ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​ទិវា​សិទ្ធិនារី​អន្តរជាតិ ​៨មីនា មាន​​ប្រភព​​មក​ពី​ណា?

សំឡេង ០៦:៣៩
បដាតវ៉ារបស់ស្ត្រីរុស្ស៊ី សរសេរថា "សិទ្ធិបោះឆ្នោតរបស់ស្ត្រី" នៅខែមីនា ១៩១៧ ទីក្រុង សាំងប៉េតេសបួរ (អតីតក្រុង ប៉េតូហ្រ្កាដ)។ ចលនាបាតុកម្មនេះ បានជំរុញឲ្យ​ព្រះចៅ​ត្សារនៃអាណាចក្ររុស្ស៊ី ចុះចេញពីអំណាច ហើយចលនាកុម្មុយនីស្តសូវៀត បាន​ចាប់ផ្តើម​ធ្វើ​បដិវត្ត។
បដាតវ៉ារបស់ស្ត្រីរុស្ស៊ី សរសេរថា "សិទ្ធិបោះឆ្នោតរបស់ស្ត្រី" នៅខែមីនា ១៩១៧ ទីក្រុង សាំងប៉េតេសបួរ (អតីតក្រុង ប៉េតូហ្រ្កាដ)។ ចលនាបាតុកម្មនេះ បានជំរុញឲ្យ​ព្រះចៅ​ត្សារនៃអាណាចក្ររុស្ស៊ី ចុះចេញពីអំណាច ហើយចលនាកុម្មុយនីស្តសូវៀត បាន​ចាប់ផ្តើម​ធ្វើ​បដិវត្ត។ AFP - -

ថ្ងៃទី​៨មីនា គឺជាទិវាអន្តរជាតិនៃសិទ្ធិនារី ដែល​បច្ចុប្បន្ន ត្រូវបាន​គេប្រារព្ធធ្វើឡើងជាទូទៅ ក្នុងពិភពលោកយើង។ ទិវានេះ គឺជានិម្មិតរូបនៃ​ការ​តស៊ូ ទាមទារ សិទ្ធិសេរីភាពរបស់ស្ត្រី ប្រឆាំងនឹងការរើសអើងផ្លូវភេទ ព្រមទាំងអសមភាពទាំងអស់ រវាងបុរសនិងស្ត្រី។ មុននឹងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ រហូតសព្វថ្ងៃនេះ គឺមាន​ការតស៊ូប្រឹងប្រែង អស់ប្រមាណ​មួយ​សតវត្ស ពីសំណាក់សកម្មជន​ ដើម្បី​ឲ្យ​មានការផ្លាស់ប្តូរផ្នត់គំនិតសង្គម ក្នុងការទទួលស្គាល់សិទ្ធិរបស់​ស្ត្រី។ តើ​ការតស៊ូ រហូតធ្វើ​ឲ្យ​មាន​ ទិវាសិទ្ធិនារីអន្តរជាតិ៨មីនានេះ វាមានប្រវត្តិយ៉ាងណាខ្លះ?

ផ្សាយពាណិជ្ជកម្ម

ការតស៊ូទាមទារសិទ្ធិស្ត្រី ទំរាំតែមានទិវាអន្តរជាតិ ៨មីនានេះ មិនមែន​ ធ្វើតែមួយ​ថ្ងៃបាននោះទេ។ វាគឺជាលទ្ធផល នៃ​ការ​តវ៉ា ទាមទាររបស់សកម្មជន អស់រយៈពេលរាប់សិបឆ្នាំ បន្តិចម្តងៗ ទំរាំតែមាន​ថ្ងៃនេះ។ កាលពីដើមសតវត្សទី​២០ លក្ខខណ្ឌរស់នៅ របស់ស្ត្រីនៅទូទាំងពិភពលោក មាន​ការ​លំបាក​ណាស់។

Theresa Malkiel និង Clara Zetkin

អ្វីៗបានចាប់ផ្តើមនៅឆ្នាំ១៩០៩ នៅទីក្រុងញូយ៉ក គឺនៅថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ១៩០៩ ដែលគេបានរៀបចំទិវាមួយ​ ហៅថា ទិវាជាតិនៃស្ត្រី “National Woman’s Day”​ ដែលត្រូវបាន​ផ្តួចផ្តើមគំនិត ដោយគណបក្ស​សង្គមនិយមអាមេរិក កាលជំនាន់នោះ និងជាពិសេសនោះ គឺក្រោមការប្រឹងប្រឹង របស់ស្ត្រីសកម្មជនទាមទារសិទ្ធិម្នាក់ ឈ្មោះ Theresa Malkiel។ គាត់មាន​ កើតនៅ​ប្រទេសអ៊ុយក្រែន នៅឆ្នាំ​១៨៧៤ ហើយ​បានធ្វើ​ការតស៊ូ ទាមទារឲ្យ​មានការកែលំអលក្ខខណ្ឌការងារ របស់​ពលការិនី កម្មការិនី នៅតាមរោងចក្រ កាលពីជំនាន់នោះ។ ក្រោមការប្រឹងប្រែងនេះ គេបានរៀបចំ​ កម្មវិធីជួបជុំ ធ្វើមីទ្ទីញជាច្រើននៅទីក្រុងញូយ៉ក ដើម្បី​និយាយអំពីការលំបាករបស់​ស្ត្រី។

ក្រោយមកនៅឆ្នាំ ១៩១០ លោកស្រី Theresa Malkiel បានសរសេរសៀវភៅប្រលោមលោក​មួយ មានឈ្មោះថា « ជីវិតរបស់​ស្ត្រីធ្វើកូដកម្មម្នាក់ » ដែលសៀវភៅនេះ បាន​ក្លាយ​ទៅ​ជា​មូលដ្ឋានគ្រិះនៃការតស៊ូរើបំរះ ដើម្បីបញ្ចប់ការជិះជាន់លើស្ត្រី។ ហើយ​ក្នុង​ឆ្នាំ​១៩១០ ដដែលនេះដែរ នៅ​ទីក្រុងកូប៉េនហាហ្ក ប្រទេសដាណឺម៉ាកឯណោះ គឺមាន​សន្និបាទនៃចលនាសង្គមនិយមអន្តរជាតិ។ ស្ត្រីសកម្មជនម្នាក់ទៀត ជាជនជាតិអាល្លឺម៉ង់ ឈ្មោះ Clara Zetkin បានយកឱកាសនោះ ជំរុញ​​ឲ្យ​មានការផ្តួចផ្តើម ទិវាមួយ​សម្រាប់ស្ត្រី ដើម្បី​លើកកំពស់ សមភាពរវាងភេទ និងជាពិសេសនោះ គឺដើម្បីឲ្យស្ត្រីអាចមានសិទ្ធិបោះឆ្នោតដូចបុរស។ តែកាលណោះ គេមិនទាន់កំណត់ថា យកថ្ងៃណាឲ្យ​ប្រាកដ​ ដើម្បី​ ប្រារព្ធទិវាសិទ្ធិនារីទេ។

បដិវត្តសង្គមនិយមរុស្ស៊ី

កាលពីដំបូង គេបានប្រារព្ធទិវាសិទ្ធិនារី លើកទីមួយ គឺនៅថ្ងៃទី ១៩ មីនា ឆ្នាំ​១៩១១ទេ ដោ​យ​កាលណោះ មានមនុស្សចូលរួមដង្ហែរក្បួនជាង១លាននាក់ នៅក្នុងប្រទេសអូទ្រីស ប្រទេសដាណឺម៉ាក អាល្លឺម៉ង់ និងស្វីសជាដើម។ ក្រោយ​មក ថ្ងៃ​ទី​៨មីនា មានហេតុការណ៍មួយទៀត កើតឡើងនៅឆ្នាំ​១៩១៤ នៅទីក្រុងប៊ែរឡាំង ដែលកាលនោះ ស្ត្រី​សកម្មជន​នយោបាយ​សង្គមនិយមអាល្លឺម៉ង់ បាន​នាំគ្នា ធ្វើ​បាតុកម្ម យ៉ាងធំធេង ដើម្បី​ទាមទារសិទ្ធិបោះឆ្នោត។

ហើយ​បន្ទាប់មកទៀត នៅ​ថ្ងៃទី៨មីនា ឆ្នាំ ១៩១៧ នៅទីក្រុងសាំងប៉េតេសបួរ ប្រទេសរុស្ស៊ី គឺមានព្រឹត្តិការ​បាតុកម្មមួយទៀត របស់​ស្ត្រីរុស្ស៊ី។ បរិបទពិភពលោកយើង​ពេលនេះ គឺស្ថិតក្នុង​សង្រ្គាមលោកលើកទី១ ហើយ​ដែលប្រុសៗ ត្រូវគេ​បញ្ជូនឲ្យ​ទៅធ្វើសង្រ្គាមអស់ ទុកឲ្យ​ស្ត្រីនៅផ្ទះចិញ្ចឹមកូនផង ធ្វើការ​នៅតាមរោងចក្រ ផលិត​សព្វាវុធ ផលិតស្បៀងអាហារយកទៅឲ្យ​កងទ័ពផង។

ស្ថានភាពនៅរុស្ស៊ីពេលនេះលំបាកខ្លាំងណាស់ ដោយសារតែគ្រោះអត់ឃ្លាន។ គឺការបះបោររបស់ស្ត្រីរុស្ស៊ី នៅ​ថ្ងៃទី​ ៨មីនា​១៩១៧នេះហើយ ដែលបានធ្វើ​ឲ្យ​អំណាច​របស់​ព្រះចៅត្សារ នៃអាណាចក្រ​​រុស្ស៊ី ចាប់ផ្តើមរង្គោះរង្គើ ហើយឈានទៅ​មាន​បវិវត្ដសង្គមនិយម របស់ពួកកុម្មុយនីស្តិសូវៀត។ យ៉ាងណាមិញ បក្សបុលឆេវិកសូវៀត បានចាត់ទុកថ្ងៃទី៨មីនា១៩១៧ គឺជាថ្ងៃចាប់​ផ្តើម​​ទីមួយ ​នៃបដិវត្តរុស្ស៊ី។ ហេតុដូច្នេះហើយ បានជាក្រោយ​មក នៅតាមប្រទេសកុម្មុយនីស្ត ដែលស្ថិតក្រោមឥទ្ធិពលសូវៀត គឺគេបានប្រារព្ធពិធីបុណ្យ ៨មីនានេះ ជាប្រចាំ។

អង្គការសហប្រជាជាតិកំណត់​ជាផ្លូវការ នៅឆ្នាំ​១៩៧៥

ក្នុងទសវត្សឆ្នាំ​១៩៧០ប្លាយ មានចលនាមួយឈ្មោះ ចលនាហ៊ីបពី បានរីកសាយភាព នៅតាមប្រទេសធំៗ ដើម្បី​រំដោះរនាំងប្រពៃណី ដែលរំព័ទ្ធយុវជនមិនថាប្រុសមិនថាស្រី។ មនុស្សម្នាក់ៗ ចាប់ផ្តើមយល់ថា សិទ្ធិសេរីភាព សមភាព គឺ​ជាកម្មវត្ថុ និងជាខ្លឹមសារចំបងសម្រាប់ជីវិត។ ក្នុង​បរិបទនេះហើយ គឺ​នៅឆ្នាំ​ ១៩៧៥ ទើប​អង្គការសហប្រជាជាតិ បានសម្រេចកំណត់ថ្ងៃ​ទី​៨មីនា ជាទិវាសិទ្ធិនារីអន្តរជាតិតែម្តង។ ជាទិវាដែល​អង្គការសហប្រជាជាតិរៀបចំ ដើម្បីកំណត់​កម្មបទថ្មីៗ ​ជារៀងរាល់ឆ្នាំ ស្ត្រីពី​ការរីកចំរើននៃសិទ្ធិស្ត្រី នៅទូទាំងពិភពលោកយើង មិនថាសិទ្ធិសង្គម សេដ្ឋកិច្ច និងសិទ្ធិនយោបាយ។

ទិវាសិទ្ធិនារីអន្តរជាតិ​៨មីនានេះ មិនមែន​ត្រូវបានគេប្រារព្ធជាទូទៅភ្លាមៗទេ។ ការផ្លាស់ប្តូរផ្នត់គំនិត បាន​ប្រសើរឡើងបន្តិចម្តងៗ ដោយ​ការប្រឹងប្រែង របស់អ្នកនយោបាយ​ខ្លះ និងសកម្មខ្លះផង។ ជាក់ស្តែងនៅបារាំង ទាល់តែឆ្នាំ១៩៨២ហើយទេ ទើបបានមានការកំណត់ជាផ្លូវការ ស្តីពីទិវា៨មីនានេះ។

ដូច្នេះ មុននឹងមាន​ថ្ងៃទី​៨មីនានេះ គឺឆ្លងកាត់ការតស៊ូ ច្រើនដំណាក់ណាស់។ ទោះបីជាយ៉ាងណា ប្រមាណ​មួយ​សតវត្សមកនេះ សមភាពឥតខ្ចោះ ក្នុង​​គ្រប់​វិស័យ រវាងបុរសនិងស្ត្រី គឺនៅតែមិន​អាចទៅរួចនោះទេ។ មនុស្សជំនាន់ក្រោយ មិនមែនត្រឹមតែត្រូវថែរក្សា លទ្ធផលនៃការតស៊ូទាំងនេះទេ តែត្រូវតែ​បន្តការប្រឹងប្រែង ដើម្បី​សមភាព និង​ប្រយុទ្ធប្រឆាំង រាល់ទំរង់នៃការរើសអើងទៅលើស្ត្រី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI