​រង់ចាំង​មើល​លទ្ធផល​នៃ វិធានការ​អនុវត្ត ​បម្រាមគោចរ ជាមុន សិន នៅមុន នឹង សម្រេច​បិទខ្ទប់​ប្រទេស ជា​លើកទី ៣៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI