ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ពាក្យ​បណ្តឹង​លើក​ទី១ ក្រោយ​​ករណី​ស្លាប់​ស្ត្រី​អាយុ៣៨ឆ្នាំ​ម្នាក់ បន្ទាប់ពី​ទទួល​​វ៉ាក់សាំង​​​AstraZeneca

សំឡេង ០៧:៣៩
លោក Jean Castex នាយករដ្ឋមន្ត្រីបារាំង កំពុងទទួលការ​ចាក់វ៉ាក់សាំងប្រឆាំងកូវីដ​១៩ របស់មន្ទីរពិសោធន៍ AstraZeneca ថ្ងៃទី ១៩ មីនា ២០២១
លោក Jean Castex នាយករដ្ឋមន្ត្រីបារាំង កំពុងទទួលការ​ចាក់វ៉ាក់សាំងប្រឆាំងកូវីដ​១៩ របស់មន្ទីរពិសោធន៍ AstraZeneca ថ្ងៃទី ១៩ មីនា ២០២១ AP - Thomas Coex

ផលប៉ះពាល់ និងគ្រោះថ្នាក់នៃវ៉ាក់សាំងរបស់មន្ទីរពិសោធន៍ AstraZeneca កំពុងតែបន្តធ្វើឲ្យ​មានការព្រួយ​បារម្ភ។ នៅប្រទេសបារាំង គិតមកត្រឹមពេលនេះ គឺមានមនុស្ស​៤នាក់បានស្លាប់ ដោយ​សារតែបញ្ហាកកដុំគ្រាប់ឈាមក្នុងសរសៃឈាម ដែលគេសង្ស័យថា បណ្តាលមកពី​វ៉ាក់សាំង​ប្រឆាំងកូវីដ​​១៩ AstraZeneca។ ជនរងគ្រោះចុងក្រោយ​ ភេទស្ត្រី អាយុ៣៨ឆ្នាំ បានស្លាប់ក្រោយ​ទទួលការចាក់វ៉ាក់សាំង​ AstraZeneca ជាង១០ថ្ងៃ។ ក្រុមគ្រួសារជនរងគ្រោះ បានដាក់ពាក្យ​បណ្តឹង ទៅតុលាការ​បារាំង​ ជាលើកដំបូងបង្អស់ ទាក់ទិននឹងករណីនេះ ក្នុងគោលបំណងស្វែងរកការពិត ជុំវិញមូលហេតុនៃការស្លាប់នេះ។

ផ្សាយពាណិជ្ជកម្ម

« មនុស្សឃាតដោយអចេតនា »

ពាក្យ​បណ្តឹងត្រូវបាន​ដាក់នៅចំពោះមុខតុលាការក្រុងទូលូស ភាគនិរតីប្រទេសបារាំង កាលពីរសៀលថ្ងៃសុក្រទី ២មេសា។ ជាពាក្យ​បណ្តឹង​ « មនុស្សឃាតដោយ​អចេតនា » ដែលគេ​មិនដឹងថានរណាជា​​ជនជាប់ចោទទេ។ ស្ត្រីដែលស្លាប់ចុងក្រោយ​គេ កាលពី​ថ្ងៃ​ទី​២៩មីនា មានអាយុ​៣៨ឆ្នាំ ជាបុគ្គលិកពេទ្យម្នាក់ ធ្វើការនៅវិទ្យាស្ថាន​អប់រំជនពិការ​មួយ​កន្លែង។

ស្ត្រីរូបនេះ បានទទួលការចាក់វ៉ាក់សាំង AstraZeneca នៅពាក់កណ្តាលខែមីនា។ យោងតាម​លោក Etienne Boittin ដែលជាមេធាវីរបស់ក្រុមគ្រួសារជនរងគ្រោះ បានអះអាងថា ស្ត្រីរូបនេះ មានសុខភាពល្អទេ មុននឹងចាក់វ៉ាក់សាំង។ តែក្រោយ​មកបាន​ប៉ុន្មានថ្ងៃ ស្រាប់តែធ្លាក់ខ្លួនឈឺ ត្រូវយកទៅសង្គ្រោះបន្ទាន់ រហូតទាល់តែស្លាប់នៅថ្ងៃទី​២៩មីនា។

លោកមេធាវី បានបញ្ជាក់ថា កម្មវត្ថុរបស់ក្រុមគ្រួសារសព ដែលដាក់ពាក្យប្តឹងនេះ គឺមិនមែនចង់ទាមទារសំណង ចោទប្រកាន់វ៉ាក់សាំង ឬ រដ្ឋបារាំងនោះទេ។ តែគឺដើម្បីស្វែងយល់ពីការពិត បើកផ្លូវឲ្យ​មានការអង្កេត ស៊ីជំរៅ ថាតើការស្លាប់នេះ វាមានអ្វីពាក់ព័ន្ធនឹង​វ៉ាក់សាំង AstraZeneca ដែរឬទេ។

ករណី​កកដុំគ្រាប់ឈាម នៅក្នុងសរសៃឈាមវ៉ែន

ទីភ្នាក់ងារឱសថបារាំង បាន​លើកឡើងនៅថ្ងៃនេះថា គេពិតជាសង្កេតឃើញ មានករណី​កកដុំគ្រាប់ឈាម​ នៅក្នុងសរសៃឈាម ទៅលើមនុស្ស​មួយចំនួន ក្រោយ​ទទួល​បានវ៉ាក់សាំង AstraZeneca ហើយ​ប៉ុន្មានថ្ងៃ។ ផ្អែកតា​មទីភ្នាក់ងារឱសថបារាំង ករណីភាគច្រើនបំផុត គឺ​កកដុំគ្រាប់ឈាម​នៅក្នុង​សរសៃឈាម​វ៉ែនធំៗ ​នៅតំបន់ក្បាល និងមួយចំនួនទៀត នៅតំបន់​ប្រព័ន្ធរំលាយ​អាហារ។ ករណី កកដុំគ្រាប់ឈាមនេះ វាអាចមាន​ភ្ជាប់មកជាមួយ​ នូវបញ្ហាបែកគ្រាប់ឈាម ឈាមរាវជ្រុល ក្នុងករណីមួយចំនួនផង ដោយសារតែប្លាកែតក្នុុងឈាម​ បានធ្លាក់ចុះខ្លាំង។

ករណីទាំងនេះ គឺត្រូវបាន​វិទ្យាស្ថាន Paul-Ehrlich នៅអាល្លឺម៉ង់ សង្កេតឃើញ និងបានទាញសញ្ញាអាសន្ន​ តាំងតែពីពាក់កណ្តាលខែមីនាម្លេះ។ លោកស្រីវិជ្ជបណ្ឌិត Odile Launay សមាជិក​នៃគណកម្មាធិការចាក់វ៉ាក់សាំងកូវីដ របស់រដ្ឋាភិបាលបារាំង បានលើកឡើងថា គេ​ពិតជាសង្កេត​ឃើញ​ករណី​ ធ្ងន់ធ្ងរ និង​កម្រមួយចំនួន ដែលក្រោយចាក់វ៉ាក់សាំង AstraZeneca ហើយ​ គឺមានមនុស្ស​មួយចំនួនតូច មានបញ្ហា កកដុំគ្រាប់ឈាមក្នុងសរសៃវែនផង ហើយមានបញ្ហាឈាមរាវខុសធម្មតាទៀត។ ពោលគឺ​គុណភាពនៃល្បាយគ្រាប់ឈាមនេះ​ បាន​​ប្រែប្រួលយ៉ាងចំលែកតែម្តង ក្រោយចាក់វ៉ាក់សាំងនេះ​ហើយ​។

ប្រព័ន្ធការពារខ្លួនកំរើកខ្លាំងជ្រុល ក្រោយ​ប៉ះជាមួយ​វ៉ាក់សាំង AstraZeneca?

ទីភ្នាក់ងារឱសថអឺរ៉ុប​ បានអះអាងកាលពី ថ្ងៃពុធថ្មីៗនេះ ថាគេមិនបានរកឃើញ​ថា បញ្ហានេះ វាពាក់ព័ន្ធនឹង​វ៉ាក់សាំង AstraZeneca ទេ។ តែយ៉ាងណាគេកំពុងតាមដានយ៉ាងយកចិត្តទុកដាក់។  នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ ក្រុមអ្នកជំនាញ​នៃទីភ្នាក់ងារឱសថអឺរ៉ុប នឹងប្រជុំគ្នាម្តងទៀត។

តែយ៉ាងណា លោកវិជ្ជបណ្ឌិត André Holme ប្រធានម្នាក់នៅមន្ទីរពេទ្យជាតិន័រវ៉េស ក្រុងអូស្លូ បានអះអាង កាលពី​ថ្ងៃទី​២៧មីនាថា ឈប់ប្រកែកថា បញ្ហាកកដុំគ្រាប់ឈាមនេះ វាមិនពាក់ព័ន្ធនឹង​វ៉ាក់សាំង AstraZeneca តទៅទៀតទៅ។ ព្រោះថាការពិត គ្រប់ករណី​បញ្ហានេះទាំងអស់ គឺគេសង្កេតថាវាកើតឡើង ក្រោយចាក់វ៉ាក់សាំងនេះ បានចន្លោះពី ៣ ទៅ​១០ថ្ងៃ។ គេមិនបានរកឃើញ​មូលហេតុអ្វីផ្សេងទៀតទេ ​ក្រៅពីវ៉ាក់សាំង AstraZenecaនេះ។ ​

កាលពីថ្ងៃទី​១៨មីនា ក្រុមការងារនៅមន្ទីរពេទ្យជាតិន័រវ៉េសក្រុងអូស្លូ បានអះអាងថា ករណី​មានបញ្ហាគ្រាប់ឈាមកកនេះ គឺ​វាអាចមកពី​ ប្រព័ន្ធ​ការពារខ្លួនរបស់មនុស្សមួយចំនួននោះ បានកំរើក ឬឆ្លើយតបខ្លាំងជ្រុល បន្ទាប់ពីប៉ះជាមួយវ៉ាក់សាំងរបស់​AstraZeneca។ ដូចគ្នាដែរ ក្រុម​អ្នកជំនាញ​បារាំងបានសន្និដ្ឋានបែបនេះដែរ ដោយ​គេសង្ស័យថា នៅពេលចាក់វ៉ាក់សាំងនេះ នៅនឹងស្មា គឺករណីខ្លះ ចាក់ចំទៅក្នុង​សរសៃឈាមវ៉ែន​ នៅត្រង់សាច់ដុំស្មា​ ដែលធ្វើឲ្យ​វ៉ាក់សាំង ចូលទៅក្នុងសរសៃឈាមភ្លាមតែម្តង ហើយធ្វើឲ្យ​មានបញ្ហាក្រឡាប់ចាក់ រញ្ជួយខ្លាំងដល់ប្រព័ន្ធការពារខ្លួនរបស់សរីរាង្គ។

ករណីគ្រោះថ្នាក់មានតិចបំផុត បើប្រៀបធៀបទៅផលប្រយោជន៍ធំនៃការចាក់វ៉ាក់សាំង

បើនិយាយជារួម យោងតាមតួលេខដែលគេមាន គឺ​គេបានសង្កេតឃើញករណី កកដុំគ្រាប់ឈាមក្នុងសរសៃឈាម ចំនួន​ជាង៦០​ករណី នៅទូទាំងពិភពលោក តែភាគច្រើននៅ​តាមប្រទេសអឺរ៉ុប ដែលមានការចាក់វ៉ាក់សាំង AstraZeneca ច្រើនបំផុត។ នៅបារាំង មាន​១២ករណី ក្នុងនោះស្លាប់៤នាក់ នៅអាល្លឺម៉ង់វិញ យោងតាម​វិទ្យាស្ថាន Paul-Ehrlich គឺមានប្រហែល៣១ករណី ក្នុងនោះស្លាប់៩នាក់ នៅន័រវ៉េស ​មាន៥ករណី ក្នុង​នោះ​ស្លាប់៣នាក់។ ចំណែកនៅអង់គ្លេស គេសង្ស័យថា មានករណី​កកដុំគ្រាប់ឈាមនេះ ចំនួន​៣០ករណី។

ដោយសង្កេតឃើញបញ្ហាទាំងនេះ ប្រទេសខ្លះ បានហាមមិនឲ្យ​ចាក់វ៉ាក់សាំង AstraZeneca  ទៅលើមនុស្ស​វ័យ​ក្រោម​​ ៥៥ ឆ្នាំ និង ៦០ឆ្នាំទេ ដូចជា​បារាំង ស៊ុយអែដ អាល្លឺម៉ង់ និង​ ហ្វាំងឡង់ដ៍​​ជាដើម។​ តែប្រទេសខ្លះគេប្រយ័ត្នខ្លាំង គឺគេផ្អាកចាក់វ៉ាកសាំងនេះទាំងស្រុងតែម្តង ដូចជ​ា ន័រវ៉េស និងដាណឺម៉ាក

តែយ៉ាងណាក៏ដោយ បើយើងប្រៀបធៀបករណី​មានបញ្ហាកកដុំគ្រាប់ឈាម​ជាង​៦០ករណីនេះ ទៅនឹងចំនួនដូសវ៉ាក់សាំង AstraZeneca សរុបប្រមាណជាង​៩លានដូស ដែលគេបាន​ចាក់ គឺមានន័យថា ករណីនេះវាកម្រណាស់។ ដូច្នេះផលវិជ្ជមាន​បានមកពីការចាក់វ៉ាក់សាំង ប្រឆាំងកូវីដ​១៩នេះ​ គឺមានធំជាង​ផលប៉ះពាល់ក្នុងករណីតិចតួច។ នេះគឺជាអ្វី ដែលទីភ្នាក់ងារឱសថអឺរ៉ុបធ្លាប់បានអះអាង។

ទីភ្នាក់ងារឱសថបារាំង បានជូនដំណឹងថា អ្នកទទួលវ៉ាក់សាំង AstraZenecaហើយ ត្រូវ​សង្កេត​អាការៈមួយចំនួន ដូចជាឈឺក្បាលខ្លាំង ថប់ៗ ដកដង្ហើមមិនដល់គ្នា ឈឺចុកក្រុងទ្រូង ឈឺក្នុងពោះ ហើមជើង ស្រវ៉ាំងភ្នែក ឬឃើញមានស្នាមជាំ ក្រៅពីកន្លែងដែលវ៉ាក់សាំង ជាដើម។ មានអាការៈទាំងនេះ ៣ថ្ងៃជាប់គ្នា គឺត្រូវប្រញ៉ាប់ទៅពិគ្រោះជាមួយ​គ្រូពេទ្យភ្លាមជាបន្ទាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI