ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប៉េកាំង​ត្រៀមកែប្រែ​ប្រព័ន្ធបោះឆ្នោត​ហុងកុង ដើម្បី ផាត់ចោល​អ្នកនយោបាយ​គាំទ្រ​លទ្ធិប្រជាធិបតយ្យ

សំឡេង ០៨:៥៥
លោកនាយករដ្ឋមន្រ្តីចិន ថ្លែងបើក​អង្គប្រជុំ​សភាប្រជាជន​ចិន នៅថ្ងៃ​សុក្រ​ទី ៥​មីនា ដែលនៅក្នុងនោះ​លោក​បាន​ថ្លែង​សរសើរ​ស្នាដៃ​របស់រដ្ឋាភិបាល​ក្នុង​ការលុបបំបាត់​ភាពក្រីក្រ គ្រប់គ្រង​បាន​វិបត្តិកូវីដ និង​កំណើនសេដ្ឋកិច្ច​ចិន ឆ្នាំ ២០២១ ដែល​អាច​ឡើង​ដល់ ៦%
លោកនាយករដ្ឋមន្រ្តីចិន ថ្លែងបើក​អង្គប្រជុំ​សភាប្រជាជន​ចិន នៅថ្ងៃ​សុក្រ​ទី ៥​មីនា ដែលនៅក្នុងនោះ​លោក​បាន​ថ្លែង​សរសើរ​ស្នាដៃ​របស់រដ្ឋាភិបាល​ក្នុង​ការលុបបំបាត់​ភាពក្រីក្រ គ្រប់គ្រង​បាន​វិបត្តិកូវីដ និង​កំណើនសេដ្ឋកិច្ច​ចិន ឆ្នាំ ២០២១ ដែល​អាច​ឡើង​ដល់ ៦% REUTERS - CARLOS GARCIA RAWLINS

សភាប្រជាជន​ចិន​បន្ត​បើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃ​សុក្រនេះ ដោយ​ផ្តោត​សំខាន់ លើ​ស្នាដៃ​ជោគជ័យ​របស់​រដ្ឋាភិបាល​ក្នុង​ការលុបបំបាត់ចោល​ភាពក្រីក្រ ជំងឺកូវីដ។ កិច្ចប្រជុំពេញអង្គ​របស់​សភា​ចិន ផ្តោត​ផងដែរ លើ​អនាគត បោះឆ្នោត​នៅ ហុងកុង និង​បញ្ហាភូមិសាស្រ្ត​នយោបាយ ជាមួយ​អាមេរិក ជុំវិញ សំណុំរឿង​តៃវ៉ាន់ និង​នៅ​សមុទ្រ​ចិន​ខាងត្បូង។ សូមបញ្ជាក់ដែរថា សម័យ​ប្រជុំសភាប្រជាជន​ចិន​នៅ ឆ្នាំនេះ មាន​លក្ខណៈ​ពិសេស ព្រោះថា វា​ធ្វើឡើង នៅ​ពេល ចិន​ត្រៀម​ប្រារព្ធ​ខួប​១០០​ឆ្នាំ នៃ​ការបង្កើត​បក្សកុម្មុយនិស្ត ចិន ដែល​ត្រូវ​ប្រព្រឹត្ត​ទៅ នៅខែ​កក្កដា ខាងមុខ​នេះ។

ផ្សាយពាណិជ្ជកម្ម

សភាប្រជាជន​ចិន​បាន​បើកសម័យប្រជុំ​ពេញអង្គ​នៅថ្ងៃ​សុក្រ​នេះ​ដោយ​មានការចូលរួម​ពី​អ្នកតំណាង​បក្ស​កុម្មុយនិស្តចិន​ជាង ៣ពាន់​រូប។ ក្រៅតែ ពី​លើកឡើង​ពី​ស្នាដៃ​ជោគជ័យ​របស់​រដ្ឋាភិបាល​ក្នុង​ការគ្រប់គ្រង​វិបត្តិកូវីដ កាត់បន្ថយភាពក្រីក្រ សភាប្រជាជន​ចិន​ត្រូវ​ពិភាក្សា​ផងដែរ ពី​បញ្ហា​ដែនដី ហុងកុង។

នៅ​មួយឆ្នាំ​ក្រោយ បង្កើត​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ដើម្បី ចូលគ្រប់គ្រង​សណ្តាប់ធ្នាប់ នៅហុងកុង សភាប្រជាជន​ចិន នៅ​ថ្ងៃ​សុក្រ​នេះ ត្រូវ សម្រេច​លើ​សេចក្តី ស្នើច្បាប់​ថ្មី មួយទៀត ដែល​មានគោលដៅ ធ្វើ​កំណែទម្រង់ ការបោះឆ្នោត នៅទីក្រុង​ហុងកុង។

សម្រាប់​អ្នកប្រជាធិបតេយ្យ​ហុងកុង​ជាច្រើន លទ្ធិប្រជាធិបតេយ្យ​នៅទីក្រុង​ហុងកុង នឹង​ត្រូវ​សម្លាប់​ទាំងស្រុង បើសិន ទីក្រុង​ប៉េកាំង​លូកដៃ​ចូល​បន្ថែមទៀត ក្នុង​យន្តការ​បោះឆ្នោត​នៅ​ហុងកុង។

តាម​អ្នកជំនាញ​ខាង​ភាសា​ចិន ​នៅ​សកលវិទ្យាល័យ ហុងកុង គឺ លោក Willy Lam បើសិន​សភាប្រជាជន​ចិន​បោះឆ្នោត​អនុម័ត​ច្បាប់​ធ្វើកំណែទម្រង់​ការបោះឆ្នោត មែន នោះ គឺ​សំឡេង​របស់​បក្ស​ប្រឆាំង​ហុងកុង សំឡែង​របស់​អ្នកដែលគាំទ្រ​លទ្ធិប្រជាធិបតេយ្យ ដែល​ត្រូវគេ​បិទខ្ទប់ លែង​ឲ្យ​មានតទៅទៀត​នៅ ហុងកុង។

វាអាច​ពិត​ដូចការលើកឡើង​របស់​អ្នកជំនាញ​ខាងលើ ព្រោះថា បើតាម​ការពន្យល់​របស់​សមាជិក​សភា​ម្នាក់​របស់​បក្សកុម្មុយនិស្ត​ចិន ដែល​បាន​ប្រាប់​អ្នកសារព័ត៌មាន​ចិន គឺ​លោក វ៉ាង ឆេន Wang Chen រដ្ឋអំណាច​ចិន​នឹង​ផ្លាស់ប្តូរស៊ីជម្រៅ គោលនយោបាយ​បោះឆ្នោត នៅ ហុងកុង។ ជាក់ស្តែង សេចក្តីព្រាងច្បាប់​ថ្មី ដែល​ដាក់​ឲ្យ​សភា ប្រជាជន​ចិន ពិភាក្សា និងត្រូវ​បោះឆ្នោត អនុម័ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍ក្រោយនេះ នឹង​ផ្តល់​អំណាច​ច្រើន​ទៅ​ឲ្យ​គណៈកម្មការ​បោះឆ្នោត នៅ ហុងកុង ដែលស្ថិតនៅក្រោម​អំណាច​របស់​ទីក្រុង​ប៉េកាំង។

ពីមុន គណៈកម្មការ​បោះឆ្នោត មាន​សិទ្ធិ​ជ្រើសរើស​សមាជិក​សភា​ហុងកុង ចំនួន ពាក់កណ្តាល គឺ​៣៥នាក់ ចំណែក ពាក់កណ្តាល​ទៀត គឺ​កើតចេញមក​ពីការបោះឆ្នោត​ជាទូទៅ​ពី ប្រជាជន​ហុងកុង។ ប៉ុន្តែ ទៅតាម​វិធានការ​ថ្មី គណៈកម្មការ​បោះឆ្នោត​ដែល​មាននិន្នាការ​ទៅ​រក​ទីក្រុង​ប៉េកាំង នឹង​មាន​សិទ្ធិ​ជ្រើសរើស​សមាជិកសភាហុងកុង ច្រើនជាង ពាក់កណ្តាល ហើយ​និង​មាន​សិទ្ធិ​សម្រេច​លើ​បេក្ខភាពសមាជិក​សភាហុងកុង។ មានន័យថា បើសិន គណៈកម្មការបោះឆ្នោត ហុងកុង មិន​ផ្តល់​ភ្លើងខៀវទេ នោះ គេ​មិនអាច​ឈរឈ្មោះ​សម្រាប់ការបោះឆ្នោត​សភា​ហុងកុង​បាននោះទេ។

ច្បាប់​ថ្មី​នេះ សំដៅ រុញច្រាន​ក្រុមអ្នកគាំទ្រ​ប្រជាធិបតេយ្យ ឲ្យនៅ​ក្រៅ​សៃង្វៀន នយោបាយ​នៅហុងកុង ព្រោះថា ចង់ ឬ​មិន​ចង់ អ្នកដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យហុងកុង ដែល​រិះគន់ រដ្ឋអំណាច​ចិន នឹង​គ្មាន​ថ្ងៃ​បាន​ទទួល​ការអនុញ្ញាត​ឲ្យ​ឈរឈ្មោះ ក្នុង​ការបោះឆ្នោត​សភា​ហុងកុងនោះទេ។ តាមរយៈ​ច្បាប់​ធ្វើកំណែទម្រង់ ការបោះឆ្នោត​នៅ ហុងកុង ទីក្រុង​ប៉េកាំង ចង់បាន​លើកបន្តុប ឲ្យ​មាន​តែ​អ្នក​ដែល គាំទ្រ រដ្ឋអំណាច​ចិន​ប៉ុណ្ណោះ នៅក្នុង​ស្ថាប័ន​ច្បាប់ និង​រដ្ឋបាល​ដឹកនាំ​ហុងកុង ពោល​គឺ​ដើម្បី​ជៀសវាង កុំ​ឲ្យ​មាន​បាតុកម្ម​តវ៉ា រិះគន់​ចិន ដូច​កាលពី​ឆ្នាំ ២០១៩ទៀត។

គេ​អាច​និយាយ​ថា អំណើះតទៅ លទ្ធិប្រជាធិបតេយ្យ​នៅហុងកុង នឹង​លែង​មាន​ដូចដើមទៀតហើយ ព្រោះថា ប៉េកាំង​បាន​លូកដៃ​កាន់តែជ្រៅ ទៅក្នុង​ប្រព័ន្ធដឹកនាំ​របស់​ហុងកុង។

កាសែតចិន៖ ប៉េកាំង​នឹង​លើកថ្ងៃ​បោះឆ្នោតសភា​ហុងកុង​ទៅឆ្នាំ២០២២

គោលការណ៍​ ប្រទេស​មួយ​ប្រព័ន្ធ​ពីរ កើតចេញ​មក​ពី​ការសន្យា របស់​ប្រទេស​ចិន ដែល​ចង់​ទារយក​ហុងកុង ពីអង់គ្លេស មកវិញ។ ទៅតាម​កិច្ចព្រមព្រៀង ឆ្នាំ ១៩៨៤ នៅក្រោយ ចប់​កិច្ចសន្យា​គ្រប់គ្រង រយៈពេល ៩៩​ឆ្នាំ អង់គ្លេស ត្រូវ​ប្រគល់​ហុងកុង​ទាំង​មូល​ទៅ​ចិន​វិញ នៅ​ថ្ងៃទី១ កក្កដា ឆ្នាំ​១៩៩៧។ អង់គ្លេស​សុខចិត្ត​ប្រគល់ ហុងកុង ទៅ​ឲ្យ​ចិន វិញ ក៏​ព្រោះ ថា ចិន​បាន​សន្យា​ថា ហុងកុង​ជាដែនដី​របស់​ចិនមែន ប៉ុន្តែ ហុងកុង​នៅ​តែ ទទួល​សិទ្ធិ​ជា​ដែនដី​ស្វយ័ត ទៅ​តាម​គោលការណ៍​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ ដែល​ធានា​ឯករាជ្យភាព និង​ប្រព័ន្ធ​នយោបាយ​​ខុសស្រលះ​ពី​ចិន​ដី​គោក។ តាម​កិច្ចព្រមព្រៀង ចិន​ត្រូវ​រក្សា​គោលការណ៍​នេះ រហូតដល់​ឆ្នាំ ២០៤៧ ពោល​គឺ ៥០​ឆ្នាំ ក្រោយ​ដែល​ហុងកុង ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​ចិន។

ប៉ុន្តែ មើលទៅ ចិន​លែង​ចង់​គោរព​តាមការសន្យា​អ្វីទៀតហើយ ជាពិសេស នៅក្រោយ កើតមាន​ចលនា​ប្រឆាំង​រដ្ឋអំណាច​ចិន កាន់តែ​ច្រើន នៅទឹកដី ហុងកុង។ បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​ធ្វើបត្យាប័ន​ទៅ​ចិន ដែល​ក្រោយ​មក​បានរីករាលដាល​ជា​បាតុកម្ម​របស់​ក្រុមប្រជាធិបតេយ្យ​ហុងកុង ដើម្បី​ប្រឆាំង​ការលូកដៃ​របស់​រដ្ឋអំណាច​ចិន នៅក្នុងការ​ដឹកនាំ​ហុងកុង បានធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង ក្តៅស្លឹកត្រចៀក និង​សម្រេច​ចាត់វិធានការ​បិទបង្រ្កាប តាមរយៈ ការបង្កើត​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង។

នៅមុន​ដាក់​សេចក្តីព្រាងច្បាប់ សម្រាប់ធ្វើ​កំណែទម្រង់​ការបោះឆ្នោតនៅហុងកុង នេះទៅទៀត អាជ្ញាធរ​ចិន​បាន​ចាប់បោសសម្អាត​ក្រុមអ្នកប្រឆាំង នៅ​ហុងកុង តាមរយៈ ការចាប់ខ្លួន ជាខ្សែ ក្រុមអ្នកគាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង។ ក្រោមច្បាប់​សន្តិសុខជាតិ​ហុងកុង អាជ្ញាធរ​ហុងកុង កាលពី​ថ្ងៃ​ពុធ បាន​ ចាប់បញ្ជូន​សកម្មជន​ប្រជាធិបតេយ្យ ហុងកុង ទៅតុលាការ ដែលនៅក្នុង​នោះ​មានផងដែរ អតីត​សមាជិកសភាហុងកុង មក​ពី​គណបក្ស​ប្រឆាំង។ ពួកគេ ដែល​ភាគច្រើន​ជាអ្នកទាមទារ​សិទ្ធិសេរីភាព ឲ្យ​ប្រជាជន​ហុងកុង បាន​រងការចោទប្រកាន់​ថា បាន​រៀបចំ​ការបោះឆ្នោត ដោយ​ខុសច្បាប់ កាលពី​ឆ្នាំ ២០២០។ ត្រូវ​ដឹងថា ដោយសារ​អស្ថិរភាព​នយោបាយ​នៅ​ហុងកុង និង​ដោយសារ​ចង់​ធ្វើ​កំណែទម្រង់​ការបោះឆ្នោត​នៅ ហុងកុង រដ្ឋអំណាច​ចិន​បាន​សម្រេច លុប​ចោល​ការបោះឆ្នោត នៅ ២០២០ និង​លើក​មក​ធ្វើនៅ ខែ​កញ្ញា​ឆ្នាំនេះវិញ។

ប៉ុន្តែ កាសែត​ក្នុង​ស្រុក​ចិន ដែល​បាន​ស្រង់សំដី​របស់​មន្រ្តី​ចិន បាន​ផ្សាយ​ថា ការបោះឆ្នោត សភា​ហុងកុង នឹង​ត្រូវ​លើក បន្ត ១​ឆ្នាំទៀត ទៅ​ធ្វើ​នៅ ឆ្នាំក្រោយ ពោល​គឺនៅក្រោយ ការបង្កើតច្បាប់ រៀបចំ ប្រព័ន្ធ​បោះឆ្នោត​ថ្មី​នៅ ហុងកុង។

ចិន​បង្កើនថវិកាកងទ័ព សម្រាប់ឆ្នាំ ២០២១

ក្រៅតែពី​បញ្ហាហុងកុង រដ្ឋាភិបាល​ចិន តាមរយៈ​រដ្ឋមន្រ្តីការពារ​ជាតិ​បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រនេះ ពី ការបង្កើន​ថវិកា​សម្រាប់​កងទ័ពជាតិ​ចិន បន្ថែមទៀត។ ថវិកា​កងទ័ព​ចិន នៅ​ឆ្នាំ ២០២១ នឹង​ត្រូវ​បង្កើន ប្រមាណ ៦,៨% គឺ​កើនឡើង​បន្តិច បើប្រៀបធៀប​នឹង​ឆ្នាំ ២០២០ ដែល​មាន​ប្រមាណ ៦,៦%។ ការណ៍នេះ​នឹង​ធ្វើ​ឲ្យ​ថវិកា​សម្រាប់​កងទ័ព​ចិន​ទាំងមូល សម្រាប់​ឆ្នាំ ២០២១ នឹង​មាន​ប្រមាណ ២០៩​ពាន់​លាន​ដុល្លារ។ ស្តាប់ទៅ​ច្រើន ប៉ុន្តែ ចំនួននេះ​នៅតែ​តិច បើប្រៀបធៀប​នឹង​អាមេរិក ដែល​មាន​ថវិកាកងទ័ព ដល់ទៅ​ជាង ៧០០​ពាន់លាន​ដុល្លារ​ឯណោះ។

ទីក្រុង​ប៉េកាំង​បាន​និយាយ​ការពារ​ខ្លួនថា ខ្លួន បង្កើន​ថវិកា​កងទ័ព នេះ ដោយយោង​ទៅលើកំណើនសេដ្ឋកិច្ចក្នុង​ស្រុក ពោល គឺ​មិនមែន​ដើម្បី ពង្រឹង​កម្លាំងទ័ព​ដើម្បី ធ្វើបាប អ្នកដទៃនោះទេ។ នៅ​ថ្ងៃ​សុក្រនេះ នាយករដ្ឋមន្រ្តី ចិន លោក​លី ឃឺឈាំង ផ្ទាល់​បាន​ប្រកាស​ថា កំណើន​សេដ្ឋកិច្ច​ចិន នៅ ឆ្នាំ ២០២១ អាច​មាន​ប្រមាណ ជាង ៦%។ អ្នកជំនាញ​វាយតម្លៃ​ថា កំណើនសេដ្ឋកិច្ច​ចិន អាច​ខ្ពស់ជាងនេះ ព្រោះថា ខុសប្លែក​ពីប្រទេស​ដទៃ​នៅក្នុង​ពិភពលោក ដោយ​រួមទាំង​អាមេរិក និង​អឺរ៉ុប ផង ចិន​ជា​ប្រទេស​កម្រដែល​មាន​កំណើនសេដ្ឋកិច្ច នៅក្នុង​សម័យ​កូវីដ។

ទោះជា​ចិន​អះអាងថា កងទ័ព​ចិនសម្រាប់​តែ​ការពារ ខ្លួន គឺ​គ្មាន​បំណង​វាយប្រហារ​ទៅលើ​អ្នកផ្សេង ប៉ុន្តែ គេជឿថា ចិន​បាន​បង្កើន ថវិកាកងទ័ព​ជា​ប្រចាំ រៀងរាល់​ឆ្នាំ ដើម្បី ទី១ តាមឲ្យទាន់ ប្រទេស​លោកខាងលិច ជាពិសេស ក្នុង​រឿង​បង្កើនប្រាក់ខែ​កងទ័ព ដើម្បី​ទាក់ទាញ​អ្នកដែល​មាន​ទេពកោសល្យ។ ទី ២ ទៀត ចិន​បាន​ចំណាយ​លុយ​កាន់តែ​ច្រើនដើម្បី​ទំនើបកម្ម​កងទ័ព ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ដើម្បី ត្រៀម​ទប់ទល់​អាមេរិក ដែល​ចេញមុខ កាន់តែខ្លាំង នៅក្នុង​សំណុំរឿង​តៃវ៉ាន់ និង​សមុទ្រ​ចិន​ខាងត្បូង ទប់ទល់​ឥណ្ឌា ដែល​ឈ្លោះ​ដែនដីគោក នៅ​ភ្នំហិមាល័យ និង​ទប់ទល់​ជាមួយ​ជប៉ុន ដែល​មានជម្លោះដីកោះ នៅ សមុទ្រ​ចិន​ខាងកើត។

ក្នុង​រឿង​តៃវ៉ាន់ ចិនធ្លាប់​គំរាមហើយថា នឹង​ធ្វើសង្រ្គាម វាយប្រហារដណ្តើម​យក​កោះតៃវ៉ាន់ មក​គ្រប់គ្រង បើសិន តៃវ៉ាន់ ហ៊ាន​ប្រកាសឯករាជ្យ។ ទោះជា​ឥលូវនេះ តៃវ៉ាន់ មិនទាន់​និយាយ​អ្វីមែន ប៉ុន្តែ ចិន​បាន​ត្រៀមខ្លួន រួចហើយ ដើម្បី​ឈ្លានពាន​តៃវ៉ាន់ ដោយ​បាន​បញ្ជូន ជា​ញឹកញាប់ យន្តហោះចម្បាំង​របស់ខ្លួន ទៅហោះរំលោភ​ចូល​ក្នុង​ដែនអាកាស​តៃវ៉ាន់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ខ្ទង់ចំណាយ​របស់​កងទ័ព​ចិន កើនឡើង កាន់តែ​ខ្ពស់​ដែរ។

ដើម្បី​អាច​ប្រឈម​នឹង​អាមេរិកដែល​មាន​សព្វាវុធ​ទំនើបៗ  ចិន​បានធ្វើ​ទំនើបកម្មកងទ័ព​របស់ខ្លួនដែរ ដោយ​បាន​បង្កើន​ការផលិត​យន្តហោះចម្បាំង នាវាចម្បាំង និង​ដាក់​ឲ្យ​ប្រើ​នាវា​ដឹក​ឧទ្ធម្គាគចក្រ​ពីរគ្រឿង កាលពី​ពេលថ្មីៗនេះ។ ហើយបន្ទាប់ពី​ផលិត​បាន​នាវាដឹកយន្តហោះចម្បាំង​ដ៏ធំ​ដោយខ្លួនឯង ចិន​កំពុង​សាងសង់​នាវាដឹកយន្តហោះចម្បាំង​មួយគ្រឿង​ទៀត ដើម្បីសរុប​ឲ្យបាន​៣គ្រឿង។ គេ​មើលឃើញថា ដោយសារ​តែ ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​តៃវ៉ាន់ គឺ​កងទ័ព​ជើងទឹក​ចិន ដែលស្រូប​មួយភាគធំ​ថវិកា​កងទ័ព​ចិន ប៉ុន្តែ ទោះជា​ចិន ប្រឹង ជំរុញ​វិស័យ​កងទ័ព​របស់ខ្លួន​ប៉ុណ្ណា ចិន​នៅត្រូវការ យ៉ាងតិច ១០ឆ្នាំ​ទៀត ដើម្បីអាច​មាន​សមត្ថភាព​ផលិត សព្វាវុធ ទំនើប ដូចអាមេរិក ឬ​រុស្ស៊ី។

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI