ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​ការ​វាយ​បង្ក្រាប​បង្ហូរ​ឈាម​នៅ​ភូមា​នៅ​អូស​បន្លាយ​ដល់​ពេល​ណា​?

សំឡេង ០៨:១៥
ថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០២១ ប្រជាជនភូមាកាន់ទុក្ខនៅពេលដែលពួកគេចូលរួមក្នុងពិធីបុណ្យសពលោក Kyaw Win Maung ដែលត្រូវបានបាញ់សម្លាប់ក្នុងពេលតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធានៅទីក្រុង Mandalay ប្រទេសភូមា។
ថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០២១ ប្រជាជនភូមាកាន់ទុក្ខនៅពេលដែលពួកគេចូលរួមក្នុងពិធីបុណ្យសពលោក Kyaw Win Maung ដែលត្រូវបានបាញ់សម្លាប់ក្នុងពេលតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធានៅទីក្រុង Mandalay ប្រទេសភូមា។ REUTERS - STRINGER

ការ​វាយ​បង្ក្រាប​បង្ហូរ​ឈាម​របស់​កងទ័ព​ភូមា​រហូត​បណ្តាល​ឲ្យ​បាតុករ​ស្លាប់​ដល់​ជាង ១០០​នាក់ ​កាល​ពី​ថ្ងៃ​សៅរ៍ ​២៧ មីនាម្សិលមិញ​ បាន​ធ្វើ​ឲ្យ​មានការ​ផ្ទុះ​កំហឹង​នៅទូទាំង​ពិភពលោក​។​ ភ្លាមៗនោះ​ សហគមន៍​អន្តរជាតិ​ បាន​ចេញមុខ​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​របស់​របប​សឹក​ និង​បាន​ទាមទារឲ្យបញ្ឈប់​ជា​បន្ទាន់​នូវ​ការវាយបង្ក្រាប​ដ៏​សាហាវ​បែបនេះ​។ តើ​របបសឹក​នឹង​បន្ត​ប្រើ​កម្លាំង​បង្ក្រាប​ហិង្សា​ទៅលើ​ជនស៊ីវិល​រហូត​ដល់​ពេល​ណា?​ ហើយថា​តើ​សហគមន៍អន្តរជាតិ​អាច​ជួយ​ឲ្យ​ស្ថានការណ៍​នៅភូមា​វិល​មករកភាពធូរ​ស្បើយ​បាន​ដែរឬទេ​?

ផ្សាយពាណិជ្ជកម្ម

ការ​វាយ​បង្ក្រាប​បង្ហូរ​ឈាម​នៅ​ក្នុង​ប្រទេស​ភូមា​កើតឡើង​យ៉ាង​ដូចម្តេច​?

ការ​វាយ​បង្ក្រាប​បាញ់​សម្លាប់​យ៉ាង​បង្ហូរឈាម​ពី​សំណាក់​កងទ័ពភូមា​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ រហូត​បណ្តាល​ឲ្យ​បាតុករ​គាំទ្រលទ្ធិប្រជាធិបតេយ្យ​ជាង​ ១០០នាក់​ស្លាប់​បាន​បង្កជាការផ្ទុះ​កំហឹង​ខ្លាំងនៅទូទាំង​ពិភពលោក​។ ព្រឹត្តិការណ៍​ដ៏ហិង្សានេះ​ បាន​ជំរុញឲ្យ​មាន​ការ​អំពាវនាវ​ពី​ស្ទើរ​គ្រប់ទិសទី​ឲ្យមាន​ការឆ្លើយតប​ជាសកល​កាន់តែខ្លាំង​ចំពោះ​របប​គ្រប់គ្រង​យោធា​ភូមា​បច្ចុប្បន្ន​។

កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នៅទីក្រុង​ណៃពិដោ​ក្នុង​ប្រទេសភូមា​ របប​យោធា​បាន​ប្រារព្ធ​ទិវា​កងទ័ព​ និងបាន​ចាប់ផ្តើម​ដោយ​ការ​បង្ហាញ​កម្លាំង​យោធា​ តាម​រយៈ​ក្បួន​ដង្ហែ​ព្យុហយាត្រា​កងទ័ព​និងគ្រឿង​សញ្វវុធ​ជាច្រើន​។ ក្នុងឱកាសនោះ​ មេដឹកនាំ​រដ្ឋប្រហារ​លោក​ឧត្តម​សេនីយ៍​មីន អ៊ុងឡាំង​ បាន​ថ្លែងថា​លោក​ចង់​ "ការពារ​លទ្ធិ​ប្រជាធិបតេយ្យ​" ។ ប៉ុន្តែ​ទន្ទឹម​នោះ​ លោកក៏បាន​ព្រមាន​ប្រឆាំងនឹង​សកម្មភាព​នានា​ដែលក្រុម​កងទ័ព​ចាត់​ទុកថា​ជា​អំពើ​ហិង្សា​។

នៅ​មួយថ្ងៃ​មុន​ពេល​ប្រារព្ធ​ទិវាកង​ទ័ពនេះ​ របប​យោធា​បាន​ព្រមាន​ក្រុម​អ្នក​តវ៉ារួចជាស្រេច​​ថា​ពួកគេ​អាច​នឹង​ប្រឈម​ទៅនឹង​ការបាញ់​បង្ក្រាប​ចំ​ក្បាល​​និងខ្លួន​ប្រសិន​បើ​ហ៊ាន​ចេញ​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ថ្ងៃ​ដ៏​សំខាន់នេះ​។

តែ​ទោះបី​ជា​រង​ការ​គំរាម​កំហែង​ដល់​អាយុជីវិត​បែប​នេះក្តី ​ក៏ជន​ស៊ីវិលភូមា​នៅតែ​មិនខ្លាច​។ ពួកគេ​បានទៅ​ជួបជុំគ្នា​តស៊ូ​ស្វិតស្វាញ​ចេញ​ធ្វើ​បាតុកម្ម​នៅទូទាំង​ប្រទេស​ ជាពិសសេ​នៅ​តាម​បណ្តាទីក្រុងធំៗ​ដូចជា​នៅក្នុង​ទីក្រុង​រ៉ង់ហ្គូន​ និងម៉ង់ដាឡេ​ជាដើម​។

ក្រុម​សកម្មជន​ប្រឆាំង​រដ្ឋប្រហារ​បាន​ចុះតវ៉ា​ដោយ​សន្តិវិធី​ ក៏​ប៉ុន្តែភ្លាមៗនោះ​ អំពើហិង្សា​ក៏ចាប់ផ្ទុះឡើងភ្លាម ​នៅពេល​ដែល​កងទ័ពភូមា​បានបើក​ការបាញ់ប្រហារ​នៅក្នុងទីតាំង​ជាង ៤០ កន្លែងនៅទូទាំងប្រទេស​។

យ៉ាងហោច​ជនស៊ីវិល​ ១១៤ នាក់​ ក្នុងចំណោមនោះ​មាន​កុមារជាច្រើន​នាក់​ផង​ត្រូវ​បាន​សម្លាប់​នៅ​ទូទាំង​ប្រទេសភូមា​ក្នុង​រយៈតែមួយថ្ងៃ​សៅរ៍​ម្សិលមិញ​អំឡុង​ពេល​ធ្វើ​បាតុកម្ម​។ នេះ​គឺជា​ថ្ងៃ​បង្ហូរ​ឈាមដ៏​​ខ្លាំង​បំផុត​មួយ​រាប់​ចាប់តាំងពី​រដ្ឋប្រហារ​កាលពីដើម​ខែកុម្ភៈមក។

ជាសរុប​រហូតមកទល់នឹងពេលនេះ​ ចំនួន​ជន​ស៊ីវិល​ដែលត្រូវបាន​សម្លាប់​នៅក្នុង​ការ​បង្ក្រាប​បាតុកម្ម​បានកើនឡើង​ដល់ជាង​ ៤២៣ នាក់​។ នេះយោងតាម​របាយការណ៍​ចុងក្រោយ​របស់​សមាគម​ជំនួយ​មិនរកប្រាក់ចំណេញ​ដើម្បីជួយ​អ្នកទោស​នយោបាយ​ (AAPP)​។

ប្រតិកម្ម​របស់​សហគមន៍​អន្តរជាតិ​ចំពោះ​សកម្មភាព​វាយ​បង្ក្រាប​របស់​កងទ័ព​ភូមា​

ការស្លាប់​របស់​ជនស៊ីវិល​ភូមាជាង​ ១០០ នាក់ ដោយសារ​ការ​បង្ក្រាប​ដ៏សាហាវ​ពីសំណាក់​កងទ័ព​ភូមា​បង្កជា​ក្តី​រន្ធត់ជាខ្លាំង​ដល់​សហគមន៍​អន្តរជាតិ​។ អំពើ​ហិង្សា​ចុងក្រោយនេះ​ បាន​រុញច្រាន​ឲ្យ​កម្រិត​ឈឺឆ្អាល​របស់​អន្តរជាតិ​ចំពោះ​ស្ថានការណ៍​នៅភូមា​កាន់តែកើន​ខ្លាំងឡើង​។ ការថ្កោលទោស​ជា​សកល​បាន​ធ្លាក់​មក​ភ្លាមៗ​និងជាបន្ត​បន្ទាប់គ្នា​ចំពោះ​ហេតុការណ៍​នៅភូមាកាលពី​ថ្ងៃម្សិលមិញនេះ​។

ក្រៅពី​អង្គការសហប្រជាជាតិ​ ប្រមុខ​ការពារជាតិនៃប្រទេសចំនួន​ ១២ រួមមាន​សហរដ្ឋ​អាមេរិក​ អង់គ្លេស​ អាល្លឺម៉ង់ ​កាណាដា ជប៉ុន​និងកូរ៉េខាងត្បូង​ជាដើម​​ បាន​ចេញសេចក្តីថ្លែង​ការណ៍​រួម​ដ៏កម្រមួយនៅថ្ងៃ​អាទិត្យ​នេះ​ ថ្កោលទោសចំពោះ​អំពើហិង្សា​របស់​យោធា​ភូមា ទៅលើ​ក្រុមបាតុករ​ដែល​គ្មានអាវុធនៅក្នុងដៃ​។

សេចក្តីថ្លែងការណ៍លើកឡើងថា​ យោធាដែលមានជីជ្ជាជីវៈ​ ត្រូវ​គោរព​តាមបទដ្ឋាន​អន្តរជាតិ​​ ក្នុងការ​ប្រព្រឹត្ត​សកម្មភាពអ្វីមួយ​ និង​មាន​តួនាទី​ការការពារ មិនមែន​បង្ក​ជា​ក្តី​អន្តរាយ​ដល់រាស្ត្រ​ដែលជា​អ្នក​កងទ័ព​ត្រូវ​បម្រើនោះទេ​។

ទន្ទឹមនេះ​ តាមរយៈសេចក្តីថ្លែងការណ៍រួម​ដ៏កម្រខាងលើ​ ប្រមុខការពារជាតិ​នៃ​ប្រទេស​ទាំង ១២ ក៏បានទទូចផងដែរ​ឲ្យកងកម្លាំង​ប្រដាប់​អាវុធភូមា​បញ្ឈប់​នូវ​ការ​បង្ក្រាប​ហិង្សា​ ហើយបែរ​មក​ធ្វើការដើម្បីស្តារការគោរព​ និង​ភាពជឿជាក់​ជាមួយ​ប្រជាជន​របស់​ខ្លួន​ដែល​បាន​បាត់បង់​ជំនឿ​ចំពោះរបបយោធា​ ដោយសារតែ​សកម្មភាព​បង្ក្រាប​របស់​ពួកគេនោះ។

តើ​យោធាភូមា​​បាន​និយាយអ្វីខ្លះក្រោយ​ហេតុការណ៍​បង្ក្រាប​ហិង្សា និង​ក្រោយ​រង​ការរិះគន់​ជុំទិសពី​អន្តរជាតិ​?

មកទល់នឹងពេលនេះ​ មេដឹកនាំ​យោធានៅរក្សាភាព​ស្ងៀមស្ងាត់​ដោយនៅមិន​ទាន់បាន​ចេញមុខ​អត្ថាធិប្បាយអ្វីជុំវិញការសម្លាប់ជនស៊ីវិលជាច្រើន​នាក់នេះទេ​។ ចំណែកអ្នកនាំពាក្យ​របប​យោធាម្នាក់​ក៏មិនបាន​ឆ្លើយតប​នឹង​ការ​ហៅ​ទូរសព្ទពីទី​ភ្នាក់ងារសារព័ត៌មាន​ដើម្បីសុំការ​បកស្រាយ​ដែរ​។

ដោយឡែក ទោះ​ជាមាន​ការ​​វាយបង្ក្រាប​​យ៉ាង​ឃោរឃៅពី​កងទ័ពកាល​ពី​ថ្ងៃ​សៅរ៍ ​ក៏​ប្រជាជនភូមា​​នៅតែមិនបាក់​ខ្លបខ្លាច និង​បានបន្ត​នាំ​គ្នា​ចេញធ្វើបាតុកម្មទៀតនាថ្ងៃ​អាទិត្យនេះ​។

តាមរយៈ​កិច្ចសម្ភាសន៍​នៅតាម​បណ្តាញ​សារព័ត៌មានធំៗ​ ជនស៊ីវិល​ភូមា​បានលើកឡើងពី​ការ​បាញ់សម្លាប់​បាតុករ​ដូចសត្វធាតុ​ពី​សំណាក់កងទ័ព​។ តែទោះជាបែបនេះក្តី​ ពួកគេថា​នឹង​តស៊ូដល់ទីបំផុត​ទោះត្រូវ​បាត់បង់ជីវិត​ក៏មិនខ្លាចដែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ និង​ដើម្បី​អនាគតកូនចៅជំនាន់ក្រោយ​របស់ពួកគេ​។

តើ​បាតុករ​ភូមាអាច​យកឈ្នះ​លើ​យោធា​បានទេ​?

បាតុករ​ភូមា​មាន​ចិត្តមោះមុត​ខ្លាំង​ក្នុងការ​ប្រឆាំងតវ៉ា​ទៅនឹង​រដ្ឋប្រហារ​ក៏ដូចជារបបគ្រប់គ្រងយោធា។ ពួកគេ​ត្រៀម​ខ្លួនមិនខ្លាច​ស្លាប់​ដើម្បី​ប្រឈមមុខ​នឹង​ពួកកងទ័ព​។ ប៉ុន្តែ​ក្រុម​បាតុករភូមា​ចេញ​ប្រយុទ្ធ​តតាំង​ទាំងគ្មាន​អាវុធ​ គ្មានកាំភ្លើងនៅក្នុងដៃនោះទេ​។

ចំណែក​ពួកយោធា​ទៀតសោត​ ក៏មិនខ្លាចញញើត​នឹង​សម្ពាធ​ឬក៏​ទណ្ឌកម្ម​អន្តរជាតិ​ទៅទៀត​ ដោយសារ​ប្រភព​ទ្រទ្រង់​សេដ្ឋកិច្ច​សំខាន់​របស់ពួកគេ​មិនពឹងអាស្រ័យខ្លាំង​ទៅ​លើ​ប្រទេស​ទាំងនោះ។

ដូច្នោះ​ក្នុងរយៈកាលខ្លីនេះ​ បាតុករភូមា​ពិបាក​នឹង​យកឈ្នះ​របបយោធា​ដែល​មាន​អាវុធ​ពេញដៃ​។ រីឯ​សំណួរដែលគេឯង​តែង​ចោទថា​តើ​ការ​វាយ​បង្ក្រាប​បង្ហូរ​ឈាម​នៅភូមា​ នៅ​អូស​បន្លាយ​ដល់​ពេលណា​? បញ្ចប់នៅពេលណា?​ គឺជា​សំណួរ​ដែល​ពិបាក​នឹង​ឆ្លើយ​បាន​ណាស់​ពេលនេះ​ ហើយក៏​នៅមិនទាន់​មាន​អ្នក​ជំនាញ​រូបណា​ម្នាក់​អាច​ធ្វើ​អត្ថាធិប្បាយជុំវិញបញ្ហានេះ​ដែរ​។

យ៉ាងណាក៏ដោយ​ អ្នកជំនាញ​ខាងកិច្ចការ​នយោបាយ​ម្នាក់​បាន​មាន​ប្រសាសន៍​ថា​ ក្នុង​កាលៈទេសៈណា​ក៏ដោយ​ ប្រជាជនភូមាខ្លួនឯងផ្ទាល់​ គឺជា​អ្នកជួរមុខ​ដែល​អាច​ជួយខ្លួនឯងបាន​ ហើយ​សហគមន៍​អន្តរជាតិ​គឺជា​អ្នក​នៅ​ចាំ​ជួយ​រុញ​ពីក្រោយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI