ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហ្សកដានី រំជើបរំជួល​នយោបាយ​ ក្រោយ​​ការឃាត់ខ្លួន​​​ព្រះអង្គម្ចាស់​ហាំហ្សា ពីបទ​​រៀប​គម្រោង​ក្បត់

សំឡេង ០៧:៣៨
ព្រះអង្គម្ចាស់ ហាំហ្សា បេន ហ៊ូសេន​ និងភរិយា នៅថ្ងៃរៀបអភិសេក ថ្ងៃទី ១២ មករា ២០១២។
ព្រះអង្គម្ចាស់ ហាំហ្សា បេន ហ៊ូសេន​ និងភរិយា នៅថ្ងៃរៀបអភិសេក ថ្ងៃទី ១២ មករា ២០១២។ AFP - YOUSEF ALLAN

បញ្ហានយោបាយ​នៅ​ប្រទេសហ្សកដានី កំពុងតែធ្វើ​ឲ្យមានការងឿងឆ្ងល់បំផុត បន្ទាប់ពីកងទ័ព បានបើក​ប្រតិបត្តិការ ចាប់ឃាត់ខ្លួន​មនុស្ស​មួយចំនួន កាលពី​ថ្ងៃសៅរ៍ទី៣មេសា។ ក្នុងចំណោម​អ្នកដែលគេឃាត់ខ្លួន គឺមាន​ព្រះអង្គម្ចាស់ ហាំហ្សា បេន ហ៊ូសេន ប្អូនប្រុសឪពុកតែមួយម្តាយ​ទីទៃ របស់ព្រះចៅអាប់ដាឡាទី​២។ ព្រះអង្គម្ចាស់ដ៏មាន​ប្រជាប្រិយភាពរូបនេះ ត្រូវគេចោទ ថាបានចូលរួម​ក្នុងគំរោងក្បត់ បង្កអស្ថិរភាពនយោបាយ និងចង់ផ្តួលរំលំរាជបល្ល័ង្គ របស់ព្រះចៅអាប់ដាឡា។ តែ​យ៉ាងណា ប្រជាជន​ហ្សកដានី ក៏ដូចជាអ្នកវិភាគនយោបាយ មាន​​ចម្ងល់​ជាច្រើន ទាក់ទិននឹងព្រឹត្តិការណ៍នេះ ខណៈដែល​រដ្ឋាភិបាលហ្សកដានី ពុំបាន​​​បង្ហាញភស្តុតាងអ្វី​ ស្តីពីផែនការឃុបឃិត​នេះទេ។

ផ្សាយពាណិជ្ជកម្ម

គ្មានការលំអិត ថាជាផែនការ​ឃុបឃិតអ្វី​ ឲ្យ​ពិតប្រាកដ

ប្រតិបត្តិការចាប់ឃាត់ខ្លួន មនុស្ស​បានធ្វើឡើង នៅថ្ងៃសៅរ៍ទី ៣មេសា។ នៅរសៀលថ្ងៃអាទិត្យ លោកAyman Safadi រដ្ឋមន្ត្រីការបរទេសហ្សកដានី បានចេញលិខិត​ប្រកាស បង្ហាញការ​ចោទប្រកាន់ជាសាធារណៈ ដោយចោទព្រះអង្គម្ចាស់ហាំហ្សា និងមនុស្ស​ប្រមាណ ១៤នាក់ទៀត ថាបានប៉ុន​ប៉ងធ្វើសកម្មភាព​បង្កអស្ថិរភាពនយោបាយ និងបង្កអសន្តិសុខជាតិ​។ លោក Bassem Awadallah អតីតសមាជិករដ្ឋាភិបាល និងជាអតីត​​ទីប្រឹក្សារបស់​ព្រះចៅអាប់ដាឡាទី២ មាន​ប្រធានាតុលាការ និង​មន្ត្រីសន្តិសុខច្រើននាក់ទៀត ក៏មានឈ្មោះក្នុងបញ្ជីចោទនេះដែរ។ ក៏ប៉ុន្តែ លិខិតរបស់រដ្ឋាភិបាលហ្សកដានីនេះ មិន​បានបញ្ជាក់ថា ជាផែនការសកម្មភាពអ្វីឲ្យ​ពិតប្រាកដទេ ហើយគេក៏​មិនប្រើពាក្យ​ រដ្ឋប្រហារឲ្យចំដែរ​។

ព្រះអង្គម្ចាស់ ហាំហ្សា បេន ហ៊ូសេន (Hamza Ben Hussein) ប្អូនប្រុសឪពុកតែមួយម្តាយ​ទីទៃ របស់ព្រះចៅអាប់ដាឡាទី​២ ត្រូវក្រុមកងទ័ពដាក់ឲ្យ​នៅក្នុងដំណាក់ ហាមចេញក្រៅ។ ក្រោយព្រឹត្តិការណ៍នេះ ប្រទេស​នៅក្នុងតំបន់ និងប្រទេសសម្ព័ន្ធមិត្តហ្សកដានី មាន​សហរដ្ឋ​អាមេរិក អ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត និងអេមៀរ៉ាតអារ៉ាប់រួមជាដើម បាន​បង្ហាញជំហរ គាំទ្រ​ កងទ័ពនឹងរដ្ឋាភិបាលហ្សកដានី ក្នុងការ​ការពាររក្សាស្ថិរភាពនយោបាយ។

ប្រឌិតរឿង ដើម្បី​បំបិទសំឡេងរិះគន់?

នៅក្នុងស្រុកហ្សកដានី គឺប្រជាជន ក៏ដូចជាអ្នកវិភាគនយោបាយ មានការងឿងឆ្ងល់ខ្លាំងណាស់។ ប្រភពពីមនុស្ស​ម្នាក់ ដែលស្និទនឹងក្រុមគ្រួសារស្តេចហ្សកដានី បានលើកឡើងថា ព្រះអង្គម្ចាស់ហាំហ្សា អាចត្រូវគេយកធ្វើជាចំណាប់ខ្មាំង ចោទប្រកាន់ថា​មានគំរោងក្បត់ ដែលតាមការពិត គឺជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល និងក្រុមស្និទនឹង​ព្រះចៅអាប់ដាឡា ដើម្បី​បំបិតសំឡេងប្រឆាំងរិះគន់ទាំងអស់ នៅក្នុងស្រុកតែប៉ុណ្ណោះ។ បច្ចុប្បន្ននេះ ដោយសារវិបតិ្តសេដ្ឋកិច្ច វិបត្តិកូវីដផង មានការរិះគន់កាន់តែខ្លាំង ទៅលើការដឹកនាំ និង​ជាពិសេសគឺអំពើ​ពុក​រលួយ បក្ស​ពួកនិយម។

រឿងដែលកាន់តែធ្វើឲ្យ​មានការងឿងឆ្ងល់ គឺ ពាក់ព័ន្ធរវាងព្រះអង្គម្ចាស់ ហាំហ្សា និង លោក Bassem Awadallah។ លោកOsama Al-Sharif អ្នកកាសែតម្នាក់នៅ​ហ្សកដានី បានអះអាងថា មិនអាចទៅរួចទេ ដែល​ព្រះអង្គម្ចាស់ហាំហ្សា ទៅសេពគប់និងក្រុមបក្សពួករបស់​លោក Bassem Awadallah។ លោក Bassem Awadallah អតីតអ្នកនយោបាយចូលរួមក្នុងអំពើពុករលួយជាច្រើន ដែលប្រជាជនហ្សកដានីស្អប់ណាស់ គ្មាននរណាចូលចិត្តទេ។ ផ្ទុយទៅវិញ ព្រះអង្គម្ចាស់ហាំហ្សា ត្រូវប្រជាជនហ្សកដានីគោរពស្រលាញ់ណាស់ ដោយសារព្រះអង្គតែរិះគន់ លើកឡើងអំពីបញ្ហាសង្គម ភាពក្រីក្រ រឿងពុករលួយបក្សពួកនិយមជាដើម។ មួយវិញទៀតលោក​Bassem Awadallah គ្មានបណ្តាញអ្វីធំដុំក្នុងក្រុមកងទ័ព ដើម្បីជាបង្អែក ធ្វើរឿងបែបនេះទេ។

ប្រជាជន​​គោរពស្រលាញ់ ព្រះអង្គម្ចាស់ ហាំហ្សា

បើផ្អែកតាម​វីដេអូ ដែលមេធាវី របស់ព្រះអង្គម្ចាស់ហាំហ្សា បានផ្ញើទៅបណ្តាញទូរទស្សន៍ BBC កាលពីថ្ងៃអាទិត្យ​ ព្រះអង្គម្ចាស់ហាំហ្សា បាន​និយាយថា គេចោទព្រះអង្គថាបានចូលរួម ក្នុងកម្មវិធីប្រជុំមួយ ដែលក្នុងពេលប្រជុំនោះ គេនាំគ្នានិយាយដើម និង​រិះគន់រដ្ឋាភិបាល ព្រមទាំង​ការដឹកនាំរបស់ព្រះចៅអាប់ដាឡា។ ព្រះអង្គម្ចាស់ហាំហ្សា បាន​លើកឡើងថា គ្មានការផ្សំគំនិត ឃុបឃិត រៀបគំរោង​អ្វីណាមួយ​នោះទេ។

តែយ៉ាងណា យោងតាមលោក Osama Al-Sharif គឺ​ ប្រជាជនហ្សកដានី ស្រលាញ់ព្រះអង្គម្ចាស់ហាំហ្សាខ្លាំងទៅៗ ដោយសង្កេតឃើញថា ព្រះអង្គម្ចាស់អង្គនេះ មានភាពម៉ឺងម៉ាត់ ទៀងត្រង់ ចេះដាក់ខ្លួន និងជាពិសេសនោះ គឺហ៊ាននិយាយរិះគន់អំពីបញ្ហា សង្គម នយោបាយ បញ្ហាពុករលួយ និងភាពក្រីក្ររបស់ប្រជាជនជាដើម។ ដូច្នេះ វាអាចមាន​ភាពច្រណែន មើលបំណាំគ្នា រវាងក្រុមមនុស្ស ដែលតាមដង្ហែព្រះចៅអាប់ដាឡា និង ក្រុមមនុស្សដែលគាំទ្រព្រះអង្គម្ចាស់ហាំហ្សា។

នៅមុនពេល​សោយទីវង្គត់ នៅឆ្នាំ​១៩៩៩ ព្រះចៅហ៊ូសេន បាន​សម្រេចប្រគល់រាជបល្ល័ង្គទៅឲ្យ​ព្រះចៅអាប់ដាឡា ដែលជាបុត្រច្បង តែព្រះចៅអាប់ដាឡា ត្រូវសន្យាថានឹង​ប្រគល់រាជបល្ល័ង្គបន្ត ទៅឲ្យ​ព្រះអង្គម្ចាស់ហាំហ្សាដែលជាប្អូន​។ ក៏ប៉ុន្តែកាលពីឆ្នាំ​២០០៤ ព្រះចៅអាបដាឡាទី​២ ​បានសម្រេចរាជបល្ល័ង្គ នឹងធ្លាក់ទៅលើ​កូនប្រុសច្បងរបស់ព្រះអង្គវិញ។ តែតាំងពីនោះមក ព្រះអង្គម្ចាស់ហាំហ្សា មិនដែលបង្ហាញជំហរជំទាស់ ឬប្រឆាំងនឹងការដឹកនាំរបស់​ចាត់ចែង របស់​ព្រះចៅអាប់ដាឡាទេ។ ព្រះអង្គម្ចាស់ហាំហ្សា បានដកខ្លួនឆ្ងាយ​ ពីកិច្ចការនយោបាយ ដោយ​ព្រះអង្គទៅរៀននៅ​សាលាបណ្ឌិតយោធា ហើយបានធ្វើការជា​អ្នកបើក​យន្តហោះ នៅអាមៀរ៉ាតអារ៉ាប់រួម មុននឹងត្រលប់ចូលស្រុកវិញ។

ក្រុមអ្នករិះគន់បក្សពួកព្រះចៅអាប់ដាឡា សម្លឹងឃើញក្តីសង្ឃឹមលើព្រះអង្គម្ចាស់ហាំហ្សា

ប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះអង្គម្ចាស់ ហាំហ្សា ហាក់បានចេញមុខបញ្ចេញ​មតិយោបល់ និងរិះគន់ ទៅលើបញ្ហានយោបាយច្រើន តាមរយៈសារ នៅលើទំព័រTwitter ជាដើម។ ផ្អែកតាមការអះអាង របស់លោក Amer Al-Sabaileh អ្នកវិភាគនយោបាយ​ម្នាក់នៅហ្សកដានី គឺព្រះអង្គម្ចាស់ហាំហ្សា ឧស្សាហ៍ជួបជាមួយ​មេក្រុម​កុលសម្ព័ន្ធនៅហ្សកដានីណាស់។ ហើយមួយរយៈចុងក្រោយនេះ គឺមាន​​មេដឹកនាំក្រុមកុលសម្ព័ន្ធជាច្រើន បាន​ផុសផុលប្រឆាំងនឹងការដឹកនាំរបស់បក្សពួករបស់ព្រះចៅអាប់ដាឡាទី២ ដោយ​សារបញ្ហាសេដ្ឋកិច្ច អំពើពុករលួយ។

អ្នកស្និទនឹងគ្រួសារស្តេចហ្សកដានីម្នាក់ អះអាងថា វាអាចដែរ ដែលក្រុមអ្នករិះគន់ព្រះចៅអាប់ដាឡា សម្លឹងមើលឃើញថា ព្រះអង្គម្ចាស់ហាំហ្សា គឺជាក្តីសង្ឃឹមថ្មី ហើយ​រាជបល្ល័ង្គ សមណាតែធ្លាក់មកលើដៃព្រះអង្គម្ចាស់អង្គនេះ។ យោងតាមតាមខ្សែអាត់សំឡេងចុងក្រោយ នៅយប់ថ្ងៃអាទិត្យ ព្រះអង្គម្ចាស់ហាំហ្សា បាន​និយាយថា ព្រះអង្គនឹងមិននៅស្ងៀម សំងំនៅក្នុង​ដំណាក់ តាមគេបញ្ជាឡើយ។ ការឃុំខ្លួន និង​​ចោទប្រកាន់នេះ អាចនឹងរុញឲ្យ​ព្រះអង្គម្ចាស់ហាំហ្សា ចេញមុខប្រឆាំងពេញទីតែម្តង។

អ្វីដែលយើងអាចនិយាយបាននាពេលនេះ គឺថាវិបត្តិនយោបាយនេះ ទើបតែចាប់ផ្តើមប៉ុណ្ណោះ។ មេក្រុមកុលសម្ព័ន្ធជាច្រើនបានចេញមុខ ចាត់ទុកការ​ចាប់ខ្លួនមនុស្ស និង​ឃាត់ខ្លួនព្រះអង្គម្ចាស់ហាំហ្សានេះ ថាជារឿងខុសច្បាប់។ ចង់មិនចង់ ពេលនេះ បរិយាកាសនយោបាយ​នៅហ្សកដានី កំពុងតែពុះចែកជា២ហើយ។ លោក Amer Al-Sabaileh បានលើកឡើង ថាក្នុងវិបត្តិនេះ បើសិនជាមិនដោះស្រាយដោយថ្លឹងថ្លែងឲ្យ​ច្បាស់ទេ គឺ​ ហ្សកដានី ពិតជាអាច ធ្លាក់ទៅក្នុងសង្រ្គាមស៊ីវីលដណ្តើមអំណាច ម្ខាងក្រុមព្រះចៅអាប់ដាឡា ម្ខាងក្រុមព្រះអង្គម្ចាស់ហាំហ្សា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI