ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

WHO និងមេដឹកនាំចំនួន ២៤ប្រទេសស្នើឲ្យបង្កើតសន្ធិសញ្ញាអន្តរជាតិមួយស្តីពីការគ្រប់គ្រងជំងឺឆ្លងសកល

សំឡេង ០៧:៥០
ប្រធានាធិបតីបារាំង​លោក​ម៉ាក្រុង និង​នាយករដ្ឋមន្រ្តីអាល្លឺម៉ង់​លោកស្រី​មែរកិល
ប្រធានាធិបតីបារាំង​លោក​ម៉ាក្រុង និង​នាយករដ្ឋមន្រ្តីអាល្លឺម៉ង់​លោកស្រី​មែរកិល AFP - STEPHANIE LECOCQ

នៅ​ថ្ងៃ​ចន្ទ ទី២៩ មីនា អគ្គនាយក​អង្គការ​សុខភាពពិភពលោក ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប រួម​ទាំង​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​ចំនួន ២៤រូប​បាន​អំពាវនាវ​ឲ្យ​បង្កើត​សន្ធិសញ្ញា​អន្តរជាតិ​មួយ​ស្តីពី​ការ​គ្រប់គ្រង​ជំងឺ​ឆ្លងរាតត្បាត​សកល។ កម្មវត្ថុ​នៃ​ការ​បង្កើត​ឲ្យ​មាន​សន្ធិសញ្ញាអន្តរជាតិ​មួយ​នេះ​ឡើង គឺ​ដើម្បី​ចែក​រំលែក​ការ​ទទួល​ខុសត្រូវ និង​ការ​គ្រប់គ្រង​ឲ្យ​បាន​ល្អ​លើ​ជំងឺ​ឆ្លង​រាតត្បាត​សកល​នា​ពេល​អានាគត។ ការ​ស្នើ​ឲ្យ​បង្កើត​សន្ធិសញ្ញា​អន្តរជាតិ​មួយ​នេះ បាន​ធ្វើ​ឡើង ខណៈ​ ខណៈ​ដែល​ពិភពលោក​កំពុង​បន្ត​ញំញី​ដោយ​ជំងឺ​កូវីដ១៩ និង​ការ​ទទួល​បាន​វ៉ាក់សាំង​មិន​ស្មើ​ភាព​រវាង​ក្រុម​ប្រទេស​អ្នក​មាន និង​ក្រុម​ប្រទេស​អ្នក​ក្រ។

ផ្សាយពាណិជ្ជកម្ម

ការ​អំពាវនាវ​ឲ្យ​បង្កើត​សន្ធិសញ្ញា​អន្តរជាតិ​មួយ​ស្តីពី​ការ​គ្រប់គ្រង​ជំងឺ​ឆ្លងរាតត្បាត​សកល​ពេល​នេះ​មិនមែន​ជា​ថ្មី​ទេ។ គំនិត​ផ្តួចផ្តើម​ស្រដៀង​គ្នា​នេះ​ធ្លាប់​បាន​លើក​ឡើង​នៅ​ក្នុង​ជំនួប​កំពូលអឺរ៉ុប​កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០២០ និង​ជំនួបកំពូល​នៃ​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ២០២១។ អ្វី​ដែល​ថ្មី ការ​អំពាវនាវ​ឲ្យ​បង្កើត​សន្ធិសញ្ញា​អន្តរជាតិ​មួយ​ស្តីពី​ការ​គ្រប់គ្រង​ជំងឺ​ឆ្លងរាតត្បាត​សកល​ពេល​នេះ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​តេដ្រូស អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប​លោក​ស្ហាល មីស្ហែល រួម​ទាំង​មេដឹកនាំ​មក​ពី ៥ទ្វីប​ក្នុង​លោក។

នៅ​អឺរ៉ុប​មាន​ដូច​ជា​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោកស្រី​មែរកិល និង​នាយករដ្ឋមន្រ្តី​អង់គ្លេស​លោក​បូរីស ចនសុន។ នៅ​អាហ្រ្វិក​មាន​ដូច​ជា​ប្រធានាធិបតី​អាហ្រ្វិក​ខាងត្បូង ហើយ​នៅ​អាមេរិកឡាទីន​មាន​ដូច​ជា​ប្រធានាធិបតី​ឈីលី។ ចំណែក​នៅ​អាស៊ី​មាន​ដូច​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ចៃអ៊ីន ឬ​សមភាគី​ឥណ្ឌូណេស៊ី​លោក​យ៉ូកូ វីដូដូ។ តែ​គួរ​ឲ្យ​ស្តាយ មាន​មេដឹកនាំ​សំខាន់ៗ​មួយ​ចំនួន​ដែល​ជា​សមាជិក​នៃ​ក្រុម​ប្រទេស G២០ មិន​បាន​ចូលរួម​ទេ ក្នុង​នោះ​មាន​អាមេរិក រុស្ស៊ី ចិន ជប៉ុន ឥណ្ឌា និង​ប្រទេស​ប្រេស៊ីល។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ប្រទេស​ទាំង​នេះ​មិន​ព្រម​ចូលរួម ឬ​មួយ​ក៏​នឹង​ចូលរួម​នៅ​ពេល​ក្រោយ។

កូវីដ១៩ ជា​មេរៀន​ដែល​ត្រូវ​បញ្ចៀស​នៅ​ពេល​ខាង​មុខ

ហេតុផល​ដែល​បាន​ជំរុញ​ឲ្យ WHO សហភាពអឺរ៉ុប និង​មេដឹកនាំ​ទាំង​ជាង ២០ប្រទេស​គិតគូរ​ពី​ការ​បង្កើត​សន្ធិសញ្ញា​អន្តរជាតិ​មួយ​ស្តីពី​ការ​គ្រប់គ្រង​ជំងឺ​ឆ្លងរាតត្បាត​សកល​ពេល​នេះ គឺ​មេរៀន​ដ៏​ល្វីងជូរចត់​ដែល​ទាញ​បាន​ពី​ជំងឺ​កូវីដ១៩។ ដូច​គេ​បាន​ដឹង​ហើយ​ថា ជំងឺ​ឆ្លងរាតត្បាត​កូវីដ១៩ ជា​បញ្ហា​ប្រឈម​ដ៏​ធំ​ដែល​ពិភពលោក​មិន​ធ្លាប់​ជួប​ប្រទះ​ទេ​គិត​តាំង​ពី​ឆ្នាំ ១៩៤០។ កាលណោះ ពិភពលោក​បាន​ឆ្លង​កាត់​សង្រ្គាមលោក​ចំនួន ២លើក ដោយ​បាន​បណ្តាល​ឲ្យ​ស្លាប់ និង​របួស​មនុស្ស​ជា​ច្រើន​លាននាក់។ តែ​អ្វី​ដែល​សំខាន់​ក្រោយ​មក គឺ​ពិភពលោក​បាន​យក​សង្រ្គាមលោក​ទាំង២លើក​ធ្វើ​ជា​មេរៀន​ដើម្បី​បញ្ជៀស​សង្រ្គាមលោក​ផ្សេង​ទៀត។ នៅ​ពេល​នោះ មេដឹកនាំ​គ្រាក់ៗ​បាន​រួម​ប្រជុំ​គ្នា​ដើម្បី​បង្កើត​ឲ្យ​មាន​ប្រព័ន្ធពហុភាគីនិយម​មួយ​ដោយ​ផ្អែក​ស្មារតី​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ។

គឺ​ស្មារតី​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ដដែល​នេះ​ដែល​ពិភពលោក​ត្រូវ​ការ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លងរាតត្បាត​សកល ដូច​យ៉ាង​ជំងឺ​កូវីដ១៩ សព្វថ្ងៃ និង​ជំងឺ​ឆ្លងរាតត្បាត​ផ្សេង​ទៀត​នា​ពេល​អនាគត។ គួរ​បញ្ជាក់​ថា​ជាង​ពេល​ណាៗ​ទាំង​អស់ កូវីដ១៩ កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ចុះ​ខ្សោយ និង​បែកបាក់ កូវីដ១៩ កំពុង​បង្កើត​ឲ្យ​មាន​គំនិត​អត្មានិយម ក្បាល​អ្នក​ណា សក់​អ្នក​ហ្នឹង កូវីដ១៩ កំពុង​ជំរុញ​ឲ្យ​មាន​គម្លាត​កាន់​តែ​ខ្លាំង​រវាង​ក្រុម​ប្រទេស​អ្នក​មាន និង​ក្រុម​ប្រទេស​អ្នក​ក្រ ហើយ​កូវីដ១៩ កំពុង​បង្កើត​ឲ្យ​មាន​ភាព​រើសអើង​នៅ​ក្នុង​សង្គម។ ជាក់ស្តែង​មិន​អាច​ប្រកែក​បាន គឺ​ពាក់ព័ន្ធ​នឹង​ការ​ទទួល​បាន​វ៉ាក់សាំង។

ខណៈ​ដែល​ក្រុម​ប្រទេស​អ្នក​មាន​កម្ម៉ង់ទិញ​វ៉ាក់សាំង​លើល​ពី​តម្រូវការ​របស់​ខ្លួន មាន​ប្រទេស​ជា​ច្រើន ពិសេស​ប្រទេស​ក្រីក្រ​រក​តែ​វ៉ាក់សាំង​មួយ​ដូស​ក៏​គ្មាន​ផង។ បន្ទាប់​មក នៅ​មាន​វិសមភាព​ផ្សេង​ទៀត​ដើម្បី​រួម​គ្នា​ទប់​ស្កាត់​ការ​ឆ្លង​កូវីដ១៩ ដូច​ជា​តម្រូវការ​ម៉ាស់ ឬ​មួយ​ទឹកអាល់កុល​លាងដៃ​ជា​ដើម។ បន្ទាប់​មក​ទៀត គឺ​ផលវិបាក​សេដ្ឋកិច្ច​ដែល​កើត​ចេញ​ពី​វិបត្តិ​កូវីដ១៩។ ត្រង់​ចំណុច​នេះ ប្រទេស​ដែល​រងគ្រោះ​ជាង​គេ គឺ​ក្រុម​ប្រទេស​ក្រីក្រ។

ធានា​លើ​ការ​ទទួល​បាន​ជា​សកល និង​ស្មើភាព​នូវ​វ៉ាក់សាំង និង​ថ្នាំព្យាបាល

សន្ធិសញ្ញា​អន្តរជាតិ​ស្តីពី​ការ​គ្រប់គ្រង​ជំងឺ​ឆ្លងរាត្បាត​សកល​ដែល WHO ក្រុមប្រឹក្សាអឺរ៉ុប និង​មេដឹកនាំ​ទាំង​ជាង ២០ប្រទេស​បាន​សង្កត់​ធ្ងន់​លើ​ស្មារតី​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ។ គេ​ត្រូវ​រួម​សាមគ្គីគ្នា​ជា​ធ្លុង​មួយ​ដើម្បី​កំចាត់​កូវីដ១៩ ឲ្យ​បាន​ជោគជ័យ និង​បង្ការ​ទប់​ស្កាត់​ជំងឺ​ឆ្លងរាតត្បាត​ផ្សេង​ទៀត​នា​ពេល​អានាគត។ ចូរ​កុំ​ភ្លេច​ថា កូវីដ១៩ មិនមែន​ជា​ជំងឺ​ឆ្លង​រាតត្បាត​សកល​លើកទី១ និង​ក៏​មិន​មែន​លើក​ចុង​ក្រោយ​ដែរ មាន​ន័យ​ថា ពិភពលោក​នឹង​ស្គាល់​ជំងឺ​ឆ្លង​រាតត្បាត​ផ្សេង​ទៀត និង​ស្គាល់​ស្ថានភាព​សុខភាព​អាសន្ន​ទ្រង់ទ្រាយ​ធំ​ច្រើន​ទៀត​នា​ពេល​ខាង​មុខ។

សំណួរ​មិនមែន​នៅ​ត្រង់​ថា តើ​មាន ឬ​មិន​មាន​ជំងឺ​ឆ្លង​រាតត្បាត​នា​ពេល​ខាង​មុខ​នោះ​ទេ តែ​នៅ​ត្រង់​ថា តើ​ជំងឺ​ឆ្លងរាតត្បាត​ថ្មី​នឹង​កើត​មាន​នៅ​ពេល​ណា។ នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន អគ្គនាយក​អង្គការ​សុខភាពពិភពលោក ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប រួម​ទាំង​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​ទាំង​ជាង ២០រូប​យល់​ថា គ្មាន​រដ្ឋាភិបាល​ណា​មួយ និង​គ្មាន​ស្ថាប័ន​ណា​មួយ​អាច​ទប់ស្កាត់​នឹង​ជំងឺ​ឆ្លងរាតត្បាតសកល​តែ​ម្នាក់​បាន​ទេ។ គឺ​មាន​តែ​ទាំង​អស់​គ្នា​រួម​ដៃ​គ្នា​ទើប​គេ​អាច​ត្រៀម​មុន បង្ការ ស្គាល់​អត្តសញ្ញាណ និង​វាយតម្លៃ​លើ​មេរោគ។ គឺ​មាន​តែ​ទាំង​អស់​គ្នា​ទើប​គេ​អាច​កំចាត់​មេរោគ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ខ្ពស់។

បន្ទាប់​មក គឺ​ធានា​ពី​ការ​ទទួល​បាន​ជា​សកល និង​ស្មើភាព​នូវ​វ៉ាក់សាំង ថ្នាំព្យាបាល និង​ឧបករណ៍​ធ្វើ​តេស្តិ៍​ត្រឹមត្រូវ មាន​ប្រសិទ្ធិភាព និង​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា។ សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា វ៉ាក់សាំង​ជា​ទ្រព្យ​សាធារណៈ​ដែល​ពិភពលោក​ជា​អ្នក​អភិវឌ្ឍន៍ ផលិត និង​ជា​អ្នក​ចែកចាយ​ឲ្យ​មនុស្ស​លោក​គ្រប់​រូប​ដោយ​គ្មាន​ការ​បែង​ចែក។ សេចក្តីប្រកាស​ព័ត៌មាន​យល់​ថា បើ​ពិភពលោក​បាន​ពួតដៃ​គ្នា​តាំង​ពី​ថ្ងៃ​ផ្ទុះ​កូវីដ១៩ ម្ល៉េះ​ជំងឺ​ឆ្លងរាតត្បាត​កូវីដ១៩ ប្រហែល​មិន​បន្ត​ញំញី​ពិភពលោក​មក​ដល់​សព្វ​ថ្ងៃ​ទេ។ ដូច្នេះ​នេះ​ជា​មេរៀន​មួយ​ដែល​គេ​ត្រូវ​បញ្ជៀស​នា​ពេល​ខាង​មុខ ហើយ​ការ​បង្កើត​ឲ្យ​មាន​សន្ធិសញ្ញា​អន្តរជាតិ​ស្តីពី​ការ​គ្រប់គ្រង​ជំងឺ​ឆ្លងរាត្បាត​សកល​ពេល​នេះ គឺ​ទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI