ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​នរណា​ជាអ្នក​​តំណាង​ភូមា​នៅ​អង្គការ​សហប្រជាជាតិ ?

សំឡេង ០៥:៤២
លោក Kyaw Moe Tun នៅ​តែ​អះអាង​ថា​លោក​ជា​តំណាង​ភូមា​ស្រប​ច្បាប់ នៅ​អង្គការ​សហប្រជាជាតិ
លោក Kyaw Moe Tun នៅ​តែ​អះអាង​ថា​លោក​ជា​តំណាង​ភូមា​ស្រប​ច្បាប់ នៅ​អង្គការ​សហប្រជាជាតិ - UNITED NATIONS/AFP

នេះ​ជា​សំណួរ​ដែល​ បាន​និង​កំពុង​ចោទ​ឡើង​នៅ​អង្គការ​សហប្រជាជាតិ។ ឯកអគ្គរដ្ឋ​ទូត​​ភូមាដែល​បាន​រិះគន់​រដ្ឋប្រហារ​ ​ជា​សាធារណៈ ពី​វេទិកាអង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ត្រូវ​បាន​របប​សឹក​ដក​ចេញ​ពី​តំណែង តែ​លោក​នៅ​តែ​អះអាង​ជានិច្ច​ថា​លោក​ជា​តំណាង​ស្រប​ច្បាប់​​របស់​ភូមា​ និង​បាន​ទទួល​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប។ ហើយ​ទន្ទឹម​ពេល​ជាមួយ​គ្នា​នេះ របប​សឹក​បាន​តែង​តាំង​ឯកអគ្គរដ្ឋ​ទូត​រង​ឱ្យ​ធ្វើ​តំណាង​ស្រប​ច្បាប់​របស់​ភូមា។

ផ្សាយពាណិជ្ជកម្ម

​នៅ​ថ្ងៃ​នេះ អង្គការ​សហប្រជាជាតិ​កំពុង​ជួប​នូវភាព​ស្មុគស្មាញ​​មួយ បន្ទាប់​ពី​បាន​ទទួល​លិខិត​ពីរ​ អះអាង​ដូច​គ្នា​ថា​ជា​អ្នក​តំណាង​ផ្លូវការ​របស់​ភូមា​ នៅ​អង្គការ​សហប្រជាជាតិ។ មួយ​​ជា​លិខិត​របស់​ លោក ច ម៉ូថន​ Kyaw Moe Tun​ឯកអគ្គរដ្ឋ​ទូត​ភូមាដែល​បាន​រិះគន់​រដ្ឋប្រហារ និង​ដែល​របប​សឹក​បាន​ដក​ចេញ​តំណែង​កាលពី​ថ្ងៃ​សៅរ៍​ទី ២៧​កុម្ភៈ២០២១។ តែ​កាលពី​ថ្ងៃ ចន្ទ ទី​១​ មីនា លោក​ បាន​ផ្ញើ​លិខិត​ទៅ​​​អង្គការ​សហប្រជាជាតិ និង​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ថា លោក​នៅ​តែ​ជា​តំណាង​អចិន្ត្រៃយ៍​​របស់​ភូមា ព្រោះ​លោក​បាន​ទទួល​តួនាទី​ពីប្រធានាធិបតី​ស៊ីវិល​ភូមា ឯមេដឹកនាំ​​ធ្វើ​រដ្ឋប្រហារ​ ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិលខុស​ច្បាប់ គ្មាន​អំណាច​ និ​ងមិន​អាច​លុប​សិទ្ធិ​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​ស៊ីវិល​ទេ។

ភាព​ជា​អ្នក​តំណាងភូមា​​ស្រប​ច្បាប់​របស់​ លោក​ ច ម៉ូថន ​បានទទួល​ការ​គាំទ្រ​ពី​សំណាក់អាមេរិក និង​សហភាព​អឺរ៉ុបទៀត។ លោក​បាន​ជួប​សន្ទនាដាច់​ដោយ​ឡែក​ពី​គ្នា​ជាមួយ​ប្រមុខ​ការ​ទូត​អាមេរិក លោកស្រី លីនដាថូម៉ាស់គ្រីនហ្វៀលដ៍ ​និង​​​ឯកអគ្គរដ្ឋ​ទូតនៃ​គ្រប់​ប្រទេសក្នុង​សហភាព​អឺរ៉ុប​រួច​ហើយ​កាលពី​ថ្ងៃ​អង្គារទី ២ មីនា ​ម្សិលមិញ។ ហើយ​នៅល្ងាច​មិញ​ដដែល​នេះ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​របប​សឹក​ភូមា បាន​ផ្ញើ​សារ​មួយ​ទៅ​អង្គការ​សហប្រជាជាតិ​ បញ្ជាក់​​អំពី​ការ​បិទ​បញ្ចប់​តួនាទី​​​របស់​លោក ច ម៉ូថន និង​ប្រគល់ភារៈ​ទទួល​ខុស​ត្រូវ​ ជា​អ្នក​តំណាង​​ប្រទេស​ភូមា នៅ​អង្គការ​សហប្រជាជាតិ ជូន​ឯកអគ្គរដ្ឋ​ទូត​រង​ លោក ទិន មោងណាំង Tin Maung Naing វិញ។

​​អង្គការ​សហប្រជាជាតិ​បោះឆ្នោត​យក​តាម​សំឡេង​ភាគ​ច្រើន

មិន​ដឹង​ថា​តើ​អាសនៈ​ភូមា​នៅអង្គការ​សហប្រជាជាតិ ត្រូវ​ទុក​ឱ្យ​នៅទំនេរ​ចោល​មួយ​រយៈ ឬ ត្រូវ​ប្រគល់​ទៅ​ឱ្យ​លោក ច ម៉ូថន ​ដើម្បី​ជាការ​ព្រមាន​របប​សឹក ឬ​យ៉ាងណា​ទេ។ អង្គការ​សហប្រជាជាតិ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដ៏ស្មុគស្មាញ​ពិបាក​គិត​​មួយ ព្រោះនេះ​ជា​ស្ថានភាព​ដ៏​កម្រកើត​មាន​ណាស់។ បើ​តាម​អ្នក​នាំ​ពាក្យ​​របស់​អ.ស.ប. គណៈកម្មការ​កំពុង​សិក្សា​ និង​ពិចារណា​ ថា​តើអង្គការ​សហប្រជាជាតិ ត្រូវ​ធ្វើ​យ៉ាងណា ? ​ត្រូវ​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​អ្នក​តំណាង​មួយ​ណា? នៅ​ពេល​គណៈកម្មការ​រក​ឃើញ​​សំណើហើយ​ ទើប​បញ្ជូន​​ទៅសម្រេច​នៅ​ក្នុង​អង្គ​​ប្រជុំ​សន្និបាត​អង្គការ​សហប្រជាជាតិ​ ដោយ​បោះឆ្នោត​ យកតាម​​សំឡេង​ភាគ​ច្រើន។ ប្រេសិត​ពិសេស​ទទួល​​បន្ទុក​កិច្ច​ការ​ភូមា លោកស្រី Christine Schraner Burgenerដែល​កំពុង​​បន្ត​ចរចា​ជាមួយគ្រប់​ភាគី​​ស្តី​អំពីស្ថានភាព​ភូមានេះ បាន​អះអាង​ថា​ សហគមន៍​អន្តរជាតិ​មិន​គួរ​ផ្តល់​ភាព​ស្រប​ច្បាប់​ឬ​ទទួល​ស្គាល់​របប​សឹក​ភូមាទេ។

តែ​ចំពោះ​ការប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ដោយ​បិទ​ទ្វារ នៅ​ថ្ងៃ សុក្រ​ទី ៥​មីនា​ខាង​មុខ​ដែល​ស្នើ​ឡើង​ដោយ​អង់គ្លេស​វិញ  គ្មាន​បញ្ហា​ទេ ព្រោះ​ជំនួប​ប្រជុំ​មាន​តែ​ក្រុម​ប្រទេស​មហាអំណាច​ទាំង​៥​ជា​សមាជិក​អចិន្ត្រៃយ៍ និង​សមាជិក​មិន​អចិន្ត្រៃយ៍​១៥​ប្រទេស​ប៉ុណ្ណោះ​។ អ្នក​តំណាង​ភូមា​ដែល​ជា​ប្រទេស​ពាក់ព័ន្ធ​ផ្ទាល់​មិន​បាន​ចូល​រួមទេ។

​អ្នកកាសែត​៦​នាក់​ជាប់​ចោទ​ធ្វើ​ឱ្យ​ខូច​សណ្តាប់​ធ្នាប់​សាធារណៈ

ចំណែក​ស្ថានភាព​​ ​នៅ​ក្នុង​ប្រទេសវិញ រឹត​តែ​ដុនដាប។ កង​កម្លាំងនៃ​រដ្ឋាភិបាលសឹក​ភូមា បានបង្កើន​សកម្មភាព​បង្ក្រាប​​​ហិង្សា កាន់​តែ​ខ្លាំង​ឡើង​ៗ មិន​ញញើត​ការ​ថ្កោល​ទោស​ និង​រិះគន់​របស់​អន្តរជាតិ​ទេ។ មានបាតុករ​ស្លាប់​ជា​រឿង​រាល់​ថ្ងៃ ដោយ​គ្រាប់​សំណរ​របស់​សមត្ថកិច្ច។

កាត់​ផ្តាច់​អ៊ីនធ័រនែត បង្កើន​កា​រចាប់​ខ្លួន បន្ថែម​មធ្យោបាយ​បង្ក្រាប ​បាញ់​កាំភ្លើង​ប្រើ​គ្រាប់​ពិត និង​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​លើ​បាតុករ​ជា​ថ្មី​ ​ដែល​បង្កឱ្យ​មាន​ស្លាប់​យ៉ាង​ហោច​ណាស់​១១​នាក់​ទៀត និង​របួស​ជា​ច្រើន​នាក់ នៅ​ថ្ងៃពុធ​ទី ៣​មីនា​នេះ។

ឯ​ចំណែក​​​​អ្នក​កាសែតក៏​ជា​ផ្ទាំង​ស៊ីប​របស់​អាជ្ញាធរ​សឹក​ដែរ តែ​អាជ្ញាធរ​បាន​ប្រើ​ច្បាប់​ជា​អាវុធ​ ... ​គិត​ចាប់​ពី​ថ្ងៃទី ១​កុម្ភៈ​មក មាន​អ្នក​កាសែត​យ៉ាង​ហោច​ណាស់ ៣៤​នាក់​ត្រូវ​ចាប់​ខ្លួន ក្នុង​នោះ​១៩​នាក់កំពុង​ជាប់​ឃុំឃាំង​។ ​នៅ​ថ្ងៃ​ពុធ​ទី ៣​មីនា​នេះ អ្នកកាសែត​ចំនួន​​៦​នាក់​ ដែល​​ម្នាក់​ជាង​អ្នក​​ថតរូប​បម្រើ​ការឱ្យ​ភ្នាក់ងារ​សារព័ត៌មាន​អាមេរិក AP ត្រូវ​បាន​តុលាការ​សឹក​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ច្បាប់​​បង្ក​ឱ្យ​ខូច​សណ្តាប់​ធ្នាប់​សាធារណៈ។ ជា​មាត្រា​ថ្មី​នៃ​ច្បាប់ព្រហ្មទណ្ឌ​​ដែល​រដ្ឋាភិបាល​សឹក​ធ្វើ​បាន​កែប្រែ ក្រោយ​រដ្ឋប្រហារភ្លាម ដើម្បី​រារាំង​កុំ​ឱ្យ​មាន​ការ​ងើប​តវ៉ា។ ជា​ច្បាប់​ដែល​តឹង​តែង​ជា​ង​មុន សំដៅ​ដាក់​ទោស​នូវ​រាល់​គ្រប់​បុគ្គលណា​ដែល​សាបព្រោះ​ការ​ភ័យ​ខ្លាច​ បំប៉ោង​ព័ត៌មាន​មិនពិត ឬ​ញុះញង់​ឱ្យ​មាន​ការ​ងើប​បះបោរ​ មិន​ស្តាប់​បង្គាប់​ និង​មិន​គោរព​អាជ្ញាធរ។ តាម​រយៈច្បាប់​នេះ អ្នក​កាសែត​ទាំង​៦​រូប​អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​រហូត​ដល់​​បី​ឆ្នាំ​ ទល់​នឹង​ពីរ​ឆ្នាំ​ចំពោះ​នៅ​ក្នុង​ច្បាប់​ចាស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI