ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង៖លោកម៉ាក្រុងជ្រើសយកផ្លូវបិទប្រទេសលើកទី៣ ដើម្បីទប់នឹងកំណើនឆ្លងកូវីដ១៩

សំឡេង ០៧:៤១
ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង
ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង REUTERS - STEPHANE MAHE

នៅ​ក្នុង​ប្រទេស​បារាំង ប្រធានាធិបតី​លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​ធ្វើ​បទអន្តរាគមន៍​តាម​កញ្ចក់​ទូរទស្សន៍​នា​យប់​ថ្ងៃ​ពុធ ទី៣១ មីនា។ នៅ​ក្នុង​បទអន្តរាគមន៍​រយៈពេល ២៤នាទី លោក​ម៉ាក្រុង​បាន​រៀបរាប់​ពី​ស្ថានភាព​ជំងឺ​កូវីដ១៩ ដែល​ប្រទេស​បាន​ឆ្លង​កាត់ និង​កំពុង​បន្ត​ឆ្លង​កាត់​មក​ដល់​សព្វថ្ងៃ។ តាម​លោក​ម៉ាក្រុង ប្រទេស​កំពុង​ប្រឈម​នឹង​កំណើន​ករណី​ឆ្លង​កូវីដ១៩ នា​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ ពិសេស​កូវីដ១៩ បំប្លែង​ខ្លួន​មក​ពី​ប្រទេស​អង់គ្លេស។ នៅ​ក្នុង​បរិបទ​នេះ ប្រមុខ​រដ្ឋ​បារាំង​បាន​សម្រេច​បិទប្រទេស​ជា​លើកទី៣ សម្រាប់​រយៈពេល ៤សប្តាហ៍។ ទន្ទឹម​គ្នា​នេះ លោក​ម៉ាក្រុង​ក៏​បាន​ប្រាប់​ពី​កាលវិភាគ​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នា​ពេល​ខាង​មុខ។

ផ្សាយពាណិជ្ជកម្ម

បើ​តាម​ការ​បញ្ជាក់​របស់​ប្រធានាធិបតី​លោក​ម៉ាក្រុងបារាំង​មិន​បាន​បាត់បង់​ការ​គ្រប់គ្រង​ជំងឺ​កូវីដ១៩ ទេ។ គ្រាន់​តែ​ថា វិធានការ​ដែល​រដ្ឋាភិបាល​បាន​អនុវត្ត​កន្លង​មក និង​កំពុង​បន្ត​អនុវត្ត​មក​ដល់​សព្វថ្ងៃ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​កំណើន​ករណី​ឆ្លង​កូវីដ១៩ បាន​នៅ​ឡើយ។ ចំនួន​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​មាន​ការ​កើន​ឡើង ចំនួន​អ្នក​ជំងឺ​ចូល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​មាន​ការ​កើន​ឡើង និង​ចំនួន​អ្នក​ជំងឺ​ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ និង​ត្រូវ​ការ​ជំនួយ​ផ្លូវ​ដង្ហើម​ប្រចាំ​ថ្ងៃ​ក៏​មាន​ការ​កើន​ឡើង។ តាម​លោក​ម៉ាក្រុង វីរុស​កូវីដ១៩​កំពុង​មាន​ចរាចរ​ខ្លាំង និង​កាន់​តែ​ខ្លាំង​ឡើង ពិសេស​ចរាចរ​របស់​វីរុស​កូវីដ១៩ បំប្លែងខ្លួន។

គិត​ត្រឹម​ថ្ងៃ​ពុធ ទី៣១ មីនា បារាំង​មាន​ចំនួន​អ្នក​ស្លាប់​សរុប​ដោយ​កូវីដ១៩ ជិត ១០០ ០០០នាក់។ គ្រាន់​តែ​ក្នុង​រយៈពេល ២៤ម៉ោង​ចុង​ក្រោយ មាន​ស្លាប់​ចំនួន ៣០៤នាក់។ ចំណែក​ចំនួន​អ្នក​ឆ្លង​សរុប​វិញ​មាន​ជាង ៤លាន ៥សែន​នាក់ ហើយ​ក្នុង​មួយ​ថ្ងៃៗ មាន​អ្នក​ឆ្លង​ជា​ច្រើន​ពាន់​នាក់។ តែ​អ្វី​ដែល​ជា​ក្តីបារម្ភ​ខ្លាំង​របស់​រដ្ឋាភិបាល គឺ​កំណើន​ចំនួន​អ្នក​ជំងឺ​ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ និង​ត្រូវ​ការ​ជំនួយ​ផ្លូវដង្ហើម។ សព្វថ្ងៃ​នេះ ក្នុង​ចំណោម​អ្នក​កំពុង​សម្រាប់​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ទាំង​ជិត ៣០ ០០០នាក់ ចំនួន​អ្នក​ជំងឺ​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ និង​ត្រូវ​ការ​ជំនួយ​ផ្លូវ​ដង្ហើម​មាន​ជាង ៥០០០នាក់។

ចំនួន​នេះ​មាន​លើស​ចំនួន​នៅ​ក្នុង​រលក​ឆ្លង​ទី២ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០២០។ រដ្ឋមន្រ្តី​សុខាភិបាល​លោក​អូលីវីយ៉េ វ៉េរ៉ង់​បាន​ថ្លែង​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១ មេសា​ថា ចំនួន​អ្នកឆ្លង​អាច​នឹង​ឡើង​ដល់​ចំណុច​កំពូល​ពី​ពេល​នេះ​ទៅ  ៧ថ្ងៃ និង ១០ថ្ងៃ​ខាង​មុខ។ ចំណែក​ចំនួន​អ្នក​ជំងឺ​ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​អាច​ឡើង​ដល់​ចំណុច​កំពូល​ពី​ពេល​នេះ​ទៅ​ដំណាច់​ខែ​មេសា។

បិទសាលារៀន​ចំនួន ៤សប្តាហ៍

គួរ​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ចាត់​វិធានការ​ជា​បន្តបន្ទាប់​ដើម្បី​ទប់ស្កាត់​នឹង​ការ​ឆ្លង​រាលដាល​កូវីដ១៩។ វិធានការ​ចុង​ក្រោយ​ត្រូវ​បាន​ប្រកាស​ដោយ​នាយករដ្ឋមន្រ្តី​លោក​ហ្សង់ កាស្តិច​កាល​ពី ២សសប្តាហ៍​កន្លង​ទៅ និង​ដែល​វិធានការ​នេះ​កំពុង​បន្ត​អនុវត្ត​មក​ដល់​សព្វថ្ងៃ។ គ្រាន់​តែ​ថា វិធានការ​នេះ​បាន​អនុវត្ត​នៅ​តាម​តែ ១៩ខេត្ត ក្រុង​ដែល​កំពុង​មាន​ស្ថានភាព​កូវីដ១៩ ធ្ងន់ធ្ងរ ដូច​ជា​ក្រុង​ប៉ារីស និង​តំបន់​ជុំវិញ​ក្រុង​ប៉ារីស។ តែ​វិធានការ​ប្រកាស​ដោយ​ប្រធានាធិបតី​លោក​ម៉ាក្រុង​ក្នុង​យប់​ថ្ងៃ​ពុធ ទី៣១ មីនា មាន​ចំណុច​សំខាន់​ចំនួន​ពី ទី១ វិធានការ​ដែល​មាន​ស្រាប់​សព្វ​ថ្ងៃ​នឹង​ត្រូវ​ពង្រីក​នៅ​ទូទាំង​ប្រទេស និង​ទី២ ទាក់ទង​នឹង​សាលារៀន

វិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា សាលាមត្តេយ្យ និង​កន្លែង​មើល​កូនក្មេង​នឹង​ត្រូវ​បិទទ្វារ​សម្រាប់ ៣សប្តាហ៍​យ៉ាង​តិច​ចាប់​ពី​សប្តាហ៍​ក្រោយ​ទៅ។ នៅ ៤ថ្ងៃ​ក្នុង​សប្តាហ៍​ក្រោយ សិស្ស​នៅ​វិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា និង​សាលាមត្តេយ្យ​នឹង​ត្រូវ​រៀន​តាម​អនឡាញ។ បន្ទាប់​មក​ចាប់​ពី​ថ្ងៃទី១២ ដល់​ថ្ងៃទី២៦ មេសា ជា​រយៈពេល​វិស្សមកាល​សម្រាប់​សិស្ស​សាលា​នៅ​ទូទាំង​ប្រទេស​ដោយ​គ្មាន​ការ​បែងចែក​តំបន់។ ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ដោយ​មិន​បាច់​មាន​លិខិតបញ្ជាក់​ក្នុង​រង្វង់ ១០គីឡូម៉ែត្រ​ពី​ផ្ទះ ហើយ​បើ​លើស​ពី ១០គីឡូម៉ែត្រ​ត្រូវ​មាន​លិខិតបញ្ជាក់​ពី​មូលហេតុ។ វិធានការ​ថ្មី​ហាម​មិន​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​តំបន់ ហើយ​ហាង​លក់​ទំនិញ​មិន​ចាំ​បាច់​នឹង​បន្ត​បិទទ្វារ។

នៅ​ក្នុង​វិធានការ​ថ្មី លោក​ម៉ាក្រុង​បាន​រក្សា​ទុក​ដដែល​នូវ​បម្រាម​គោចរ​ពី​ម៉ោង ៧យប់​ដល់​ម៉ោង ៦ភ្លឺ និង​បាន​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​ការ​ពី​ផ្ទះ។ ចំណែក​​ពលរដ្ឋ​បារាំង​នៅ​បរទេស​ដែល​ចង់​ត្រឡប់​ចូល​ប្រទេស​វិញ​អាច​ត្រឡប់​ចូល​ពេល​ណា​ក៏​បាន។ នៅ​ក្នុង​បទអន្តរាគមន៍​ដដែល លោក​ម៉ាក្រុង​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​ទ្រាំ អត់ធ្មត់ និង​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​កូវីដ១៩ នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ។ តាម​លោក​ម៉ាក្រុង បើ​គ្រប់គ្នា​ចូលរួម​ទាំង​អស់​គ្នា ប្រទេស​នឹង​ផ្តើម​ស្គាល់​ភាព​ប្រក្រតី​ឡើង​វិញ​បន្តិច​ម្តងៗ​ចាប់​ពី​ពាក់​កណ្តាល​ខែ​ឧសភា​ខាង​មុខ។

វ៉ាក់សាំង​ជា​ផ្លូវ​នៃ​ក្តីសង្ឃឹម

លោក​ម៉ាក្រុង​បាន​បញ្ជាក់​ច្បាស់ៗ​ថា មាន​តែ​វ៉ាក់សាំង និង​ការ​ពន្លឿន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដែល​គេ​អាច​ទប់​ស្កាត់​នឹង​ការ​ឆ្លង​រាលដាល​កូវីដ១៩ បាន និង​អាច​អនុញ្ញាត​ឲ្យ​ប្រទេស​ផ្តើម​ស្គាល់​ស្ថានភាព​ប្រក្រតី​បន្តិចម្តងៗ​ឡើង​វិញ។ សម្រាប់​លោក​ម៉ាក្រុង វ៉ាក់សាំង​តំណាង​ឲ្យ​ផ្លូវ​នៃ​ក្តីសង្ឃឹម​ដោយ​លោក​បាន​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី៣១ មីនា មាន​ពលរដ្ឋ​ចំនួន ៨លាន ៥សែន​នាក់​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី១ ក្នុង​នោះ មាន ២លាន ៨សែន​នាក់​បាន​ចាក់​ដូសទី២ រួច​ហើយ។ គួរ​រម្លឹក​ថា​ក្នុង​រឿង​ចាក់​វ៉ាក់សាំង​នេះ បារាំង​ហាក់​មាន​ភាព​យឺតយ៉ាវ បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង​មួយ​ចំនួន។ លោក​ម៉ាក្រុង​បាន​ទទួល​ស្គាល់​ពី​ភាព​យឺតយ៉ាវ​នេះ និង​បញ្ជាក់​ពី​ការ​ពន្លឿន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នា​ពេល​ខាង​មុខ។

លោក​ម៉ាក្រុង​បាន​សន្យា​ថា មនុស្ស​មាន​អាយុ​ចន្លោះ ៦០ឆ្នាំ និង ៧០ឆ្នាំ​អាច​ផ្តើម​ចាក់​វ៉ាក់សាំង​ដូសទី១ ចាប់​ពី​ថ្ងៃទី១៦ មេសា។ បន្ទាប់​មក​ចាប់​ពី​ថ្ងៃទី១៥ ឧសភា គឺ​សម្រាប់​មនុស្ស​ដែល​មាន​អាយុ​ចន្លោះ​ពី ៥០ឆ្នាំ​ទៅ ៦០ឆ្នាំ ហើយ​ចាប់​ពី​ពាក់​កណ្តាល​ខែ​មិថុនា គឺ​សម្រាប់​ពលរដ្ឋ​ដែល​មាន​អាយុ​ក្រោម ៥០ឆ្នាំ។ កម្មវត្ថុ​របស់​លោក​ម៉ាក្រុង គឺ​ចាក់​វ៉ាក់សាំង​ឲ្យ​ពលរដ្ឋ​ទាំង​អស់​ពី​ពេល​នេះ​ទៅ​ដំណាច់​ខែ​ក្តៅ​ខាង​មុខ។ តាម​លោក​ម៉ាក្រុង បារាំង​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​អស់​ដើម្បី​បង្កើន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅ​រៀងរាល់​ថ្ងៃ​ដោយ​មិន​គិត​ថ្ងៃ​បុណ្យ ថ្ងៃ​សៅរ៍ ឬ​ថ្ងៃ​អាទិត្យ។

ក្រសួង​សុខាភិបាល​បាន​ប្រកាស​ឲ្យ​ដឹង​ថា នៅ​ចន្លោះ​ខែ​មេសា និង​ខែ​មិថុនា បារាំង​ត្រូវ​ទទួល​បាន​វ៉ាក់សាំង​ចំនួន ៤៧លានដូស។ លោក​ម៉ាក្រុង​សង្ឃឹម​ថា​ចាប់​ពី​ពាក់កណ្តាល​ខែ​ឧសភា​ទៅ ទីកន្លែង​កំសាន្ត កន្លែង​ហាត់កីឡា ហាងកាហ្វេ ឬ​មួយ​ភោជនីយដ្ឋាន​អាច​ផ្តើម​បើក​ទ្វារ​ឡើង​វិញ​បណ្តើរៗ ក្រោយ​ពី​បាន​បិទទ្វារ​អស់​ជា​ច្រើន​ខែ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI