ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង្គការសហប្រជាជាតិអំពាវនាវឲ្យមានការចែកចាយវ៉ាក់សាំងបង្ការកូវីដ១៩ សម្រាប់គ្រប់ប្រទេស​ទាំងអស់

សំឡេង ០៥:២៣
អគ្គលេខាធិការអង្គការសហប្រជាជាតិលោកអង់តូនីញ៉ូ ហ្គូទែរស៍
អគ្គលេខាធិការអង្គការសហប្រជាជាតិលោកអង់តូនីញ៉ូ ហ្គូទែរស៍ AP

នៅ​ថ្ងៃ​ពុធ ទី១៧ កុម្ភៈ អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចខិតខំប្រឹងប្រែង​ជា​សកល​ក្នុង​រឿង​វ៉ាក់សាំងបង្ការ​កូវីដ១៩និង​ព្រមាន​ពី​គ្រោះថ្នាក់នៃ​វិសមភាព​ក្នុង​ការ​ទទួល​បាន​វ៉ាកសាំង​រវាង​ក្រុម​ប្រទេសអ្នកមាន និងប្រទេស​ក្រីក្រ។ ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​តាម​អនឡាញ​នៃ​ថ្នាក់រដ្ឋមន្រ្តី​ការបរទេស​របស់​ក្រុម​ប្រទេស​សមាជិក​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ។ ចំណែក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​អង់តូនីញ៉ូ ហ្គូទែរស៍​បាន​បញ្ជាក់​ថា ខណៈ​ដែល​មាន​ប្រទេស​ខ្លះ​ទទួល​បាន​វ៉ាក់សាំង​ច្រើន​លើសលប់ និង​ខ្លះ​ទៀត​ទទួល​បាន​តិចតួច មាន​ជាង ១៣០ប្រទេស​នៅ​មិន​ទាន់​បាន​ទទួល​វ៉ាក់សាំង​ទាល់​តែ​សោះ សូម្បី​មួយ​ដូស​ក៏​គ្មាន​ដែរ។

ផ្សាយពាណិជ្ជកម្ម

ពិត​ជា​រឿងកម្រ​មែន​ដែល​ក្រុមប្រឹក្សាសន្តិសុខ​បាន​ជជែក​គ្នា​លើ​វិបត្តិ​កូវីដ១៩ ដែល​កំពុង​បន្ត​ញំញី​ពិភពលោក​សព្វថ្ងៃ ព្រោះ​តាម​ទម្លាប់ ក្រុមប្រឹក្សាសន្តិសុខ​ច្រើន​ចាប់​អារម្មណ៍​លើ​ជម្លោះ​ប្រដាប់អាវុធ ឬ​មួយ​ក៏​ជម្លោះ​នយោបាយ​នៅ​ក្នុង​លោក។ នេះ​ស បញ្ជាក់​ឲ្យ​ឃើញ​ពី​ស្ថានភាព​ធ្ងន់ធ្ងរ​កាន់​​តែ​ខ្លាំង​របស់​មនុស្សលោក​ដែល​បង្ក​ដោយ​ជំងឺ​កូវីដ១៩។ អ្វី​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​ចង់​បាន​ជា​បន្ទាន់​នៅ​ចំពោះ​មុខ គឺ​ផែនការ​ចាក់វ៉ាក់សាំង​បង្ការ​កូវីដ១៩ ជា​សកល ហើយ​ដើម្បី​អាច​រៀបចំ​ផែនការ​វ៉ាក់សាំង​សកល​នេះ​បាន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​អង់តូនីញ៉ូ ហ្គូទែរស៍​បាន​ស្នើ​ឲ្យ​មាន​ការ​ប្រមូលផ្តុំ​នូវ​កត្តា​សំខាន់​ចំនួន​ ៣ គឺ​ជំនាញវិទ្យាសាស្រ្ត សមត្ថភាព​ផលិតកម្ម និង​ថវិកា។

ជំនាញ​វិទ្យាសាស្រ្ត​ដែល​លោក​ហ្គូទែរស៍​ចង់​និយាយ គឺ​ការ​បង្កើត​ក្រុម​អ្នក​វិទ្យាសាស្រ្ត​ដើម្បី​ជជែក​ពី​ជម្រើស​វ៉ាក់សាំង។ ចំណែក​សមត្ថភាព​ផលិតកម្ម គឺ​សមត្ថភាព​នៃ​ការ​ផលិត​វ៉ាក់សាំង​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​សកល ហើយ​ថវិកា គឺ​ជា​កញ្ចប់​លុយ​សកល​ដែល​ត្រូវ​ចំណាយ​សម្រាប់​វ៉ាក់សាំង​សកល។ លោក​អង់តូនីញ៉ូ ហ្គូទែរស៍​យល់​ថា មាន​តែ​ក្រុម​ប្រទេស G២០ ពោល​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម និង​ក្រុម​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ទើប​អាច​រួម​គ្នា​បង្កើត​ចេញ​នូវ​ផែនការ​វ៉ាក់សាំង​សកល​នេះ​ឡើង។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ទាំង ១៥ប្រទេស មាន ៥ប្រទេស​ដែល​មាន​សមត្ថភាព​ផលិត​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ក្រោម​ទ្រង់ទ្រាយ​ធំ​ពេល​នេះ គឺ​សហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស និង​ឥណ្ឌា។ ឥណ្ឌា​ដែល​បាន​ប្រកាស​ផ្តល់​វ៉ាក់សាំង​ចំនួន ២០០ ០០០ដូស​ទៅ​ឲ្យ​កម្លាំង​មួកខៀវ​របស់​អង្គការសហប្រជាជាតិ​ប្រមាណ​ជា ១០០ ០០០នាក់។ ចំណែក​រដ្ឋបាល​អាមេរិក​បាន​ប្រកាស​ពី​ការ​ផ្តល់​លុយ​ចំនួន ២០០លានដុល្លារ​ទៅ​ឲ្យ​អង្គការ​សុខភាពពិភពលោក​នៅ​មុន​ដំណាច់​ខែ​កុម្ភៈ។

វិសមភាព​វ៉ាក់សាំង​នឹង​អូសបន្លាយ​វិបត្តិ​កូវីដ១៩

ការ​អំពាវនាវ​របស់​ក្រុមប្រឹក្សាសសន្តិសុខ​ពេល​នេះ​ហាក់​ដូច​ជា​ចង់​យឺត​ពេល​បន្តិច តែ​វា​គ្រាន់​បើ​ជាង​មិន​ធ្វើ​អី​សោះ និង​បន្ត​ឱបដៃ​ឈរ​មើល។ ពិត​ណាស់ កម្មវត្ថុ​ដែល​ក្រុមប្រឹក្សាសន្តិសុខ​ចង់​ឃើញ និង​ចង់​បាន​ពេល​នេះ គឺ​ប្រទេស​ទាំង​អស់ មិន​ថា​អ្នក​មាន ឬ​អ្នកក្រ​ត្រូវ​ទទួល​បាន​វ៉ាក់សាំង និង​ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ក្នុង​ពេល​ដំណាល​គ្នា។ តែ​អ្វី​ដែល​គេ​បាន​ឃើញ​នឹង​ភ្នែក​ពេល​នេះ​គឺ​ថា គម្លាត​នៃ​ការ​ទទួល​បាន​វ៉ាក់សាំង និង​កម្លាត​នៃ​ការ​ចាក់​វ៉ាក់សាំង​មាន​ការ​ឃ្លាត​គ្នា​ខ្លាំង​ណាស់​រវាង​ប្រទេស​នីមួយៗ មិន​ថា​តែ​រវាង​ប្រទេស​អ្នក​មាន និង​អ្នក​ក្រ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​រវាង​ប្រទេស​អ្នក​មាន និង​អ្នក​មាន​ដូច​គ្នា​ក៏​មាន​ដែរ។

ខណៈ​ដែល​ប្រទេស​ខ្លះ​បាន​ទទួល​វ៉ាក់សាំង​ច្រើន​លើសលប់​ជាង​តម្រូវការ​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន​ទៀត​នោះ មាន​ប្រទេស​ខ្លះ​ទទួល​បាន​មិន​គ្រប់គ្រាន់ ហើយ​មាន​ប្រទេស​ខ្លះ​អត់​ទទួល​បាន​វ៉ាក់សាំង​សោះ។ តាម​ប្រមុខ​អង្គការ​សហប្រជាជាតិ​លោក​អង់តូនីញ៉ូ ហ្គូទែរស៍ មាន​ជាង ១៣០ ប្រទេស​មិន​ទទួល​បាន​វ៉ាក់សាំង​ទេ សូម្បី​មួយ​ដូស​ក៏​គ្មាន​ដែរ។ លោក​អង់តូនីញ៉ូ ហ្គូទែរស៍​បាន​ចាត់​ទុក​បញ្ហា​នេះ​ជា​រឿង​អយុត្តិធម៌ និង​មិន​ស្មើភាព រួច​ពន្យល់​ថា បើ​គ្រប់​ប្រទេស​ទាំង​អស់​មិន​ទទួល​បាន​វ៉ាក់សាំង និង​ចាក់​វ៉ាក់សាំង​ទេ វិបត្តិ​ជំងឺ​កូវីដ១៩ នឹង​អូសបន្លាយ​គ្មាន​ទីបញ្ចប់។

ប្រមុខ​អង្គការ​ពិភពលោក​រូប​នេះ​ដដែល​បារម្ភ​ថា នៅ​ពេល​ដែល​ប្រទេស​ជា​ច្រើន​មិន​បាន​ទាន់​បាន​វ៉ាក់សាំង និង​បន្ត​ញំញី​ដោយ​ជំងឺ​កូវីដ១៩ ជំងឺ​មួយ​នេះ​នឹង​បន្ត​បំប្លែង​ខ្លួន​កាន់​តែ​ច្រើន រួច​អាច​ឆ្លង​ទៅ​កាន់​ក្រុម​ប្រទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩។ ដូច្នេះ​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​កូវីដ១៩ បំប្លែង​ខ្លួន​នឹង​គំរាមកំហែង​ជា​យថាហេតុ​លើ​ប្រសិទ្ធិភាព​របស់​វ៉ាក់សាំង។ ផ្ទុយ​ទៅ​វិញ បើ​គ្រប់​ប្រទេស​ទទួល​បាន​វ៉ាក់សាំង ការ​ឆ្លង​រាលដាល​នៃ​កូវីដ១៩ នឹង​ចុះ​ថយ​ឥទ្ធិពល ហើយ​កម្រិត​នៃ​ការ​បំប្លែងខ្លួន​របស់​កូវីដ១៩ ក៏​មាន​តិច។

លោក​ដូមីនិក រ៉ាប រដ្ឋមន្រ្តី​ការបរទេស​អង់គ្លេស និង​ជា​ប្រធាន​ផ្លាស់វេន​ក្រុមប្រឹក្សា​សន្តិសុខ​បាន​បញ្ជាក់​ថា ពិភពលោក​ត្រូវ​រួមដៃ​គ្នា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លង​សកល​ដោយ​មិន​ត្រូវ​បំភ្លេច​ចោល​អ្នក​ណា​ម្នាក់​ទេ និង​ថា កូវីដ១៩ ជា​សត្រូវ​រួម​របស់​យើង​ទាំង​អស់។ គេ​មិន​ដឹង​ថា ក្រៅ​តែ​ពី​អំពាវនាវ និង​ខ្វាយខ្វល់​នេះ តើ​ក្រុមប្រឹក្សាសន្តិសុខ​អាច​​សម្រេច​អ្វី​បាន​ទេ​នៅ​ក្នុង​រឿង​កូវីដ១៩ នេះ។ ខណៈ​ដែល​មាន​ប្រទេស​សមាជិក​ជា​ច្រើន ដូច​ជា​ចិន​បាន​ទាមទារ​ឲ្យ​មាន​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ច្រើន​ជាង​នេះ​លើ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ មាន​ប្រទេស​សមាជិក​ខ្លះ​ដូច​ជា​រុស្ស៊ី​បាន​ពេបជ្រាយ​ដោយ​បញ្ជាក់​ថា ការ​ជជែក​រឿង​វ៉ាក់សាំង​នេះ​មិនមែន​ជា​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សាសន្តិសុខ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI