ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូវីដ​១៩ បាន​ផ្តាច់ជីវិត​ប្រជាជន​អាមេរិក ៥សែន​នាក់ ត្រឹម​រយៈពេល​​១ឆ្នាំ

សំឡេង ០៧:២៤
លោកប្រធានាធិបតី ចូ បៃដិន ក្នុងពេល​ថ្លែងសន្ទរកថា រំលឹកវិញ្ញាណក្ខន្ធអ្នកស្លាប់​ដោយ​កូវីដ​១៩ ចំនួន​៥សែននាក់។​​​ សេតវិមាន​ ក្រុងវ៉ាស៊ីនតោន​ ថ្ងៃចន្ទ ទី​២២ កុម្ភៈ ២០២១
លោកប្រធានាធិបតី ចូ បៃដិន ក្នុងពេល​ថ្លែងសន្ទរកថា រំលឹកវិញ្ញាណក្ខន្ធអ្នកស្លាប់​ដោយ​កូវីដ​១៩ ចំនួន​៥សែននាក់។​​​ សេតវិមាន​ ក្រុងវ៉ាស៊ីនតោន​ ថ្ងៃចន្ទ ទី​២២ កុម្ភៈ ២០២១ AP - Evan Vucci
ដោយ៖ ម៉ម ពិសី
៣២ នាទី

គិត​ត្រឹម​ថ្ងៃចន្ទទី ២២កុម្ភៈ ចំនួន​អ្នកស្លាប់ដោយ​កូវីដ​១៩ នៅសហរដ្ឋអាមេរិក គឺបាន​ឡើងដល់ចំនួន​កន្លះលាននាក់ហើយ​។ ចំនួន​មនុស្ស​ស្លាប់​ដោយ​កូវីដ​១៩ ត្រឹមរយៈពេល​​មួយឆ្នាំ នៅសហរដ្ឋអាេមរិក​នេះ គឺមាន​លើសចំនួន​ទាហាន​អាមេរិក ដែល​ស្លាប់​ក្នុងជំនាន់សង្រ្គាម​លោក ទាំង២លើក និង​សង្រ្គាមនៅវៀតណាម បូកបញ្ចូលគ្នាទៅទៀត។ កាលពីថ្ងៃចន្ទ នៅសេតវិមាន លោកប្រធានាធិបតី​ ចូ បៃដិន បានរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធ ដល់អ្នកស្លាប់ទាំងអស់ ហើយ​បាន​ប្រកាសសន្យា​ថា រដ្ឋាភិបាល​លោក នឹង​ប្រឹងឲ្យ​អស់ពីសមត្ថភាព ក្នុង​ការ​ប្រយុទ្ធ​​ប្រឆាំងនឹងកូវីដ​១៩ ដើម្បី​ការពារសុខភាព​ប្រជាពលរដ្ឋអាមេរិក។

ផ្សាយពាណិជ្ជកម្ម

ទាហានអាមេរិកស្លាប់ក្នុងសង្រ្គាម​លោក​ទាំង២លើក និងសង្រ្គាមវៀតណាម​បូកបញ្ចូលគ្នា​​ តិចជាងអ្នក​ស្លាប់ដោយ​កូវីដ​១៩

បើសរុបតួលេខផ្លូវការ ក្នុងចំណោមមនុស្ស​ស្លាប់ដោយ​កូវីដ១៩ នៅទូទាំងពិភពលោក ១៩%នៃចំនួន​អ្នកស្លាប់ គឺនៅសហរដ្ឋអាេមរិក​ ខណៈដែល​ប្រជាជនអាមេរិកមានទំហំ ប្រមាណ​ជា​៤%ប៉ុណ្ណោះ នៃប្រជាជនពិភពលោកយើង។ យើងអាចចាត់ទុកបាន​ ថា​ចំនួន​មនុស្សស្លាប់ដោយ​កូវីដ​១៩ នៅ​សហរដ្ឋអាមេរិក ត្រឹមរយៈពេល​១ឆ្នាំនេះ គឺជា​សោកនាកម្មធំណាស់ សម្រាប់សហរដ្ឋអាមេរិក។

លោកប្រធានាធិបតី ចូ បៃដិន បានរៀបចំពិធី​រំលឹកវិញ្ញាណក្ខន្ធមួយ​ កាលពី​ថ្ងៃ​ចន្ទទី​២២កុម្ភៈ ដោយ​លោក​បាន​ថ្លែងសារទៅកាន់​ប្រជាជាតិអាេមរិក ចូលរួមរំលែកទុក្ខដល់គ្រួសារអ្នកស្លាប់ ព្រមទាំង អំពាវនាវឲ្យ​ប្រជាជន​អាមេរិកឈប់បែកបាក់គ្នា ហើយ​ងាកមករួមគ្នា តស៊ូ ប្រយុទ្ធនឹងកូវីដ​១៩ ដ៏កាចសាហាវនេះ។

លោក ចូ បៃដិន បានលើកឡើងថា៖ ថ្ងៃនេះយើងសូមរំលឹកវិញ្ញាណក្ខន្ធ ដ៏សោកសង្រេងបំផុតមួយ ជូនចំពោះអ្នកស្លាប់ចំនួន ៥០០០៧១នាក់ ដោយ​សារតែជំងឺកូវីដ​១៩។ ត្រឹមតែមួយឆ្នាំសោះ កូវីដ​១៩ បានផ្តាច់ជីវិតប្រជាជនអាមេរិក មានចំនួនច្រើនលើស ចំនួនទាហានអាេមរិក ដែលស្លាប់ ក្នុងជំនាន់សង្រ្គាមលោកលើកទ១ លើកទី២ និង​សង្រ្គាមនៅ វៀតណាម បូកបញ្ចូលគ្នាទៅទៀត។ លោក​បន្តថា៖ ក្នុងនាមជាប្រទេសជាតិមួយ យើងមិនអាច​ទទួលយក នូវ​ជោគវាសនាដ៏អាក្រក់នេះបានទេ។ យើងត្រូវតែ​ប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹង​ជំងឺឆ្លងរាលដាលនេះ មិន​ត្រូវ​បណ្តោយខ្លួនឲ្យ​ទន់ខ្សោយ​ ដោយសារតែក្តី​ទុក្ខសោក​​នេះ​ទេ។

បន្ទាប់ពីថ្លែងសន្ទរកថាចប់ លោកចូ បៃដិន រួមទាំង​លោកស្រីអនុប្រធានាធិបតី កាម៉ាឡា ហារីស បានឈរស្មឹងស្មាតមួយ​នាទី បន្ទាប់មកទៀត សម្លេងជួងនៃ​វិហារកាតេដ្រាល់ ក្រុងវ៉ាស៊ីនតោន បាន​បន្លឺ​ឡើង​ចំនួន​​៥០០ដង ដើម្បី​ឧទ្ទិសវិញ្ញាណក្ខន្ធ ដល់អ្នកស្លាប់។ នៅតាម​អាគាររដ្ឋ និងទីតាំង​ទាហាន​អាេមរិក គឺ​ត្រូវបង្ហូតទង់ជាតិតែពាក់កណ្តាល រយៈពេល​៥ថ្ងៃ។

សារអំពាវនាវឲ្យ​ប្រជាជនអាេមរិករួមសាមគ្គីគ្នា

ពិធីរំលឹកវិញ្ញាណក្ខន្ធនេះ គឺមានតម្លៃជានិម្មិតរូបខ្លាំងណាស់ សម្រាប់សហរដ្ឋអាេមរិក ដែលកំពុងតែបែកបាក់គ្នាខ្លាំង ណាមួយដោយ​សារតែបញ្ហាកូវីដ​១៩ ណាមួយ​ដោយ​សារតែបញ្ហានយោបាយ​។ យើងអាចចាត់ទុកបានថា ពិធីនេះក៏ជាសារនយោបាយ​ របស់​លោក ចូ បៃដិន ដែរ ដើម្បី​ប្រកាសប្រាប់ទៅ​ប្រជាជនអាមេរិក ឲ្យ​រួមសាមគ្គីគ្នាឡើងវិញ។

លោកចូ បៃដិន បានចូលកាន់តំណែង ទើបតែបាន១ខែទេ តែការងារ​ដែលរងចាំឲ្យ​រដ្ឋាភិបាល​លោកដោះស្រាយ គឺមាន​ច្រើន និង​ធ្ងន់ធ្ងរណាស់។ បញ្ហាសង្គមបែកបាក់គ្នានេះ គឺជារឿងមួយ​សំខាន់បំផុត ហើយ​ដែល​លោក ចូ បៃដិន បាន​ប្រកាសប្តេជ្ញាថា នឹងធ្វើគ្រប់យ៉ាង ដើម្បី​ផ្សះផ្សារប្រជាជនអាមេរិក​ឡើងវិញ។

យើងអាចចាត់ទុកបាន​ថា លោកចូ បៃដិន បានទទួលថ្មបាក់ ពី​រដ្ឋបាល​លោក ដូណាស់ ត្រាំ ដែល​បាន​ដឹកនាំប្រទេស៤ឆ្នាំ ធ្វើឲ្យ​សហរដ្ឋអាមេរិកពុះចែកគ្នាជា២។ ហើយ​មួយឆ្នាំចុងក្រោយ​ជាមួយ​នឹងវិបត្តិ​កូវីដ​១៩ គឺវាបានបង្ហាញ​ឲ្យ​ឃើញ​នូវ​ ភាពកម្សោយ និង​អសមត្ថភាព របស់​រដ្ឋបាល​លោកដូណាល់ ត្រាំ ក្នុង​ការដឹកនាំប្រទេស។ លោកដូណាល់ ត្រាំ បានព្រងើយ​កន្តើយ​ មិនខ្វល់ពីបញ្ហាកូវីដ​១៩ទេ ដោយ​មិនព្រមចាត់វិធានការរួម ជាលក្ខណៈជាតិ​ បណ្តោយ​អោយរដ្ឋនីមួយ​ៗ ចាត់ចែងតែរៀងៗខ្លួន គ្មានការសហការគ្នា។

មិនត្រឹមប៉ុណ្ណោះទេ លោកដូណាល់ ត្រាំ បាននិយាយមើលស្រាល​បញ្ហាកូវីដ​១៩ ហើយ​ថាអ្នកជំនាញវិទ្យាសាស្ត្រនិយាយតែផ្តេសតែផ្តាសទៀត។ ទាំងអស់នេះ វាបានបង្កើតជាបរិយាកាស មិនទុកចិត្តអ្នកជំនាញ មិនទុកចិត្តព័ត៌មាន ហើយកើតទ្រឹស្តី​ប្រឌិតក្លែងក្លាយ​នានា រីកសាយភាពពេញបណ្តាញសង្គម។

នៅក្នុងសន្ទរកថា កាលពីថ្ងៃចន្ទ លោកចូ បៃដិន បានមានប្រសាសន៍ថា៖ ទាំងអស់គ្នា ត្រូវតែចូលរួមប្រយុទ្ធប្រឆាំងនឹង​ នយោបាយដែល​ប្រើ​ប្រាស់​ព័ត៌មានប្រឌិតក្លែងក្លាយ ភូតកុហក ព្រោះដំណឹងបោកប្រាស់ទាំងអស់នេះហើយ ដែលធ្វើ​ឲ្យ​ប្រជាជនអាមេរិក ​បែកបាក់គ្នា សមាជិកគ្រួសារឈ្លោះប្រកែកគ្នា សហគមបែងចែកគ្នាជាដើម។ បញ្ហានេះ បានបណ្តាលឲ្យ​ជីវិតមនុស្ស​ស្លាប់ច្រើនពេកហើយ​។ ដូច្នេះទាំងអស់គ្នាត្រូវតែប្រយុទ្ធ គឺរួមសាមគ្គីគ្នាប្រយុទ្ធ។

ក្តីសង្ឃឹមស្ថិតនៅលើវ៉ាក់សាំង

វ៉ាក់សាំង គឺជាក្តីសង្ឃឹមតែមួយ​គត់ ដើម្បីឲ្យ​អ្វីៗអាចត្រលប់មករកភាពប្រក្រតីបាន នៅសហរដ្ឋអាមេរិក។ គិតមកត្រឹមពេលនេះ គេបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ​១៩ ទៅឲ្យ​មនុស្ស​ប្រមាណ​៤៤លាន​១សែននាក់ហើយ ​នៅសហរដ្ឋអាមេរិក។ ហើយក្នុងចំណោមនេះ គឺ​មាន​១៩លាន​៤សែន​នាក់ បានទទួលការចាក់គ្រប់ទាំង​២ដូសហើយ។

ល្បឿននៃការចាក់វ៉ាក់សាំងនេះ គឺអាចចាត់ទុក​បាន​ថាជាល្បឿនលឿន បើប្រៀបធៀបទៅប្រទេសផ្សេងទៀត ដោយ​សារតែវ៉ាក់សាំង ទាំង២មុខគឺសុទ្ធតែ ជាវ៉ាក់សាំងផលិត​ដោយ​មន្ទីរពិសោធន៍អាមេរិក គឺ Pfizer និង Moderna។ បច្ចុប្បន្ននេះ គេអាចចាក់វ៉ាក់សាំងចំនួន​១លាន​៧សែនដូស ក្នុងមួយ​ថ្ងៃ ជាមធ្យមនៅសហរដ្ឋអាមេរិក​។

លោកប្រធានធិបតី ចូ បៃដិន បាន​អះអាងថា ជាមួយ​តួលេខនេះ គឺ​ពីនេះទៅចុងឆ្នាំ២០២១ អ្វីៗនឹងអាចវិលត្រលប់មករកភាពប្រក្រតីវិញបានហើយ។ លោកសង្ឃឹមថា វ៉ាក់សាំងទាំង​៦០០លាន​ដូស សម្រាប់ចាក់ជូនប្រជាជនអាេមរិក នឹងអាចផលិតបាន ប្រគល់មកគ្រប់​នៅរវាងចុងខែកក្កដា។ ហើយឥឡូវនេះ អាជ្ញាធរឱសថអាមេរិក កំពុងត្រៀម ផ្តល់អាជ្ញាបណ្ណ ដល់វ៉ាក់សាំងប្រឆាំងកូវីដ​១៩មួយទៀត ដែលផលិតដោយ​ សហគ្រាស Johnson & Johnson។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI