ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភូមា៖ បាតុកម្ម​តវ៉ា​បានចុះថយ ខណៈ​ក្រុម​យោធា​ពង្រាយ​កម្លាំង និង​រថពាសដែក​

សំឡេង ០៧:០៩
ទាហាននឹងរថក្រោះ ត្រូវបានគេដាក់ពង្រាយ​ នៅទីក្រុងណៃពីដាវ ថ្ងៃទី ១៥កុម្ភៈ ២០២១
ទាហាននឹងរថក្រោះ ត្រូវបានគេដាក់ពង្រាយ​ នៅទីក្រុងណៃពីដាវ ថ្ងៃទី ១៥កុម្ភៈ ២០២១ REUTERS - STRINGER

សកម្មភាពបាតុកម្មតវ៉ា ប្រឆាំងនឹង​ការធ្វើរដ្ឋ​ប្រហារយោធា នៅ​ប្រទេសភូមា គឺនៅតែបន្តយ៉ាងសកម្ម តែកម្លាំងមនុស្សចូលរួមបាតុកម្ម ហាក់បានចុះថយបន្តិចន​ៅថ្ងៃចន្ទ ទី​១៥កុម្ភៈនេះ បន្ទាប់ពី​កងទ័ពបានដាក់ពង្រាយកម្លាំង និង​រថពាសដែកជាច្រើនគ្រឿង កាលពីយប់ម្សិលមិញ។ នេះបើផ្អែកតាមអ្នករាយការណ៍ព័ត៌មាន ប្រចាំនៅភូមា។ បើបាតុកម្មនៅតែបន្ត តើកងទ័ព នឹងប្រើ​កម្លាំងបង្រ្កាប បង្ហូរឈាម ឬយ៉ាងណា?​ តើសេចក្តីក្លាហានរបស់​ប្រជាជនភូមា ដែលទាមទារលទ្ធិប្រជាធិបតេយ្យ និងផុសផុលកាន់តែខ្លាំង ឬមួយ​ត្រូវចុះញ៉មនឹងកម្លាំងកងទ័ព?

ផ្សាយពាណិជ្ជកម្ម

ពង្រាយទ័ព និងរថពាសដែក

នៅថ្ងៃចន្ទទី១៥កុម្ភៈ បាតុកម្មនៅតែបន្តមាននៅ​តាម​ទីក្រុងធំៗ នៅភូមា។ នៅក្រុងរ៉ង់ហ្គូន ក្បួនបាតុកម្មបានជួបជុំគ្នា នៅភាគខាងជើងទីក្រុង ក្បែរទីតាំង ធនាគារជាតិ​ ដោយ​បាតុករ បានស្រែកប្រកូក​ប្រកាស ឲ្យ​បុគ្គលិក ធនាគារជាតិ ក៏ដូចជាបុគ្គលិក​រដ្ឋទាំងអស់ ត្រូវធ្វើ​ពហិការ កុំចូលធ្វើការ ដើម្បីបង្ហាញពីការមិនសុខចិត្ត ចំពោះការធ្វើរដ្ឋប្រហារ។

បើយោងតាម​ការរាយការណ៍របស់អ្នកយកព័ត៌មាន​យើងនៅទីនោះ គឺថាកម្លាំងប្រជាជនចូលរួមបាតុកម្ម ហាក់បាន​ចុះថយបង្គួរ តែវាអាចមកពី​ថ្ងៃនេះ ជាថ្ងៃដើមសប្តាហ៍ ហើយ​មនុស្សបានចូលរួមខ្លាំងប៉ុន្មានថ្ងៃជាប់គ្នាមកហើយ។ តែហេតុផលមួយទៀត ​ដែលធ្វើឲ្យ​មានការថយចុះនៃសន្ទុះបាតុកម្ម គឺដោយ​សារតែ​កងទ័ព បានដាក់ពង្រាយ​កម្លាំង និងរថក្រោះជាច្រើនគ្រឿង កាលពីយប់ថ្ងៃអាទិត្យ​ទី១៤កុម្ភៈ។ សេវាទូរស័ព្ទ និងអ៊ីនធ័រណិតវិញ ក៏បានរអាក់រអួលខ្លាំងដែរ កាលពីថ្ងៃអាទិត្យ។

បាតុករម្នាក់ឈ្មោះ Nyein Moe បានប្រាប់អ្នកកាសែតយើងថា វត្តមានរបស់កងទ័ព និងរថពាស​ដែក​នៅច្រូងច្រាង តាមផ្លូវធំៗក្នុងក្រុងរ៉ង់ហ្គូន គឺបានធ្វើ​ឲ្យ​ប្រជាជនភ័យណាស់។ ប្រជាជនភូមា នៅចាំមិនទាន់ភ្លេចទេ នូវការបង្រ្កាបបង្ហូរឈាម បាញ់សម្លាប់បាតុករ ពីសំណាក់កងទ័ពភូមា កាលពី​ជំនាន់​បាតុកម្ម ឆ្នាំ១៩៨៨ និង​ឆ្នាំ២០០៧។

យ៉ាងណាមិញ កាលពី​ថ្ងៃអាទិត្យ​ទី១៤​កុម្ភៈ កងទ័ពក៏បាន​ប្រើកម្លាំងខ្លះដែរ​ ដើម្បីបំបែកបាតុករ ដូចជានៅ​ក្រុងណៃពីដាវ គេបានប្រើ​កាណុងបាញ់ទឹក ប្រើឧស្ម័ន​បង្ហូរទឹកភ្នែក និងបានបាញ់កាំភ្លើងផង ធ្វើ​ឲ្យ​របួសបាតុករច្រើននាក់។ តែរហូតមកត្រឹមពេលនេះ យើងមិនមានប្រភពព័ត៌មាន​បញ្ជាក់​ឲ្យ​ច្បាស់ថា កងទ័ពប្រើកាំភ្លើង បាញ់គ្រាប់ពិត ឬគ្រាប់កៅស៊ូនោះទេ។ យ៉ាងណាក៏ដោយ ស្មារតីរបស់បាតុករភូមា ហាក់បានចុះតក់ស្លុតបន្តិចនៅថ្ងៃចន្ទនេះ។ មួយវិញទៀត ក្រុមហ៊ុន សហគ្រាសខ្លះ បានផ្ញើអ៊ីម៉ែល ទៅបុគ្គលិកដោយ​ប្រាប់ថា ត្រូវចៀសកុំទៅចូលរួមបាតុកម្មឲ្យសោះ។ កងទ័ពក៏​បាន​គំរាម ចេញបញ្ជាឲ្យ​បុគ្គលិករដ្ឋទាំងអស់ ត្រូវចូលធ្វើការវិញ ពុំនោះទេនឹងរកទណ្ឌកម្មពិន័យ។

សកម្មភាពចាប់មនុស្សក្នុងពេល​យប់

អាជ្ញាធរបានធ្វើសកម្មភាព តាមចាប់មនុស្សជាច្រើននាក់។ ក្នុងចំណោមនោះ គេបានចេញ តារាងឈ្មោះមនុស្ស៧នាក់ ដែលកងទ័ពកំពុងតាមចាប់យ៉ាងសកម្មបំផុត។ រូបថតមនុស្សទាំង​៧នាក់នេះ ត្រូវបាន​គេ​បិទផ្សាយ​ជាសាធារណៈ ហើយ​នរណាក៏ដោយ ដែលចូលរួម​ជួយ​លាក់បំពួន ជនទាំងនេះ គឺកងទ័ពនឹងចាត់វិធានការ។ ក្នុងចំណោមសកម្មជនបាតុកម្ម ដែលចេញមុខខ្លាំងទាំង​៧នាក់នេះ គឺមានម្នាក់ជាអតីតមេចលនានិស្សិត ដែលបានដឹកនាំបាតុកម្ម កាលពី​ឆ្នាំ​១៩៨៨។

ប៉ុន្មានថ្ងៃចុងក្រោយនេះ សមត្ថកិច្ច បានចុះចាប់មនុស្ស​ក្នុងវេលាយប់ នៅតាមទីក្រុងនានា។ ប្រការនេះ បានធ្វើ​ឲ្យ​ប្រជាជនភូមា រួមគ្នាបង្កើតក្រុមប្រជាឃ្លាំមើលជាច្រើនក្រុម ដើម្បី​ជួយ​តាមសង្កេត និង​ផ្តល់ដំណឹងដល់អ្នកជិតខាង តាមភូមិឃុំសង្កាត់ ប្រាប់ដំណឹងគ្នាទៅវិញទៅមក ក្នុងករណីមានការចុះចាប់កណ្តាលយប់អាធ្រាត្រ។

នៅទីក្រុងណៃពីដាវ នៅថ្ងៃចន្ទនេះ មាននិស្សិតជាង​២០នាក់ រួមនឹងបាតុករច្រើននាក់ទៀត ត្រូវបានកងទ័ពឃាត់ខ្លួន នៅក្នុងពេល​បាតុកម្ម។ នេះបើផ្អែកតាមអ្នករាយ​ការណ៍​ព័ត៌មានប្រចាំនៅទីនោះ។ ហើយនៅថ្ងៃចន្ទនេះដែរ អ្នកកាសែតចំនួន​៥នាក់ ដែលគេចាប់ខ្លួនកាលពីថ្ងៃអាទិត្យ​ម្សិលមិញ នៅភាគខាងជើង ត្រូវបានគេដោះលែងមកវិញហើយ។

ជាសរុប​គិតចាប់ពីថ្ងៃទី១កុម្ភៈមក គឺមាន​មនុស្សប្រមាណ​៤០០នាក់ ដែលត្រូវក្រុមកងទ័ពចាប់ ហើយស្ថិតនៅក្នុងការឃុំខ្លួននៅឡើយ ក្នុងនោះគឺមានចំរុះ ទាំងសមាជិកសភា ទាំងសកម្មជននយោបាយ បាតុករនិស្សិត គ្រូពេទ្យ និងអ្នកច្បាប់ផង។ ចំណែកលោកស្រី អ៊ុងសាន ស៊ូជី កំពុងស្ថិតក្នុង​ការឃុំខ្លួននៅគេហដ្ឋានរបស់លោកស្រី នៅក្រុងណៃពីដាវ។​ តាមធម្មតានីតិវិធីឃុំខ្លួន​បណ្តោះអាសន្ន លើលោកស្រី គឺត្រូវចប់នៅថ្ងៃចន្ទនេះ ដោយតុលាការត្រូវបើកសវនាកា។ ក៏ប៉ុន្តែបើផ្អែកតាមការជូនដំណឹងពីលោក Khin Maung Zaw មេធាវីផ្ទាល់របស់លោកស្រី អ៊ុងសាន ស៊ូជី គឺសវនាកា ត្រូវបានគេលើកទៅថ្ងៃពុធវិញ។

លទ្ធភាព អាចកើតការ​បង្រ្កាបដោយ​បង្ហូរឈាម?

គិតត្រឹមពេលនេះ កងទ័ព​ហាក់នៅទប់ៗមែន តែ​មិនប្រាកដ​ថា តទៅមុខ​នឹងនៅតែ​អញ្ចឹងទេ។ តែយើង ក៏មិនអាចមើលស្រាល កម្លាំងទឹកចិត្ត និងសេចក្តី​​ក្លាហានរបស់​ប្រជាជនភូមាបានដែរ។ លោក Tom Andrews តំណាងអង្គការ​សហប្រជាជាតិ ​ប្រចាំនៅភូមា ​បាន​លើកឡើងនៅថ្ងៃចន្ទនេះថា បើ​ក្នុងករណីមានការបង្រ្កាប​ បង្ហូរឈាម គឺកងទ័ពភូមា ជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់។

បើតាមការវិភាគខ្លះ​​ គឺថាកងទ័ពភូមា ទំនងជា​មិនចង់ឲ្យ​កើតមានការបង្ហូរឈាម ដូចក្នុង​ប្រវត្តិសាស្ត្រ​កន្លងមកទេ។ ព្រោះថាបើកងទ័ពចង់​បង្រ្កាប ប្រើអាវុធ ម្លេះគឺធ្វើភ្លាម​តាំងតែពី​ថ្ងៃទីមួយ​នៃបាតុកម្មម្លេះ។ តែដូចយើងបានសង្កេតកន្លងមក គឺថាកងទ័ព​ខំប្រឹងកសាងមុខមាត់សម្បើមណាស់ ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយដើរតួ​ជាអ្នក​បើក​ច្រកប្រជាធិបតេយ្យ ឲ្យមានការបោះឆ្នោត ការពារព្រំដែន ការពារផលប្រយោជនជនជាតិភូមា កាន់សាសនាព្រះពុទ្ធជាដើម។ ទាំងអស់នេះ គឺកងទ័ពខំប្រឹង សំអិតសំអាងយកចិត្តប្រជាជនភូមា ឲ្យឃើញថាខ្លួនអាចទុកចិត្តបាន ហើយ​សង្ឃឹមថានឹងអាចឈ្នះឆ្នោតដោយពេញមុខ។ ដូច្នេះបើប្រើកម្លាំង បង្ហូរឈាមនៅពេលនេះ គឺអ្វីៗដែលខំសាងមក៥ឆ្នាំចុងក្រោយនេះ នឹងរលាយសូន្យ។

ហេតុដូច្នេះហើយ បាន​ជាមានមតិខ្លះ ជំរុញថា ត្រូវតែវែកផ្លូវរកការចរចា ជាមួយ​កងទ័ពឲ្យបាន​។ យ៉ាងណាមិញ លោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បានអំពាវនាវ ឲ្យកងទ័ពធានាការពារសិទ្ធិជួបជុំ ធ្វើបាតុកម្មដោយ​សន្តិវិធី របស់​ប្រជាជនភូមា។ លោកក៏បានអំពាវនាវ ឲ្យ​កងទ័ពភូមា ត្រូវបើកផ្លូវ ឲ្យ​លោកស្រី Christine Schraner Burgener ប្រេសិទពិសេសរបស់អង្គការសហប្រជាជាតិ​​ អាចចូលទៅ​ពិនិត្យ​ស្ថានការណ៍​ដោយ​ផ្ទាល់ នៅភូមា ហើយអាចឈានទៅតភ្ជាប់ស្ពាន ដើម្បីចរចានយោបាយ​៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI