ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រដ្ឋប្រហារយោធាភូមា៖ ហេតុអ្វីក្រុមហ៊ុន​តូតាល់ មិនដកខ្លួន​ចេញពី​ភូមា?

សំឡេង ០៩:២០
សកម្មជន​នៃ​ការផុតរលត់ក្រុមឧទ្ទាម​លើកបង្ហាញរូប​បាតុករភូមា​ដែល​ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​នៅក្នុងការបង្រ្កាប​របស់ពួកយោធាភូមា នៅមុខ​ទីស្នាក់ការ​របស់​ក្រុមហ៊ុន​តូតាល់បារាំង​នៅ​ទីក្រុង​ប៉ារីស ថ្ងៃទី ២៥ មីនា ២០២១
សកម្មជន​នៃ​ការផុតរលត់ក្រុមឧទ្ទាម​លើកបង្ហាញរូប​បាតុករភូមា​ដែល​ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​នៅក្នុងការបង្រ្កាប​របស់ពួកយោធាភូមា នៅមុខ​ទីស្នាក់ការ​របស់​ក្រុមហ៊ុន​តូតាល់បារាំង​នៅ​ទីក្រុង​ប៉ារីស ថ្ងៃទី ២៥ មីនា ២០២១ REUTERS - GONZALO FUENTES

នៅពេល​ការទណ្ឌកម្ម ថ្កោលទោស​ទៅលើ​របបសឹកភូមា មាន​កាន់តែច្រើន ដោយសារ​ការបង្រ្កាប​សម្លាប់បង្ហូរឈាម​បាតុករ ដើម្បី ប្រជាធិបតេយ្យ នៅ ភូមា ក្រុមហ៊ុន​បរទេស​ជាច្រើន​បាន​រង​ការដាក់​សម្ពាធ ឲ្យ​ឈប់​ធ្វើ​ជំនួញ ជាមួយ​អាជ្ញាធរ​ភូមា។ ប៉ុន្តែ ប្រធាន​ក្រុមហ៊ុន​តូតាល់​របស់បារាំង​ បានអះអាង នៅ ចុងសប្តាហ៍នេះ ថា ក្រុមហ៊ុន​នឹង​នៅ​បន្ត​ឈរជើង​ក្នុង​ប្រទេស​ភូមា តទៅទៀត។ នៅ ភូមា នៅ​ថ្ងៃ​អាទិត្យ ទី ៤​មេសានេះ បាតុករ​ដើម្បី ប្រជាធិបតេយ្យ នៅតែបន្ត​ធ្វើ​បាតុកម្ម ​ប្រឆាំង​របបសឹក ចំណែក​មន្រ្តីរដ្ឋការ​ភូមា​បាន​ចូលរួម ជាមួយ​បាតុករ ដើម្បី ប្រឆាំង អំណាចផ្តាច់ការ​របស់យោធា​ផង តាមរយៈ ការធ្វើ​កូដកម្ម មិនចូលធ្វើការ ក្នុង​គោលដៅ ដាក់សម្ពាធ​ផ្នែក​សេដ្ឋកិច្ច លើ របបសឹកភូមា

ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខ​នៃ​ការបង្រ្កាបកាន់តែហិង្សា​របស់​យោធា​ភូមា​ទៅលើ​បាតុករ ភូមា អង្គការក្នុង​ស្រុក និង​អន្តរជាតិ​ដើម្បី ការពារ​សិទ្ធិមនុស្ស បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បរទេស ដែល​នៅក្នុង​នោះមាន​ផងដែរ ក្រុមហ៊ុន​តូតាល់ បារាំង ឲ្យឈប់​ធ្វើ​ជំនួញ ដើម្បី ផ្តល់ប្រាក់ចំណេញ ដល់​របបយោធាភូមា​តទៅទៀត។ ប៉ុន្តែ នៅក្នុង​សំបុត្រ​ចំហរ ចុះផ្សាយ​នៅក្នុង​កាសែត​បារាំង នៅថ្ងៃអាទិត្យ​នេះ ប្រធាន​ក្រុមហ៊ុន​តូតាល់​បារាំង បាន​និយាយ​ថា ក្រុមហ៊ុន​នឹង​នៅ បន្តឈរជើង នៅ​ភូមាតទៅទៀត។

ក្រុមហ៊ុន​តូតាល់បារាំង ដែល​បាន​រងការដាក់​សម្ពាធ ប៉ុន្មាន​សប្តាហ៍មកហើយ បាន​សម្រេច​ថា តូតាល់​នឹង​នៅ បន្ត​ឈរជើង​នៅ​ភូមា​ដដែល។ តាមអគ្គនាយក​របស់​ក្រុមហ៊ុន​តូតាល់ លោក Patrick Pouyanné ហេតុផល​របស់​ក្រុមហ៊ុន គឺ​មិនមែន គោលដៅ រកប្រាក់​ចំណេញនោះទេ ប៉ុន្តែ ដើម្បី សន្តិសុខ របស់​បុគ្គលិក និង​អ្នកទទួល​ខុសត្រូវ​របស់​សាខា​ក្រុមហ៊ុន​តូតាល់នៅភូមា ដែល​អាច​ប្រឈម​នឹង​ការចាប់ខ្លួន និង​ទោស​ជាប់ពន្ធនាគារ។ តាម​ការលើកឡើង​របស់​អគ្គនាយកតូតាល់ ក្រុមហ៊ុន​មិន​ចង់ ឲ្យ​បុគ្គលិក​របស់ខ្លួន​ប្រឈម​នឹង​គ្រោះថ្នាក់ ដូចជា ការងារ​ធ្វើដោយ​បង្ខំ ដោយសារ​ក្រុមហ៊ុន​ត្រូវ​របបសឹក​ រឹបអូស ប្រែក្លាយ​ជា​ក្រុមហ៊ុនរដ្ឋ នៅក្នុង​ករណី​តូតាល់​ដកខ្លួន​ចេញពីភូមា។ ម្យ៉ាង បើសិន​តូតាល់​ដកខ្លួន លែង​បូមហ្គាស ដើម្បី​ផលិត​ជា​អគ្គសនី នៅ ភូមា នោះ ​ប្រជាជន​ជាង ៥លាននាក់​នៅ រ៉ង់ហ្គូន​នឹង​គ្មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់។

សម្រាប់​អគ្គនាយក​ក្រុមហ៊ុន​តូតាល់ ជាជាង ដក​ខ្លួន​ចេញពី​ភូមា ក្រុមហ៊ុន​បាន​សន្យា បង់ទៅ ឲ្យ​អង្គការ​ដែលធ្វើការ​ទៅលើ​រឿងសិទ្ធិមនុស្ស នូវ​ចំនួនទឹកប្រាក់  ដែល​ក្រុមហ៊ុន​ត្រូវ​បង់ពន្ធ​ទៅ​ឲ្យ អាជ្ញាធរ​ភូមា។ តាម​របាយការណ៍​របស់​ក្រុមហ៊ុន តូតាល់ ក្រុមហ៊ុន​បានបង់​ប្រាក់ ២៣០លាន​ដុល្លារ​ទៅ​ឲ្យ​អាជ្ញាធរ​ភូមា សម្រាប់​ថ្លៃពន្ធ នៅ​ឆ្នាំ ២០១៩ និង​១៧៦លាន​ដុល្លារ នៅ ឆ្នាំ ២០២០។ បើតាម​អគ្គនាយកក្រុមហ៊ុន​តូតាល់ គិតចាប់តាំង​ពី រដ្ឋប្រហារ​យោធា​នៅ ដើមខែ​កុម្ភៈ ក្រុមហ៊ុន​មិនទាន់​បាន​បង់​ប្រាក់​មួយសេន​ទៅ​ឲ្យ​របបសឹក​ភូមានោះទេ។ មិនទាន់​បាន​បង់ មិនមែន​ដោយសារ​ក្រុមហ៊ុនមិន​ចង់​នោះទេ ប៉ុន្តែ ដោយសារ ប្រព័ន្ធ​ធនាគារនៅ​ភូមា ត្រូវ​កាត់ផ្តាច់ ដោយសារ​កូដកម្ម​របស់​បុគ្គលិក​ធនាគារ។

ដោយពិតទៅ គេ​អាច​យល់បាន​ថា ក្រុមហ៊ុន​បារាំង ដូចជា​តូតាល់ មិនព្រមដក​ខ្លួនចេញពី​ភូមា ក៏ព្រោះតែ​ហេតុផល​ប្រាក់ចំណេញ បាន​មកពីការវិនិយោគ​នៅ​ភូមា ដែល​សំបូរ​ដោយ​ធនធាន​ធម្មជាតិ ឧស្ម័ន វត្ថុធាតុដើម រ៉ែមាស ត្បូងថ្ម ហើយនិង​កម្លាំងពលកម្ម​ថោក។ បើសិន​ក្រុមហ៊ុន​អឺរ៉ុប​ដកខ្លួន​ចេញ ពី​ភូមា ដោយសារ​តែ​រឿង​រដ្ឋប្រហារយោធា​ភូមានៅពេលនេះ គឺ ក្រុមហ៊ុន​អឺរ៉ុប​នឹង​ជួបតែ​ការខាតបង់ ព្រោះថា នៅមាន​ក្រុមហ៊ុន​អាស៊ី​ដទៃទៀត ដូចជា ថៃ ឥណ្ឌា ជាពិសេស​ចិន កំពុង​ចាំដណ្តើម​កន្លែង​របស់​ក្រុមហ៊ុន​អឺរ៉ុប នៅភូមា។

ក្រុមហ៊ុន​បារាំង ពី​បានប្រកាស​ឈប់ធ្វើ​ជំនួញ នៅ​ភូមា

ចាប់តាំង​ពី​របបសឹក​បង្កើន ការបង្រ្កាប ហិង្សា សម្លាប់​បាតុករ ដែល​គ្មាន​អាវុធ​នៅក្នុង​ដៃ ក្រុមហ៊ុន​បារាំង រួមមានទាំង ក្រុមហ៊ុន​ប្រេង តូតាល់​ផង បាន​រងការដាក់សម្ពាធ ឲ្យ​ឈប់​ធ្វើ​ជំនួញ​ជាមួយ​របបយោធាភូមា។ ប៉ុន្តែ គិត​ចាប់តាំង​ពី ចុងខែ មីនា មានតែ​ក្រុមហ៊ុន​បារាំង ពីរទេ គឺ​ក្រុមហ៊ុន​អគ្គិសនី EDF និង​ក្រុមហ៊ុន​Voltalia ដែល​ប្រកាស​ដកខ្លួន ឈប់​ធ្វើ​ជំនួញ នៅ​ភូមា ក្នុង​ហេតុផល វិបត្តិនយោបាយ និង​មនុស្សធម៌​នៅ​ភូមា។ ក្រុមហ៊ុន Voltalia មានជំនាញ​ខាងផលិតថាមពល​មិនកកើតថ្មី​បាន​ទៅ​វិញ វិនិយោគ​នៅ ភូមា តាំង​ពី​ឆ្នាំ ២០១៨ ដើម្បីផ្គត់ផ្គង់​អគ្គិសនី ដល់​អគារ​ទូរសាគមនាគមន៍​ចំនួន ១៥៦​អគារ នៅ​ភូមា។ ចំណែក ក្រុមហ៊ុន​EDF សម្រេច​លះបង់​ចោល​គម្រោង ការសាងសង់​ទំនប់វារីអគ្គិសនី នៅ​ភាគខាង​ឥសាន​ភូមា ដែលមាន​តម្លៃជាង ១៥០០​លាន​ដុល្លារ។

នៅពេល​ក្រុមហ៊ុន​EDF និង Voltalia ដកខ្លួន​ចេញពី ភូមា ដោយសារ​នយោបាយ​វិវឌ្ឍ​ចុងក្រោយ​នៅភូមា ក្រុមហ៊ុន​បារាំង ពីរទៀត គឺ តូតាល់ និង​Accor ដែលធ្វើ​ជំនួញ​ខាង​សាងសង់​សណ្ឋាគារ នៅ​ភូមា សម្រេច​នៅបន្ត​ឈរជើង​នៅ​ភូមា​ដដែល។ ក្រុមហ៊ុន​Accor អះអាងថា វិស័យទេសចរណ៍​ជា​ទំនាក់ទំនង​ចុងក្រោយ របស់​ប្រជាជន​ភូមា​ទៅកាន់​ពិភពលោក។ Accor ដែល​មាន​បុគ្គលិក​ជាង ១ពាន់នាក់​នៅភូមា បាន​លើកឡើង​ពីសារៈសំខាន់ នៃ​មុខជំនួញ​របស់ខ្លួន​សម្រាប់​ប្រជាជនភូមា។ ដកខ្លួន​ចេញពី​ភូមា នឹង​មិន​ទៅ​ជះផលអាក្រក់ លើ​មេដឹកនាំ​យោធា​ភូមានោះទេ ប៉ុន្តែ នឹង​ប៉ះពាល់​ដល់​ឆ្នាំងបាយ​របស់​ប្រជាជន​ភូមា។

មេដឹកនាំយោធា​ភូមា និង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​ប្រទេស​លោកខាងលិច

ក្រុមហ៊ុន​តូតាល់ បាន​បដិសេធ មិន​ដកខ្លួន​ចេញ​ពី​ភូមា ដើម្បី​ដាក់សម្ពាធ​លើ​របបសឹកភូមា។ ប៉ុន្តែ នៅភូមា មន្រ្តីរដ្ឋការ មួយចំនួន​ធំ នៅ​បន្ត ធ្វើពហិការ មិនត្រលប់​ចូល​ធ្វើការ វិញ ឡើយ ដើម្បី​ដាក់សម្ពាធ​លើ​របបសឹកភូមា។ កូដកម្ម​របស់​មន្រ្តីរដ្ឋការ​ភូមា​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ភូមា ដែល​កំពុង​ជួប​ការលំបាក​រួចហើយ​នោះ ត្រូវ​ជាប់គាំង មិន​ដំណើរការ អស់​មួយភាគធំ។

ធនាគារ​ពិភពលោក​វិញ បាន​ព្យាករថា ដោយសារ រដ្ឋប្រហារ និង​ការបង្រ្កាប​ហិង្សា​លើកនេះ សេដ្ឋកិច្ច​របស់ភូមា​នឹង​ធ្លាក់ថយចុះ ១០%​នៅ ឆ្នាំ ២០២១ បន្ទាប់​ពីបាន​ទប់ទល់ នៅថេរ កាលពី ឆ្នាំ ២០២០ នៅក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រីអ៊ុងសាន ស៊ូជី។

នៅភូមា គ្រូបង្រៀន បុគ្គលិកធនាគារ គ្រូពេទ្យ វិស្វករ អ្នកធ្វើការ​នៅ កន្លែង​ប្រមូលពន្ធ បុគ្គលិក ស្ថានីយ៍រថភ្លើង និង​នៅ អាកាសចរណ៍​ស៊ីវិល នៅបន្ត​ធ្វើ​កូដកម្ម មិន​ត្រលប់​ចូល​ធ្វើការ ទោះជាមានការគំរាម​របស់​របបសឹកភូមា។ វិស័យ​កាត់ដេរ​នៅភូមា ដែល​មាន​កម្មករ​ធ្វើការ​ជាង ៥សែន នាក់ ត្រូវដួលរលំ ដោយសារ ក្រុមហ៊ុន​នៅអឺរ៉ុប ផ្អាកលែង​កុម្មង់​ខោអាវ។ លើសពីនេះ រោងចក្រ​កាត់ដេរ មួយចំនួន ដែល​ជាកម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ចិន ត្រូវ​បាតុករ​ដុតបំផ្លាញ ក្នុង​ហេតុផល​ថា ចិន​ជា​អ្នកគាំទ្រ នៅពីក្រោយ​របបសឹកភូមា។

ទាំង​អ្នកដែល​ធ្វើ​កូដកម្ម និង​អ្នកដែល​បាត់បង់​ការងារធ្វើ​នៅក្នុង​វិបត្តិ​នយោបាយ​លើកនេះ បានឃើញ​ប្រាក់ចំណូល​របស់ខ្លួន​ធ្លាក់ចុះ។ ចំណែកទំនិញ កាន់តែឡើងថ្លៃ។ ទំនិញ សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ​ភាគច្រើន​នាំចូល​មកពីប្រទេស​ចិន។ ប៉ុន្តែ ក្រុមហ៊ុន​ចិន បាន​កាត់បន្ថយ​ការនាំចូល​មក​ភូមា​ដោយសារ​ថា ប្រជាជន​ភូមា​ធ្វើ​ពហិការ​មិនទិញទំនិញចិន។

សេដ្ឋកិច្ច​ភូមា ធ្លាក់ចុះ ចំណែក ប្រទេស​លោកខាងលិច សម្រុកដាក់ទណ្ឌកម្ម លើ​មេដឹកនាំ​យោធា ដើម្បី ដាក់គំនាប​ឲ្យពួកគេប្តូរចិត្ត មក​ប្រគល់អំណាច​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​ភូមាវិញ។ ប៉ុន្តែ ការដាក់ទណ្ឌកម្ម ពី​លោកខាងលិច ហើយនិង កូដកម្ម​របស់ប្រជាជន​ភូមា ជះផលអាក្រក់​តិចតួចណាស់​លើ​មេដឹកនាំ​យោធា​ភូមា។

ថ្នាក់ដឹកនាំ​ភូមា​ភាគច្រើន មាន​មុខជំនួញ នៅក្នុង​វិស័យ​ទេសចរណ៍ ដឹកជញ្ជូន និង​ធនាគារ។ ចាប់តាំង​ពី ឆ្នាំ ១៩៩០ មុខជំនួញ​ក្នុង​វិស័យ​ទាំងអស់នេះ បានធ្វើ​ឲ្យ​កងទ័ព​បាន​ប្រាក់ចំណូល រាប់ពាន់លាន​ដុល្លារ។ ពួកយោធា​ភូមា​បាន​កេងចំណេញផងដែរ ពី​ការលួចលក់ខុសច្បាប់ នូវ​ធនធានធម្មជាតិ ដូចជា ព្រៃឈើ ត្បូង ជាដើម ទៅ​បរទេស ជាពិសេស​ប្រទេស​ចិន។ ពួកយោធា​បាន​ផលកម្រៃ​ផងដែរ​ពី​មុខជំនួញ​របស់​ក្រុមហ៊ុន​បរទេស​ក្នុង​ផ្នែក​បូមប្រេង និង​ឧស្ម័ន​ក្នុងដែនសមុទ្រ​ភូមា។ ជាក់ស្តែង ក្រុមហ៊ុន​តូតាល់​ដែលចាប់ដៃគូ​ជា​មួយ ក្រុមហ៊ុន​ក្នុង​ស្រុក​ភូមា ដែល​ជា​កម្មសិទ្ធិ​របស់​មន្រ្តីយោធាភូមា បាន​បង់​ប្រាក់ ២៣០​លាន​ដុល្លារ ទៅ​ឲ្យ​អាជ្ញាធរ​ភូមា នៅ​ឆ្នាំ ២០១៩។

យោធា​ភូមា​ភាគច្រើន ចាប់ដៃគូ​ធ្វើការ​ជាមួយ ក្រុមហ៊ុន​អាស៊ី ជាពិសេស ចិន ដែល​ទើប​បាន​បញ្ចេញប្រាក់ ជាង ៥ពាន់លាន​ដុល្លារ​សម្រាប់​គម្រោង សាងសង់ហេដ្ឋា​រចនាសម្ព័ន្ធ នៅ​ភូមា។ ដរាបណា គេ​មិនអាច​ដាក់​សម្ពាធ លើក្រុមហ៊ុន​អាស៊ី ដើម្បី ឲ្យ​ក្រុមហ៊ុនទាំងនោះ​ត្រូវ​ខាតបង់ប្រយោជន៍ ដោយសារ​រកស៊ីធ្វើជំនួញសកហការ​ជាមួយ​មេដឹកនាំ​យោធា​ភូមា នោះ​ទោះជា​ទណ្ឌកម្ម​សេដ្ឋកិច្ច ១០០ដង​របស់​អាមេរិក ឬ​ប្រទេស​អឺរ៉ុប ទៅលើ​មន្រ្តីយោធាជាន់ខ្ពស់​ភូមា នៅតែ​មិនអាច​ធ្វើអ្វី មេដឹកនាំ​យោធា​ភូមា​បាក់ខ្លាច ចុះចាញ់​នោះទេ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI