ពលរដ្ឋភូមាចុះធ្វើបាតុកម្មកាន់តែច្រើន ក្រោយការគំរាមរបស់រដ្ឋាភិបាលសឹក
ចុះផ្សាយនៅថ្ងៃ៖
ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ថ្ងៃចន្ទ ... ពីមួយថ្ងៃទៅមួយថ្ងៃ ចំនួនបាតុករចុះថ្នល់សម្តែងកំហឹងប្រឆាំងនឹងរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី រីកកាន់តែធំ។ ប្រឈមនឹងស្ថានភាពបែបនេះ មេដឹកនាំសឹកបានចេញសេចក្តីព្រមានជាសាធារណៈដោយចំៗ ថាធ្វើបាតុកម្មអាចប្រថុយនឹងបាត់បង់ជីវិត។ ប៉ុន្តែពលរដ្ឋភូមាហាក់មិនចុះញ៉មនឹងពាក្យគំរាមនេះទេ មនុស្សរាប់ម៉ឺននាក់បាននាំគ្នាធ្វើបាតុកម្មទៀត នៅថ្ងៃចន្ទទី ២២កុម្ភៈនេះ។
កាន់តែគំរាម សន្ទុះបាតុកម្មមានកាន់តែធំ ពលរដ្ឋភូមា រាប់ម៉ឺននាក់បាននាំគ្នាធ្វើបាតុកម្មទូទៅទៀត នៅថ្ងៃចន្ទនេះ។ នៅវេលាម៉ោង៩ព្រឹក បាតុករបានមកប្រមូលផ្តុំគ្នាពេញផ្លូវរួចជាស្រេចទៅហើយ ! ថ្ងៃនេះ គឺជាកុប្បកម្មទូទៅ ព្រោះជាថ្ងៃដែលមានលេខពិសេស។ ២២-២-២០២១។ ពលរដ្ឋភូមាមានជំនឿនិងផ្តល់តម្លៃខ្លាំងណាស់ នៅពេលសរសេរថ្ងៃខែទៅឃើញលេខតែមួយដូចគ្នាតរដឹកអ៊ីចឹង។ មិនតែប៉ុណ្ណោះពួកគេបានភ្ជាប់ថ្ងៃមានលេខពីរច្រើនរដឹកនេះទៅនឹងថ្ងៃបដិវត្ត កាលពីថ្ងៃទី ៨ សីហា ឆ្នាំ១៩៨៨ ដែលកាលណោះមានលេខ៨មួយជួរ។
ចំពោះស្ថានភាពបាតុកម្មវិញ ទីតាំងបាតុកម្មខ្លះ ត្រូវបានក្រុមបាតុករមកតាំងទីប្រមូលផ្តុំគ្នាតាំងថ្ងៃអាទិត្យម្សិលមិញមក។ នៅតាមផ្លូវគេឃើញមានតែសារឧទ្ទិសដល់ សពបាតុករ ស្លាប់ដោយត្រូវគ្រាប់កាំភ្លើងរបស់ប៉ូលិស និងបដាអំពាវនាវសុំជំនួយអន្តរាគមន៍អន្តរជាតិ ឬគំនូសសរសេរពាក្យស្លោកធំៗនៅទ្រូងផ្លូវតែម្តងផង។ ប្រជាពលរដ្ឋភូមាហាក់កំពុងក្តោបក្តាប់ទីក្រុងកាន់តែខ្លាំងឡើងៗហើយ។
ចំណែកកងកម្លាំងនគរបាលវិញ ដូចជាមិនសូវតឹងតែង។ កងកម្លាំងរក្សាសន្តិសុខ មិនបានបិទផ្លូវធំៗរបស់ក្រុងនិងរដ្ឋធានីទេ។ គឺបិទខ្ទប់តែផ្លូវនាំទៅស្ថានទូត និងការិយាល័យអង្គការសហប្រជាជាតិតែប៉ុណ្ណោះ។
ស្ថានការណ៍ភូមា ចូលដល់ដំណាក់កាលថ្មី ?
ប៉ុន្តែកាលពីម្សិលមិញ ក្រុមយោធាបានចេញសេចក្តីព្រមានចលនាបះបោរស៊ីវិល ដោយចំៗថា “ បាតុករកំពុងតែញុះញង់មនុស្ស ជាពិសេសក្មេងជំទង់ និងក្មេងទំនើង ឱ្យលុងក្នុងកុប្បកម្ម និងអំពើអនាធិបតេយ្យដែលនឹងអាចនឹងត្រូវបាត់បង់ជីវិត”។ សេចក្តីថ្លែងការណ៍នេះ មានផ្សាយក្នុងកញ្ចក់ទូរទស្សន៍ជាតិ MRTV ដោយមានប្រែជាភាសាអង់គ្លេសទៀត។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនៅភូមា លោក Tom Andrews បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពភូមានាពេលនេះ។
អាជ្ញាធរសឹកបានប្រកាសប្រើមធ្យោបាយក្តៅ ដើម្បីបិទបញ្ចប់សកម្មភាពដែលគេហៅថា ជាភាព “អនាធិបតេយ្យ”។ តែគួរឱ្យស្ងើច ចំនួនបាតុករបែរជាកើនឡើងខ្លាំងណាស់ ច្រើនសឹងអាចនិយាយបានថាមិនធ្លាប់មានទេពីមុនមកទេ។ បាតុករមានគ្រប់សណ្ឋាន មានទាំងជនជាតិភាគតិច ស្ហាន កាឈីន ណាហ្កា អ៊ីស្លាម កសិករអ្នកស្រែចម្ការ អ្នកក្រុង អ្នកមធ្យម ... បើគិតត្រឹមចំណុចនេះ គេពិតជាអាចនិយាយបានថាស្ថានការណ៍ភូមាបានឆ្លងចូលដំណាក់កាលថ្មីមួយមែន។ បីសប្តាហ៍ក្រោយរដ្ឋប្រហារ និងការបញ្ចេញសាច់ដុំរបស់យោធា ពេលនេះក្រុមបាតុករក៏ចាប់ផ្តើមបង្ហាញកម្លាំងរបស់ពួកគេដែរ។ ជាការល្បងកម្លាំងចិត្តសាស្ត្រគ្នា ដែលអាចរុញច្រានស្ថានការណ៍ឱ្យកាន់តែតានតឹងបាន។
មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងភូមា
សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិបានចេញសារថ្កោលទោសរបបសឹកភូមាជាថ្មីទៀត។ សហភាពអឺរ៉ុបក៏ត្រូវប្រជុំសម្រេចដាក់ទណ្ឌកម្មក្រុមយោធាភូមាទៀត នៅថ្ងៃនេះ ប៉ុន្តែមេដឹកនាំយោធាភូមា ហាក់គ្មានស្កៀបរមាស់អ្វីនឹងប្រតិកម្មរបស់អន្តរជាតិទេ។
មិនខ្វល់ខ្វាយហើយ មេដឹកនាំយោធាភូមាបានថែមទាំងបរិហារបកវិញ នៅល្ងាចមិញ តាមរយៈសំដីរបស់រដ្ឋមន្ត្រីការបរទេសថា មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងភូមា យ៉ាងក្រឡែត និងដោយឥតលាក់លៀមទេ។ ថ្វីបើមានបាតុកម្មខុសច្បាប់ មានការញុះញង់ឱ្យមានវិបត្តិនិងអំពើហិង្សា រដ្ឋាភិបាលភូមាខំអត់ធ្មត់ខ្លាំងណាស់ និងប្រើមធ្យោបាយបង្ក្រាបយ៉ាងតិចតួចបំផុតហើយ។ នេះជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសភូមាទៅកាន់សហគមន៍អន្តរជាតិ។
មេដឹកនាំយោធាដែលទំនងជាមិននឹកស្មានដល់ថាពលរដ្ឋភូមាអាចហ៊ានធ្វើបាតុកម្មដល់កំរិតនេះ មិនខ្វល់នឹងប្រតិកម្មថ្កោលទោសរបស់អន្តរជាតិ ក៏ព្រោះចង់យកគំរូតាមរបបដឹកនាំ ដូចនៅតាមបណ្តាប្រទេសនៅក្នុងតំបន់ផ្សេងមានជាអាទិ៍ថៃ ជាឧទាហរណ៍ជាក់ស្តែងនិងថ្មីៗបំផុត។ គំរូដឹកនាំដែលមេដឹកនាំតាំងខ្លួនជាអ្នកមានអំណាចពិតៗ មានសមត្ថភាពត្រឹមត្រូវ ក្នុងការធានាសិ្ថរភាព និងសន្តិភាពជូនជាតិ។ គំរូដឹកនាំដែលមានប្រភពដកស្រង់ចេញពីគំរូនយោបាយរបស់ចិន។ ហើយយើងមិនត្រូវភ្លេចទេថា ចិន ជាតួអង្គដ៏សំខាន់មួយ តាំងពីយូរលង់មកហើយក្នុងល្បែងនយោបាយនៅភូមានេះ។ គ្រាន់តែថាចិនបច្ចុប្បន្នក៏ប្រុងប្រយ័ត្នខ្លាំងជាមួយភូមា ដើម្បីរក្សាតម្លៃចិននិងកុំឱ្យខូចប្រយោជន៍ធំប៉ុណ្ណោះ។ ចិនពេលនេះក៏កំពុងពិគ្រោះជាមួយក្រុមប្រទេសក្នុងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ដើម្បីរកដំណោះស្រាយឱ្យវិបត្តិភូមានេះដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ