ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នុយក្លេអ៊ែរអ៊ីរ៉ង់៖ហេតុអ្វីបានជាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ពិបាកនិយាយចុះសម្រុងគ្នា?

សំឡេង ០៧:០៨
ប្រធានាធិបតី​អ៊ីរ៉ង់​លោក​ហាសាន រ៉ូហានី
ប្រធានាធិបតី​អ៊ីរ៉ង់​លោក​ហាសាន រ៉ូហានី HO / IRANIAN PRESIDENCY / AFP

សង្រ្គាម​ពាក្យ​សម្តី​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល​រវាង​ប្រទេស​អ៊ីរ៉ង់ និង​សហរដ្ឋអាមេរិក​ជុំវិញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥។ នៅ​ទីបំផុត​ក្នុង​ថ្ងៃ​អាទិត្យ ទី២៨ កុម្ភៈ និង​ក្រោយ​ពី​បាន​ទុក​ឲ្យ​អាមេរិក​រង់ចាំ​អស់​រយៈពេល ១០ថ្ងៃ​មក អ៊ីរ៉ង់​បាន​សម្រេចចិត្ត​មិន​ចរចា​មួយ​ទល់​មួយ​ជាមួយ​អាមេរិក​ទេ។ ដំណឹង​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក​សាអ៊ីដ ខាទីបហ្សាដេ​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​មួយ។ គួរ​បញ្ជាក់​ថា ជំនួប​ទ្វេភាគី​អាមេរិក អ៊ីរ៉ង់​បាន​ស្នើ​ឡើង​ដោយ​សហភាពអឺរ៉ុប​ក្នុង​ខែ​កុម្ភៈ​កន្លង​ទៅ។ កម្មវត្ថុ​របស់​ក្រុម​ប្រទេស​អឺរ៉ុប គឺ​ស្វែង​រក​កុងស៊ុស​មួយ​ដើម្បី​ស្រោចស្រង់ និង​ផ្តល់​សន្ទុះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ឡើង​វិញ។

ផ្សាយពាណិជ្ជកម្ម

បើ​និយាយ​ជា​រួម អ៊ីរ៉ង់​មិន​ត្រឹម​សម្រេចចិត្ត​មិន​អង្គុយ​ចរចា​ទល់​មុខ​គ្នា​ជាមួយ​អាមេរិក​ប៉ុណ្ណោះ​ទេ។ តែ​ថែម​ទាំង​មិន​បើក​កិច្ចប្រជុំ​ជាមួយ​សហភាពអឺរ៉ុប​ទៀត​ផង ពិសេស​ក្រុមប្រទេស​អឺរ៉ុប​ដែល​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥។ អ៊ីរ៉ង់​បាន​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា ពេលវេលា​នៅ​មិន​ទាន់​ឈាន​មក​ដល់ ឬ​និយាយ​បែប​ផ្សេង ឱកាស​ដែល​អាមេរិក និង​អ៊ីរ៉ង់​ត្រូវ​អង្គុយ​និយាយ​ទល់​មុខ​គ្នា​នៅ​មិន​ទាន់​ហុច​ឲ្យ​ទេ។ នេះ​ជា​ហេតុផល​ផ្លូវការ។ ចំណែក​ហេតុផល​មិន​ផ្លូវការ​វិញ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មក​ពី​អ៊ីរ៉ង់​មិន​សប្បាយចិត្ត​នឹង​សកម្មភាព និង​ជំហរ​ថ្មីៗ​ចុង​ក្រោយ​របស់​អាមេរិក និង​ក្រុម​ប្រទេស​អឺរ៉ុប។

ជាមួយ​អាមេរិក អ៊ីរ៉ង់​ក្តៅក្រហាយ​នឹង​ការ​វាយប្រហារ​របស់​ទ័ពអាមេរិក​កាល​ពី​សប្តាហ៍​មុន​ទៅ​លើ​ក្រុម​អ្នកគាំទ្រ​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស​ស៊ីរី។ អាមេរិក​បាន​ចោទ​ក្រុម​អ្នកគាំទ្រ​អ៊ីរ៉ង់​នៅ​ស៊ីរី​ពី​បទ​បាន​បន្ត​បាញ់​ផ្លោង​គ្រាប់រ៉ូកែត​សំដៅ​ផលប្រយោជន៍​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ ក្រោម​ភ្នែក ចម្រុះ​របស់​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់ ទង្វើ​របស់​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​របៀប​នេះ​ប្រៀប​ដូច​ជា​ការ​ខោក​ក្បាល​អ៊ីរ៉ង់​ដោយ​ប្រយោល។ ជា​មួយ​សហភាព​អឺរ៉ុប អ៊ីរ៉ង់​មិន​សប្បាយចិត្ត​នឹង​ឥរិយាបទ​អឺរ៉ុប​ដែល​កំពុង​បង្កើន​គំនាប​លើ​ខ្លួន​ដោយ​កំពុង​រៀបចំ​សេចក្តីសម្រេច​មួយ​បញ្ជូន​ទៅ​កាន់​ក្រុមប្រឹក្សា​នៃ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ។

នៅ​ក្នុង​សេចក្តីសម្រេច​នោះ អឺរ៉ុប​បាន​លើក​ឡើង​ពី​ក្តីបារម្ភ និង​រម្លឹក​ប្រាប់​អ៊ីរ៉ង់​ពី​កាតព្វកិច្ច​នៅ​ក្នុង​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ ដែល​អ៊ីរ៉ង់​ត្រូវ​គោរព​ឲ្យ​បាន​ពេញលេញ។ តែ​អ៊ីរ៉ង់​បាន​ព្រមាន​រួច​ហើយ​ថា ការ​ដាក់​បញ្ចូល​នូវ​សេចក្តីសម្រេច​ណា​មួយ​ដែល​គ្មាន​ការ​ជជែក ពិភាក្សា​ជា​មុន​ជាមួយ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ គឺ​ផ្ទុយ​នឹង​ការ​ស្ថាបនា និង​ជា​ការ​បំផ្លិចបំផ្លាញ។

អ៊ីរ៉ង់​បិទ​ទ្វារ តែនៅ​មិន​ទាន់​ចាក់​សោ

ការ​បដិសេធ​របស់​អ៊ីរ៉ង់​ក្នុង​ការ​ចរចា​មួយ​ទល់​មួយ​ជាមួយ​អាមេរិក​ពេល​នេះ​ជា​ការ​បិទទ្វារ​ដោយ​មិន​ទាន់​ចាក់សោ។ ទាំង​អាមេរិក និង​អ៊ីរ៉ង់ គ្មាន​ភាគី​ណា​មួយ​បាន​បិទទ្វារ​ចាក់​សោ​ចរចា​ជា​ស្ថាពរ​ទេ។ អ៊ីរ៉ង់​បាន​បញ្ជាក់​រួច​ហើយ​ថា ឱកាស ឬ​ពេលវេលា​នៃ​ការ​ចរចា​មួយ​ទល់​មួយ​ជាមួយ​អាមេរិក​មិន​ទាន់​ឈាន​មក​ដល់​ទេ​នៅ​ពេល​នេះ។ ពាក្យ​មួយ​ឃ្លា​នេះ​មាន​ន័យ​គ្រប់គ្រាន់​ដែល​អ៊ីរ៉ង់​ចង់​បញ្ជាក់​ថា ដំណោះស្រាយ​តាម​ការ​ចរចា ឬ​តាម​ផ្លូវទូត​នៅ​តែ​ជា​ដំណោះស្រាយ​ដែល​អ៊ីរ៉ង់​ចង់​បាន។ ចំណែក​អាមេរិក​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​ចន្ទ ទី១ មីនា​ពី​ការ​ត្រៀម​ខ្លួនន​រួចរាល់ និង​គ្រប់​ពេល​ដើម្បី​អង្គុយ​ចរចា​ជាមួយ​អ៊ីរ៉ង់ ទោះ​ជា​ការ​ចរចា​នោះ​ត្រូវ​ធ្វើ​ឡើង​ជា​លក្ខណៈ​ទ្វេភាគី ឬ​ពហុភាគី។

សូម​បញ្ជាក់​ថា គឺ​សហភាព​អឺរ៉ុប​ដែល​បាន​ស្នើ​ក្នុង​ខែ​កុម្ភៈ​កន្លង​ទៅ​នូវ​រូបមន្ត​ចរចា​ទ្វេភាគី​អាមេរិក អ៊ីរ៉ង់​ស្តីពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥។ សហភាព​អឺរ៉ុប​យល់​ថា បើ​មាន​កិច្ចចរចា​ទ្វេភាគី​អាមេរិក អ៊ីរ៉ង់ នោះ​កិច្ចចរចា​ពហុភាគី​រវាង​ក្រុម​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នឹង​អាច​ធ្វើ​ឡើង​ដោយ​គ្មាន​ភាព​ប្រទាំងប្រទើស។ ចូរ​កុំ​ភ្លេច​ថា អាមេរិក​ជា​តួអង្គ និង​ជា​ដើមចម​ដែល​បាន​បង្កើត​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​ជុំវិញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​កាល​ពី​ជាង ៥ឆ្នាំ​មុន។ ក្នុង​ឆ្នាំ ២០១៨ អតីត​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​រដ្ឋបាល​អាមេរិក​ក្នុង​ជំនាន់​ប្រធានាធិបតី​លោក​បារ៉ាក់ អូបាម៉ា​ក្នុង​ឆ្នាំ ២០១៥។

ទន្ទឹម​នឹង​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង លោក​ត្រាំ​ក៏​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​លើ​អ៊ីរ៉ង់។ ចំណែក​អ៊ីរ៉ង់​ក៏​បាន​ចាត់​វិធានការ​បក​វិញ​ដោយ​ផ្តើម​លែង​គោរព​កិច្ចព្រមព្រៀង។ តែ​ប្រធានាធិបតី​អាមេរិក​ថ្មី​លោក​ចូ បៃដិន​បាន​សន្យា​នាំ​អាមេរិក​ឲ្យ​ត្រឡប់​ចូល​ក្នុង​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ ឡើង​វិញ។

គ្មាន​ថ្ងៃ​ដែល​អាមេរិក និង​អ៊ីរ៉ង់​អាច​ជឿ​ទុក​ចិត្ត​គ្នា?

ឧបសគ្គ​ចម្បង​ដែល​ធ្វើ​ឲ្យ​អាមេរិក និង​អ៊ីរ៉ង់​ពិបាក​និយាយ​ចុះ​សម្រុង​គ្នា​ដើម្បី​ឈាន​ទៅ​អង្គុយ​ចរចា​ទល់​មុខ​គ្នា គឺ​ការ​បន្ត​មិន​ទុក​ចិត្ត​គ្នា និង​ការ​បន្ត​មើល​បណ្តាំ​គ្នា​ទៅ​វិញ ទៅ​មក។ រឿង​នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ ពោល​បាន​កើត​មាន​នៅ​សឹង​គ្រប់​ជំនាន់​ប្រធានាធិបតី​អាមេរិក​ទាំង​អស់ មិន​ថា​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ឬ​គណបក្ស​សាធារណរដ្ឋ។ នៅ​ត្រង់​ចំណុច​នេះ អាមេរិក និង​អ៊ីរ៉ង់​បាន​យល់​ច្បាស់​ដូច​គ្នា។ នៅ​ក្នុង​ជំនាន់​ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ​រយៈពេល ៤ឆ្នាំ អ៊ីរ៉ង់ និង​អាមេរិក​បាន​ស្គាល់​ទំនាក់ទំនង​តានតឹង​ខ្លាំង​ដល់​កំពូល​ដែល​ឈាន​ជិត​ដល់​ការ​ផ្ទុះ​សង្រ្គាម​ជា​ចំហ​រវាង​គ្នា។ បន្ទាប់​មក គ្រប់​គ្នា​សង្ឃឹម​ពី​ការ​មាន​ទំនាក់ទំនង​ប្រសើរ​ឡើង​វិញ​ជាមួយ​ប្រធានាធិបតី​អាមេរិក​ថ្មី​លោក​បៃដិន។

តែ​សម្រាប់​អ៊ីរ៉ង់ ភាព​ប្រយ័ត្នប្រយែង និង​ការ​មិន​ទុកចិត្ត​បន្ត​មាន​ជា​អចិន្ត្រៃយ៍​ជាមួយ​អាមេរិក។ ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​លោក​អាលី ខាមេណី​ធ្លាប់​បាន​ប្រកាស​រួច​ហើយ​ថា ទោះ​ជា​អាមេរិក​មាន​ប្រធានាធិបតី​មក​ពី​គណបក្ស​ណា​ក៏​ដោយ​ក៏​ជំហរ និង​កាយវិការ​របស់​អាមេរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់​បន្ត​មាន​គ្រប់​ពេល។ ពិត​ណាស់ អ៊ីរ៉ង់ និង​អាមេរិក​មាន​ឆន្ទៈ​ចង់​ដោះស្រាយ​បញ្ហា​តាម​ផ្លូវ​ចរចា​ដូច​គ្នា។ តែ​បញ្ហា​នៅ​ត្រង់ គ្មាន​ភាគី​ណា​មួយ​សុខចិត្ត​ធ្វើ​សម្បទាន និង​សម្របសម្រួល​មុន​ទេ។ នេះ​មក​ពី​ការ​បន្ត​មិន​ទុក​ចិត្ត​គ្នា និង​ការ​បន្ត​មើល​បណ្តាំ​គ្នា​ទៅ​វិញ ទៅ​មក​នោះ​ឯង។ ទីបំផុត​ពេល​នេះ អ្វីៗ​ហាក់​កំពុង​មាន​ភាព​ស្មុគស្មាញ និង​ខុស​ពី​ការ​រំពឹង​ទុក។

លោក​បៃដិន​បាន​បន្ត​បញ្ជាក់​ថា លោក​នឹង​លើក​ទណ្ឌកម្ម​ចេញ​ពី​អ៊ីរ៉ង់ បើ​អ៊ីរ៉ង់​ត្រឡប់​ទៅ​គោរព​កិច្ចព្រមព្រៀង​ពេញលេញ​ឡើង​វិញ។ តែ​អ៊ីរ៉ង់​ក៏​បាន​​បន្ត​ដាក់​លក្ខខណ្ឌ​ត្រឡប់​វិញ​ថា បើ​អាមេរិក​លើក​ទណ្ឌកម្ម​ចេញ​ពី​អ៊ីរ៉ង់ អ៊ីរ៉ង​នឹង​ត្រឡប់​ទៅ​គោរព​កិច្ចព្រមព្រៀង​ត្រឹមត្រូវ​ឡើង​វិញ។ អ៊ីចឹង​សួរ​ថា តើ​ភាគី​ណា​ដែល​ត្រូវ​ធ្វើ​សម្បទាន​មុន​គេ?។ ចម្លើយ អត់​ទាន់​មាន​ភាគី​ណា​មួយ​បាន​ត្រៀម​ខ្លួន​ធ្វើ​សម្បទាន​មុន​ទេ។ អ្វី​ដែល​កំពុង​កើត​មាន​ពេល​នេះ គឺ​ការ​តថ្លៃ​គ្នា​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល​ដែល​ភាគី​នីមួយៗ​ចង់​មាន​ប្រៀប​ជាង​ដៃគូ និង​គ្មាន​ភាគី​ណា​មួយ​ចង់​បាក់​មុខ បាក់​មាត់​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI