ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង៖ វ៉ាក់សាំង​​AstraZenecaដូសទី២​ នឹងត្រូវ​ជំនួស​ដោយ​​វ៉ាក់សាំង​ARN សម្រាប់​​អ្នក​អាយុ​​ក្រោម​​​៥៥ឆ្នាំ

សំឡេង ០៧:៣៧
ដបហ្វ្លាកុងវ៉ាក់សាំងប្រឆាំងកូវីដ​១៩ របស់មន្ទីរពិសោធន៍ AstraZeneca
ដបហ្វ្លាកុងវ៉ាក់សាំងប្រឆាំងកូវីដ​១៩ របស់មន្ទីរពិសោធន៍ AstraZeneca AP - Matthias Schrader

រឿងរ៉ាវប្រទាញប្រទង់ ទាក់ទិននឹងវ៉ាក់សាំង AstraZeneca នៅមិនទាន់ទៅណាឆ្ងាយទេ។ កាលពីថ្ងៃ​ពុធកន្លងទៅ ទីភ្នាក់ងារឱសថអឺរ៉ុប បានទទួលស្គាល់ថា បញ្ហា​កក​ដុំគ្រាប់ឈាម​នេះ អាចចាត់ទុកបាន​ថាជា​ផលប៉ះពាល់មួយ​ បង្កឡើង ដោយ​វ៉ាក់សាំង AstraZeneca​មែន តែយ៉ាងណា វាជា​ចំណែកមួយ​តូចស្តួចស្តើងបំផុត បើប្រៀបធៀបទៅនឹង​ចំនួន​ដូស​ ដែលគេបានចាក់។ យ៉ាងណាក៏ដោយ​ អាជ្ញាធរសុខាភិបាល​បារាំង ទើបតែបាន​សម្រេច​ នៅថ្ងៃសុក្រនេះថា សម្រាប់​មនុស្សអាយុក្រោម​៥៥ឆ្នាំ​ ដែលបាន​ទទួលវ៉ាក់សាំងដូសទី​១ ជាវ៉ាក់សាំង AstraZeneca គឺដូស​ទី២ គេនឹងចាក់វ៉ាក់សាំងផ្សេងអោយ​វិញ ពោលគឺអាចជាវ៉ាក់សាំង របស់មន្ទីរពិសោធន៍ Moderna ឬ Pfizer។

ផ្សាយពាណិជ្ជកម្ម

ដូសទី២ ចាក់វ៉ាក់សាំងផ្សេងវិញ

អាជ្ញាធរជាន់ខ្ពស់សុខភាពសាធារណៈបារាំង បានធ្វើសន្និសីទកាសែត នៅព្រឹកថ្ងៃសុក្រ ទី​៩មេសាដោយ​បាន​បញ្ជាក់ថា ចាប់ពីពេលនេះទៅ មនុស្ស​អាយុក្រោម៥៥ឆ្នាំ ដែលបានទទួលការចាក់វ៉ាក់សាំង AstraZeneca ដូសទី១ គឺគេនឹងមិនចាក់វ៉ាក់សាំង AstraZeneca ឲ្យ​នៅដូសទី២ទេ។ ដូសទី២ គឺគេនឹងចាក់វ៉ាក់សាំងប្រភេទ ARN ពោលគឺអាចជាវ៉ាក់សាំង របស់មន្ទីរពិសោធន៍ Moderna ឬ Pfizer។

លោក Olivier Véran រដ្ឋមន្ត្រីក្រសួង​សុខាភិបាលបារាំង បានបញ្ជាក់នៅព្រឹកនេះថា វាជារឿងត្រឹមត្រូវហើយ​ ដែលអាជ្ញាធរសុខភាពសាធារណៈបារាំង សម្រេចដូច្នេះ ព្រោះថា តាំងតែពីថ្ងៃ​១៩មីនាមក គឺបារាំងមិនចាក់វ៉ាក់សាំង AstraZeneca​ ទៅឲ្យ​មនុស្ស​អាយុក្រោម​៥៥ឆ្នាំទេ។ ដូច្នេះ ទោះសម្រាប់ដូសទី​២​ក៏ដោយ ក៏​មិនត្រូវចាក់ដែរ ហើយជំនួសដោយ​វ៉ាក់សាំងផ្សេងវិញ។ នៅបារាំង អ្នកដែលបានទទួលវ៉ាក់សាំងដូស​ទី​១ ជាវ៉ាក់សាំង​ AstraZeneca គឺមាន​ប្រមាណជិត​​៦សែននាក់។ យ៉ាងណាមិញ លោក រដ្ឋមន្ត្រីសុខាភិបាលបារាំងខ្លួនឯង ដែលមានអាយុ​៤១ឆ្នាំនេះ ក៏បានទទួលវ៉ាក់សាំង​ដូសទីមួយ​ ជាវ៉ាក់សាំង​AstraZenecaដែរ។

ទីភ្នាក់ងារឱសថអឺរ៉ុបទទួលស្គាល់

ទីភ្នាក់ងារឱសថអឺរ៉ុប បានទទួលស្គាល់ កាលពីថ្ងៃពុធទី៧មេសា ថាបញ្ហាកកដុំគ្រាប់ឈាម​ក្នុងសរសៃឈាមនេះ អាចជាផល​វិបាក​មួយបណ្តាល​មកពី​វ៉ាក់សាំង​AstraZeneca​ ពិតមែន តែជាករណីកម្រខ្លាំងណាស់។​

យោងតាម​ទិន្នន័យរបស់​ទីភ្នាក់ងារឱសថអឺរ៉ុប គឺមានករណី​កកដុំគ្រាប់ឈាមក្នុងសរសៃ​ឈាមវ៉ែន ក្រោយ​ចាក់វ៉ាក់សាំង​AstraZeneca គឺមាន ២២២ករណី នៅតាមប្រទេស​តំបន់សេដ្ឋកិច្ច​​អឺរ៉ុប។ ករណីឈានដល់ស្លាប់វិញ គឺនៅបារាំង មានស្លាប់​៤នាក់ ក្នុងចំណោម១២ករណី នៅអាល្លឺម៉ង់ ស្លាប់​៩នាក់ ក្នុងចំណោម​៣១ករណី នៅន័រវែស ស្លាប់៣នាក់ ក្នុងចំណោម​៥ករណី។ ចំណែកនៅអង់គ្លេសវិញ ដែលមានការចាក់វ៉ាក់សាំង AstraZeneca ប្រមាណ​២០លានដូស ពោលគឺច្រើនជាងគេបំផុតនេះ គឺមានករណី​កកដុំគ្រាប់ឈាម​ ចំនួន​៧៩ករណី ហើយ​ក្នុងនោះមានស្លាប់​១៩នាក់។

ករណី​កកដុំគ្រាប់ឈាមនេះ គឺត្រូវគេសង្កេតឃើញជាទូទៅ ថាមានទៅលើ​មនុស្ស​វ័យខ្ទង់ក្រោម​៦០ឆ្នាំ ហើយវាកើតឡើង ប្រមាណ​ចន្លោះពី ៣ថ្ងៃទៅ ៩ថ្ងៃក្រោយចាក់វ៉ាក់សាំង AstraZeneca។

ក្រោយ​ការសង្កេតឃើញបញ្ហាប្រឈមទាំងនេះ ប្រទេសនៅអឺរ៉ុប បានចាប់ផ្តើម​បង្កើតនការប្រុងប្រយ័ត្ន។ ប្រទេសន័រវែស និងដាណឺម៉ាក គឺគេព្យួរ ផ្អាកឈប់ចាក់វ៉ាក់សាំងនេះទាំងស្រុងតែម្តង រហូតទាល់តែមាន​ការសន្និដ្ឋានស្រាវជ្រាវច្បាស់លាស់។ បារាំង ប៊ែលហ្សិកវិញ ហាមចាក់អាយុក្រោម​៥៥ឆ្នាំ។ អាល្លឺម៉ង់ អេស្ប៉ាញ អ៊ីតាលី និងហូឡង់ ហាមចាក់អាយុក្រោម​៦០ឆ្នាំ។ ចំណែក ហ្វាំងឡង់ អ៊ីស្លង់​វិញ​ ហាមចាក់អាយុក្រោម​៦៥​ និង៧០ឆ្នាំ។ ដោយឡែកអង់គ្លេសវិញ ហាមចាក់អ្នកអាយុ​ក្រោម​៣០ឆ្នាំ។

ក្រៅពីអឺរ៉ុប អូស្ត្រាលី ក៏ទើបតែបានសម្រេច ឈប់ចាក់វ៉ាក់សាំង AstraZeneca ទៅឲ្យ​មនុស្សអាក្រោម​៥០ឆ្នាំ។ ហ្វ៊ីលីពីន ហាមចាក់ អ្នកអាយុក្រោម​៦០ឆ្នាំ។ ចំណែកហុងកុងវិញ បានជូនដំណឹងទៅ​មន្ទីរពិសោធន៍ AstraZeneca ថាមិនបាច់ប្រគល់វ៉ាក់សាំងឲ្យ​គេទេ ទុកឲ្យ​អ្នកផ្សេងចុះ។ កាលពី​ដើមសប្តាហ៍នេះ លោក David Hui ទីប្រឹក្សាសុខភាព​របស់រដ្ឋបាលហុងកុង បានលើកឡើងថា ហុងកុងត្រូវតែ​បោះបង់ចោលវ៉ាក់សាំង AstraZeneca ទៅ ហើយជំនួសដោយ​វ៉ាក់សាំង Johnson et Johnson វិញ។

វ៉ាក់សាំង AstraZeneca ជាវ៉ាក់សាំងដែលគេចាក់ច្រើនជាងគេ

ដំណឹងទាំងអស់នេះ បាន​ធ្វើ​ឲ្យ​ ប្រជាជនជាទូទៅ មិនថាយើងមិនថាគេ មានការព្រួយ​បារម្ភ និងកើតក្តីមិនទុកចិត្តកាន់តែច្រើន ទាក់ទិននឹងគ្រោះថ្នាក់ បណ្តាលមកពីវ៉ាក់សាំង AstraZeneca នេះ។ ជាងនេះទៀត វ៉ាក់សាំង AstraZeneca គឺជាវ៉ាក់សាំង ដែលគេចែកចាយ នឹងបានចាក់ទៅឲ្យ​មនុស្ស​ បានច្រើនជាងគេបង្អស់ នៅក្នុងពិភពលោក។

ប្រទេសយ៉ាងហោច ១១១ប្រទេស បានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងនេះហើយ។ យោងតាមតួលេខរបស់អង្គការ​សុខភាពពិភពលោក គឺមាន​វ៉ាក់សាំង AstraZeneca ប្រមាណ២០០លានដូស ដែលត្រូវបានគេចែកចាយ ក្នុងនោះគឺមួយ​ភាគធំ គឺស្ថិតក្នុង​ក្រមខណ្ឌយន្តការ Covax តែម្តង។ វ៉ាក់សាំង AstraZeneca មានតម្លៃថោកជាងវ៉ាក់សាំងផ្សេង ហើយ​ងាយស្រួលស្តុកទុក​ និងដឹកជញ្ជូនទៀត ដែលហេតុផលទាំងនេះហើយ បានធ្វើឲ្យ​គេជ្រើសយកវ៉ាក់សាំងនេះ។

ផលប៉ះពាល់តិចតួចបំផុត បើប្រៀបធៀបទៅនឹងគុណប្រយោជន៍ការពារកូវីដ​១៩

អង្គការសុខភាព​ពិភពលោក បានទទួលស្គាល់ថា បញ្ហាកកដុំគ្រាប់ឈាម ដ៏កម្រមួយចំនួន វាអាច​បណ្តាល​មកពី​វ៉ាក់សាំង AstraZeneca មែន ក៏ប៉ុន្តែមិន​មាន​អ្វីមកបញ្ជាក់ឲ្យច្បាស់ប្រាកដនោះទេ។ ដូច្នេះ បើថ្លឹងថ្លែង រវាងករណី​មានបញ្ហាកកដុំគ្រាប់ឈាម តែប៉ុន្មានករណី ប្រៀបធៀបទៅចំនួន​ដូសរាប់លានដូសដែលគេបានចាក់ ព្រមទាំងទាំងផលវិជ្ជមានអាចការពារការឆ្លងកូវីដ​១៩ គឺអង្គការសុខភាពពិភពលោក គិតថាត្រូវតែបន្តប្រើវ៉ាក់សាំងនេះតទៅទៀត។

ដូចគ្នាដែរ លោកសាស្ត្រាចារ្យAnthony Harnden អនុប្រធានគណកម្មាធិការ​តាមដានការចាក់វ៉ាក់សាំងនៅអង់គ្លេស បាន​អះអាងនៅតាមកញ្ចក់ទូរទស្សន៍ BBC ថា ករណីប្រឈមគ្រោះថ្នាក់កកដុំគ្រាប់ឈាមក្រោយចាក់វ៉ាក់សាំង AstraZeneca នេះ គឺវាមានតិចខ្លាំងណាស់។ លោកថា ករណី​ប្រឈមកកដុំគ្រាប់ឈាមនេះ វាច្រើនជាងនេះផង នៅពេល​គេប្រើថ្នាំមួយចំនួនផ្សេងទៀត ដូចជាថ្នាំពន្យាកំណើត និងករណីប្រឈម​នៅពេល​ស្ត្រី​ពរពោះជាដើម។

ដោយ​ឡែក លោកស្រី Stella Kyriakides ស្នងការទទួលបន្ទុកសុខភាពនៅសហភាពអឺរ៉ុប បានអំពាវនាវ ឲ្យ​ប្រទេសសមាជិកអឺរ៉ុបទាំងអស់ និយាយក្នុងសម្លេងតែមួយដូចគ្នា កុំម្នាក់ថាអញ្ចេះ ម្នាក់ថាអញ្ចោះ ទាក់ទិននឹងបញ្ហាវ៉ាក់សាំង AstraZeneca នេះ។ លោកស្រីថា ពិភពលោកកំពុងសម្លឹងមកមើលអឺរ៉ុបទាំងអស់គ្នា បើប្រទេសអឺរ៉ុប ខ្លះថាខ្លាច ខ្លះថាមិនអី វាធ្វើឲ្យ​ប្រទេសផ្សេងៗទៀត កាន់តែមិនទុកចិត្តវ៉ាក់សាំងនេះ។ ដោយផ្អែកលើ​អ្នកជំនាញនៃទីភ្នាក់ងារឱសថអឺរ៉ុប លោកស្រី​អះអាងថា គ្រោះថ្នាក់ប្រឈម បណ្តាល​មកពីវ៉ាក់សាំង AstraZeneca គឺវាមាន​តិចបំផុត បើប្រៀបធៀបទៅនឹងផលវិជ្ជមាន​ ដែល​បញ្ចៀសការឆ្លងកូវីដ​១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI