ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកចូ បៃដិន​ទូរស័ព្ទ ទៅ​ស្តេចអារ៉ាប៊ី សាអូឌីត នៅមុន​ចេញរបាយការណ៍​ស្តីពី​ឃាតកម្ម​លើ​លោក កាស៊ូហ្ស៊ី

សំឡេង ០៧:៤០
លោកប្រធានាធិបតី ចូ បៃដិន​ នៅ​ពេល​ជួប​ជាមួយ​សមាគម​អភិបាលរដ្ឋ​អាមេរិក នៅថ្ងៃ​ទី ២៥​កុម្ភៈ ២០២១
លោកប្រធានាធិបតី ចូ បៃដិន​ នៅ​ពេល​ជួប​ជាមួយ​សមាគម​អភិបាលរដ្ឋ​អាមេរិក នៅថ្ងៃ​ទី ២៥​កុម្ភៈ ២០២១ REUTERS - JONATHAN ERNST

ប្រធានាធិបតីអាមេរិក លោកចូ បៃដិន បានទូរស័ព្ទ សន្ទនាជាលើកទី១ជាមួយ ព្រះចៅ អារ៉ាប៊ី សាអូឌីត សាល់ម៉ាន កាលពីថ្ងៃព្រហស្បតិ៍។ លោកចូ បៃដិនបានទូរស័ព្ទនិយាយជាមួយ ព្រះចៅសាលម៉ាន នៅ មួយថ្ងៃមុនដែលរដ្ឋបាលអាមេរិកត្រូវបញ្ចេញផ្សាយរបាយការណ៍ មួយដែលនៅក្នុងនោះ ទីភ្នាក់ងារស៊ើបការណ៍អាមេរិកអាចចោទប្រកាន់ រាជបុត្រស្នងរាជ ម៉ូហាម៉េដ បិនសាលម៉ាន ជាអ្នកនៅពីក្រោយ ឃាតកម្មទៅលើអ្នកកាសែត អារ៉ាប៊ី សាអូឌីត លោកកាស៊ូជី កាលពី ចុងឆ្នាំ ២០១៨។

ផ្សាយពាណិជ្ជកម្ម

នៅ​មួយ​ថ្ងៃ​មុន​ដែល​រដ្ឋបាលអាមេរិក​គ្រោងចេញផ្សាយ​ជា​សាធារណៈ របាយការណ៍ ស្តីពី​ឃាតកម្ម​លើ​អ្នកកាសែត អារ៉ាប៊ី សាអូឌីត ប្រធានាធិបតីអាមេរិក​លោក​ចូ​ បៃដិន​បាន​ទូរស័ព្ទ​ទៅ និយាយ​ជាមួយ ព្រះចៅ អារ៉ាប៊ី សាអូឌីត សាល់ម៉ាន។

តាម​សេតវិមាន នៅក្នុងកិច្ចសន្ទនា​តាមទូរស័ព្ទ កាលពី ថ្ងៃ​ម្សិលមិញ លោក​ចូ បៃដិន​បាន​និយាយ​ពី បញ្ហា​សិទ្ធិមនុស្ស​ជាទូទៅ ​និយាយ​ពី នីតិរដ្ឋ។ លោក​ចូ បៃដិន បាន​និយាយ​ស្វាគម​ការដោះលែង​អ្នកទោស​នយោបាយ​នៅ អារ៉ាប៊ី សាអូឌីត ដែលនៅក្នុងនោះ មានផងដែរ ​សកម្មជន​សិទ្ធិមនុស្ស លោកស្រី​Loujain al Hathlou ហើយនិង​សកម្មជន​អាមេរិកាំង​ដើមកំណើត​អារ៉ាប៊ី សាអូឌីត​ផ្សេងទៀត។

ក្រៅតែ​ពីនោះ ប្រធានាធិបតី អាមេរិក​បាន​និយាយ​ពី សារៈសំខាន់​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ដោយ​លោក​បញ្ជាក់​ផងដែរថា អាមេរិក នឹង​នៅតែ​បន្ត ជួយ ការពារ​សន្តិសុខ អារ៉ាប៊ី សាអូឌីត ពី​ការវាយប្រហារ​ពីខាង​ក្រុម​ប្រដាប់អាវុធ​ដែល​គាំទ្រ​អ៊ីរ៉ង់។

ជាមួយ ព្រះចៅ សាល់ម៉ាន លោកប្រធានាធិបតី អាមេរិក ចូ​បៃដិន​បាន​និយាយ​ផងដែរ​ពី ការរក​ច្រក​ចេញ​សន្តិភាព សម្រាប់​ប្រទេស​យេម៉ែន ជាទី​ដែល​អារ៉ាប៊ី សាអូឌីត​បាន​បើក​ការវាយប្រហារ ជាង ៥ឆ្នាំមកហើយ ទៅលើ​ក្រុមហ៊ូទី គាំទ្រ​ដោយ​អ៊ីរ៉ង់។

សេចក្តីថ្លែងការណ៍​របស់​រាជវាំង អារ៉ាប៊ី សាអូឌីត វិញ​បាន​ចេញផ្សាយ​ថា លោក​ចូ បៃដិន​បាន​ប្រាប់​ព្រះចៅសាល់ម៉ាន​ថា លោក​នឹង​ធ្វើការ​យ៉ាងណា​ដើម្បី ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ទាំងពីរ ឲ្យរឹងមាំ និង​មានតម្លាភាព​បំផុត។ ភាគី​ទាំងពីរ​សន្យា​ចាប់ដៃធ្វើការ​ជាមួយគ្នា ដើម្បី ដោះស្រាយ​បញ្ហា និង​ផលប្រយោជន៍ របស់​អាមេរិក និង​អារ៉ាប៊ី សាអូឌីត។

ហេតុអ្វី ក៏លោកចូ បៃដិន និង​ព្រះចៅ សាល់ម៉ាន​មិន​និយាយ​ពី​របាយការណ៍របស់​CIA ស្តីពី​ឃាតកម្ម លើ​អ្នកកាសែត អារ៉ាប៊ី សាអូឌីត?

លោកចូ បៃដិនផ្ទាល់​បាន​និយាយ​ប្រាប់​អ្នកកាសែត ថា លោក​បាន​អាន​រួចហើយ របាយការណ៍​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក ដែល​នឹង​អាច​ចេញផ្សាយ​នៅថ្ងៃនេះ។ បើ​លោក​ចូ បៃដិន​និយាយ​ពី បញ្ហា​សិទ្ធិមនុស្សនៅ​អារ៉ាប៊ី សាអូឌីត ជាមួយ​ព្រះចៅ សាលម៉ាន។

ការចេញផ្សាយ​ជា​សាធារណៈ របាយការណ៍​ដែល​អាច​និយាយ​ពី​ការទទួលខុសត្រូវ​របស់​រាជបុត្រស្នងរាជ្យ ក្នុង​ឃាតកម្ម​លើ​អ្នកកាសែត អារ៉ាប៊ី សាអូឌីត លោក​កាស៊ូហ្ស៊ី នឹង​អាច​ធ្វើ​ទំនាក់ទំនង​អាមេរិក អារ៉ាប៊ី សាអូឌីត​កាន់តែ​ស្មុគស្មាញ។ លោក​ចូ បៃដិន ទើប​តែ​ចូល​កាន់តំណែងជា​ប្រធានាធិបតីអាមេរិក បាន​៥សប្តាហ៍ ហើយ​លោក​ទើប​តែ​ទូរស័ព្ទ ជាលើក​ដំបូង ទៅកាន់ ព្រះចៅ សាល់ម៉ាន ដែលសម្ព័ន្ធមិត្ត​របស់អាមេរិក។ ដូច្នេះ លោកប្រហែល មិនចង់​​និយាយ​ភ្លាម ពី របាយការណ៍ ដែល​អាច​ដាក់បន្ទុក​រាជបុត្រ​របស់​ព្រះចៅ សាល់ម៉ាន នោះទេ។

ប៉ុន្តែ ដោយ​ទូរស័ព្ទ ទៅ​ព្រះចៅ​សាល់ម៉ាន នៅ មុន​ពេល​រដ្ឋបាល​របស់លោក​ចេញផ្សាយ​របាយការណ៍ ស្តីពី​ឃាតកម្ម​លើ​អ្នកកាសែត កាស៊ូហ្ស៊ី លោក​ចូ បៃដិន ចង់​បញ្ជាក់​ប្រាប់​ទៅភាគី អារ៉ាប៊ី សាអូឌីត ថា រដ្ឋបាល​អាមេរិក​ថ្មី បែងចែក​ច្បាស់លាស់ រវាង​ទំនាក់ទំនង មិត្តភាព ហើយ​និង​ការទទួល​ខុសត្រូវ លើ​អំពើឧក្រិដ្ឋកម្ម។

លោក​ចូ បៃដិន​ចង់ សម្រិតសម្រាំង​ទំនាក់ទំនង​ថ្មី​ជាមួយ​អារ៉ាប៊ី សាអូឌីត ពោល គឺ អាមេរិក​នៅតែ​ជា​សម្ព័ន្ធមិត្ត​របស់អារ៉ាប៊ី សាអូឌីត ប៉ុន្តែ អាមេរិក​នឹង​ឈប់គាំទ្រ​ផ្នែក​យោធា ដើម្បី ឲ្យអារ៉ាប៊ី សាអូឌីតធ្វើ​សង្រ្គាម​យេម៉ែន​តទៅទៀត។ ខុស​ពី រដ្ឋបាលលោកដូណាល់ ត្រាំ លោក​ចូ បៃដិន​បាន​ដកខ្លួន​ឃ្លាតឆ្ងាយ​ពី​រាជបុត្រ ស្នងរាជ្យ ដែល​ធ្លាប់តែ​ល្អូកល្អឺន​ជាមួយ​អាមេរិក ក្រោម​រដ្ឋបាលលោកដូណាល់ ត្រាំ។ នៅពេល​លោកដូណាល់ ត្រាំ កាន់តំណែង គឺ រាជបុត្រ​ស្នងរាជ្យ​ដែលជាអ្នកតំណាង​រដ្ឋាភិបាល​អារ៉ាប៊ី សាអូឌីត។ ផ្ទុយ​ពី​រដ្ឋបាលលោកដូណាល់ ត្រាំ ដែល​ព្យាយាម ហាមឃាត់ មិន​ឲ្យ​គេ​ចេញផ្សាយ​របាយការណ៍ ស្តីពី​ឃាតកម្ម​លើ​អ្នកកាសែត កាស៊ូហ្ស៊ី ដើម្បី រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​រាជបុត្រ ស្នងរាជ្យ និង​ដើម្បី​ផលប្រយោជន៍​លក់​អាវុធ​អាមេរិក​ទៅ​អារ៉ាប៊ី សអូឌីត លោក​ចូ បៃដិន បានអនុញ្ញាត​ឲ្យ​គេ​ចេញផ្សាយ​របាយការណ៍​ដែល​អាច​ដាក់​បន្ទុក រាជបុត្រ ម៉ូហាម៉េដ បិន សាល់ម៉ាន។ គេអាច​យល់ដែរថា ដោយ​និយាយ​ទូរស័ព្ទ ជាមួយ ស្តេច​សាលម៉ាន កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ចូ បៃដិន បាន​បដិសេធ មិនជ្រើសរើស រាជ្យបុត្រ​ស្នងរាជ្យ ដើម្បី​ធ្វើ​ជា​ភាគី ពិភាក្សា ក្នុង​នាមមេដឹកនាំអារ៉ាប៊ី សាអូឌីត​នោះទេ។ ការណ៍នេះ​បង្ហាញថា លោក​ចូ បៃដិន បាន​ដាក់ខ្លួន ឃ្លាតឆ្ងាយ​ពី រាជបុត្រ ស្នងរាជ្យ ពោលគឺ​មិន​ចូល​ឲ្យ​ជិតស្និទ្ធគាំទ្រ ផ្កាប់មុខ រហូត​ដល់​ភ្លេច ការរំលោភសិទ្ធិមនុស្ស និង​ឃាតកម្ម​សម្លាប់មនុស្ស លើ​អ្នកកាសែត អារ៉ាប៊ី សាអូឌីត ដូចក្នុង​សម័យ​ដឹកនាំ​របស់​លោកដូណាល់ ត្រាំនោះទេ។

តើ​អាមេរិក​អាច​ដាក់​ទណ្ឌកម្ម លើ​រាជបុត្រ​ដែឬទេ?

នៅក្នុង​របាយការណ៍ ដែល​ប្រធានទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់​អាមេរិក CIA ប្រុង​នឹង​ចេញផ្សាយ ជាសាធារណៈ ក្នុងពេល​ឆាប់ៗ ឬ​អាច​នៅ​ថ្ងៃ​នេះ ហ្នឹង រាជ្យបុត្រ​ស្នងរាជ្យ​អារ៉ាប៊ី សាអូឌីត ត្រូវ​បាន​ភ្នាក់ងារ CIA វាយតម្លៃ ជាអ្នកទទួល​ខុសត្រូវ​ធ្វើ​ឲ្យ​មាន​ឃាតកម្ម​សម្លាប់​អ្នកកាសែត លោក​ចាម៉ាល់ កាស៊ូហ្ស៊ី នៅ​ស្ថានទូត​អារ៉ាប៊ី សាអូឌីត ក្នុង​ប្រទេស​តួកគី កាលពី​ឆ្នាំ ២០១៨។ តាម​CIA ភ្នាក់ងារ សម្ងាត់ ក្រោម​ការបញ្ជារ​របស់​មនុស្ស​ដៃស្តាំ​របស់​រាជ្យបុត្រ​ស្នងរាជ្យ ម៉ូហាម៉េដ បិនសាល់ម៉ាន បាន​សម្លាប់ បំបាត់​សាកសព លោក​កាស៊ូហ្សី ដែល​ជា​អ្នកកាសែត​ធ្លាប់ចេញមុខ​សរសេរ​រិះគន់ រាជបុត្រ បិនសាល់ម៉ាន។

បន្ទាប់​ពី បដិសេធ ថា គ្មាន​ឃាតកម្ម​លើ​អ្នកកាសែត រាជបុត្រ​បិន សាល់ម៉ាន​ធ្លាប់​បាន​ចេញមុខ​ទទួល​ស្គាល់ ថា អារ៉ាប៊ី សាអូឌីត​ជាអ្នកទទួលខុសត្រូវ​លើ​ករណី​ធ្វើឃាត​លើ​អ្នកកាសែត លោក​កាស៊ូហ្ស៊ី ប៉ុន្តែ ព្រះអង្គ​នៅតែនិយាយ​តែ​បដិសេធ​ថា មិន​បាន​ដឹងរឿង ចេញបញ្ជា​ដោយគេ​ធ្វើ​នោះទេ។

ប៉ុន្តែ តាម​ទូរទស្សន៍ CNN រាជបុត្រ ដឹងរឿងនេះ​ព្រោះថា ​យន្តហោះ​ដឹក​ភ្នាក់ងារ​សម្ងាត់​អារ៉ាប៊ីសាអូឌីត ដើម្បី ទៅសម្លាប់​អ្នកកាសែត​នៅ ទឹកដី តួកគី ជា​យន្តហោះ​របស់​ក្រុមហ៊ុន​ព្រះអង្គ។ រាជ្យបុត្រ​ស្នងរាជ្យ ពិបាក​នឹង​ដោះខ្លួន​រួច​ពី​ការចោទប្រកាន់​ណាស់ ប៉ុន្តែ បញ្ហា​នៅត្រង់ថា តើ​លោក​ចូ បៃដិន​នឹង​ដាក់​ទណ្ឌកម្ម​ទៅលើ​អ្នកទទួលខុសត្រូវ​លើ​ឃាតកម្ម​លើ​អ្នកកាសែត អារ៉ាប៊ី សាអូឌីតដែរឬទេ? ចម្លើយ​នោះ គឺ​ពិបាក​បន្តិចហើយ ព្រោះថា លោកចូ បៃដិន ក៏ដូចជា​មេដឹកនាំ​អាមេរិក​ទូទៅ គឺ​ត្រូវ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​អារ៉ាប៊ី សាអូឌីត ដែល​ជា​សម្ព័ន្ធមិត្ត និង​ដៃគូ​សំខាន់​របស់​អាមេរិក​សម្រាប់ ទប់ទល់​នឹង​អ៊ីរ៉ង់ ក្នុង​តំបន់។ ម្យ៉ាង រាជបុត្រ​ស្នងរាជ្យ បិន សាល់ម៉ាន ចង់ ឬ​មិនចង់ នឹង​ក្លាយ​ជា​មេដឹកនាំ​របស់​អារ៉ាប៊ី សាអូឌីត នៅ​ថ្ងៃ​ណាមួយ នាពេល​ខាងមុខ។ អាមេរិក​គ្មានទម្លាប់​ដាក់ទណ្ឌកម្ម​លើ​មេដឹកនាំ​បរទេស​ណាមួយនោះទេ។

នៅក្រោយ​ចេញផ្សាយ​របាយការណ៍​លើកនេះ ដែល​នឹង​អាច​ដាក់បន្ទុក​លើ​ព្រះរាជបុត្រ​ស្នងរាជ្យនោះ អាមេរិក​ប្រហែល​ជា​គ្រាន់បាន​លេស ដាក់សម្ពាធ​ឲ្យ​អនាគត ស្តេច​អារ៉ាប៊ី សាអូឌីតឲ្យ​ធ្វើកំណែទម្រង់​តុលាការ និងប្រយ័ត្នប្រយែង​គោរព​សិទ្ធិមនុស្ស​ឲ្យ​បាន​ច្រើន​ជាងមុន។ ជាក់ស្តែង ឧក្រិដ្ឋជន​ដែល ជាប់ពាក់ព័ន្ធ​នឹង​ការសម្លាប់អ្នកកាសែត កាស៊ូហ្ស៊ី ត្រូវ​បាន​តុលាការ​បន្ថយទោស ពី​ទោស​ប្រហារជីវិត មក​នៅ​ត្រឹម​ជាប់ ពន្ធនាគារ ២០​ឆ្នាំប៉ុណ្ណោះ។

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI