Amnesty International បរិហារលើវិសមភាពក្នុងរឿងវ៉ាក់សាំង និងការរំលោភសិទ្ធិមនុស្សក្រោមលេសប្រឆាំងកូវីដ១៩
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃអង្គារ ទី៦ មេសា អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty Internationalបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ២០២០ ស្តីពីស្ថានភាពសិទ្ធិមនុស្សក្នុងលោក។ តែសម្រាប់របាយការណ៍ឆ្នាំ ២០២០ កន្លងទៅដែលជាឆ្នាំគ្របដណ្តប់ដោយជំងឺកូវីដ១៩ Amnesty International បានមើលឃើញពីកំណើនវិសមភាពនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាការទទួលបានវ៉ាក់សាំងរវាងក្រុមប្រទេសអ្នកមាន និងក្រុមប្រទេសអ្នកក្រ។ ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សវិញត្រូវបាន Amnesty International សង្កេតឃើញជារួមថា មានថ្នាក់ដឹកនាំក្នុងប្រទេសមួយចំនួនបានឆ្លៀតយកវិធានការទប់ស្កាត់កូវីដ១៩ ធ្វើជាលេសដើម្បីបំបិទមាត់ក្រុមប្រឆាំង និងអ្នករិះគន់។
តាមរយៈរបាយការណ៍របស់ខ្លួនពេលនេះ Amnesty International ចង់បញ្ជាក់ពីការគ្មានសាមគ្គីភាព និងអសមត្ថភាពរបស់ពិភពលោកនៅក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ១៩។ Amnesty International បានមើលឃើញថាជាងពេលណាៗទាំងអស់ ជំងឺកូវីដ១៩ បានបង្ហាញពីភាពអាត្មានិយមរបស់ប្រទេសនីមួយៗដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន កូវីដ១៩ កំពុងធ្វើឲ្យពិភពលោកចុះខ្សោយ និងបែកបាក់ កូវីដ១៩ កំពុងជំរុញឲ្យមានគម្លាតកាន់តែខ្លាំងរវាងក្រុមប្រទេសអ្នកមាន និងក្រុមប្រទេសអ្នកក្រ កូវីដ១៩ បានធ្វើឲ្យស្ថានភាពរបស់ក្រុមមនុស្សមួយចំនួនដែលកំពុងជួបការលំបាកស្រាប់បានស្គាល់ការលំបាកកាន់តែខ្លាំងថែមទៀត ដូចជាស្រ្តីភេទ ក្រុមជនភៀសខ្លួន ឬក្រុមជនអន្តោប្រវេសន៍ ហើយកូវីដ១៩ ក៏កំពុងបង្កើតឲ្យមានភាពរើសអើងកាន់តែខ្លាំងនៅក្នុងសង្គម។
តាម Amnesty International ដដែលកូវីដ១៩ ជាសក្ខីកម្មមួយដែលបញ្ជាក់យ៉ាងច្បាស់ក្រឡែតពីអសមត្ថភាពរបស់ពិភពលោកក្នុងការចាប់ដៃគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធិភាព និងសមភាព។ ផលវិបាក និងគម្លាតដែលកើតចេញពីកូវីដ១៩ មានច្រើន តែគម្លាតដែល Amnesty International បានសម្គាល់ឃើញខ្លាំងជាងគេ គឺសិទ្ធិទទួលបានវ៉ាក់សាំងបង្ការកូវីដ១៩។ កុំថាឡើយតែក្រុមប្រទេសក្រីក្រដែលទើបទទួលបានវ៉ាក់សាំងតិចតួច ឬមិនទាន់បានទទួលសោះ សូម្បីតែក្រុមប្រទេសអ្នកមានក៏បានដណ្តើមវ៉ាក់សាំងគ្នា ហើយប្រទេសអ្នកមានខ្លះបានទិញវ៉ាក់សាំងស្តុកទុកលើសតម្រូវការរបស់ខ្លួនទៅទៀត។
ចូរកុំភ្លេចថា ចំនួនវ៉ាក់សាំងប្រមាណជា ៦៨០លានដូសដែលពិភពលោកកំពុងមានក្នុងដៃសព្វថ្ងៃ មានចំនួនពាក់កណ្តាលស្ថិតក្នុងដៃក្រុមប្រទេសអ្នកមាន។ ក្រៅពីក្រសោប និងឱបទុកវ៉ាក់សាំងតែឯង ក្រុមប្រទេសអ្នកមានក៏បានបដិសេធមិនឲ្យមន្ទីរពិសោធន៍របស់ខ្លួនដែលបានរកឃើញវ៉ាក់សាំងធ្វើការចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាដើម្បីឲ្យមន្ទីរពិសោធន៍ផ្សេងជួយបង្កើនការផលិតវ៉ាក់សាំងទេ។
សេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិមនុស្សត្រូវបានរំលោភបំពានក្រោមលេសកូវីដ១៩
ទន្ទឹមនឹងវិសមភាពក្នុងការទទួលបានវ៉ាក់សាំងបង្ការកូវីដ១៩ Amnesty International ក៏បានលើកឡើងពីកំណើននៃការរំលោភសិទ្ធិមនុស្ស និងសេរីភាពក្នុងការបញ្ចេញមតិក្រោមហេតុផលកូវីដ១៩។ ត្រង់ចំណុចនេះ Amnesty Internationalបានសង្កន់ធ្ងន់លើវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលប្រទេសនីមួយៗបានអនុម័ត ដូចជាការបិទខ្ទប់ប្រទេស ឬការដាក់បំរាមគោចរជាដើម។ វិធានការនេះត្រូវបានអមដោយការផាកពិន័យជាប្រាក់ ឬមួយក៏មានទោសរហូតជាប់ក្នុងពន្ធនាគារ។ មែនទែនទៅ វិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នេះមានគោលដៅការពារសុខភាពរបស់ពលរដ្ឋ។ តែ Amnesty Internationalបានសង្កេតឃើញថា មានប្រទេសមួយចំនួនបានឆ្លៀតឱកាសយកវិធានការមួយនេះធ្វើជាលេសដើម្បីបំបិទមាត់ក្រុមប្រឆាំង និងក្រុមអ្នករិះគន់។
ពិតណាស់ រដ្ឋាភិបាលជាច្រើនបានព្យាយាមទប់ស្កាត់នឹងព័ត៌មានមិនពិតទាក់ទងនឹងរឿងវីរុសកូវីដ១៩ រឿងវ៉ាក់សាំង ឬមួយក៏ការគ្រប់គ្រងលើជំងឺកូវីដ១៩។ តែសម្រាប់ Amnesty Internationalមានចំណាត់ការខ្លះប្រឆាំងនឹងក្រុមអ្នករិះគន់គ្មានជាប់ពាក់ព័ន្ធនឹងកូវីដ១៩ ទេ មានន័យថា ជាចំណាត់ការដើម្បីបិទសេរីភាពក្នុងការបញ្ចេញមតិក្រោមលេសកូវីដ១៩។ លើសពីនេះ Amnesty Internationalបានលើកឡើងពីថ្នាក់ដឹកនាំខ្លះបានប្រើកម្លាំងជ្រុសហួសហេតុក្រោមលេសកូវីដ១៩។ ជាក់ស្តែងនៅហ្វីលីពីន ប្រធានាធិបតីលោកឌុយទែរតេបាននិយាយពីការចេញបញ្ជាឲ្យកម្លាំងប៉ូលិសបាញ់សម្លាប់ជនណាដែលប្រឆាំងតវ៉ា ឬបង្កឲ្យមានចលាចលនៅក្នុងពេលបិទខ្ទប់ប្រទេស។
នៅក្នុងតំបន់ឈូងសមុទ្រពែក្ស ប្រទេសអារ៉ាប៊ីសាអូឌីត បារ៉ែន អេមីរ៉ាតអារ៉ាប់រួម កូវ៉ែត និងប្រទេសអូម៉ង់បានឆ្លៀតយកវិធានការរឹតបន្តឹងប្រឆាំងនឹងកូវីដ១៩ ដើម្បីមួលខ្ចៅបន្តឹងលើសេរីភាពក្នុងការបញ្ចេញមតិ។ បន្ទាប់មក មានថ្នាក់ដឹកនាំខ្លះបានឆ្លៀតយកវិធានការទប់ស្កាត់កូវីដ១៩ ធ្វើជាលេសដើម្បីរក្សាអំណាច និងពង្រឹងអំណាចផ្ទាល់ខ្លួន។ Amnesty Internationalបានមើលឃើញជារួមថាតិច ឬច្រើន សេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិមនុស្សត្រូវបានរំលោភបំពាននៅសឹងគ្រប់ប្រទេសទាំងអស់ក្រោមលេសយុទ្ធនាការប្រឆាំងនឹងកូវីដ១៩។ នេះដោយមិនបានរាប់បញ្ចូលពីកំណើនអំពើហិង្សាក្នុងគ្រួសារដែលកើតចេញពីកូវីដ១៩។
កូវីដ១៩ ជាមេរៀនដែលត្រូវបញ្ជៀស
កូវីដ១៩ បានធ្វើឲ្យពិភពលោកបែកបាក់ និងដែលម្នាក់ៗគិតតែប្រយោជន៍ផ្តាល់ខ្លួនធំជាងប្រយោជន៍រួម។ អនុសាសន៍របស់ Amnesty Internationalដើម្បីបញ្ជៀសរឿងរ៉ាវនេះនាពេលអនាគតគឺការរួមសហការគ្នា និងទុកប្រយោជន៍អាត្មានិយមមួយកន្លែង។ Amnesty Internationalបានមើលឃើញថា មេរៀនដែលពិភពលោកបានទាញចេញពីជំងឺកូវីដ១៩ ពេលនេះជាមេរៀនមួយដែលពិភពលោកមិនត្រូវយកទៅអនុវត្តសម្រាប់ព្រឹត្តិការណ៍សកលនាពេលខាងមុខទេ។ ព្រឹត្តិការណ៍សកលដែល Amnesty Internationalចង់និយាយ គឺជំងឺឆ្លងថ្មីដែលអាចកើតមាន និងអាចមានទ្រង់ទ្រាយធំជាងជំងឺកូវីដ១៩។ ក្រៅពីព្រឹត្តិការណ៍ជំងឺឆ្លង Amnesty Internationalក៏បានលើកឡើងពីវិបត្តិអាកាសធាតុជាយថាហេតុ។
អ្វីដែល Amnesty Internationalចង់បាន គឺស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការសកល។ នៅចំពោះមុខវិបត្តិកូវីដ១៩ ពេលនេះ Amnesty Internationalបានអំពាវនាវឲ្យពន្លឿនការផលិតវ៉ាក់សាំង និងការចែកចាយវ៉ាក់សាំងស្មើភាពសម្រាប់គ្រប់ប្រទេសទាំងអស់ មិនថាប្រទេសអ្នកមាន ឬប្រទេសអ្នកក្រ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ