ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ុយក្រែនថា រុស្ស៊ី​ចល័តទ័ព​នៅគ្រីមេ និង​នៅ​ព្រំដែនភាគខាងកើត​អ៊ុយក្រែន

សំឡេង ០៨:៤៣
ទាហានរដ្ឋាភិបាល​​អ៊ុយក្រែននៅ​តំបន់ Donbass, ដែលស្ថិតនៅភាគខាងកើត​អ៊ុយក្រែនជាប់ជាមួយព្រំដែន រុស្ស៊ី នៅក្នុង​សង្រ្គាម​ប្រយុទ្ធគ្នា នៅ​ឆ្នាំ ២០១៤
ទាហានរដ្ឋាភិបាល​​អ៊ុយក្រែននៅ​តំបន់ Donbass, ដែលស្ថិតនៅភាគខាងកើត​អ៊ុយក្រែនជាប់ជាមួយព្រំដែន រុស្ស៊ី នៅក្នុង​សង្រ្គាម​ប្រយុទ្ធគ្នា នៅ​ឆ្នាំ ២០១៤ REUTERS/Gleb Garanich

ភាពតានតឹង​រុស្ស៊ី អ៊ុយក្រែន​បាន​ចាប់ផ្តើម​ក្តៅឡើងវិញ នៅក្រោយ រុស្ស៊ី ចលនា​ទ័ពរបស់ខ្លួន នៅក្បែរព្រំដែន អ៊ុយក្រែន។ នៅក្នុង​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី អ៊ុយក្រែន លោក​វ៉ូឡូឌីមៀរ ហ្សេឡិនស្គី ចាត់ទុក ការចល័តទ័ព​រុស្ស៊ី ក្បែរ​ព្រំដែន​អ៊ុយក្រែន ថា ជា​ការដាក់សម្ពាធ​មកលើ​អ៊ុយក្រែន។ រុស្ស៊ី​ឯណោះវិញ តាមរយៈ​រដ្ឋមន្រ្តី ការបរទេស លោក​សែរហ្គេយ ឡាវ្រូវ បាន​ព្រមានថា ប្រទេស​អ៊ុយក្រែន​ទាំងមូល​នឹង​ត្រូវ​បំផ្លាញខ្ទេច បើសិនជា​មាន​វិវាទ​ផ្ទុះឡើង នៅ​តំបន់​Donbass ភាគខាងកើត​អ៊ុយក្រែន ដែលគ្រប់គ្រង​ដោយ​ក្រុមឧទ្ទាម​បំបែក​ទឹកដី​រុស្ស៊ីនិយម។ នៅចំពោះមុខ​ភាពតានតឹង យោធា កាន់តែ​ខ្លាំងឡើង​នៅ​ព្រំដែន​រុស្ស៊ី អ៊ុយក្រែននេះ អាមេរិក និង​អង្គការ​អូតង់​បានសំដែងក្តីបារម្ភ និង​​ចេញ​មុខ ព្រមាន​រុស្ស៊ី។ 

ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​អ៊ុយក្រែន នៅថ្ងៃ​ម្សិលមិញ បាន​ចេញ​សេចក្តីថ្លែងការណ៍ មួយ ដោយ​បានចោទប្រកាន់​រុស្ស៊ី ថា កំពុង​បង្កើន ចល័តទ័ព នៅក្បែរ​ព្រំដែន​ខាងកើត អ៊ុយក្រែន។ សម្រាប់​ប្រធានាធិបតី អ៊ុយក្រែន ការចល័តទ័ព​របស់​រុស្ស៊ី ក្រោមរូបភាព សមយុទ្ធយោធា គឺជាការបង្ហាញសាច់ដុំ របស់​រុស្ស៊ី ដើម្បី ដាក់សម្ពាធ​លើ​អ៊ុយក្រែន។

រដ្ឋាភិបាល​អ៊ុយក្រែន នៅតែ​ជាប់ធ្វើ​សង្រ្គាម​ជាមួយ ពួកឧទ្ទាម​បះបោរ បំបែកទឹកដី ភាគខាងកើត​អ៊ុយក្រែន នៅ​តំបន់​Donbass។ ថ្វីត្បិត​ថា ភាគី​រដ្ឋាភិបាល អ៊ុយក្រែន និង​ពួកឧទ្ទាម រុស្ស៊ីនិយម បាន​ចុះកិច្ចព្រមព្រៀង លើ​បទឈប់បាញ់ តាំង​ពីខែ កក្កដា​ឆ្នាំមុន​២០២០ ប៉ុន្តែ ការប្រយុទ្ធគ្នា រវាង​ភាគី​ទាំងពីរ នៅ ភាគខាងកើត​អ៊ុយក្រែន បាន​ចាប់ផ្តើម មកវិញ នៅ​ដើម​ឆ្នាំនេះ ក្នុងទ្រង់ទ្រាយតូចៗ​ជាច្រើន។

ភាគី​ទាំងពីរ​បាន​ចោទ ទម្លាក់​កំហុស​ដាក់គ្នា​ទៅវិញ ទៅមក ថា​ជាអ្នកចាប់ផ្តើម វាយប្រហារមុន។ នៅ​ភាគី​អ៊ុយក្រែន លោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡិនស្គី​បាន​ចោទប្រកាន់​ពួកឧទ្ទាម ដែលគាំទ្រ​ដោយ​រុស្ស៊ី ថា ជា អ្នកវាយប្រហារ មុន និង​បាន​សម្លាប់ ទាហាន​អ៊ុយក្រែន ២០នាក់ គិត​ចាប់តាំង​ពីដើម​ឆ្នាំនេះ។

ពួកឧទ្ទាម រុស្ស៊ីនិយម មាន​គំនិត វាយប្រហារ ទៅលើ​កងទ័ព​អ៊ុយក្រែន ដោយសារ​តែ​ស្ថានការណ៍ នយោបាយ នៅ បរទេស។ គេជឿថា ពួកឧទ្ទាម បំបែកទឹកដី ដែល​គាំទ្រ​ដោយ រុស្ស៊ី បាន​ចាប់បង្កើន​វាយប្រហារ លើកងទ័ព​អ៊ុយក្រែន នៅបន្ទាប់​ពី​ប្រធានាធិបតី​អ៊ុយក្រែន បាន​សម្រេច នៅ​ដើម​ឆ្នាំនេះ ដាក់ទណ្ឌកម្ម​លើ​មហាសេដ្ឋី​អ៊ុយក្រែនម្នាក់ ដែល​មាន​និន្នាការ​គាំទ្រ​រុស្ស៊ី។ មួយវិញទៀត ទំនាក់ទំនង ចុះអាក្រក់ រវាង​អាមេរិក និង​រុស្ស៊ី ជាពិសេស នៅក្រោយ លោកប្រធានាធិបតី ចូ បៃដិន ហៅ​លោកប្រធានាធិបតី រុស្ស៊ី ថា ជា​ឃាតករ ក៏ជា​កត្តាជះឥទ្ធិពល​អាក្រក់ ណាស់ដែរ ទៅលើ​វិបត្តិ​នៅ​ព្រំដែន​អ៊ុយក្រែន ​រុស្ស៊ី។ នេះគេ​នៅមិនទាន់​រាប់បញ្ចូល​ការដាក់ទណ្ឌកម្ម​របស់អឺរ៉ុប​ទៅលើ​រុស្ស៊ី ដោយសារ​រឿង ចាប់ដាក់ពន្ធនាគារ មេបក្ស​ប្រឆាំងរុស្ស៊ី ផង ហើយនិង​រឿង បិទខ្ទប់​គម្រោង​បំពង់​បង្ហូរប្រេង ពីរុស្ស៊ី ទៅអាល្លឺម៉ង់ ដែល​អាមេរិក​និង​ប៉ូឡូញ​ចេញមុខ​ប្រឆាំង​នោះទេ។ ទណ្ឌកម្ម​របស់​អឺរ៉ុប ហើយនិង​អាមេរិក ដែលធ្វើ​ឲ្យ​រុស្ស៊ី​ខាតបង់ប្រយោជន៍ បាន​ធ្វើ​ឲ្យ​រុស្ស៊ី​មិន​សប្បាយចិត្ត​នោះទេ ហើយ​នឹង​អាច​ដុតកំហឹង​ឲ្យ​រុស្ស៊ី ទៅ បង្កាត់​បញ្ឆេះ ភ្នក់ភ្លើង​ ញុះញង់​ឲ្យ​ពួក​ឧទ្ទាម​បំបែកទឹកដី នៅអ៊ុយក្រែន បង្កសង្រ្គាម​ឡើងវិញ នៅ​តាម​ព្រំដែន​អ៊ុយក្រែន និង​រុស្ស៊ី​លើកនេះ។

តើគេ​ត្រូវ​ជឿពាក្យធានាអះអាង​របស់​រុស្ស៊ី​ដែរឬទេ?

តាមអ្នកនាំពាក្យ ប្រធានាធិបតី​រុស្ស៊ី រុស្ស៊ី មាន​សិទ្ធិ​ចល័ត​ទ័ព​របស់ខ្លួន​ក្នុង​ទឹកដី របស់ខ្លួន ហើយ​គេ​មិនចាំបាច់​ត្រូវ​បារម្ភ​នោះដែរ។ រុស្ស៊ី ចល័តទ័ព នៅ​ទឹកដី​គ្រីមេ និង​នៅ តាម​ព្រំដែន សម្រាប់​វិធានការ ធានា​សន្តិសុខ ឲ្យ​ព្រំដែន​របស់ខ្លួន។

បទពិសោធន៍ ដែល​រុស្ស៊ី​បាន​កាត់យក​ទឹកដី​គ្រីមេ​របស់​អ៊ុយក្រែន ទៅ​ធ្វើ​ជា​ទឹកដី​របស់ខ្លួន នៅ​ឆ្នាំ ២០១៤ គឺ​ជា​បទពិសោធន៍​មួយ ដែល​ធ្វើ​ឲ្យ​ប្រទេស​លោកខាងលិច ជាពិសេស អ៊ុយក្រែន ប្រាប់ខ្លួនឯង​ថា មិនត្រូវ​ទុកចិត្ត​លើ​ការអះអាង​របស់​រុស្ស៊ី​នោះទេ។

នៅក្នុង​កិច្ចសន្ទនា​ជាមួយ​សមភាគី​អ៊ុយក្រែន កាលពីថ្ងៃ​ម្សិលមិញ ប្រមុខការពារ​ជាតិ អាមេរិក លោក​អូស្ទីន​បាន​និយាយ​ថា អ៊ុយក្រែន​នៅតែ​មាន​ការគាំទ្រ​ជួយ​ជានិច្ច​ពីអាមេរិក និង​ថា កងទ័ព​អាមេរិក ដែល​ឈរជើង​នៅ ទឹកដី អឺរ៉ុប​បានតាមដាន​ជាប់ជានិច្ច​ស្ថានការណ៍​នៅ ភាគខាងកើត​អ៊ុយក្រែន ដែល​ជាប់​ជាមួយ​ព្រំដែន រុស្ស៊ី។

អ្វី​ដែល​អាមេរិក និង​អូតង់​ព្រួយបារម្ភ ខ្លាច ខ្លាំង​ជាងគេ គឺ ខ្លាច​ហេតុការណ៍ កាត់យកទឹកដី គ្រីមេ អាច​នឹង​កើតមាន​ម្តងទៀត នៅ​អ៊ុយក្រែន។ តាម​មេបញ្ជាការ​កងទ័ព​អ៊ុយក្រែន រុស្ស៊ី បាន​ប្រើ​យុទ្ធសាស្រ្ត​ចង់​លេបត្របាក់​យក​ទឹកដី​អ៊ុយក្រែន ដូច​កាលរុស្ស៊ី ធ្វើ​នៅ​គ្រីមេ នៅ​ឆ្នាំ ២០១៤។ តាម​មេបញ្ជាការ​អ៊ុយក្រែន សព្វថ្ងៃនេះ ក្រុមឧទ្ទាម​បំបែកទឹកដី អ៊ុយក្រែន ​ដែលមាន​ចំនួន ជាង ២៨ ០០០នាក់ បានទទួល​ការបណ្តុះបណ្តាល ហ្វឹកហាត់​ពី​ទីប្រឹក្សាយោធា​រុស្ស៊ី ជាង ២ពាន់នាក់ នៅ តំបន់​Donbass ភាគខាងកើត​អ៊ុយក្រែន។ តំបន់​Donbass គ្រប់គ្រង​ដោយ​ក្រុមឧទ្ទាម​រុស្ស៊ីនិយម។ រុស្ស៊ី​បាន​បដិសេធ​រហូត​មក ថា គ្មានកងទ័ព​របស់ខ្លួន នៅភាគខាងកើត​អ៊ុយក្រែននោះទេ។

ប៉ុន្តែ តាម​មន្រ្តីស៊ើបការណ៍​សម្ងាត់​អ៊ុយក្រែន រុស្ស៊ី មិនត្រឹម​តែ​កំពុង​ដើរចែក លិខិតឆ្លងដែន​រុស្ស៊ី ដល់​ប្រជាជន​អ៊ុយក្រែន រស់នៅ​ក្នុងតំបន់​របស់​ពួកឧទ្ទាម​រុស្ស៊ី​និយមតែប៉ុណ្ណោះទេ ប៉ុន្តែ ទាហាន​រុស្ស៊ី កំពុង​ធ្វើ​សមយុទ្ធ​ សហការគ្នា​ជាប់ជានិច្ច និង​មាន​សមត្ថភាព បើកការវាយប្រហារ ចាប់​ពី​ពាក់កណ្តាល​ខែ​មេសា​នេះ ដើម្បី ចូលកាន់តែ​ជ្រៅ ទៅ វាយដណ្តើម​យក​ទឹកដី​ផ្សេងទៀត​របស់​អ៊ុយក្រែន។

ប្រឈមនឹងការគំរាមកំហែងរបស់​រុស្ស៊ី មន្រ្តីជាន់ខ្ពស់​របស់​រដ្ឋាភិបាល​អ៊ុយក្រែនម្នាក់​បានអំពាវនាវ​ឲ្យ​អូតង់​ធ្វើ​សមយុទ្ធរួមគ្នា​ជាមួយ អ៊ុយក្រែន និង​ការពង្រាយ យន្តហោះល្បាត​នៅតាម​ព្រំដែន ដើម្បី ស្តារស្ថិរភាព​នៅក្នុង​តំបន់ឡើងវិញ។

ប្រធានាធិបតី​រុស្ស៊ី លោក​វ្លាឌីមៀរ ពូទីន ផ្ទាល់ ធ្លាប់​បាន​ព្រមានថា អ៊ុយក្រែន នឹង​ត្រូវ​បំផ្លាញ បើសិន កើត​មាន​វិវាទ នៅ​តំបន់​គ្រប់គ្រង​ដោយ​ពួកឧទ្ទាម​នៅDonbass

រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី លោក​Sergueï Lavrov បាន​និយាយ​នៅថ្ងៃ​ព្រហស្បតិ៍ថា កងទ័ព​អ៊ុយក្រែន​រាល់រូប​ដឹង​ពីគ្រោះថ្នាក់​នៃ​ជម្លោះប្រដាប់អាវុធ​នៅ តំបន់ Donbassភាគខាងកើត​អ៊ុយក្រែន។ “ប្រធានាធិបតី រុស្ស៊ី លោក​ពូទីន ទើប​បាន​ព្រមាន​ហើយថា អ្នកដែល​ព្យាយាម​បង្កើត​សង្រ្គាមថ្មី​នៅ​Donbass គឺ​ជាអ្នកបំផ្លាញ ប្រទេស​អ៊ុយក្រែន”។

ការវាយប្រហារ​ដោយផ្ទាល់​របស់​រុស្ស៊ី ទៅ​លើ​អ៊ុយក្រែន តែម្តង ប្រហែល​នឹង​មិនអាច​កើតមានឡើង ព្រោះថា បើធ្វើ​ដូច្នេះ គឺប្រៀបបាននឹង​ការបង្ក​ភ្លើង​សង្រ្គាម នៅ​អឺរ៉ុប​យ៉ាងដូច្នេះដែរ។ អាមេរិក និង​ប្រទេស​អឺរ៉ុប​ដទៃ​ទៀត ពិតជា​មិន​ព្រមឲ្យ​កើតមាន​នោះទេ។ ប៉ុន្តែ រុស្ស៊ី អាច ញុះញង់ ច្រិបយក​ទឹកដី​អ៊ុយក្រែន​បន្តិចម្តងៗ ដូច​ដែល​រុស្ស៊ី​ធ្លាប់​បាន​ធ្វើ​ទៅលើ​ទឹកដី​គ្រីមេ របស់​អ៊ុយក្រែន។ ដំបូងឡើយ រុស្ស៊ី បញ្ជូន​ទ័ព​ ប្រជាជន​របស់ខ្លួន​ទៅរស់នៅ គ្រីមេ ក្រោយ មក រុស្ស៊ី ចាប់ផ្តើម សាបព្រួស វប្បធម៌ បញ្ចុះបញ្ចូល មេដឹកនាំ អ៊ុយក្រែន ឲ្យ​មកគាំទ្រ​ខាងខ្លួន។ នៅចុងបញ្ចប់ គឺ​រៀបចំ ការបោះឆ្នោត ប្រជាមតិ ដាក់​គ្រីមេ ចូល​ក្នុង​ទឹកដី​រុស្ស៊ី​តែម្តង។ រឿងនេះ​នឹង​អាច​កើតមាន​នៅ​តំបន់​Donbass ភាគខាងកើត​អ៊ុយក្រែន ព្រោះថា ពួកឧទ្ទាមបំបែកទឹកដី បាន​បង្ហាញ​ការស្មោះស្ម័គ្រ ចូល​ទៅ​ខាង​រុស្ស៊ី​រួចទៅហើយ។ មិនយូរ មិន​ឆាប់ រុស្ស៊ី នឹង​អាច​កាត់​ច្រិបយក​ទឹកដី​ភាគខាងកើត​អ៊ុយក្រែននេះ​មួយទៀត ហើយ​សហគមន៍​អន្តរជាតិ​នៅតែ​មិនអាច​ធ្វើអ្វី​រុស្ស៊ី​បែកនោះទេ ដូចក្នុង​ករណី គ្រីមេ។

ក្នុង​រយៈពេល​វែង រុស្ស៊ី នឹង​អាច​លេបត្របាក់យកទឹកដី​អ៊ុយក្រែន បន្តិចម្តងៗ ប៉ុន្តែ នៅក្នុង​ដំណាក់កាលនេះ រុស្ស៊ី បាន​បញ្ឆេះភ្នក់ភ្លើង​នៅតំបន់​ប្រយុទ្ធគ្នានៅ​ភាគខាងកើត អ៊ុយក្រែន ដើម្បី កំញើញ គំរាម​ប្រទេស​លោកខាងលិច​ឲ្យដឹង ថា ប្រទេស​លោកខាងលិច​មិនអាច​ចេះតែ​រករឿង ជេរ ប្រមាថ ចោទប្រកាន់​ប្រមុខដឹកនាំ រុស្ស៊ី ហើយនិង​ប្រកាស​ដាក់ទណ្ឌកម្ម​រុស្ស៊ី​នោះទេ។ រុស្ស៊ី នៅមាន សំណុំរឿង ដ៏រស៊ើប​នៅ​ភាគខាងកើត​អ៊ុយក្រែន​ក្នុង​ដៃ ដែល​អាច​ធ្វើ​ឲ្យ​អឺរ៉ុប និង​អាមេរិក​ឈឺក្បាល។ ជម្លោះប្រដាប់អាវុធ នៅ​អ៊ុយក្រែន អាច​បិទបញ្ចប់នៅពេលណា គឺ រុស្ស៊ី ជា​អ្នកកំណត់។

លោក​ស្រី Ann Lind ប្រធាន​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​សន្តិសុខ ហៅកាត់ថា OSCE ធ្លាប់​វាយតម្លៃ ហើយថា ការណ៍​ដែល​រដ្ឋាភិបាល​អ៊ុយក្រែន និង​ពួកឧទ្ទាម បំបែកទឹកដី​អ៊ុយក្រែន មិនអាច ចុះកិច្ចព្រមព្រៀង​សន្តិភាព ដោយសារ​តែ ​រុស្ស៊ី ផ្ទាល់ ដែល​ជា​អ្នកបិទខ្ទប់ រារាំង ការចរចា​រវាង​ភាគី ជម្លោះ​នៅអ៊ុយក្រែន​រហូតមក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI