ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក-រុស្ស៊ី៖លោក​បៃដិន​បោះ​ដៃ​រកលោក​ពូទីន តែ​​បង្ហាញ​ជំហរ​ម៉ឺងម៉ាត់​ដាក់លោក​ពូទីន

សំឡេង ០៦:៣៧
ប្រធានាធិបតីអាមេរិក​លោក​ចូ បៃដិន (រូបឆ្វេង) និង​សមភាគី​រុស្ស៊ី​លោក​វ៉្លាឌីមៀរ ពូទីន។
ប្រធានាធិបតីអាមេរិក​លោក​ចូ បៃដិន (រូបឆ្វេង) និង​សមភាគី​រុស្ស៊ី​លោក​វ៉្លាឌីមៀរ ពូទីន។ JIM WATSON, Alexander NEMENOV AFP/File
៣៤ នាទី

ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន និង​សមភាគី​រុស្ស៊ី​លោក​វ្ល៉ាឌីមៀរ ពូទីន​បាន​ជួប​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​នា​ថ្ងៃ​អង្គារ ទី២៦ មករា។ នេះ​ជា​ការ​សារសង​លើកទី១ រវាង​មេដឹកនាំ​ទាំង​ពីរ តាំង​ពី​លោក​ចូ បៃដិន​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃទី២០ មករា។ នៅ​ក្នុង​កិច្ចសន្ទនា លោក​បៃដិន និង​លោក​ពូទីន​បាន​ជជែក​គ្នា​លើ​ប្រធានរឿង​ជា​ច្រើន ក្នុង​នោះ​មាន​ប្រធានរឿង​ត្រជាក់ និង​ប្រធានរឿង​ក្តៅ។ តែ​អ្វី​ដែល​លោក​បៃដិន និង​ពូទីន​ហាក់​មាន​ការ​ឯកភាព​គ្នា គឺ​កិច្ចព្រមព្រៀង​ជា​គោលការណ៍​ស្តីពី​ការ​ពន្យារ​សន្ធិសញ្ញា​កាត់បន្ថយ​ចំនួន​អាវុធ​នុយក្លេអ៊ែរ​ឬ​ហៅ New Start រវាង​ប្រទេស​ទាំង​ពីរ​រយៈពេល ៥ឆ្នាំ​បន្ថែម​ទៀត។ គួរ​រម្លឹក​ថា សន្ធិសញ្ញា New Start នេះ​នឹង​ត្រូវ​អស់​សុពលភាព​នៅ​ថ្ងៃទី៥ កុម្ភៈ​ខាង​មុខ។

ផ្សាយពាណិជ្ជកម្ម

New Start ជា​សន្ធិសញ្ញា​ស្តីពី​ការ​កាត់បន្ថយ និង​ការ​កំណត់​ចំនួន​គ្រាប់ក្បាលនុយក្លេអ៊ែរ​ដែល​សហរដ្ឋអាមេរិក និង​ប្រទេស​រុស្ស៊ី​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ ២០១០។ តាម​រយៈ​សន្ធិសញ្ញា​មួយ​នេះ អតីត​គូប្រជែង​ក្នុង​សម័យ​សង្រ្គាមត្រជាក់​បាន​យល់ព្រម​គ្រប់គ្រង​ចំនួន​អាវុធ​នុយក្លេអ៊ែរ និង​ផ្តើម​កាត់បន្ថយ​បន្តិច​ម្តងៗ​ដោយ​អនុលោម​តាម​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ចុះ​ហត្ថលេខា​ក្នុង​ឆ្នាំ ១៩៦៨។ សន្ធិសញ្ញា New Strat បាន​តម្រូវ​ឲ្យ​សហរដ្ឋអាមេរិក និង​រុស្ស៊ី​រក្សា​ទុក​គ្រាប់​ក្បាល​នុយក្លេអ៊ែរ​ក្នុង​ប្រទេស​នីមួយៗ​យ៉ាង​ច្រើន​បំផុត​ត្រឹម ១ ៥៥០គ្រាប់។ ចំនួន​នេះ​គឺ​មាន​តិច​ជាង​ជិត ៣០% បើ​ធៀប​នឹង​ចំនួន​ដែល​ប្រទេស​ទាំង​ពីរ​បាន​កំណត់​ក្នុង​ឆ្នាំ ២០០២។

ក្រៅ​ពី​កំណត់​ចំនួន​គ្រាប់ក្បាល​នុយក្លេអ៊ែរ សន្ធិសញ្ញា New Start ឆ្នាំ ២០១០ ក៏​បាន​កំណត់​ចំនួន​ជើងទ្រ​សម្រាប់​បាញ់បង្ហោះ​គ្រាប់ក្បាលនុយក្លេអ៊ែរ និង​ចំនួន​យន្តហោះទម្លាក់គ្រាប់បែក​ធុនធ្ងន់​នៅ​ត្រឹម ៨០០គ្រឿង​សម្រាប់​ប្រទេស​នីមួយៗ​ដែរ។ សន្ធិសញ្ញា New Start នឹង​អស់​សុពលភាព​នៅ​ថ្ងៃទី៥ កុម្ភៈ​ខាង​មុខ។ ដូច្នេះ​វា​ជា​រឿង​បន្ទាន់​បំផុត​ដែល​ប្រទេស​ទាំង​ពីរ​ត្រូវ​ពន្យារ​ពេល​បន្ថែម។ គួរ​រម្លឹក​ថា បើ​យោង​តាម​របាយការណ៍​ចុង​ក្រោយ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ក្នុង​ទីក្រុង​ស្តុកខុល​ហៅកាត់ Sipri សហរដ្ឋអាមេរិក និង​រុស្ស៊ី​រួម​គ្នា​មាន​អាវុធនុយក្លេអ៊ែរ​ក្នុង​ដៃ​ជាង ៩០% នៃ​អាវុធនុយក្លេអ៊ែរ​សរុប​ក្នុង​លោក។

លោក​បៃដិន និង​លោក​ពូទីន​ចង់​បាន​ទំនាក់ទំនង​ប្រក្រតី​ឡើង​វិញ​រវាង​រុស្ស៊ី និង​សហរដ្ឋអាមេរិក

ការ​ដែល​រុស្ស៊ី និង​រដ្ឋបាល​អាមេរិក​ក្នុង​ជំនាន់​លោក​ដូណាល់ ត្រាំ​និយាយ​មិន​ត្រូវ​គ្នា​ក្នុង​ការ​ពន្យារ​សុពលភាព​សន្ធិសញ្ញា New Start ក៏​ដោយសារ​លោក​ត្រាំ​បាន​ដាក់​លក្ខខណ្ឌ​មួយ​ចំនួន​លើ​រុស្ស៊ី។ ក្នុង​ចំណោម​លក្ខខណ្ឌ​របស់​លោក​ត្រាំ មាន​លក្ខខណ្ឌ​មួយ​ដែល​បាន​ធ្វើ​ឲ្យ​ការ​ពន្យារ​សុពលភាព​លើ​សន្ធិសញ្ញា New Start អូសបន្លាយ​មក​ដល់​សព្វថ្ងៃ។ លក្ខខណ្ឌ​នោះ គឺ​លោក​ត្រាំ​ចង់​ទាញ​ប្រទេស​ចិន​ឲ្យ​ចូល​រួម​ដែរ​ដោយ​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា សមត្ថភាព​នុយក្លេអ៊ែរ​របស់​ចិន​កំពុង​មាន​សន្ទុះ​កើន​ឡើង​យ៉ាង​លឿន។ អ្នក​ចរចា​អាមេរិក​លោក Marshall Billingslea បាន​បញ្ជាក់​កាល​ពី​ខែ​មិថុនា ឆ្នាំ ២០២០ ថា លោក​កត់​សម្គាល់​ឃើញ​ពី​ល្បឿន​នៃ​កម្មវិធី​អភិវឌ្ឍ​គ្រឿងសព្វាវុធ​របស់​ចិន ហើយ​បាន​បរិហារ​ចិន​ពី​បទ​បាន​លាក់ និង​គ្មាន​តម្លាភាព​នៅ​ក្នុង​សំណុំរឿង​នេះ។

តាម​ពិត​ទៅ ចិន​មិន​បដិសេធ​លើ​ការ​ចរចា​ស្តីពី​បញ្ហា​នុយក្លេអ៊ែរ​ទេ គ្រាន់​តែ​ថា ចិន​ចង់​បាន​កិច្ចចរចា​មួយ​ជា​លក្ខណៈ​ពហុភាគី ពោល​មិនមែន​ទ្វេភាគី ឬ​ត្រីភាគី​ដូច​ដែល​អាមេរិក​ចង់​បាន​នោះ​ឡើយ។ ទន្ទឹម​នឹង​ការ​ចរចា​ស្តីពី​ការ​ពន្យារ​សុពលភាព​លើ​សន្ធិសញ្ញា New start បាន​ជាប់​គាំង លោក​ដូណាល់ ត្រាំ​ក៏​បាន​សម្រេច​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​អន្តរជាតិ​ចំនួន ៣ គឺ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ សន្ធិសញ្ញា​ស្តីពី​គ្រាប់មីស៊ីលចម្ងាយមធ្យម និង​សន្ធិសញ្ញា​មេឃចំហ ឬ Open Skies។ សន្ធិសញ្ញា​មេឃចំហ​នេះ​ក៏​ត្រូវ​បាន​រុស្ស៊ី​ដក​ខ្លួន​ចេញ​ដែរ។

លោក​បៃដិន​បោះដៃ​រក​រុស្ស៊ី តែ​បង្ហាញ​ជំហរ​ម៉ឺនម៉ាត់​ចំពោះ​រុស្ស៊ី

តាម​ពិត លោក​បៃដិន​បាន​ស្នើ​តាំង​ពី​ថ្ងៃទី២១ មករា ពោល​មួយ​ថ្ងៃ​ក្រោយ​ពី​លោក​បាន​ស្បថ​ចូល​កាន់​តំណែង​ឲ្យ​មាន​ការ​ពន្យារ​សុពលភាព​សន្ធិសញ្ញា New Start ចំនួន ៥ឆ្នាំ​បន្ថែម​ទៀត។ សំណើ​នេះ​ក៏​ត្រូវ​បាន​លោក​ពូទីន​សាទរ​ភ្លាមៗ​ដោយ​គ្មាន​អល់អែក។ នេះ​ស បញ្ជាក់​ឲ្យ​ឃើញ​ថា លោក​បៃដិន​មិន​បាន​ដាក់​លក្ខខណ្ឌ​ដូច​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ។ លោក​បៃដិន​ចង់​ស្តារ​ឡើង​វិញ​នូវ​ទំនាក់ទំនង​រកាំរកូស​ដែល​អាមេរិក​ក្នុង​ជំនាន់​លោក​ត្រាំ​មាន​ជា​មួយ​រុស្ស៊ី។ នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក​បៃដិន លោក​ពូទីន​ក៏​ចង់​បាន​ទំនាក់ទំនង​ប្រក្រតី​ឡើង​វិញ​រវាង​រុស្ស៊ី​ជាមួយ​រដ្ឋបាល​អាមេរិក​របស់​លោក​បៃដិន​ដោយ​លោក​ពូទីន​យល់​ថា គឺ​ដើម្បី​ប្រយោជន៍​រួម​រវាង​ប្រទេស​ទាំង​ពីរ​ផង និង​សហគមន៍​អន្តរជាតិ​ផង។

មែនទែន​ទៅ លោក​បៃដិន​យល់​មិន​ច្រឡំ​ទេ​ថា វា​គ្មាន​ខុស​ទាស់​អី​សោះ​ឡើយ​ដែល​គ្រាន់​តែ​ពន្យារ​ពេល​បន្ថែម​លើ​សន្ធិសញ្ញា​មួយ​ដែល​មាន​ស្រាប់​តាំង​ពី ១០ឆ្នាំ​មក​ហើយ​នោះ។ បើ​គេ​ពិនិត្យ​មើល​ឲ្យ​បាន​ស៊ីជ្រៅ​បន្តិច​ទៅ លោក​បៃដិន​ចង់​ប្រើ​យន្តការណ៍​ពន្យារ​សុពលភាព​សន្ធិសញ្ញា New Start ជាមួយ​រុស្ស៊ី​ពេល​នេះ​ដើម្បី​ជជែក​ជាមួយ​រុស្ស៊ី​លើ​សំណុំរឿង​អន្តរជាតិ​ផ្សេង​ទៀត​ដែល​រុស្ស៊ី​ជា​តួអង្គ​មិន​អាច​ខ្វះ​បាន ពិសេស​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ដែល​រុស្ស៊ី​ជា​ប្រទេស​ហត្ថលេខី​ម្នាក់។ បន្ទាប់​មក​នៅ​ក្នុង​កិច្ចសន្ទនា​ជាមួយ​លោក​ពូទីន​ដដែល លោក​បៃដិន​មិន​ភ្លេច​និយាយ​ប្រធានរឿង​ចំនួន ៣ ដែល​លោក​ពូទីន​ពិត​ជា​មិន​ចង់​ឮ​ទេ។

ប្រធានរឿង​ទី១ ទាក់ទង​នឹង​មេប្រឆាំង​រស្ស៊ី​លោក​អាឡិចសី ណាវ៉ាល់នី​ដែល​រដ្ឋអំណាច​រុស្ស៊ី​បាន​ចាប់​ដាក់​គុក​នៅ​ថ្ងៃ​ដែល​លោក​ណាវ៉ាល់នី​បាន​ត្រឡប់​ចូល​ស្រុក​វិញ បន្ទាប់​ពី​ត្រូវ​បាន​គេ​ដាក់​ថ្នាំពុល និង​សម្រាក​ព្យាបាល​ក្នុង​ប្រទេស​អាល្លឺម៉ង់ ប្រធានរឿងទី២ ទាក់ទង​នឹង​ការ​វាយប្រហារ​តាម​អ៊ីធ័រនែត​លើ​ស្ថាប័ន​សហព័ន្ធ​អាមេរិក​ដែល​រដ្ឋបាល​អាមេរិក​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​រុស្ស៊ី និង​ប្រធានរឿងទី៣ ទាក់ទង​នឹង​ការ​សង្ស័យ​លើ​រុស្ស៊ី​ដែល​បាន​ឲ្យ​លុយ​ពួក​ឧទ្ទាម​តាលីបង់​ដើម្បី​សម្លាប់​ទាហាន​អាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ ឃើញ​ថា​នៅ​ម្ខាង លោក​បៃដិន​បោះ​ដៃ​រក​រុស្ស៊ី និង​នៅ​ម្ខាង​ទៀត លោក​បៃដិន​បង្ហាញ​ជំហរ​ម៉ឺងម៉ាត់​ដាក់​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI