ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​បាន​ជា​១០ឆ្នាំ​​​ក្រោយ​បដិវត្ត លីប៊ីនៅ​តែ​មិន​អាច​ផ្សះផ្សា​ជាតិបាន?

សំឡេង ០៦:៤៤
លីប៊ី​ប្រារព្វ​ខួប​១០​ឆ្នាំ នៃ​បដិវត្ត​ផ្តួលរបប​ដឹកនាំ​ផ្តាច់ការ កាដាហ្វី នៅ​ទីលាន Martyrs
លីប៊ី​ប្រារព្វ​ខួប​១០​ឆ្នាំ នៃ​បដិវត្ត​ផ្តួលរបប​ដឹកនាំ​ផ្តាច់ការ កាដាហ្វី នៅ​ទីលាន Martyrs - AFP

ថ្ងៃទី ១៧កុម្ភៈ២០១១ - ១៧​កុម្ភៈ​២០២១ ថ្ងៃ​នេះ​ជា​គម្រប់​ខួប​១០ឆ្នាំគត់​នៃការ​ងើប​ធ្វើ​បដិវត្ត​នៅ​ប្រទេស​លីប៊ី។ ការងើប​បះបោរ​ធ្វើ​បដិវត្ត ដែលដោយ​មាន​ជំនួយ​ពី​យោធា​របស់​កងសម្ព័ន្ធអន្តរជាតិ ​បានផ្តួល​រំលំរបប​​ដឹកនាំ​ផ្តាច់ការកាដាហ្វី​ Mouammar Kadhafi បាន។ ១០ឆ្នាំក្រោយ លីប៊ី​នៅ​តែ​ពុំ​ទាន់ស្គាល់​ស្ងប់ស្ងាត់​និង​សន្តិភាព។ ពេញ​មួយ​ទសវត្សរ៍​នេះ​លីប៊ី​វីវក់​​​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម ដែល​បង្ក​ឱ្យ​មាន​ជនរងគ្រោះ​រាប់​មិនអស់ និង​ភាព​ប្រេះ​ឆាដណ្តើម​អំណាច​ ពុះ​ចែកប្រទេស​​ជា​ចម្រៀកៗ ព្រមទាំង​ហួងហែង​ដោយ​មហា​អំណាច​បរទេសទៀត។ ​ចំណែក​​អង្គការ​សហប្រជាជាតិ​ដែលមិន​អាច​រក​ដំណោះស្រាយ​បាន ​កំពុង​​បន្ត​ជ្រោមជ្រែង​បង្កើត​រដ្ឋាភិបាល​ថ្មី​​និង​រៀប​ចំ​ការ​បោះឆ្នោត​នៅ​ចុង​ឆ្នាំ។

ផ្សាយពាណិជ្ជកម្ម

ពិធី​បារព្វខួប​មាន​ធ្វើ​តែ​នៅ​ក្រុង​ទ្រីប៉ូលី តំបន់ដែល​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាលបង្រួបបង្រួម​ជាតិ (ទទួលស្គាល់ដោយ​អន្តរជាតិ)។ មានការ​ដង្ហែ​​ក្បួនព្យុះហយាត្រា មានអុជ​ភ្លើង​នៅ ទីលានសន្តិភាព Martyrs ផង​កាលពី​ម្សិលមិញ។

តែ​ ពលរដ្ឋ​លីប៊ី​ពាក់​កណ្តាល​ទៀត នៅប៉ែក​ខាងកើត​ប្រទេស និង​ដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ឧត្តម​សេនីយ៍ ហាហ្វតា មិន​ប្រារព្វ​ខួប​បដិវត្តនេះ​ទេ បើ​ទោះ​បី​ជា​ឧត្តមសេនីយ៍​ហាហ្វតា ធ្លាប់​គាំទ្រ​ចលនាបដិវត្តដើម្បី​ផ្តួលរំលំ​របប​កាដាហ្វី​ក៏​ដោយ។ សម្រាប់​សកម្មជន​លីប៊ី​នៅភាគខាងកើត​ គេមិន​អាច​អបអរ​ខួប​១០​ឆ្នាំនៃ​ការបះបោរ​បានទេ ព្រោះ​ក្រោយ​បដិវត្ត​ប្រទេស​បែរ​ជា​ធ្លាក់​ក្នុង​គ្រោះហមន្តរាយ​ លែង​មាន​ស្ថិរភាព​ទៅ​វិញ។ ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​បែរ​ជា​ត្រូវ​ជួប​ការ​ខ្វះ​ខាត​ស្ទើរ​រាល់​ថ្ងៃ។ ជា​ប្រទេស​ផលិត​ប្រេង​បែរ​ជា​ខ្វះប្រេង​ និង​ថាមពល អគ្គីសនី​ប្រើទៅ​វិញ។

ខាង​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​ Amnesty international វិញ បាន​ថ្ងូច​ថ្ងួរ​ថា ១០​ឆ្នាំក្រោយ​បដិវត្ត​គេនៅ​តែពុំទាន់​អាចរក​យុត្តិធម៌ជូន​ជន​រងគ្រោះ នៃទង្វើ​ឧក្រិដ្ឋកម្មសង្គ្រាម និង​​ទង្វើ​រំលោភសិទ្ធមនុស្សយ៉ាង​ធ្ងន់ធ្ងរ​របស់​ក្រុមប្រដាប់​អាវុធផ្សេងៗ។

១០​ឆ្នាំ​នៃ​បដិវត្ត​លីប៊ី

បដិវត្ត​លីប៊ី បាន​ផ្ទុះ​ឡើង​នៅ​ថ្ងៃ​១៧​កុម្ភៈ​២០១១ តាមរយៈ​ចលនា​បាតុកម្មប្រជាជន​ ដូច​បណ្តា​បដិវត្ត​អារ៉ាប​ផ្សេង​ទៀត​ដែរ ​ ដែល​បន្តរីករាលដាល​ធំឡើង​ជា​លំដាប់ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ធ្វើ​ការ​បង្ក្រាប​យ៉ាង​ចាស់​ដៃ​ក៏​ដោយ។ តែខុស​ពី​បណ្តា​ប្រទេស​អារ៉ាប​ដទៃ​ក្នុង​តំបន់ នៅ​ពេល​មាន​ចលនា​បះបោរ​ប្រជាជន​ ក្រុមឧទ្ទាម​ប្រដាប់​អាវុធលីប៊ី បាន​ឱកាស​ចេញ​មកប្រយុទ្ធ​ជាមួយ​យោធា​រដ្ឋាភិបាល​​តែម្តង។ នៅ​ទី​បំផុត ​ក្រុម​បដិវត្ត​ក៏​កាន់​អាវុធ​ដែរ និង​បាន​ចេញ​ប្រយុទ្ធ​ជាមួយ​កងកម្លាំងរដ្ឋាភិបាល ស្ទើរ​គ្រប់​ទិសទីក្នុង​ផ្ទៃប្រទេស។ ប្រឈម​នឹង​ស្ថានការ​បែប​នេះ សហគមន៍​អន្តរជាតិ មិន​អាចនៅ​ស្ងៀម។ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បានអនុម័ត​សេចក្តី​ចិត្ត​ នៅ​ថ្ងៃ​ទី ១៧​មីនា ២០១១ ចូល​ធ្វើ​អន្តរាគមន៍យោធាដើម្បី​ការពារ​ជន​ស៊ីវិល​លីប៊ី។ កងទ័ពសម្ព័ន្ធ​អន្តរជាតិ​ ដឹក​នាំ​ដោយ​ បារាំង អង់គ្លេស អាមេរិក ក្នុង​ក្របខ័ណ្ឌ​អូតង់ បាន​ធ្វើ​ការ​វាយប្រហារ​តាមផ្លូវ​អាកាស​យ៉ាង​សន្ធាប់ និង​បាន​សម្លាប់មេដឹកនាំផ្តាច់ការ​​ កាដាហ្វី បាន​នៅ​ខែ​តុលា​២០១១។

របប​ផ្តាច់ការកាដាហ្វី ដែល​គ្រប់គ្រងប្រទេស​អស់​រយៈ​ពេល​៤២​ឆ្នាំ បាន​ដួលរលំ​ លីប៊ី​បាន​រៀប​ចំ​ការ​បោះឆ្នោត​ដោយសេរី​ជា​លើក​ទីមួយ នៅ​ឆ្នាំ​២០១២ ដែល​ជា​ទី​សង្ឃឹម​របស់​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង និង​ជា​លើក​ទី​ពីរ​នៅ​ឆ្នាំ​២០១៤។​ ប៉ុន្តែ ពួក​អ៊ីស្លាម​ជ្រុលនិយម​ ដែល​តាំងខ្លួន​ជា​តូ​អង្គ​បដិវត្ត​ដ៏​សំខាន់​ មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​អ្នក​សេរី​និយម​ប្រសូត​ចេញការបោះឆ្នោតទេ។ នៅ​ទី​បំផុត សភា​កើត​ចេញ​ការ​បោះឆ្នោត​បាន​រត់​គេច​ខ្លួន​ទៅ​ភាគ​ខាងកើត​ប្រទេស និងបង្កើត​រដ្ឋាភិបា​លដែ​ល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍​ហាហ្វតានៅ​ទីនោះ ដើម្បី​រកដំណោះ​ស្រាយ​ទប់​ទល់​នឹង​ពួក​ប្រដាប់​អាវុធ​។ ឯ​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​ ក៏​បង្កើត​រដ្ឋាភិបាលនៅ​ទ្រីប៉ូលី រួច​បន្ត​ដោយ​រដ្ឋាភិបាល​បច្ចុប្បន្ន ដែល​សហគមន៍​អន្តរជាតិ​ទទួលស្គាល់ ក្នុង​បំណង​ឱ្យ​ទៅ​បង្រួប​បង្រួមគ្នា​។ តែមាន​ឯណា លីប៊ី​មាន​រដ្ឋាភិបាល​ពីរ​រហូត​មកទល់​សព្វថ្ងៃ​នេះ ហើយ​ធ្វើ​សង្គ្រាមនឹង​គ្នាឥតឈប់។ សង្គ្រាមខ្លាំងក្លា​បំផុត​គឺនៅ​ឆ្នាំ​២០១៩។

ការបែងចែង​ធនធានប្រេង

ចប់​​បដិវត្ត​ឆ្នាំ​២០១១​ភ្លាម​ តំបន់​ប៉ែកខាងកើត និង​ខាង​ត្បូងលីប៊ី ទាមទារ​ចែក​ចាយ​ធនធានប្រេង​ឱ្យ​ស្មើ​ភាពនិង​មាន​ការ​គ្រប់គ្រង​ធនធាន​ប្រកប​ដោយ​តម្លាភាព។ រដ្ឋាភិបាលលីប៊ី​របស់​លោក​ហាហ្វតា បើកធ្វើ​សង្គ្រាម​ឆ្នាំ​២០១៩ មិនមែន​ដើម្បី​ដណ្តើម​គ្រប់គ្រង​រដ្ឋធានីទេ តែ​ក្នុង​បំណង​ដណ្តើមគ្រប់គ្រងទីស្នាក់ការ  ក្រុមហ៊ុន​ប្រេង​ជាតិ​ និង​ធនាគារកណ្តាល ដើម្បី​អាច​យក​ប្រៀប​លើ​រដ្ឋាភិបាល​ក្រុង​ទ្រីប៉ូលី ព្រោះ បើ​គ្មាន​រដ្ឋាភិបាល​ដែល​មាន​អធិបតេយ្យភាព​ពេញ​ផ្ទៃ​ទេ គឺ​គ្មាន​ការ​សម្រេចចិត្ត​ឡើយ។

​បរទេស​លូកដៃ​

នៅ​ក្រុង Syrte ​ ស្រុក​​កំណើត​របស់​កាដាហ្វី ដែល​ក្រោយ​បដិវត្ត​ បាន​ធ្លាក់​ក្នុង​ដៃ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម ​កំពុង​ក្លាយ​ជាស្នូល​នៃបញ្ហា​។ ​ក្រុង​​យុទ្ធសាស្ត្រ​សន្តិសុខ​និង​ថាមពល ពេល​នេះ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​​​ក្រុមលោក​ឧត្តមសេនីយ៍ ​ហាហ្វតា។ ភាគី​ទាំង​ពីរ​ទើប​បានព្រមព្រៀង​គ្នា​ឈប់​បាញ់​ និង​ចាប់ធ្វើ​ប្រតិបត្តិការ​ដោះមីន តែ​មិន​ទាន់​គ្រប់​គ្រាន់​សម្រាប់​នាំ​សន្តិភាព​ឡើយ ព្រោះតាម​ឯកសារ​ដែលគេទទួលបាន នៅទីនេះ​មាន​វត្តមានកងទ័ព​បរទេស។ ខាង​លោក​ហាហ្វតា មាន​ជំនួយ​ទាហាន​រុស្ស៊ី ខាង​ទ្រីប៉ូលី​មាន​ប្រើ​ទាហាន​តួកគី។ ទង្វើ​នេះ រំលោភ​ទាំង​ស្រុង​បម្រាម​របស់អង្គការសហប្រជាជាតិ។ ដរាបណា​នៅ​មាន​​ទាហាន​បរទេស​ នោះ​​គេពិត​ជា​មិនអាច​ដោះស្រាយ​បញ្ហាបង្រួប​បង្រួម​ជាតិ​បាន​ទេ តែ​វា​ជាហានិភ័យ​ខ្ពស់​​ នាំ​ឱ្យ​មាន​សង្គ្រាម​ លំដាប់​អន្តរជាតិផង។

 

ឥលូវ​គ្រប់​គ្នា​កំពុង​រំពឹង​លើ​រដ្ឋាភិបាលបណ្តោះ​អាសន្ន​ថ្មី ដែល​ប្រសូត​ចេញ​ពី​វេទិកាអង្គការ​សហប្រជាជាតិដើម្បី​សម្រុះសម្រួលនយោបាយ​​លីប៊ី​។ ក្រុមការងារ​របស់​នាយករដ្ឋមន្ត្រី​ថ្មី​ បាន​ចាប់​ផ្តើម​ចុះជួប​ក្រុមប្រឆាំង គឺ​​លោក ហាហ្វតា ជា​សត្រូវ​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI