ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកស្រី​អ៊ុងសាន ស៊ូជី ​រង​បទចោទ​ប្រកាន់​២​បន្ថែម​ទៀត ខណៈ​បាតុកម្ម​ត្រូវ​រង​ការ​បង្រ្កាប​យ៉ាង​ហិង្សា

សំឡេង ០៦:៤៧
បាតុករវិស្វករភូមា កាន់បដារូបលោកស្រី អ៊ុងសាន ស៊ូជី។ ម៉ាន់ដាឡេ ថ្ងៃទី ១៥ កុម្ភៈ ២០២១
បាតុករវិស្វករភូមា កាន់បដារូបលោកស្រី អ៊ុងសាន ស៊ូជី។ ម៉ាន់ដាឡេ ថ្ងៃទី ១៥ កុម្ភៈ ២០២១ AP

នៅថ្ងៃចន្ទ ទី១មីនានេះ លោកស្រី អ៊ុងសាន ស៊ូជី បានលេចមុខជាលើកទីមួយ បន្ទាប់ពីលោកស្រីត្រូវបាន​កងទ័ពភូមា ដាក់ឃុំឲ្យ​នៅក្នុងផ្ទះនៅក្រុងណៃពីដាវ តាំងតែពីថ្ងៃទី​១កុម្ភៈ។ លោកស្រីបានបង្ហាញ​មុខ តាមប្រព័ន្ធវីដេអូខុនហ្វឺរិនស៍ នៅក្នុង​អង្គសវនាកាតុលាការភូមា ដែលបានសម្រេចចោទប្រកាន់​លោកស្រី ក្នុងបទល្មើស២បន្ថែមទៀត។ ចំណែកនៅតាមផ្លូវ​ ក្នុងទីក្រុងធំៗវិញ ប្រជាជនភូមា​នៅតែបន្ត​ធ្វើបាតុកម្ម បើទោះបីជារងនូវការ​​បង្ក្រាប​ ពីសមត្ថកិច្ច យ៉ាងហិង្សាបែបណាក៏ដោយ។ ការបង្រ្កាបយ៉ាងដំណំ ដែលបាន​បណ្តាលឲ្យ​មាន​បាតុករ ស្លាប់យ៉ាងហោច១៨នាក់ កាលពីថ្ងៃអាទិត្យ​ម្សិលមិញនេះ។

ផ្សាយពាណិជ្ជកម្ម

« បំពានច្បាប់ទូរគមនាគមន៍ និង​ បំផុសបំផុលអសន្តិសុខសង្គម »

បទចោទប្រកាន់ថ្មីចំនួន​២ ដែលតុលាការភូមា បានចោទទៅលើ​លោកស្រីអ៊ុងសាន ស៊ូជី គឺបទល្មើស បំពាន​នឹងច្បាប់ស្តី​ពី​ទូរគមនាគមន៍ និងបទល្មើស បំផុសបំផុលឲ្យ​មាន​អសន្តិសុខ​សង្គម។ នេះបើផ្អែកតាម​ការបញ្ជាក់ ពីលោក Nay Tu មេធាវីម្នាក់ក្នុងក្រុមមេធាវី ការពារលោកស្រីអ៊ុងសាន ស៊ូជី បន្ទាប់ពីចប់​សវនាកានៅព្រឹកថ្ងៃចន្ទ។

គួរបញ្ជាក់ថា លោកស្រីអ៊ុងសាន ស៊ូជី បានរងបទចោទប្រកាន់២រួចហើយ នៅក្រោយ​​ពេល​រដ្ឋ​ប្រហារ​​ភ្លាមៗ គឺគេចោទថាគាត់ បាន​បំពាន​ច្បាប់ពាណិជ្ជកម្ម និង​ វិធានការ​សុខាភិបាល ដោយ​បាន​លួ​ចនាំ​ចូល​ដោយ​ខុសច្បាប់ នូវ​វិទ្យុទាក់ទង ជាច្រើនគ្រឿង។ ការចោទប្រកាន់ទាំងអស់នេះ គឺត្រូវបានអ្នកអង្កេតការណ៍អន្តរជាតិ ចាត់ទុកថា គឺជាឆាកល្ខោន ឆាកកំប្លែង ដែលក្រុមកងទ័ពភូមា បានរៀបចំប្រឌិតឡើង ដោយ​គ្មានការអៀនខ្មាសទាល់តែសោះ។

បើតាមការបញ្ជាក់ពីលោក Min Min Soe មេធាវីម្នាក់ទៀតរបស់​លោកស្រី ដែលបាន​ប្រាប់​បណ្តាញ​ព័ត៌មាន Reuters គឺថា តាមរយៈរូបភាព​វីដេអូ នៅក្នុងអង្គសវនាកា គឺលោកស្រីអ៊ុងសាន ស៊ូជី ហាក់ដូចជាមាន​សុខភាពមាំមួនធម្មតាទេ។ នៅក្នុងអង្គសវនាការ លោកស្រី ក៏បានស្នើសុំជួប​មេធាវី​របស់​លោកស្រីដោយ​ផ្ទាល់ផងដែរ។

អស់រយៈពេល​១ខែហើយ ដែលលោកស្រី ត្រូវគេដាក់ឃុំ នៅក្រុងណៃពីដាវ ដោយ​គ្មាន​នរណាអាចចូលទៅជួប​បាន​ទាំងអស់។ លោកមេធាវី Khin Maung Zaw ដែលជាប្រធានក្រុមមេធាវីការពារលោកស្រី បានព្យាយាមស្នើសុំជួប​លោក​ស្រី ច្រើនដងហើយ តែក្រុម​យោធាមិនអនុញ្ញាត។នេះជាលើកទី១ហើយ ដែល​ក្រុមមេធាវី បានឃើញរូបលោកស្រី តាមប្រព័ន្ធវីដេអូខិនហ្វឺរិនស៍។ តាម​​ការ​គ្រោងទុក លោកស្រីអាចនឹងត្រូវ​គេ​អនុញ្ញាតឲ្យ​បង្ហាញមុខម្តងទៀត នៅក្នុងអង្គសវនាការ នៅថ្ងៃទី​១៥ខែមីនា។

បាតុករស្លាប់យ៉ាងហោច១៨នាក់ នៅថ្ងៃអាទិត្យ​ទី​២៨កុម្ភៈ

ដោយឡែក នៅតាមផ្លូវឯណោះវិញ សមត្ថកិច្ចភូមា បានបង្រ្កាបក្រុមបាតុករ យ៉ាងហិង្សាបំផុត ដោយកាលពីថ្ងៃអាទិត្យទី ២៨កុម្ភៈ។ បាទ បើតាមប្រភពគួរឲ្យទុកចិត្តបាន​ របស់​ការិយ​ាល័យសិទ្ធិមនុស្ស នៃអង្គការ​សហប្រជាជាតិ ប្រចាំ​នៅភូមា គឺថ្ងៃអាទិត្យ​ មានស្លាប់បាតុករចំនួន​យ៉ាងហោច​១៨នាក់។ ដោយឡែក ក្រុមការងារអ្នកយកព័ត៌មានបារាំងវិញ បាន​ស្រង់ចំនួនអ្នកស្លាប់ គឺមាន​ចំនួន​១០នាក់។ រហូតមកទល់ពេលនេះ យើងមិន​ទាន់មាន​ព័ត៌មានតួលេខជាក់ច្បាស់ទេ គ្រាន់តែដឹងថា ការបង្ក្រាប ប្រើកម្លាំងពីសំណាក់សមត្ថកិច្ចភូមា កាលពីថ្ងៃអាទិត្យ គឺធ្ងន់ធ្ងរសម្បើមណាស់។ មានអ្នករបួសច្រើននាក់ ដោយគ្រាប់កាំភ្លើងពិត និងគ្រាប់កាំភ្លើងកៅស៊ូ។

តែយ៉ាងណា បើតាមមើលសន្ទុះ គឺប្រជាជនភូមា មិនទំនងជាខ្លាច រាថយនឹងការបង្រ្កាបទេ។ ជាក់ស្តែង នៅក្នុងក្រុងរ៉ង់ហ្គូន ប្រជាជន​បាននាំគ្នារៀបចំ ដាក់រនាំង ខ្លះយករបងឫស្សីមកបាំង ខ្លះយកគ្រែពូកមកដាក់ទប់ ដើម្បីការពារ​។ នៅព្រឹកថ្ងៃចន្ទទី​១មីនា ក៏មាន​ការបង្រ្កាប​បាញ់រះដែរ នៅក្រុងរ៉ង់ហ្គូន ក្បែរមន្ទីរឃុំឃាំង Insein ដោយ​បាតុករជាច្រើនរយនាក់ បានទៅជួបជុំគ្នានៅទីនោះ ដើម្បីទាមទារឲ្យ​ដោះលែងប្រជាជន ដែលគេចាប់ប៉ុន្មានថ្ងៃមកនេះ។

បើតាមប្រភព​ពីបណ្តាញ​ព័ត៌មានភូមា គឺ គ្រាន់តែក្នុងមួយថ្ងៃអាទិត្យ​ម្សិលមិញ គឺគេបានចាប់ខ្លួនបាតុករ ចំនួន ប្រមាណ​៥៧០នាក់។ បើគិតសរុបចាប់ពី​ថ្ងៃរដ្ឋប្រហារមក គឺគេបានចាប់ខ្លួនមនុស្ស​​ ប្រមាណ​១១០០នាក់ហើយ។ ចំណែកបាតុករដែលស្លាប់វិញ គឺមាន​យ៉ាងហោចណាស់ ជាង​៣០នាក់ហើយ។

« ត្រឹមតែ​ថ្លែងថ្កោលទោស មិនគ្រប់គ្រាន់ទេ!​​ »

នៅក្រោយ​ការបង្រ្កាបបាតុករ ស្លាប់មនុស្សច្រើននាក់ កាលពីថ្ងៃអាទិត្យម្សិលមិញ ការប្រកាសថ្កោលទោសបានធ្លាក់មកជាបន្តបន្ទាប់។ លោក រដ្ឋមន្ត្រីការបរទេសអាេមរិក ក៏ដូចជាលោក អគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងថា ការប្រើគ្រាប់កាំភ្លើងពិត បាញ់ដោយ​ឥតរើសមុខទៅលើបាតុករស្លូតត្រង់ វាគឺជារឿងមិនអាចទទួលយកបានទេ។

ចំណែកលោក Josep Borrell ប្រមុខការទូតសហភាពអឺរ៉ុបវិញ បាន​ថ្លែងថា ការប្រើអំពើហិង្សាបង្រ្កាប​ប្រជាជន គឺរិតតែបន្ថែមភាព​មិនស្របច្បាប់ នៃការប្លន់អំណាចរបស់​ពួកយោធាភូមា។ លោកប្រមុខការទូត​អឺរ៉ុប អះអាងថា នេះជាអំពើបំពានយ៉ាងព្រហ៊ើនទៅលើច្បាប់អន្តរជាតិ ហើយដែលក្រុមកងទ័ពភូមា ត្រូវតែទទួលកំហុស។ លោកបានអះអាងថា សហភាព​អឺរ៉ុបនឹងដាក់ចេញនូវ​ទណ្ឌកម្ម សំដៅលើក្រុមហ៊ុន និង​ជំនួញ របស់ពួកមន្ត្រីយោធាភូមា។

យ៉ាងណាមិញ លោក​ Tom Andrews អ្នករាយការណ៍របស់អង្គការសហប្រជាជាតិ ប្រចាំនៅភូមា បាន​លើកឡើងនៅថ្ងៃចន្ទនេះថា សហគមអន្តរជាតិ នាំគ្នាថ្លែងការ ថ្កោលទោកងទ័ពភូមា​ ជារឿងល្អហើយ តែវាមិនគ្រប់គ្រាន់ទេ​ គឺសហគមអន្តរជាតិ ត្រូវ​តែមានវិធានការទណ្ឌកម្មជាក់ស្តែង​។ លោកបានបញ្ជាក់ថា លោក​នឹង​បញ្ជូន​បញ្ជី ទណ្ឌកម្មដែល​អាចសម្រេចបាន ទៅឲ្យ​ក្រុម​ប្រឹក្សាសន្តិសុខសម្រេច។

ដោយឡែក នៅក្នុងក្របខណ្ឌអាស៊ានវិញ បើតាមប្រភពពី ក្រសួងការបរទេសសិង្ហបុរី គឺ​នៅថ្ងៃអង្គារទី​២មីនា​ នឹងមាន​កិច្ចប្រជុំពិសេសមួយ​ រវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន ដើម្បី​រកវិធីជួយ​ភូមា។ លោក​រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បាន​ថ្លែងនៅថ្ងៃចន្ទនេះថា អាសា៊ានត្រូវចូលរួម ឲ្យ​បានសកម្ម ដើរតួនាទីឲ្យ​ច្បាស់លាស់ ដើម្បី​ជួយ​នាំភាពប្រក្រតី សុខសុវត្ថិភាព​ជូនដល់​ប្រជាជនភូមាវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI