ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តុលាការព្រហ្មទណ្ឌអន្តរជាតិសម្រេចបើកការស៊ើបអង្កេតលើបទឧក្រិដ្ឋកម្មជាយថាហេតុនៅដែនដីប៉ាឡេស្ទីន

សំឡេង ០៧:៤៩
លោកស្រី​ហ្វាទូ បេនស៊ូដា រដ្ឋអាជ្ញា​នៃ​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ (ICC)
លោកស្រី​ហ្វាទូ បេនស៊ូដា រដ្ឋអាជ្ញា​នៃ​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ (ICC) Ebrahim HAMID / AFP

នៅ​ថ្ងៃ​ពុធ ទី៣ មីនា លោកស្រី​ហ្វាទូ បេនស៊ូដា រដ្ឋអាជ្ញា​នៃ​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បាន​ប្រកាស​បើក​ការស៊ើបអង្កេត​លើ​បទឧក្រិដ្ឋកម្មសង្រ្គាម​ជាយថាហេតុ​នៅ​ដែនដី​ប៉ាឡេស្ទីន​ចាប់​តាំង​ពី​ខែ​មិថុនា ឆ្នាំ ២០១៤។ រដ្ឋអំណាច​ប៉ាឡេស្ទីន​ដែល​ជា​សមាជិក​របស់ ICC បាន​សាទរ​ចំពោះ​សេចក្តីសម្រេច​របស់​លោកស្រី​បេនស៊ូដា និង​ថា ការ​ស៊ើបអង្កេត​នេះ​ជា​រឿង​ចាំបាច់ និង​បន្ទាន់​ដើម្បី​រក​យុតិ្តធម៌​ឲ្យ​ជនរងគ្រោះ​ស៊ីវិល​ប៉ាឡេស្ទីន។ តែ​អ៊ីស្រាអែល​ដែល​មិនមែន​ជា​សមាជិក​របស់ ICC បាន​បញ្ចេញ​ប្រតិកម្ម​ខឹងសម្បារ​ដោយ​ចាត់​ទុក​ការ​សម្រេច​របស់ ICC ថា​ជា​ការ​ប្រឆាំង​នឹង​ជនជាតិ​ជ្វីហ្វ។ ប្រតិកម្ម​ប្រឆាំង​នឹង ICC ក៏​មាន​ពី​សហរដ្ឋអាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹកមិន​លេច​របស់​អ៊ីស្រាអែល។

ផ្សាយពាណិជ្ជកម្ម

តាម​ពិត​ទៅ រឿង​បើក​ការ​ស៊ើបអង្កេត​ស្វែង​រក​បទឧក្រិដ្ឋកម្មសង្រ្គាម​ជា​យថាហេតុ​នៅ​លើ​ដែនដី​ប៉ាឡេស្ទីន​ត្រូវ​បាន​រដ្ឋអាជ្ញា​នៃ​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​លោកស្រី​ហ្វាទូ បេនស៊ូដា​ប្រកាស​តាំង​ពី​ខែ​ធ្នូ ឆ្នាំ ២០១៩។ ការ​ប្រកាស​របស់​លោកស្រី​ហ្វាទូ​កាល​ណោះ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​បឋម​មួយ​ចាប់​ផ្តើម​ក្នុង​ឆ្នាំ ២០១៥ ស្តីពី​ឧក្រិដ្ឋកម្មសង្រ្គាម​ជា​យថាហេតុ​នៅ​លើ​ដែនដី​ប៉ាឡេស្ទីន​ក្នុង​តំបន់​ស៊ីហ្សកដានី និង​តំបន់​ហ្កាហ្សា។ នៅ​ពេល​នោះ លោកស្រី​ហ្វាទូ​បាន​បញ្ជូន​ព័ត៌មាន​ទាំងអស់​ទៅ​ឲ្យ​ក្រុម​ចៅក្រម​ដើម្បី​ពិនិត្យមើល​ពី​នីតិវិធីច្បាប់ និង​សិទ្ធិអំណាច​របស់​តុលាការព្រហ្មទណ្ឌកម្ម​អន្តរជាតិ។

ការ​ធ្វើ​យ៉ាង​នេះ​មក​ពី​លោកស្រី​ហ្វាទូ​ចង់​ដឹង​ថា តើ ICC ដែល​មាន​ទីស្នាក់ការ​នៅ​ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់​មាន​សមត្ថភាព​ស៊ើបអង្កត និង​ជំនុំជម្រះ​លើ​បទឧក្រិដ្ឋកម្ម​សង្រ្គាម​ជា​យថាហេតុ​ដែល​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន​ដែល​នៅ​មិន​ទាន់​ក្លាយ​ជា​រដ្ឋ​ពេញសិទ្ធិ​របស់​អង្គការ​សហប្រជាជាតិ ឬ​អត់។ ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០២១ ICC ​បាន​ប្រកាស​ថា​ពី​ការ​មាន​សមត្ថភាព និង​មាន​យុត្តាធិការ​ពេញលេញ​ដើម្បី​បើក​ការ​ស៊ើបអង្កេត។

ICC កំពុង​ពិនិត្យ និង​សិក្សា​លើ​មាន​សំណុំរឿង​អាទិភាព​ចំនួន ៣

នៅ​ពេល​នេះ លោកស្រី​ហ្វាទូ​កំពុង​ពិនិត្យ សិក្សា​លើ​សំណុំរឿង​អាទិភាព​មួយ​ចំនួន​ដែល​ត្រូវ​បើក​ការ​ស៊ើបអង្កេត។ តែ​នៅ​ក្នុង​របាយការណ៍​ដែល​បាន​ផ្សព្វផ្សាយ​កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៩ រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​រូប​នេះ​បាន​លើក​ឡើង​នូវ​សំណុំរឿង​អាទិភាព​ចំនួន ៣ ទី១ ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋកម្មសង្រ្គាម​ជា​យថាហេតុ​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ដែនដី​ប៉ាឡេស្ទីន​នា​សម័យ​សង្រ្គាម​កាល​ពី​រដូវក្តៅ​ឆ្នាំ ២០១៤ រវាង​ទាហាន​អ៊ីស្រាអែល និង​កម្លាំងប្រដាប់អាវុធ​ប៉ាឡេស្ទីន​នៃ​ចលនា​ហាម៉ាស់។ នៅ​ក្នុង​ករណី​នេះ បទឧក្រិដ្ឋសង្រ្គាម​អាច​ប្រព្រឹត្តិ​ដោយ​ភាគី​ទាំង​សង​ខាង គឺ​ដោយ​ទាហាន​អ៊ីស្រាអែល និង​ពួក​ហាម៉ាស់។ គួរ​រម្លឹក​ថា សង្រ្គាម​ក្នុង​រដូវក្តៅ ឆ្នាំ ២០១៤ បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ប្រមាណ​ជា ២ ២៥០នាក់​នៅ​ខាង​ប៉ាឡេស្ទីន​ដែល​ភាគ​ច្រើន​ជា​ជនស៊ីវិល និង​មាន​ស្លាប់ ៧៤នាក់​នៅ​ខាង​អ៊ីស្រាអែល​ដែល​ច្រើន​ជា​ទាហាន។

សំណុំរឿង​អាទិភាព​ទី២ ពាក់ព័ន្ធ​នឹង​ការ​វាយបង្រ្កាប​របស់​ទាហាន​អ៊ីស្រាអែល​ទៅ​លើ​ហ្វូង​បាតុករ​ប៉ាឡេស្ទីន​នៅ​តាម​ព្រំដែន​តំបន់​ហ្កាហ្សា​កាល​ពី​ឆ្នាំ ២០១៨។ តាម ICC ព្រឹត្តិការណ៍​វាយបង្រ្កាប​កាល​ណោះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា ២០០នាក់ និង​របួស​ជា​ច្រើន​ពាន់នាក់។ សំណុំរឿង​អាទិភាព​ទី៣ ដែល​ជា​ប្រធានរឿង​រស៊ើប​ខ្លាំង​សម្រាប់​អ៊ីស្រាអែល គឺ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាណានិគម​របស់​អ៊ីស្រាអែល​លើ​ដែនដី​ប៉ាឡេស្ទីន ពិសេស​ការ​ដែល​អ៊ីស្រាអែល​បាន​បញ្ជូន​ពលរដ្ឋ​ខ្លួន​ទៅ​កាន់​តំបន់​ប៉ាឡេស្ទីន​ស៊ីហ្សកដានី​តាំង​ពី​ថ្ងៃទី១៣ មិថុនា ឆ្នាំ ២០១៤។ តាម ICC ការ​ផ្ទេរ ឬ​បញ្ជូន​ជនស៊ីវិល​ទៅ​ដាក់​ក្នុង​តំបន់​កាន់កាប់​អាច​ជា​បទឧក្រិដ្ឋកម្មសង្រ្គាម ព្រោះ​អនុសញ្ញា​ក្រុង​ហ្សឺណែវ​បាន​ហាម​មិន​ឲ្យ​ការ​ផ្លាស់ប្តូរ​ប្រជាសាស្រ្ត​នៅ​លើ​ដែនដី​ដែល​កានកាប់។

គួរ​រម្លឹក​ថា អ៊ីស្រាអែល​បាន​ចូល​កាន់កាប់​ដែនដី​ប៉ាឡេស្ទីន​ដោយ​ខុស​ច្បាប់​តាំង​ពី​ឆ្នាំ ១៩៦៧ ក្នុង​នោះ​មាន​តំបន់​ហ្កាហ្សា តំបន់​ស៊ីហ្សកដានី និង​ទីក្រុង​ហ្សេរ៉ុយសាឡឹម​ខាងកើត។ បច្ចុប្បន្ន មាន​ប្រជាជន​ប៉ាឡេស្ទីន​យ៉ាង​តិច ៥លាននាក់​កំពុង​រស់នៅ​លើ​ដែនដី​ទាំង ៣តំបន់​ដែល​កំពុង​កាន់កាប់​ដោយ​អ៊ីស្រាអែល។

អ៊ីស្រាអែល​ខឹងសម្បារ តែ​ប៉ាឡេស្ទីន​សាទរ

នៅ​ចំពោះ​មុខ និង​ក្នុង​ជំហាន​ដំបូង ប៉ាឡេស្ទីន​បាន​ចាត់​ទុក​ជា​ជោគជ័យ​មួយ​មិន​អាច​ប្រកែក នោះ​បើ​ទោះ​បី​ជា​នៅ​មិន​ទាន់​មាន​លទ្ធផល​ជាក់ស្តែង​យ៉ាង​ម៉េច​ក៏​ដោយ។ ក្រសួង​ការបរទេស​ប៉ាឡេស្ទីន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ការ​បើក​ការ​ស៊ើបអង្កេត​របស់​តុលាការ​ព្រហ្មទណ្ឌកម្ម​អន្តរជាតិ​ពេល​នេះ​ជា​រឿង​ចាំ​បាច់ និង​បន្ទាន់​ដើម្បី​ទប់ស្កាត់​នឹង​ឧក្រិដ្ឋកម្ម​ដែល​កំពុង​បន្ត​ប្រព្រឹត្ត​ដោយ​ថ្នាក់ដឹកនាំ​អ៊ីស្រាអែល។ តែ​អ៊ីស្រាអែល​បាន​ខឹងសម្បារ និង​ថ្កោលទោស​លើ​ការ​សម្រេចចិត្ត​របស់ ICC។ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ​យល់​ថា ការ​សម្រេច​របស់​លោកស្រី​ហ្វាទូ បេនស៊ូដា​ជា​ទង្វើ​ប្រឆាំង​នឹង​ជនជាតិ​ជ្វីហ្វ។ លោក​នេតាន់យ៉ាហ៊ូ​បាន​បញ្ជាក់​ច្បាស់ៗ​ថា លោក​នឹង​ការពារ​ទាហាន មន្រ្តីយោធា និង​ពលរដ្ឋ​អ៊ីស្រាអែល​គ្រប់រូប​មិន​ឲ្យ​ធ្លាក់​ក្នុង​ការ​កាត់ទោស​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទេ។

ចំណែក​លោក​បេនី ហ្កង់ រដ្ឋមន្រ្តី​ការពាជាតិ​អ៊ីស្រាអែល និង​ជា​អតីត​មេបញ្ជាការ​ក្នុង​សម័យសង្រ្គាម​នៅ​តំបន់​ហ្កាហ្សា​កាល​ពី​រដូវក្តៅ ឆ្នាំ ២០១៤ បាន​ថ្លែង​ថា ការ​សម្រេច​របស់ ICC ពេល​នេះ​ជា​ការ​ផ្តល់​រង្វាន់​សម្រាប់​អំពើ​ភេរវកម្ម។ ក្រៅ​ពី​អ៊ីស្រាអែល​ដែល​ជា​អ្នក​ពាក់ព័ន្ធ​ផ្ទាល់ សហរដ្ឋអាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីស្រាអែល​ក៏​បាន​ប្រឆាំង​នឹង​ការ​សម្រេចចិត្ត​របស់ ICC ពេល​នេះ។ គួរ​បញ្ជាក់​ថា​ខុស​ពី​ប៉ាឡេស្ទីន អ៊ីស្រាអែល និង​អាមេរិក​មិនមែន​ជា​សមាជិក​របស់ ICC ទេ។ អាមេរិក​យល់​ឃើញ​ដូច​អ៊ីស្រាអែល​ថា ICC  គ្មាន​សមត្ថភាព​ដើម្បី​កាត់ទោស​លើ​ប្រទេស​មិន​សមាជិក ហើយ​ប៉ាឡេស្ទីន​ក៏​នៅ​មិន​ទាន់​ក្លាយ​ជា​រដ្ឋ​ពេញសិទ្ធិ​របស់​អង្គការ​សហប្រជាជាតិ​ដែរ។

យ៉ាង​ណា​ក៏​ដោយ នីតិវីធី​ផ្លូវតុលាការ​មួយ​នេះ​នឹង​ត្រូវ​ប្រើ​ពេល​យូរ​ឆ្នាំ​ដោយ​គេ​នៅ​មិន​ទាន់​អាច​និយាយ​អ្វី​បាន​នៅ​ឡើយ​ទេ។ មួយ​វិញ​ទៀត អាណត្តិ​រយៈពេល ៩ឆ្នាំ​របស់​រដ្ឋអាជ្ញា ICC បច្ចុប្បន្ន​លោកស្រី​ហ្វាទូ បេនស៊ូដា​នឹង​ត្រូវ​ចប់​នៅ​ពាក់​កណ្តាល​ខែ​មិថុនា​ខាង​មុខ។ លោកស្រី​ហ្វាទូ​ត្រូវ​ផ្ទេរ​តំណែង​នេះ​ទៅ​ឲ្យ​លោក​ការីម ខាន់​ដែល​ជា​ជនជាតិ​អង់គ្លេស។ តើ​លោក​ការីម ខាន់​នឹង​គិតគូរ​យ៉ាង​ម៉េច​ដែរ​នៅ​ក្នុង​សំណុំរឿង​មួយ​នេះ?។ គេ​ត្រូវ​រង់ចាំ​ចម្លើយ​នា​ពេល​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI