ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឧត្តមសេនីយ៍​ ​មីន អ៊ុងឡាំង ​មេទ័ព​​ដែល​ស្រម៉ៃ ចង់​គ្រប់គ្រង​អំណាច​ទាំងស្រុង​​នៅ​ភូមា

សំឡេង ០៧:១៥
លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង អគ្គមេបញ្ជាការកំពូល នៃកងទ័ពភូមា ដែល​បានដឹកនាំ​ការធ្វើរដ្ឋប្រហារ និងចាប់​ខ្លួន​លោកស្រី អ៊ុងសាន​ ស៊ូជី នៅថ្ងៃទី​១កុម្ភៈ ២០២១។
លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង អគ្គមេបញ្ជាការកំពូល នៃកងទ័ពភូមា ដែល​បានដឹកនាំ​ការធ្វើរដ្ឋប្រហារ និងចាប់​ខ្លួន​លោកស្រី អ៊ុងសាន​ ស៊ូជី នៅថ្ងៃទី​១កុម្ភៈ ២០២១។ Ye Aung Thu AFP/Archivos

កាលពីថ្ងៃទី ១កុម្ភៈ កងទ័ពភូមាបានធ្វើ​រដ្ឋប្រហារ រំលាយ​រដ្ឋាភិបាល​ស៊ីវីល ព្រមទាំងធីបចោល នូវ​លទ្ធផល​បោះឆ្នោតសភា កាលពីខែវិច្ឆិកាឆ្នាំ២០២០ ដែល​បាន​ប្រគល់ជ័យជំនះ ​ប្រមាណ​៨០% ទៅឲ្យ​គណបក្សលោកស្រីអ៊ុងសាន ស៊ូជី។ ចាប់ពីពេលនេះទៅ អំណាចគ្រប់គ្រងប្រទេសទាំងស្រុង ត្រូវស្ថិតនៅក្នុងដៃមនុស្ស​តែម្នាក់គត់ គឺលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែលជាអគ្គមេបញ្ជាការកំពូល នៃ​កងទ័ពជាតិភូមា។ តើលោកឧត្តមសេនីយ៍ម្នាក់នេះជានរណា ហើយ​ហេតុអ្វី បាន​ជាសម្រេច ធ្វើរដ្ឋប្រហារដណ្តើមអំណាចនៅពេលនេះ ខណៈដែលកងទ័ព​បានសន្យាបែងចែកអំណាច និងអាចគ្រប់គ្រងក្រសួងសំខាន់ៗរួចទៅហើយនោះ?

ផ្សាយពាណិជ្ជកម្ម

នៅពីក្រោយ​ផែនការធ្វើរដ្ឋប្រហារ នៅថ្ងៃទី​១កុម្ភៈ គឺមានមនុស្សម្នាក់ដ៏សំខាន់ ដែលជាអ្នកដឹកនាំចាត់ចែង នោះគឺឧត្តមសេនីយ៍ មីន អ៊ុងឡាំង។ មានអាយុ៦៤ឆ្នាំ លោកឧត្តមសេនីយ៍រូបនេះ ធ្លាប់ត្រូវបានគេគិតរំពឹងថា ប្រហែលជាត្រូវចូលនិវត្តន៍នៅចុងឆ្នាំនេះហើយ។ តែទីបំផុត អំណេះតទៅ អំណាចគ្រប់គ្រងប្រទេសភូមាទាំងស្រុង នឹងត្រូវស្ថិតក្នុងកណ្តាប់ដៃ របស់លោកឧត្តមសេនីយ៍រូបនេះ។ នេះគឺជា​ការធ្វើរដ្ឋប្រហារ ដោយ​ក្រុមយោធា ជាលើកទី៣ហើយ បើគិតចាប់ពីឆ្នាំ​១៩៤៨មក បន្ទាប់ពី​ភូមា បានឯករាជ្យពីចក្រភពអង់គ្លេស។

មហិច្ឆិតាម៉ឺងម៉ាត់ ដោយស្ងាត់ស្ងៀម

លោកមីន អ៊ុងឡាំង បានប្រលងជាប់ ចូលរៀននៅ​បណ្ឌិតសភាការពារជាតិភូមា​​ នៅឆ្នាំ​១៩៧៤ បន្ទាប់ពីបាន​បរាជ័យ ​ធ្លាក់ចំនួន​២លើក។ លោកធ្លាប់ត្រូវបាន អ្នករៀនរួមជំនាន់ អះអាងថា ជានាយទាហានម្នាក់ មានសមត្ថភាព​មធ្យម។ តែគឺចាប់ពីឆ្នាំ​២០០៩មក លោក មីន អ៊ុងឡាំង បានចាប់ផ្តើមឡើងស័កស្រឺតស្រឺត ក្លាយជាផ្កាយមួយ​ដួង ដ៏ភ្លឺចិញ្ចែងចិញ្ចាច ក្នុងជួរកងទ័ពភូមា។

នៅខែសីហា ឆ្នាំ២០០៩ ក្រោមការដឹកនាំរបស់​លោក​មីន អ៊ុងឡាំង កងទ័ពភូមា បានបើកប្រតិបត្តិការ​បង្រ្កាប​បានយ៉ាងជោគជ័យ ទៅលើ​ក្រុម​ប្រដាប់អាវុធ បះបោរ នៅតំបន់ Kokang ដែលជាតំបន់ស្វយ័ត ស្ថិតនៅភាគឥសាន ជាប់ព្រំដែនជាមួយចិន។ តំបន់ Kokang សំបូរទៅដោយ​បនល្បែង លាងលុយក្រខ្វក់ បានមកពី​អំពើទុច្ចរិត ដូចជាការជួញដូរគ្រឿងញៀនជាដើម។ ក្រោយជោគជ័យនេះ នៅ​​ឆ្នាំ​២០១១ លោកមីន អ៊ុងឡាំង ត្រូវបានលោកឧត្តមសេនីយ៍ ថាន់ ស្វេ អគ្គមេបញ្ជាការកំពូលនៃកងទ័ពភូមាកាលជំនាន់នោះ ជ្រើសរើសឲ្យ​ធ្វើជាអ្នកស្នងតំណែងបន្តពីលោក។

ក្នុងនាមជាអគ្គមេបញ្ជាការកំពូលនៃកងទ័ពជាតិភូមា លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្លាប់បាន​អួតសរសើរខ្លួនឯងថា គឺលោកនេះហើយ ដែលជាអ្នកបានធ្វើកំណែទម្រង់ បើក​ប្រទេសឡើងវិញ ដើរ​តាម​មាគ៌ាលទ្ធិ​ប្រជាធិបតេយ្យ ហើយ​ឈាន​ទៅ​រៀបចំ​ការបោះឆ្នោត​ដោយសេរី នៅឆ្នាំ​២០១៥​។ តែការពិតជាក់ស្តែង ទោះបីជាភូមា មានរដ្ឋាភិបាលស៊ីវីល​ដឹកនាំដោយ​​​គណបក្សសម្ព័ន្ធជាតិ ប្រជាធិបតេយ្យ​ របស់​លោកស្រីអ៊ុងសាន ស៊ូជីមែន តែធាតុពិត កងទ័ពភូមានៅតែ​បន្ត​ក្តោបក្តាប់អំណាចយ៉ាងណែនដដែលទេ ប្រមាណ​៥ឆ្នាំមក​នេះ​​។ ក្រុមកងទ័ពភូមា ដឹកនាំដោយ​លោក ឧត្តមសេនីយ៍ មីន អ៊ុងឡាំង​ មានអាសនៈសភាចំនួនន​២៥%ដោយស្វ័យប្រវត្តិ ហើយកាន់ក្រសួងចំនួន៣៖ ក្រសួង​ការពារជាតិ ក្រសួង​មហាផ្ទៃ និង​ក្រសួងកិច្ចការព្រំដែន។

កសាងកេរ្តិ៍ឈ្មោះកងទ័ព ឲ្យ​ប្រជាជនភូមាស្រលាញ់គាំទ្រ

តាមពិតទៅ នៅមុនធ្វើ​រដ្ឋប្រហារថ្ងៃទី​១កុម្ភៈ​២០២១ គ្រប់គ្នា​ដឹង​ស្រេច​ទៅ​ហើយ​ ថា​លោក​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង គឺជាមនុស្សមានអំណាចបំផុត​នៅភូមា។ ថ្វីបើ​របត់ងាកទៅរកលទ្ធិប្រជាធិបតេយ្យ ដែលឧត្តមសេនីយ៍រូបនេះ បានអួតសរសើរមានកម្រិតគួរឲ្យ​កត់សំគាល់មែន តែការពិត គ្មាននរណាអាចស្មានឲ្យបានច្បាស់ អំពីការយល់ឃើញ និង​ទស្សនវិស័យពិតប្រាកដ របស់លោក​ឧត្តមសេនីយ៍​រូបនេះ ទាក់ទិននឹង​លទ្ធិប្រជាធិបតេយ្យ​ឡើយ។

ឬមួយក៏ ការដែល​​កងទ័ពភូមា យល់ព្រមធ្វើសម្បទាន រៀបចំឲ្យ​មានការបោះឆ្នោតនៅឆ្នាំ២០១៥ វាគ្រាន់តែជាយុទ្ធសាស្ត្រ ដើម្បីលាងមុខមាត់ និងកិត្តិយស​ របស់របបសិកភូមា ដែលប្រជាជនស្អប់ខ្ពើម? តាមរយៈការយល់ព្រមធ្វើកំណែទម្រង់នេះ កងទ័ពភូមា ដែលដឹកនាំដោយ​លោកមីន អ៊ុងឡាំង អាចប្រហែលជាសង្ឃឹម​ថា នឹងអាចលួងចិត្តប្រជាជនបានខ្លះ ហើយ​កសាងមុខមាត់បន្តិចម្តងៗ មុននឹងឈានទៅ​យកឈ្នះការបោះឆ្នោត ដឹកនាំប្រទេសឲ្យ​ពេញមុខឡើងវិញ។

ជាក់ស្តែង កិត្តិយសរបស់កងទ័ពភូមា ប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់ដូចជាបាន​ល្អ​ប្រសើរឡើងខ្លាំង ជាពិសេស តាមរយៈប្រតិបត្តិការ​បណ្តេញ និងកាប់សម្លាប់ទៅលើ​ប្រជាជនរ៉ូហ៊ីងយ៉ា នៅរវាងឆ្នាំ​២០១៨។ សារនយោបាយ ​បែបរើសអើងប្រកាន់ពូជសាសន៍ និងសាសនា ត្រូវបានក្រុមកងទ័ពភូមា ផ្សព្វផ្សាយ​យ៉ាងព្រោងព្រាត។ ប្រតិបត្តិការនេះ បានញ៉ាំងអោយ​ប្រជាជនភូមា អ្នក​កាន់ពុទ្ធ​សាសនា​​ជ្រុលនិយម​ខ្លះ សម្លឹងឃើញគុណសម្បត្តិរបស់កងទ័ព ក្រោមការ​​ដឹកនាំដោយ​លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង។

លទ្ធផលឆ្នោតខែវិច្ឆិកា២០២០​ ដូចទះកំផ្លៀងកងទ័ព

តែយ៉ាងណា យុទ្ធសាស្ត្រនេះ បានធ្វើ​ឲ្យភូមា ត្រូវបាក់មុខ​នៅលើឆាកអន្តរជាតិ។ កងទ័ពភូមា ត្រូវជាប់ចោទពីបទធ្វើសកម្មភាពបោសសំអាត ប្រល័យពូជសាសន៍ ទៅលើជនជាតិរ៉ូហ៊ីងយ៉ា។ លោក ឧត្តមសេនីយ៍ មីន អ៊ុងឡាំង និងបក្សពួកមួយ​ចំនួន​ទៀត ត្រូវបាន​រដ្ឋាភិបាលអាមេរិក​ ដាក់ទណ្ឌកម្ម បង្កកទ្រព្យសម្បត្តិ និងហាមជាន់ដីអាមេរិក ជាដើម។ល។ ក្រុមកងទ័ពភូមា ប្រហែល​ជាធ្លាប់គិតថា ភាព​អាម៉ាស នៅលើ​ឆាកអន្តរជាតិ វាមិនសូវចោទជាបញ្ហាទេ។ អ្វីដែលសំខាន់ គឺកម្លាំងគាំទ្រនៅ​ក្នុង​ស្រុក ថាតើ​​ខ្លួន​អាច​​ក្តាប់​បាន​កម្រិតណា។ តែទីបំផុត ការបោះឆ្នោត នៅខែវិច្ឆិកា ឆ្នាំ​២០២០ គឺ​ប្រៀបបីដូចជាការទះកំផ្លៀងមួយទំហឹង ទៅលើក្រុម​ឧត្តមសេនីយ៍​ទាំងនេះ។ ប្រជាជនភូមា​ប្រមាណ​​​៨០% បានបោះឆ្នោតភ្លូកទឹកភ្លូកដី ជូនគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់​លោក​ស្រី អ៊ុងសាន​ ស៊ូជី។

គឺនៅក្រោយ​បរាជ័យ​ ​ដ៏អាម៉ាសនេះហើយ ទើបធ្វើឲ្យ​លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង គិតថា មានតែ​យកអំណាចតាមរយៈការធ្វើរដ្ឋប្រហារទេ ដើម្បីក្តាប់អំណាច​មួយរយៈ ហើយចាំរៀបចំការបោះឆ្នោតម្តងទៀត ដោយធ្វើយ៉ាងណា​រៀបចំឲ្យក្រុម​​កងទ័ព មានលទ្ធភាពឈ្នះឆ្នោត ឲ្យ​បានខ្ពស់បំផុត​។​ ជាការកត់សំគាល់មួយទៀតនោះ ការធ្វើរដ្ឋប្រហារនៅថ្ងៃទី​១កុម្ភៈ បានប្រព្រឹត្តិទៅដោយស្ងាត់ស្ងៀមបំផុត ដោយមិនធ្វើ​ឲ្យ​ប្រជាជន​ភ័យបារម្ភខ្លាំងឡើយ ដើម្បីរក្សារូបភាព​ល្អរបស់កងទ័ព។ មុនរដ្ឋប្រហារ​ជាច្រើនថ្ងៃ លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង បាននិយាយដោយខ្លួនឯងទៀតផង ថាកងទ័ពអាចនឹងធ្វើរដ្ឋប្រហារ លប់ចោលរដ្ឋធម្មនុញ្ញ ដែលនេះវាហាក់ដូច ជាការឲ្យ​សញ្ញា ​ឲ្យ​​ប្រជាជន​ត្រៀមខ្លួន។

យកគម្រូតាមលោក ប្រាយុទ្ធ ចាន់អូចា នៅថៃ?

លោក Hervé Lemahieu អ្នកជំនាញស្រាវជ្រាវស្តីពីភូមា ប្រចាំនៅ​វិទ្យាស្ថាន Lowy ប្រទេសអូស្ត្រាលី បានលើកឡើងថា ជាការពិតណាស់ លោក មីន អ៊ុងឡាំង ធ្លាប់បានបង្ហាញ​ឲ្យ​ឃើញច្រើន​ដង​មកហើយ នូវមហិច្ឆិតានយោបាយចង់គ្រប់​គ្រងប្រទេស​​ លើសពីការដឹកនាំកងទ័ពធម្មតា។ លោកឧត្តមសេនីយ៍​រូបនេះ ពិតជា​ធ្លាប់ស្រម៉ៃចង់ឈ្នះឆ្នោត ក្លាយ​ជាអ្នកដឹកនាំប្រទេសភូមា ដោយពេញមុខ។ លោក Hervé Lemahieu យល់ថាប្រហែលជា​លោក ឧត្តមសេនីយ៍មីន អ៊ុងឡាំង ចង់យកគំរូ តាម​លោក ប្រាយុទ្ធ ចាន់អូចា នៅប្រទេសថៃ ដែលបានធ្វើរដ្ឋប្រហារយោធាគ្រប់គ្រងប្រទេសមួយរយៈ ហើយបន្ទាប់មក ​ឈានទៅ​យកឈ្នះ​ការបោះឆ្នោត​នៅ​ពេលក្រោយ បន្ទាប់​ពី​​បាន​រារាំង មិនឲ្យ​​គណបក្ស​​ប្រឆាំង អាច​ចូលរួម​​ការ​បោះឆ្នោតបាន។

តែយ៉ាងណាក៏ដោយ ស្ថានការណ៍នៅពេលនេះ គឺវាអាស្រ័យទៅលើ​កម្លាំងរើបំរាស់តវ៉ា របស់​ប្រជាជនភូមា ថាតើវាមានកម្រិតទំហំប៉ុនណា។ លោក Khin Zaw Win សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ភូមា បានលើកឡើងថា ប្រជាជនភូមា នៅចាំមិនទាន់ភ្លេចទេ នូវសេចក្តីទុក្ខលំបាកវេទនា ក្រោមអំណាចផ្តាច់ការរបស់​របបសិកភូមា។ ដូច្នេះ មិនប្រាកដទេ ថាប្រជាជនភូមា នឹងទទួលយកវានៅលើកនេះម្តងទៀត។ លោក ​Khin Zaw Win យល់ថា បើក្រុមកងទ័ពភូមា ចង់បានអំណាច​ម្តងទៀត​នៅលើកនេះ គឺប្រាកដ​ជាត្រូវ​​ធ្វើ​​សម្បទាន​ច្រើនណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI