ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ្នកជំនាញ​​​បារាំង​​អះអាង​ថា ​កូរ៉ូណាវីរុស​ថ្មី មាន​វត្តមាន​​នៅ​​កម្ពុជា តាំងតែ​ពី​​១០ឆ្នាំ​មុន​

សំឡេង ០៧:៤៦
យោងតាមអ្នកជំនាញ​នៃសារៈមន្ទីរប្រវត្តិធម្មជាតិបារាំង កូរ៉ូណាវីរុសថ្មី (SARS-CoV-2) មាននៅក្នុងខ្លួនសត្វប្រចៀវនៅកម្ពុជា ដែលគេបានស្រាវជ្រាវនៅឆ្នាំ​២០១០។
យោងតាមអ្នកជំនាញ​នៃសារៈមន្ទីរប្រវត្តិធម្មជាតិបារាំង កូរ៉ូណាវីរុសថ្មី (SARS-CoV-2) មាននៅក្នុងខ្លួនសត្វប្រចៀវនៅកម្ពុជា ដែលគេបានស្រាវជ្រាវនៅឆ្នាំ​២០១០។ AP - JAKE SCHOELLKOPF

ជំងឺកូវីដ​១៩ បានផ្ទុះឆ្លងរាលដាលដំបូងបង្អស់នៅក្រុងវូហានប្រទេសចិន កាលពីចុងឆ្នាំ​២០១៩។ រហូតមកទល់ពេល​នេះ គេនៅ​តែពុំទាន់រក​ឃើញ​អំពីប្រភពពិតប្រាកដ នៃមេរោគជំងឺនេះទេ។ ចុះ​បើ​មេរោគកូរ៉ូណាវីរុសថ្មីនេះ មិនមាន​ប្រភពនៅវូហានប្រទេសចិន តែត្រូវបាន​នាំចូល​ពី​ប្រទេសអាស៊ីអាគ្នេយ៍​ផ្សេងវិញ? នេះគឺជាសម្មតិកម្មរបស់អ្នកជំនាញ​បារាំង ដែល​ទើប​តែបាន​ស្រាវជ្រាវ រកឃើញថា មេរោគ​កូរ៉ូណាវីរុសថ្មី មានវត្តមាន​នៅក្នុ​ងខ្លួន​សត្វប្រចៀវ នៅភាគខាងជើងប្រទេសកម្ពុជាយើង តាំងតែ​ពី​១០ឆ្នាំមុនម្លេះ។​ អ្នកជំនាញ​បារាំង បានលើកសម្មតិកម្មថា មេរោគកូរ៉ូណាវីរុសថ្មី អាចមានវត្តមាន​នៅតាមប្រទេសអាស៊ីអាគ្នេយ៍ខ្លះ ដូចជាកម្ពុជា វៀតណាម ឡាវ និង ថៃ ជាច្រើនឆ្នាំរួចទៅហើយ។

ផ្សាយពាណិជ្ជកម្ម

មានការសន្និដ្ឋានជាច្រើន ស្តីពី​ប្រភពនៃមេរោគកូរ៉ូណាវីរុសថ្មី​ ដែល​ជាអ្នកបង្កជំងឺកូវីដ១៩។​ តែ​សម្មតិកម្ម​ ដែលអ្នក​ជំនាញជាទូទៅ យល់ស្របគ្នា គឺ​ថា កូរ៉ូណាវីរុសប្រភេទថ្មីនេះ មាន​ប្រភពចេញពីសត្វប្រចៀវ។ ថ្មីៗនេះ ក្រុមអ្នកជំនាញនៃសារៈមន្ទីរជាតិ​ប្រវត្តិ​ធម្មជាតិ (Muséum national d’Histoire naturelle) នៅ​បារាំង ទើបតែបានចេញរបាយ​ការណ៍​មួយ ដែល​លើក​ឡើងថា មេរោគកូរ៉ូណាវីរុសថ្មីនេះ មាននៅក្នុងខ្លួនសត្វប្រចៀវ ដែលគេបាន​ទៅ​ស្រង់យក​ នៅកម្ពុជា តាំងតែពី១០ឆ្នាំ​មុនម្លេះ។

​កូរ៉ូណាវីរុសថ្មី ក្នុងខ្លួនប្រចៀវនៅស្ទឹងត្រែង

យោងតាមអត្ថបទមួយ​ចុះផ្សាយ​ដោយគេហទំព័រ Theconversation.com បានឲ្យ​ដឹងថា កាលពីឆ្នាំ​២០១០ ក្រុមការងារនៃវិទ្យាស្ថានសិក្សាការវិវឌ្ឍន៍ជីវចម្រុះ នៃសារៈមន្ទីរប្រវត្តិធម្មជាតិរបស់បារាំង​ (Institut de systématique, évolution, biodiversité de Muséum national d’Histoire naturelle) បានចុះទៅស្រាវជ្រាវនៅ​ភាគខាង​ជើងប្រទេសកម្ពុជា ដោយ​​សហការជាមួយ​​អាជ្ញាធរកម្ពុជា និងអង្គការយូណេស្កូ។ ក្នុងបេសកកម្មស្រាវជ្រាវនេះ ​គេបាន​ទៅ​ដល់​ទីតាំងរូងភ្នំ​ជាច្រើនកន្លែង នៅ​ក្នុងខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ហើយ​គេបាន​ចាប់​សត្វមួយ​ចំនួន​មកពិនិត្យ​ ក្នុងនោះគឺមានសត្វប្រចៀវ អំបូរ Rhinolophus ចំនួន​៨ប្រភេទ។

សត្វប្រចៀវអំបូរនេះ ត្រូវ​បានអ្នកជំនាញ អន្តរជាតិ​ផ្តោតការយកចិត្តទុក​ដាក់សម្បើមណាស់​ ដោយសារគេដឹងថាក្នុងខ្លួនវា គឺផ្ទុកទៅដោយ​មេរោគកូរ៉ូណាវីរុសច្រើនប្រភេទ។ ក្រុមការងារស្រាវជ្រាវបារាំងនេះ ក៏បាន​សុំឲ្យ​ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រក្សាទុក​សំណាកមេរោគកូរ៉ូណាវីរុស ដែលមានក្នុងខ្លួនសត្វប្រចៀវទាំងនេះ ក្នុង​ទូបង្កក​សីតុណ្ហភាព -៨០°c។

លុះថ្មីៗនេះ គេក៏បាន​យកសំណាកមេរោគទាំងនោះមក​ពិនិត្យរកកូវីដ​១៩ ហើយក៏ឃើញថាវាវិជ្ជមាន​កូវីដ១៩មែន។ វិទ្យាស្ថានប៉ាស្ទ័រនៅភ្នំពេញ ក៏បាន​ផ្ញើសំណាក​មេរោគទាំងនេះមក​ទីក្រុងប៉ារីស ដើម្បី​ឲ្យ​ក្រុមអ្នកជំនាញ​បារាំង ពិនិត្យ​បន្ថែមដើម្បី​លំអិតពីទំរង់ នៃមេរោគកូរ៉ូណាវីរុសនេះ។ ក្រុមអ្នកជំនាញ​បារាំង ក៏បានរកឃើញថា ពិតជាមានកូរ៉ូណាវីរុសប្រភេទថ្មី (SARS-CoV-2) នៅក្នុងខ្លួនសត្វប្រចៀវ២ក្បាល ដែលស្ថិតក្នុងអំបូរ Rhinolophus shameli ដែលគេចាប់បាន​នៅខេត្តស្ទឹងត្រែង កាលពីឆ្នាំ​២០១០។ ទំរង់នៃកូរ៉ូណាវីរុសថ្មី ដែលគេរកឃើញ​នៅ​កម្ពុជានេះ គឺមាន​លក្ខណៈដូចទៅនឹង​កូរ៉ូណាវីរុសថ្មី ដែលបង្កកូវីដ​១៩នៅវូហាន ចំនួន​ដល់ទៅ​៩៣%។ ដូច្នេះ នេះគឺជាលើកទីមួយ​ហើយ ដែលគេរកឃើញកូរ៉ូណាវីរុសថ្មី នៅក្រៅប្រទេសចិន កាលពី១០ឆ្នាំមុន។

កូរ៉ូណាវីរុសថ្មី អាចមានវត្តមាន​នៅអាស៊ីអាគ្នេយ៍រាប់សិបឆ្នាំមកហើយ

អ្វីដែល​អ្នកជំនាញ​បារាំង លើកឡើង គឺថា យោងទៅលើលទ្ធផល​ស្រាវជ្រាវខាងលើនេះ គឺថា កូរ៉ូណាវីរុសប្រភេទថ្មី មាននៅក្នុងខ្លួនសត្វប្រចៀវ នៅភាគខាងជើងប្រទេសកម្ពុជាយើង តាំងតែពី​១០ឆ្នាំ​មុនម្លេះ។ បើតាមអ្នកជំនាញ ពូជប្រចៀវអំបូរ Rhinolophus shameli គឺមានតែ​នៅវៀតណាម ឡាវ ថៃ និងកម្ពុជាយើងទេ។

លោក Alexandre Hassanin ដែលជាអ្នកស្រាវជ្រាវក្នុងក្រុមការងារនេះ បាន​លើកឡើងថា កូរ៉ូណាវីរុសថ្មី ដែលមានប្រភពចេញពីសត្វប្រចៀវពូជ​នេះ ប្រហែល​ជា​មានវត្តមាន និង​ចល័តចូលសព្វ ក្នុងចំណោមមនុស្សសត្វ នៅ​តាមប្រទេសទាំងនេះ រាប់សិបឆ្នាំមកហើយ។ ហេតុដូច្នេះហើយ បានជាប្រជាជន​នៅតា​មប្រទេស វៀតណាម​ ឡាវ ថៃ កម្ពុជា មិន​ប្រឈមខ្លាំង​នឹងការឆ្លងរាលដាល​កូវីដ​១៩ ព្រោះថាសរីរាង្គកាយ​​ មានប្រព័ន្ធអង់ទីក័រ គ្រប់គ្នាទៅហើយ។ ផ្ទុយទៅវិញ ប្រទេសអាស៊ីអាគ្នេយ៍ខ្លះ ដែលមិនមាន​​សត្វប្រចៀវអំបូរ Rhinolophus shameli នេះវិញ ដូចជា ភូមា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ជាដើម គឺ​ករណី​ឆ្លងកូវីដ​១៩ និង​អាចបណ្តាលឲ្យ​មនុស្សឈឺស្លាប់ គឺមានច្រើនគួរសម។

វាជារឿងពិបាក​ណាស់ ក្នុងការកំណត់ថា មេរោគកូរ៉ូណាវីរុសថ្មីនេះ មានប្រភពចេញពីប្រទេសណា ទីកន្លែងណា។ អ្វីដែល​អ្នកជំនាញបារាំងសន្និដ្ឋាននាពេលនេះ គឺ​ថា កូរ៉ូណាវីរុសថ្មី មានវត្តមាន​នៅកម្ពុជា​ជាយូរឆ្នាំណាស់មកហើយ ហើយ​អាចមានវត្តមាន នៅប្រទេសក្បែរខាងដែរ​ ដូចជាវៀតណាម ថៃ ឡាវ​ជាដើម ព្រោះជាតំបន់ដែលមានប្រចៀវអំបូរ Rhinolophus shameli

សត្វពង្រូល ភ្នាក់ងារចម្លងកូរ៉ូណាវីរុសថ្មី ចូលទៅប្រទេសចិន?

ការសន្និដ្ឋានថ្មីនេះ គឺវាមកបញ្ជាក់ឲ្យ​កាន់តែច្បាស់ ទៅនឹងសម្មតិកម្ម​ ដែលគេធ្លាប់លើកឡើងតាំងតែពីដំបូង គឺថា កូរ៉ូណាវីរុសថ្មី អាចមានប្រភពចេញពីសត្វប្រចៀវអំបូរមួយ​ចំនួន នៅភាគខាងត្បូងខេត្តយូណានប្រទេសចិន។​ ខេត្តយូណាននេះ គឺជាខេត្តជាប់ជាមួយ​ខាងជើងប្រទេសវៀតណាម និង​ ប្រទេស​ឡាវតែម្តង។ នៅខេត្តយូណាន គេបានរកឃើញ​ កូរ៉ូណាវីរុសថ្មី ដែលមានទំរង់ដូច ៩៦% ទៅនឹង​កូរ៉ូណាវីរុសបង្កកូវីដ​១៩​ នៅក្នុងខ្លួនសត្វប្រចៀវ២ប្រភេទ គឺRhinolophus affinis និង Rhinolophus malayanus ហើយដែលសត្វប្រចៀវអំបូរ២នេះ វាអាចឆ្លងមេរោគគ្នាទៅវិញទៅមក ជាមួយ​នឹងប្រចៀវអំបូរ Rhinolophus shameli នៅអាស៊ីអាគ្នេយ៍។

មានសម្មតិកម្មមួយទៀត ដែល​ធ្លាប់ត្រូវបាន​គេលើកឡើងដែរ គឺការឆ្លងតាមរយៈសត្វពង្រូល។ ការរកឃើញកូរ៉ូណាវីរុសថ្មីនៅ​កម្ពុជាយើងកាលពី១០ឆ្នាំមុននេះ ក៏វាមកបញ្ជាក់បន្ថែម​ទៅលើសម្មតិកម្ម​នេះដែរ ព្រោះថា ពង្រូលអាចឆ្លងកូរ៉ូណាវីរុសពីសត្វប្រចៀវ។ ពង្រូលស៊ីសត្វល្អិត ក្នុងពំនូក​លាមកប្រចៀវ នៅតាមរូងភ្នំ។

អាជ្ញាធរចិន ធ្លាប់បានចាប់ឃាត់សត្វពង្រូលឈឺ ចំនួន​ច្រើនលើកហើយ ដូចជានៅខេត្ត គ័ងស៊ី កាលពីឆ្នាំ២០១៧-២០១៨ និងនៅខេត្តគ័ងទុងឆ្នាំ​២០១៩។ ជាសត្វពង្រូល​នាំចូលពីអាស៊ីអាគ្នេយ៍ ហើយ​ដែលខ្លះ មានជំងឺធ្ងន់ធ្ងរណាស់ ដោយ​ផ្ទុកពេញដោយ​កូរ៉ូណាវីរុសក្នុងខ្លួន។ កូរ៉ូណាវីរុសដែលគេរកឃើញក្នុងខ្លួនពង្រូលនេះ គឺមានទំរង់ដូចប្រមាណ ៨៥ ទៅ​៩០% នៃទំរង់កូរ៉ូណាវីរុសថ្មីដែលបង្កកូវីដ១៩។ ដូច្នេះពង្រូលទាំងនេះ អាចចម្លងមេរោគទៅពង្រូលផ្សេងទៀត ឬសត្វផ្សេងទៀតនៅចិន មុននឹងឆ្លងទៅដល់មនុស្ស។

អ្នកជំនាញបារាំងពន្យល់ថា នៅចិនប្រជាជនអាចមាន​ភាពបន្សាំ តែ​ទៅនឹង​មេរោគកូរ៉ូណាវីរុសសាមញ្ញ (SARS-CoV) ទំរង់ចាស់ តែដល់ទៅពេល​ប្រទះជាមួយ​កូរ៉ូណាវីរុសទំរង់ថ្មី ចេញពីអាស៊ីអាគ្នេយ៍ ក៏​មិនអាចទប់បាន ហើយ​អាចកើតជាការឆ្លងរាលដាលនៅវូហាន។ អ្នកជំនាញ​បាន​បញ្ជាក់ថា សម្មតិកម្ម និងការសន្និដ្ឋានទាំងនេះ គឺ​បញ្ជាក់ថា ការជួញដូរសត្វព្រៃនៅរស់ គឺជាបញ្ហាប្រឈមគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះវានឹងបើកផ្លូវ ឲ្យ​មេរោគរីកសាយភាព បំប្លែងខ្លួន ឆ្លងរាលដាលទៅមនុស្ស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI