ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហរដ្ឋ​អាមេរិក​អនុញ្ញាត​ឱ្យ​ប្រើប្រាស់ថ្នាំបង្ការ​កូវីដ​១៩ របស់​ក្រុមហ៊ុន​ Johnson & Johnson

សំឡេង ០៧:០២
ដ្នាំ​វ៉ាក់សាំង Johnson & Johnson បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​ប្រើ​នៅអាមេរិក
ដ្នាំ​វ៉ាក់សាំង Johnson & Johnson បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​ប្រើ​នៅអាមេរិក JUSTIN TALLIS AFP/File

 ថ្នាំ​បង្ការ​កូវីដ១៩ របស់​ក្រុមហ៊ុន​ Johnson & Johnson បាន​ទទួល​ការ​អនុញ្ញាត​ពី​ភ្នាក់ងារ​ឱសថអាមេរិក​ហើយ​ នៅ​ថ្ងៃ​អាទិត្យ​ទី ២៨​កុម្ភៈ ពោល​គឺ​ជា​ថ្នាំវ៉ាក់សាំង​ទីបី​ដែល​មាន​ប្រើ​នៅ​អាមេរិក​សម្រាប់​ទប់​ស្កាត់​ជំងឺ​រាតត្បាត​កូវីដ១៩។ ​ថ្នាំ​បង្ការ​នេះ​នឹង​អាច​​ធ្វើ​ចរាចរណ៍​លើ​ទីផ្សារ​សហរដ្ឋ​អាមេរិក និង​ចាក់​ជូន​ប្រជាពលរដ្ឋ​ ចាប់​ពី​សប្តាហ៍ក្រោយ​​​នេះ​ទៅ​តែ​ម្តង។

ផ្សាយពាណិជ្ជកម្ម

ថ្នាំ​បង្ការ​កូវីដ​១៩ របស់​ក្រុមហ៊ុន​Johnson & Johnson ដែល​មាន​​ឈ្មោះ​ថា Janssen Covid-19 ជា​ថ្នាំ​ដែល​គេ​រង់​ចាំ​ខ្លាំង ព្រោះ​ថ្នាំ​នេះ​មាន​ចំណុច​ល្អ​ពីរយ៉ាង​ ដែល​គេ​មិន​អាច​មើល​រំលង​បាន​ទេ។ អ្វី​ដែល​ល្អ​ជាងគេ​បំផុត​របស់​ថ្នាំ​បង្ការ​នេះ គឺ​​ត្រូវ​ចាក់​តែ​ម្តង (មួយ​ដូស) ជា​ការ​គ្រប់គ្រាន់ ហើយ​អាច​រក្សា​ទុក​ ក្នុងទូរទឹកកក​ធម្មតា ងាយ​ស្រួល​ដឹកជញ្ជួន​និង​ចែកចាយ​ មិន​ដូច​ថ្នាំ​បង្ការ​Pfizer និង​ Moderna ដែល​ត្រូវការ​ រក្សា​ទុក​ដល់​​ទៅ​៧០-៨០​អង្សា​ក្រោមសូន្យក្នុង​ទូរកកកពិសេស​​​​​ទេ។ មនុស្ស​គ្រប់​វ័យ​ចាប់​ពី​អាយុ​ ១៨​ឆ្នាំ​ឡើង​ទៅ​ សុទ្ធ​តែ​អាច​ទទួល​ថ្នាំ​បង្ការ​ Janssen​កូវីដ១៩​បាន​ទាំង​អស់​គ្នា។

ខុស​ពី​ថ្នាំវ៉ាក់សាំង​របស់​ក្រុមហ៊ុន​Pfizer និង​Moderna ដែល​ប្រើ​បច្ចេកវិទ្យា​ថ្មី ARN message ​ថ្នាំ​វ៉ាក់សាំង​Janssenកូវីដ១៩ ជា​ថ្នាំ​បង្ការ​ដែលប្រើ​​វិធី​សាស្ត្រ​បូរាណ​ គឺ​ប្រើមេរោគជា​វ៉ិចទ័រ។ ថ្នាំ​បង្ការ​នេះត្រូវ​បាន​ផ្សំ ឡើងដោយ​យក​​ មេរោគខ្សោយ​ - មិន​សូវកាច- ​ មកកែ​​បំប្លែង​ដោយ​ដាក់​បន្ថែមនូវ​ចំណែកមួយ​នៃ​​ហ្សែន​វីរុសដែល​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​កូវីដ​១៩។ នៅ​ពេលថ្នាំ​ចូលដល់​ក្នុង​កោសិកា វា​នឹង​ផលិតប្រូតេអ៊ីន​Sars-Cov2 នៃ​ជំងឺ​កូវីដ​១៩ ហើយ​បង្ហាត់​បង្រៀន​ប្រព័ន្ធ​ការពារ​ខ្លួន​ឱ្យ​ស្គាល់​មេរោគ​កូវីដ​នេះ។

​​ប្រសិទ្ធភាព៨៥,៩%

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ នាយក​មជ្ឈមណ្ឌល​វាយ​តម្លៃនិង​ស្រាវជ្រាវ​ថ្នាំ​ជីវសាស្ត្រ​នៃ​ភ្នាក់ងារ​ឱសថ​សហរដ្ឋ​អាមេរិក បានគូសបញ្ជាក់​ថា បន្ទាប់​ពី​សិក្សា​ទិន្នន័យ​យ៉ាង​ល្អិត​ល្អន់មក អ្នក​វិទ្យាសាស្ត្រ​និង​ក្រុមគ្រូពេទ្យ​​ កំណត់ឃើញ​ថា​ថ្នាំ​បង្ការ​របស់​ក្រុមហ៊ុនJohnson & Johnsonបំពេញ​បាន​គ្រប់​លក្ខខណ្ឌ​ សុវត្ថិភាព ប្រសិទ្ធភាព ទើប​ភ្នាក់ងារអាច​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​តាមបែបបទ​បន្ទាន់​​បាន។

ភ្នាក់ងារ​ឱសថ​អាមេរិក បាន​បញ្ជាក់​ថា ថ្នាំ​បង្ការ​Johnson & Johnsonមាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​មេរោគបំប្លែង​កូវីដ​១៩ និង​មាន​ប្រសិទ្ធភាព​ដល់​ទៅ​ ៨៥,៩% ប្រឆាំង​នឹង​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ​១៩ នៅ​សហរដ្ឋ​អាមេរិក។ ៨១,៧%​ ប្រឆាំង​នឹងទម្រង់ធ្ងន់ធ្ងរនៃ​ជំងឺ​កូវីដ​១៩​នៅ​អាហ្វ្រិក​ខាងត្បូង និង​៨៧,៦%​នៅ​ប្រេស៊ីល។ ​លទ្ធផលសរុប​​នៃ​ការ​សាកល្បង​គ្លីនិក​ នៅ​តាម​គ្រប់​តំបន់​ទាំង​អស់​បាន​បង្ហាញ​ថា ២៨​ថ្ងៃ ក្រោយ​ការ​ចាក់ ថ្នាំ​បង្ការ​Johnson & Johnsonមាន​​ប្រសិទ្ធភាពទប់​ទល់​​នឹង​ទម្រង់​ធ្ងន់ធ្ងរនៃ​ជំងឺ​កូវីដ១៩ ​បាន​​ដល់​ ៨៥,៤% និង​ត្រឹម​៦៦,១% សម្រាប់​ទម្រង់​​​មធ្យម​នៃ​ជំងឺ​ និង​សម្រាប់​​គ្រប់​មនុស្សទូទៅ មិន​ថា​មាន​អាយុ ឬ​ជាតិពិន្ធុ​ខុស​គ្នា​ ឬ​មាន​ជំងឺ​រ៉ាំរ៉ៃ​ជាប់​ខ្លួន​ទេ។ ចំពោះ​មនុស្ស​ចាស់​អាយុ​​លើស​ពី​៦០​ឆ្នាំឡើង​ទៅ​ និង​មាន​ជំងឺ​ជាប់​ខ្លួន​ស្រាប់​ ប្រសិទ្ធភាព​ថ្នាំ​បង្ការ​បាន​ធ្លាក់​ចុះ​បន្តិច​តែ​ប៉ុណ្ណោះ។ តែ​នៅ​ក្នុង​ចំណោម​ជំពូកមនុស្សប្រភេទ​នេះ គេ​ពុំ​សង្កេត​ឃើញ​មាន​នរណា​ម្នាក់​ស្លាប់ ឬ​ធ្លាក់​ខ្លួន​ឈឺ​រហូត​ចូលព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​ដោយ​កូវីដ​១៩​ ឡើយ​ក្រោយ​ពី​បាន​ទទួល​ថ្នាំ​បង្ការ​ នៅ​ពេល​សាកល្បង​នោះ។

ដោយឡែក បើ​តាម​​ការ​សាកល្បង​បឋម​ ​ថ្នាំ​​វ៉ាក់សាំងJohnson & Johnsonអាច​មានសកម្មភាព​​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បង្ករោគ​ផ្ទាល់​តែ​ម្តង​ផង មិន​មែនមាន​ប្រសិទ្ធភាព​ត្រឹម​ប្រឆាំង​នឹង​លេច​រោគសញ្ញា​ជំងឺ​ទេ។ ប៉ុន្តែ​ភ្នាក់ងារ​ឱសថ​អាមេរិក​ នៅ​ប្រុងប្រយ័ត្ន​ចំពោះ​លទ្ធផលនេះ​ស្នើ​ឱ្យ​មាន​ការ​សិក្សា​បន្ថែមមុន​អាច​អះអាង​បញ្ជាក់​បន្ថែមបាន។

ថ្នាំ​បង្ការ​នេះ​អាច​ផ្តល់​ផលរំខានបន្តិច​បន្តូច និង​ជាញឹកញយ​ជាង​គេ គឺ​ឈឺ​នៅ​កន្លែង​ចាក់ ឈឺ​ក្បាល អស់កម្លាំង និង ឈឺ​សាច់​ដុំ។

អាមេរិក​បន្តប្រុងប្រយ័ត្ន

ការ​អនុញ្ញាត​ឱ្យ​ប្រើ​ថ្នាំ​វ៉ាក់សាំង​Johnson & Johnsonពិត​ជា​ដំណឹង​ល្អ និង​បានទទួល​ការ​ស្វាគមន៍​អបអរ ​ពី​សំណាក់​ លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន ភ្លាម។ ​សម្រាប់​​លោក​ប្រធានាធិបតី អាមេរិក​ចាប់​មើល​ឃើញ​ពន្លឺ​នៃ​ក្តី​សង្ឃឹម​ និង​កំពុង​បោះជើង​មួយ​ជំហាន​ទៅ​មុខ​ឆ្ពោះ​ទៅ​រកការ​បិទ​បញ្ចប់វិបត្តិ​ដែល​បង្កឡើង​ដោយ​ជំងឺរាតត្បាតកូវីដ​១៩​ហើយ។ ប៉ុន្តែអាមេរិកមិនទាន់​អាច​ទម្លាក់​ដៃ និង​មិន​ទាន់​អាច​ស្រែក​ថា​ទទួល​បាន​ជោគជ័យ​លើ​កូវីដ១៩​ទេ។ នេះ​បើ​តាមសេចក្តី​ថ្លែងការណ៍រ​របស់​លោក​ប្រធានាធិបតី​។

​អាមេរិក​ មាន​ថ្នាំ​សរុប​ទៅ​ជាង​៦០០លាន​ដូស បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​Pfizer និង​ Moderna ដែល​ជា​បរិមាណ​គ្រប់គ្រាន់​ល្មម​សម្រាប់​ផ្តល់ការ​ការពារ​ ដល់​គ្រប់​ប្រជាពលរដ្ឋ​អាមេរិកទូទាំង​ប្រទេស​ យ៉ាង​យូរ​នៅ​ចុងខែ​កក្កដា​ខាង​មុខ​​។ ហើយ​ឥលូវ​អាមេរិកមាន​វ៉ាក់សាំងJohnson & Johnson​មួយ​ទៀត ដែលមក​ពន្លឿន​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​នៅ​អាមេរិក ឱ្យ​​ប្រព្រឹត្ត​ទៅ​​បានកាន់​តែ​​លឿន។ បើ​តាម​រដ្ឋាភិបាល​អាមេរិក​ ក្រុមហ៊ុន​Johnson & Johnson ​ ​ធានា​ថា​មានយ៉ាង​ហោច​​ថ្នាំ​បង្ការ​ផលិត​រួចជា​ស្រេច​ចំនួន ៣​លាន​ដូស​ អាច​ចែក​ចាយ​បាន​ភ្លាម​ចាប់​ពី​សប្តាហ៍​ក្រោយ​ទៅ ២០លានដូស​នៅ​ចុង​ខែ និង​ដល់​ទៅ​១០០​លានដូស​នៅ​​ខែមិថុនា។​

គិត​មកត្រឹម​ថ្ងៃ​នេះ អាមេរិក​ដែល​រងគ្រោះ​មាន​មនុស្ស​ស្លាប់ដោយ​កូវីដ​១៩​ច្រើនជាង​គេ​បំផុត​នោះ បាន​ចាក់​ថ្នាំ​បង្ការ​ជូនប្រជាពលរដ្ឋ​បាន​ចំនួន ៧២លាននាក់​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI