ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រដ្ឋមន្ត្រីការបរទេសនៃរ​បប​សិក​ភូមា ទៅក្រុងបាងកកដើម្បី​ជួបប្រជុំ​ ទាក់ទិននឹងវិបត្តិនយោបាយ​

សំឡេង ០៦:៣០
ប្រជាជនភូមាធ្វើបាតុកម្ម​នៅខាងមុខស្ថានទូតឥណ្ឌូណេស៊ី ក្នុងក្រុងរ៉ង់ហ្គូន ទាមទារកុំឲ្យ​អាស៊ានយល់ព្រម​ជាមួយ​កងទ័ពភូមា ក្នុងការលុបចោលទ្ធផលឆ្នោត​កាលពី​ខែវិច្ឆិកា ២០២០។  រ៉ង់ហ្គូន ថ្ងៃទី ២៤ កុម្ភៈ ២០២១
ប្រជាជនភូមាធ្វើបាតុកម្ម​នៅខាងមុខស្ថានទូតឥណ្ឌូណេស៊ី ក្នុងក្រុងរ៉ង់ហ្គូន ទាមទារកុំឲ្យ​អាស៊ានយល់ព្រម​ជាមួយ​កងទ័ពភូមា ក្នុងការលុបចោលទ្ធផលឆ្នោត​កាលពី​ខែវិច្ឆិកា ២០២០។ រ៉ង់ហ្គូន ថ្ងៃទី ២៤ កុម្ភៈ ២០២១ AP - STR

ខណៈពេល​ដែល​បាតុកម្ម​តវ៉ារបស់​ប្រជាជនភូមា មិនចុះថមថយ ថ្វីបើ​មាន​ការបង្រ្កាប​ដោយ​ហិង្សាក៏ដោយ​នោះ នៅថ្ងៃពុធនេះ បើតាម​ប្រភពច្បាស់ការ បាន​ឲ្យ​ដឹងថា លោក​រដ្ឋមន្ត្រីការបរទេស នៃរបបសិកភូមា បានធ្វើដំណើរទៅ​ដល់​ទីក្រុងបាងកក ដើម្បី​ជួប​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រីការបរទេសថៃ។ ចំណែក​លោកស្រី រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ក៏មាន​វត្តមាន​នៅទីក្រុងបាងកកដែរ។ បើតាមការស្មាន គឺឥណ្ឌូណេស៊ី និង ថៃ កំពុងតែព្យាយាមនិយាយ​ជាមួយ​នឹងរបបសិកភូមា ដើម្បី​រកផ្លូវដោះស្រាយវិបត្តិនយោបាយ។

ផ្សាយពាណិជ្ជកម្ម

លោក​ Wunna Maung Lwin រដ្ឋមន្ត្រីការបរទេសភូមា ដែលក្រុមកងទ័ព​បាន​តែងតាំង ឲ្យ​ជំនួស​លោកស្រី​អ៊ុងសាន ស៊ូជី ពិតជាមាន​វត្តមាន​នៅក្រុងបាងកកមែន នៅថ្ងៃពុធទី​២៤កុម្ភៈនេះ។ នេះបើផ្អែកតាម​ប្រភព​របស់​មន្ត្រីរដ្ឋាភិបាលថៃ។ ដំណើរមកបាងកក ជាលើក​ទីមួយ​ របស់​លោករដ្ឋមន្ត្រី​ការបរទេសភូមារូបនេះ គឺដើម្បី​ជួបជាមួយ​ លោក Don Pramudwinai រដ្ឋមន្ត្រី​ការបរទេសថៃ។

ហើយបើផ្អែកតាមប្រភពពីរដ្ឋាភិបាល​ថៃដដែល គឺ​ លោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ក៏មានវត្តមាននៅ​ក្រុងបាងកកដែរ។ កាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយថា រដ្ឋមន្រ្តីការបរទេសភូមា បានជួបជាមួយរដ្ឋមន្ត្រីការបរទេសថៃតែ២នាក់សិន ហើយបន្ទាប់មក ទើបជួប​ប្រជុំគ្នាទាំង៣នាក់ ជាមួយ​លោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី។

ឥណ្ឌូណេស៊ីប្រឹងខ្នះខ្នែង

ប្រទេសដែលចេញមុខខ្លាំងជាងគេ ក្នុងការស្វែងរកផ្លូវដោះស្រាយ​វិបត្តិ​នៅភូមា​​ គឺឥណ្ឌូណេស៊ី។ តាំងតែពីមាន​វិបតិ្តក្រោយ​រដ្ឋប្រហារមក រដ្ឋាភិបាលឥណ្ឌូណេស៊ី បានចេញសេចក្តីថ្លែងការណ៍ថាចង់ និយាយ​ជាមួយ​ភាគី​នយោបាយ​ភូមាទាំងអស់​ ដើម្បីរកផ្លូវដោះស្រាយ​បញ្ហានេះ ដោយ​សន្តិវិធី។

តាមពិត កាលពីថ្ងៃអង្គារទី​២៣កុម្ភៈ មានឯកសារផ្លូវការ​មួយ​ ត្រូវបាន​បែកធ្លាយ​នៅភូមា ដែលបង្ហាញថា លោកស្រី​ Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី គ្រោងធ្វើដំណើរទៅភូមា នៅថ្ងៃពុធនេះ។ ក្រោយ​បែកធ្លាយ​ដំណឹងនេះ ប្រជាជនភូមា បាននាំគ្នាមកធ្វើបាតុកម្ម នៅខាងមុខស្ថានទូតឥណ្ឌូណេស៊ី នៅក្រុងរ៉ង់ហ្គូន ហើយ​បូកបន្ថែមជាមួយ​នឹងបញ្ហាកាន់តែចលាចលផង នៅក្រោយ​ការស្លាប់បាតុករភូមា៣នាក់ ភាគីឥណ្ឌូណេស៊ី ក៏បានលុបចោលដំណើរទៅភូមានេះវិញ។ អ្នកនាំពាក្យ​ក្រសួងការបរទេសឥណ្ឌូណេស៊ី បាន​បញ្ជាក់ប្រាប់ថា កាលៈទេសៈពេលនេះ គឺមិនអំណោយ​ផល ឲ្យ​រដ្ឋមន្ត្រីឥណ្ឌូណេស៊ី ទៅភូមាទេ។ ហេតុដូច្នេះហើយ បានជាគេអញ្ជើញ​ឲ្យ​ភាគី​ភូមា មកបាងកកវិញ ដើម្បីជួបជាមួយ​ភាគីថៃ និងឥណ្ឌូណេស៊ី។

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ី បានបញ្ជាក់ថា គេមិនបោះបង់គំនិត​ទៅ​ភូមាទេ តែគេនឹងរកឱកាស ឲ្យ​សមស្របបំផុត។ អ្នកនាំពាក្យ​រូបនេះ ក៏បានអះអាងដែរ ថា​ លោកស្រីរដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី កំពុងជំរុញ ឲ្យ​មានកិច្ចប្រជុំពិសេសមួយ​​ ក្នុងក្រខណ្ឌរដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់ តែកាលបរិច្ឆេទ គឺមិនទាន់អាចកំណត់បាននោះទេ សម្រាប់ពេលនេះ។ ដូច្នេះ បើតាមការស្មាន ការប្រជុំត្រីភាគី​ជាមួយ នឹងតំណាងរដ្ឋាភិបាល​កងទ័ពភូមានៅថ្ងៃទី ២៤កុម្ភៈនេះ គឺ ឥណ្ឌូណេស៊ី​ចង់ស្ទង់កំដៅ ស្វែងយល់ពីជំហររបស់កងទ័ពភូមាសិន​ ថាតើចង់ឲ្យ​មាន​យន្តការដោះស្រាយ​ ក្នុងក្របខណ្ឌអាស៊ានដែរឬទេ។ ហើយការដែលកងទ័ពភូមា បានបញ្ជូនមនុស្ស​ឲ្យ​មកបាងកក វាក៏សញ្ញាវិជ្ជមានមួយ​ដែរ។

អាស៊ានពិបាក​នឹងរក​គោលជំហររួម

រឿងយល់ស្របគ្នា ឬ មិនស្របនេះ ជាបញ្ហាចំណោទមួយ​ តែងតែចោទឡើង នៅក្នុងក្របខណ្ឌអាស៊ាន។ ប្រទេសដែលចង់ឲ្យ​អាស៊ាន ដើរតួនាទីច្បាស់លាស់ ដើម្បី​ការពារគោលការណ៍​លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពនៅភូមា គឺមានឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី ហើយ​ចុងក្រោយ​នេះ​ គឺហ្វីលីពីន​បានយល់ព្រមគាំទ្រដែរ។ ប្រទេសប្រ៊ុយណេ ដែលជាប្រធានវិលជុំអាស៊ាន ក្នុងពេលនេះ បាន​ចេញសេចក្តីថ្លែងការណ៍ អំពាវនាវ ឲ្យ​ភាគីនយោបាយ​នៅភូមា ស្វែងរកឲ្យ​បាននូវការផ្សះផ្សាគ្នា ដោយ​លើកឡើង នូវ​គោលការណ៍​គ្រិះនៃ​លទ្ធិប្រជាធិបតេយ្យ ដែល​មានចែងក្នុង​ធម្មនុញ្ញអាស៊ាន។

ចំណែកប្រទេសខ្លះ ដូចជាថៃ និងកម្ពុជា ធ្លាប់បាន​ប្រកាន់ជំហរថា បញ្ហានយោបាយ វាគឺជាបញ្ហាផ្ទៃក្នុងនៃប្រទេសសមាជិក គួរទុកឲ្យ​ប្រជាពលរដ្ឋ និង​រដ្ឋអំណាចប្រទេសនោះដោះស្រាយ អាស៊ានមិនគួរលូកដៃទេ។ តែយ៉ាងណា ថ្មីៗនេះ លោកប្រាយុទ្ធ​ ចានអូចា នាយករដ្ឋមន្ត្រីថៃ បានលើកឡើងថា លោកគាំទ្រឲ្យ​ ប្រទេសសមាជិកអាស៊ានទាំងអស់ រួមគ្នាកំណត់គោលជំហររួមមួយ នៅ​ក្នុង​សំណុំ​រឿង​ភូមា​នេះ។

តែយ៉ាងណា សម្រាប់ពេលនេះ យើងមិនអាចនិយាយ​ថា អាស៊ាន​ប្រាកដជាមិនអាចធ្វើអ្វីបាន ដើម្បីជួយ​ដោះស្រាយ​វិបត្តិនយោបាយ​នៅភូមានោះទេ។ យើងមិនគួរមិនស្រាល ការប្រឹងប្រែង របស់ប្រទេសខ្លះដូចជាឥណ្ឌូណេស៊ី នាពេលនេះឡើយ។ បើអាស៊ានបិទភ្នែក មិនលូកដៃក្នុងរឿងភូមានេះ វាអាចជះផលអាក្រក់ ទៅលើកិត្តិយសរបស់អាស៊ានទាំងមូលដែរ។ ខណៈដែល ប្រទេសមហាអំណាច​ធំៗ ដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុប នាំគ្នាដាក់ទណ្ឌកម្មខ្លាំងៗលើ ក្រុមយោធាភូមា ប្រទេសអាស៊ាន អាចស្វែងរកច្រកផ្លូវកណ្តាលមួយ​ផ្សេង ដែលមានប្រសិទ្ធិភាពជាងក៏ថាបាន។

បញ្ហាចំបងនៅពេលនេះ គឺថាកងទ័ពភូមា បានធីបចោលលទ្ធផលបោះឆ្នោត កាលពីខែ​វិច្ឆិកាឆ្នាំមុន ហើយអនុវត្តច្បាប់អាជ្ញាសិក រយៈពេល​១ឆ្នាំ មុននឹងរៀបចំ​ការបោះឆ្នោតថ្មីមួយទៀត។ តែមកទល់​ពេលនេះ គ្មានការបញ្ជាក់ណាមួយ​ពីកងទ័ពភូមា ថានឹង​រៀបចំ​ការបោះឆ្នោត​​ នៅពេលណានោះទេ។ ប្រជាជនភូមា ភ័យថាវាអាចជាសន្យាខ្យល់។ បើតាមប្រភព​ពីអ្នកស្និទនឹង​កិច្ចការនេះ គឺឥណ្ឌូណេស៊ី មានគំរោងស្នើផែនការមួយ ឲ្យកងទ័ពភូមា យល់ព្រម​ទទួល​ក្រុមការងារពិសេសមួយដែល​​ប្រទេសអាស៊ានចាត់ទៅ​ ដើម្បីចុះទៅពិនិត្យតាមដាន​​ និងធានាថាកងទ័ពភូមា ពិត​ជាគោរពសន្យា រៀបចំការបោះឆ្នោតដោយសេរីពិតមែន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI