ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភូមា ៖ “សភា​ស្រមោល” ​ជំរុញ​ឱ្យ​មាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ដែលបំបែកមិន​បាន

សំឡេង ០៥:៣៦
បាតុកម្ម​​នៅ​ភូមា ថ្ងៃ​ទី ១៤​មីនា ២០២១
បាតុកម្ម​​នៅ​ភូមា ថ្ងៃ​ទី ១៤​មីនា ២០២១ AP

រដ្ឋាភិបាលយោធា​ភូមា បន្តបង្ក្រាប​យ៉ាង​ហិង្សា​ ដោយ​បាញ់​គ្រាប់​កាំភ្លើង​ពិត​ លើ​ចលនាបាតុកម្ម​ ដែល​នៅ​តែ​បន្ត​មាន​សន្ទុះ​ខ្លាំង។ គិត​ពីល្ងាចសៅរ៍​មកទល់​នឹង​នៅ​ថ្ងៃអាទិត្យ​ទី ១៤មីនា២០២១​នេះ មាន​ស្លាប់​បាតុករ​យ៉ាង​ហោច​ណាស់ ១៣​នាក់​បន្ថែម​ទៀត។ ខណៈ​នេះ​ ជា​លើក​ទីមួយ​ គេ​បានដឹង​អំពី​ការកកើត​នៃ​សភា​ស្រមោល។ ​សមាជិក​សភាដែល​ប្រឆាំង​នឹង​​​​របប​សឹកកំពុង​កាន់​អំណាច ​បង្កើតរដ្ឋាភិបា​ល​​ស្រមោល មាន​​​គណៈកម្មការ​​​សភា ទន្ទឹម​នឹង​រដ្ឋាភិបាល​​សឹក និងបាន​​ចេញ​សេចក្តី​អំពាវនាវ​ឱ្យ​មានបាតុកម្មទ្រង់ទ្រាយ​ធំ​ដែលគ្មាននរណា​បំបែកបាន។

ផ្សាយពាណិជ្ជកម្ម

​សភា​ស្រមោល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ ក្រុម​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ (គណបក្សរបស់​លោកស្រី​អ៊ុងសានស៊ូជី)ដែល​ភាគ​ច្រើន​កំពុង​រស់​​គេច​ខ្លួន ពី​រដ្ឋាភិបាលយោធា។

សភា​ស្រមោល​ឬ​សភា​ខ្មោច ​បានបង្កើត​ជា​ ​គណៈកម្មការ​សភា តំណាង​ឱ្យ​​ Pyidaungsu Hluttaw ​ស្ថាប័ន​នីតិបញ្ញត្តិ​ភូមា ទន្ទឹម​នឹង​សភា​នៃ​របប​សឹក​ ដោយ​មាន​​រូប​លោក ម៉ាន វីន ខាំង ថន Mahn Win Khaing Than ជាអនុប្រធានគណៈកម្មការសភា​ ស្តីទី។

ជា​អតីត​ប្រធាន​សភា​ក្នុង​សម័យ​ភូមា​​ដឹកនាំដោយ​រដ្ឋាភិបាលរបស់​លោកស្រីអ៊ុងសានស៊ូជី និង​ ជា​អ្នក​ទទួល​ខុស​ជាន់​ខ្ពស់​នៃ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ានវីន ខាំងថន បានអំពាវនាវ​ តាម​ប្រព័ន្ធ​សង្គម ហ្វេសប៊ុក ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី ១៣​មីនា​ ម្សិលមិញ​ ​ឱ្យ​ពលរដ្ឋ​ភូមា បន្ត​ធ្វើ​បាតុកម្មប្រឆាំង​នឹង​របប​ផ្តាច់ការ​ ខុស​ច្បាប់​របស់​ពួក​យោធា។

នេះ​ជា​ពេលវេលា​ដ៏អាប់អួរ​បំផុត​សម្រាប់​ជាតិ​ភូមា ប៉ុន្តែ​ក្តី​សង្ឃឹម​ ជិត​មាន​ពន្លឺ​វិញ​​ហើយ​។ ​ពេលនេះជាពេល​ល្បង​កម្លាំង ថាតើ​ពលរដ្ឋ​​បាតុករ​អាច​ធន់ តស៊ូ​ប្រឆាំង​នឹង​ភាព​ខ្មៅ​ងងឹត​បាន​ប៉ុនណា។ នេះ​​បើ​តាមសារ​វីដេអូ​របស់​លោក ថន បង្ហោះផ្សាយ​លើគេហទំព័រ​សភា​ខ្មោច ជា​លើក​ទី​មួយ​ គិត​ចាប់​តាំងពី​មាន​ហេតុការណ៍​រដ្ឋប្រហារ​មក ដែល​ លោក​ថន ក៏​ដូច​ជា​បណ្តា​តំណាង​រាស្ត្រ​​​ជា​ច្រើន​ទៀត ត្រូវ​បានក្រុមយោធា​ឃុំនៅ​ក្នុង​គេហដ្ឋាន។

ច្បាប់ការពារបាតុករ

កន្លងមកនេះ ចលនាប្រជាធិបតេយ្យភូមា ហាក់​គ្មាន​​មានមេ គ្មាន​កើយ​ដឹកនាំ​ទេ។ ចលនា​បាតុកម្ម​បាន​ផុស​ផុល​ឡើង​ជា​រៀង​រាល់​ថ្ងៃ តាមរយៈការ​រៀប​ចំ​របស់​​ក្រុមសកម្មជន​នៅ​តាមមូលដ្ឋាន។ ប៉ុន្តែ​​ជា​មួយ​ការ​នឹង​ការ​បង្កើត​​​ស្ថាប័នសភា​ខ្មោច ឬសភា​ស្រមោល​​នេះ​ ​ចលនា​ប្រជាធិបតេយ្យ​អាច​កាន់​តែ​មាន​​ទឹក​ចិត្ត​ និងមាន​​សន្ទុះថ្មី​បន្ថែម​ទៀត។ បើ​តាម​លោក ថន​ ​ផប្រជាពលរដ្ឋ​ភូមា ត្រូវការពារ​ខ្លួន​ដោយ​ខ្លួន​ឯង។ សភា​ខ្មោច ឬរដ្ឋាភិបាលស៊ីវិលស្រមោល នឹង​សាកល្បង​ផ្តល់​សិទ្ធិ​ស្រប​ច្បាប់​ ដល់ប្រជាពលរដ្ឋ​ក្នុង​ការធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​របប​ដឹកនាំយោធា និង​ដើម្បី​បរិហារ​រដ្ឋប្រហារថ្ងៃទី ១កុម្ភៈ ហើយ​ព្យាយាម​​បង្កើត​ច្បាប់​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​អាច​ការពារ​ខ្លួន ពីវិធាន​ការបង្ក្រាប​របស់​ប៉ូលិសនិង​យោធា។

ការ​ប៉ះបោរ​របស់​ប្រជាពលរដ្ឋ​ប្រឆាំង​​នឹង​របប​យោធា នាពេលនេះ ជា​ឱកាសដែល​ពលរដ្ឋ​ត្រូវ​កាន់​ដៃ​គ្នា​​​តស៊ូ​ ដើម្បី​ស្តារ​​ប្រជាធិបតេយ្យឱ្យ​​ភូមា ពីក្រញាំ​ជន​ផ្តាច់ការ​យោធា។ សហភាព​ប្រជាធិបតេយ្យ​​​សហព័ន្ធ​ភូមា នឹង​សម្រេច​បាន​នៅ​ក្នុង​អនាគត​ដ៏​ឆាប់ៗ ប្រសិន​បើ​បាតុករ​​បន្ត​រួបរួម​គ្នា និង​រុល​ទៅមុខ ដោយ​​ក្រុមយោធា​មិន​អាច​បំបែកបាន។ ការ​ប៉ះបោរ​ប្រជាជន​ត្រូវ​តែ​ឈ្នះអំណាច​សឹក​! នេះ​ជាការ​បញ្ជាក់​បន្ថែមរបស់​លោក ម៉ានវីន ខាំងថន។​

ក្បត់​ជាតិ

របប​សឹក​ដែល​បាន តាំង​ខ្លួន​ជា​មេដឹកនាំ​​ក្រុមប្រឹក្សា​រដ្ឋបាល ឡើង​គ្រប់​គ្រង​ប្រទេស បន្ទាប់ពី​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាលស៊ីវិលរបស់​លោកស្រី អ៊ុងសាន ស៊ូជី បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាម​ថា ការបង្កើត​គណៈកម្មការ​សភា សភាខ្មោច គឺ​ជា​ទង្វើ​ ក្បត់​ជាតិ ដែល​អាច​នឹង​ត្រូវ​ទទួលទោស​ជាប់​ពន្ធនាគារ​ ដល់​ទៅ ២២​ឆ្នាំ។

ហើយ​របប​សឹក​បន្ត​បង្ក្រាប​បាតុករយ៉ាង​ហិង្សា និង​បាញ់​កាំភ្លើង​ដោយ​ប្រើ​គ្រាប់​ពិត​ទៅ​លើ​ចលនា​បាតុកម្ម ដោយ​បានផ្តាច់​ជីវិត​មនុស្ស​ យ៉ាង​ហោច​ ៣​នាក់​បន្ថែម​ទៀត​ នៅ​ក្នុង​បាតុកម្មនា​ថ្ងៃ​អាទិត្យ​ទី ១៤​មីនា និង​យ៉ាង​ហោច​១៣​នាក់ កាលពី​ថ្ងៃ​សៅរ៍។

ជា​សរុប បើ​តាម​ភ្នាក់ងារការពារសិទ្ធិ​អ្នកទោស មាន​បាតុករ​ភូមា​ជាង​៨០​នាក់​បានស្លាប់ និងជាង​២១០០នាក់​ត្រូវ​ជាប់​ឃុំឃាំង គិត​ចាប់​តាំងពី​ថ្ងៃទី ១កុម្ភៈមក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI