ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុមប្រឹក្សាសន្តិសុខបានទទួលគំនាបកាន់តែខ្លាំងឲ្យជួយសង្រ្គោះជីវិតប្រជាជនភូមា

សំឡេង ០៧:៣៦
លោកស្រី Christine Schraner Burgener ប្រេសិតរបស់អង្គការសហប្រជាជាតិទទួលបន្ទុក​រឿង​ភូមា
លោកស្រី Christine Schraner Burgener ប្រេសិតរបស់អង្គការសហប្រជាជាតិទទួលបន្ទុក​រឿង​ភូមា © ONU/Loey Felipe

ស្ថានការណ៍​វឹកវរ​នៅ​ក្នុង​ប្រទេស​ភូមា​កំពុង​បន្ត​ក្លាយ​ជា​ក្តីកង្វល់​របស់​សហគមន៍​អន្តរជាតិ។ ក្នុង​ថ្ងៃ​សុក្រ ទី៩ មេសា ប្រេសិត​របស់​អង្គការ​សហប្រជាជាតិ​លោកស្រី Christine Schraner Burgener បាន​ផ្តើម​ទស្សនកិច្ច​មួយ​ជុំ​តំបន់​អាស៊ី។ លោកស្រី Christine បាន​ផ្តើម​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​ជា​ប្រទេស​ជិតខាង​ភូមា មុន​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមា និង​ប្រទេស​ចិន។ តែ​ជា​ថ្មី​ម្តង​ទៀត របបសឹក​ភូមា​បាន​បដិសេធ​មិន​ទទួល​លោកស្រី​ទេ។ ក្នុង​ពេល​ពេល​ជាមួយ​គ្នា ក្រុម​ប្រឹក្សាសន្តិសុខ​បាន​បើក​កិច្ចប្រជុំ​ជា​ថ្មី​ដែល​លើក​នេះ​ជា​កិច្ចប្រជុំ​សាធារណៈ​លើកទី១ គិត​តាំង​ពី​ក្រោយ​រដ្ឋប្រហារ​នៅ​ភូមា​ថ្ងៃទី១ កុម្ភៈ។ គួរ​បញ្ជាក់​ថា​មក​ទល់​ពេល​នេះ ការ​វាយបង្រ្កាប​លើ​បាតុករ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ៦០០នាក់។

ផ្សាយពាណិជ្ជកម្ម

គោលដៅ​នៃ​ទស្សនកិច្ច​មួយ​ជុំ​តំបន់​អាស៊ី​របស់​ប្រេសិត​អង្គការ​សហប្រជាជាតិ​លោកស្រី Christine Schraner Burgener គឺ​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​នយោបាយ​ភូមា​ដែល​បាន​អូសបន្លាយ​ជាង ២ខែ។ ដរាប​ណា​វិបត្តិ​អូសបន្លាយ​កាន់​តែ​យូរ ដរាប​នោះ​ចំនួន​មនុស្ស​ស្លាប់ ចំនួន​មនុស្ស​រងរបួស និង​ទុក្ខសោក​របស់​ប្រជាជន​ស៊ីវិល​ស្លូតត្រង់​បន្ត​កើន​ឡើង​ជា​លំដាប់។ ជម្រើស​របស់​ប្រេសិត​អង្គការ​សហប្រជាជាតិ​លោកស្រី Christine Schraner Burgener ទៅ​កាន់​ភូមា គឺ​ដើម្បី​ស្វែង​យល់​ពី​ស្ថានការណ៍​ផ្ទាល់​នៅ​នឹង​កន្លែង និង​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​របបសឹក​ដែល​ជា​តួអង្គ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី​អ៊ុង សានស៊ូជី​កាល​ពី​ថ្ងៃទី១ កុម្ភៈ។ សមាជិក​ជា​ច្រើន​នៃ​ក្រុមប្រឹក្សាសន្តិសុខ​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ទស្សនកិច្ច​ឆាប់រហ័ស​របស់​លោកស្រី Christine ទៅ​កាន់​ភូមា។

« ខ្ញុំ​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​កិច្ចសន្ទនា។ អំពើហិង្សា​មិន​អាច​នាំ​ឲ្យ​មាន​ដំណោះស្រាយ​យូរ​អង្វែង​ឡើយ » នេះ​ជា​ការ​ថ្លែង​របស់​លោកស្រី Christine។ តែ​គួរ​ឲ្យ​ស្តាយ របបសឹក​នៅ​តែ​បន្ត​បដិសេធ​មិន​ទទួល​ស្វាគមន៍​ប្រេសិត​របស់​អង្គការ​សហប្រជាជាតិ​រូប​នេះ​ទេ។ តាម​លោកស្រី Chritine របបសឹក​បាន​ឆ្លើយ​ប្រាប់​លោកស្រី​ថា របបសឹក​នៅ​មិន​ទាន់​បាន​ត្រៀម​ខ្លួន​ដើម្បី​ទទួល​លោកស្រី​នៅ​ឡើយ​ទេ។ ចំណែក​អ្នកនាំ​ពាក្យ​របបសឹក​បាន​ថ្លែង​ស្រដៀង​គ្នា​នេះ​ក្នុង​ថ្ងៃ​សុក្រ ទី៩ មេសា​ថា របបសឹក​មិន​អនុញ្ញាត​ឲ្យ​មាន​ទស្សនកិច្ច​របបៀប​នេះ ហើយ​របបសឹក​ក៏​គ្មាន​ឆន្ទៈ​អនុញ្ញាត​ឲ្យ​មាន​ទស្សនកិច្ច​របៀប​នេះ​នៅ​ពេល​នេះ​ដែរ។ យ៉ាង​ណា​ក៏​ដោយ លោកស្រី Christine បាន​ត្រឹម​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ និង​ត្រូវ​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​ដែល​ជា​សម្ព័ន្ធប្រពៃណី​ចាក់​ទឹក​មិន​លេច​របស់​ភូមា។

ក្រុមប្រឹក្សាសន្តិសុខ​បាន​ប្រជុំ​ជា​ថ្មី​លើក​ទី៤ ដោយ​មិន​ទាន់​មាន​វិធានការ​ជាក់ស្តែង

គួរ​បញ្ជាក់​ថា នេះ​ជា​លើកទី៤ ដែល​ក្រុមប្រឹក្សាសន្តិសុខ​បាន​រួមប្រជុំ​គ្នា​ដើម្បី​ជជែក​ពី​បញ្ហា​ភូមា។ តែ​សេចក្តីថ្លែងការណ៍​ចំនួន ៣ ដង​ដែល​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​បាន​ត្រឹម​ផ្តន្ទាទោស​លើ​ការ​ប្រើ​អំពើ​ហិង្សា​ហួសហេតុ​ពី​សំណាក់​កងទ័ព​ភូមា​លើ​ក្រុម​បាតុករ ពោល​មិន​អាច​ដាក់​ទណ្ឌកម្ម​អ្វី​លើ​របបសឹក​ទេដោយសារ​តែ​ចិន និង​រុស្ស៊ី​បាន​ប្រើ​សិទ្ធិ​វ៉េតូ។ តែ​នៅ​ក្នុង​កិច្ចប្រជុំ​ក្នុង​ថ្ងៃ​សុក្រ ទី៩ មេសា​ដែល​ជា​លើកទី៤ និង​ជា​សាធារណៈ​លើក​ទី១ អាមេរិក និង​ប្រទេស​អឺរ៉ុប​ជា​ច្រើន​បាន​ទាមទារ​យ៉ាង​ទទូច​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ចាត់​វិធានការ​ជាក់ស្តែង ពោល​មិន​ត្រូវ​មាន​វិធានការ​ត្រឹម​សេចក្តីថ្លែងការ​តែ​លើ​ក្រដាស​ឡើយ។

តើ​ក្រុមប្រឹក្សាសន្តិសុខ​នឹង​បន្ត​សរសេរ​ពាក្យពេចន៍​នៅ​លើ​សេចក្តីថ្លែងការ​ថ្មី ឬ​មួយ​ក៏​ត្រូវ​ចាត់​វិធានការ​ជាក់ស្តែង​ដើម្បី​សង្រ្គោះ​ជីវិត​ប្រជាជន​ភូមា? នេះ​ជា​ការ​ចោទ​សួរ​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​លោកស្រី លីនដា ថូម៉ាស់គ្រីនហ្វៀលដ៍។ លោកស្រី​លីនដា​យល់​ថា របបសឹក​ភូមា​ត្រូវ​តែ​ប្រឈម​នឹង​ផលវិបាក​ពី​ទង្វើ​ឃោរឃៅ​របស់​ខ្លួន​ទៅ​លើ​ជនស៊ីវិល​ស្លូតត្រង់ និង​ថា ស្ថិរភាព និង​ភាព​រុងរឿង​នៃ​តំបន់​ពឹង​ទាំង​ស្រុង​លើ​សកម្មភាព​ឆាប់រហ័ស​របស់​ក្រុមប្រឹក្សាសន្តិសុខ។ ចំណែក​ប្រទេស​អេស្តូនី​ដែល​ជា​សមាជិក​ម្នាក់​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​អនុម័ត​លើ​សេចក្តីសម្រេច​មួយ​ដោយ​បញ្ចូល​ទណ្ឌកម្ម​ប្រឆាំង​របបសឹក ពិសេស​ទណ្ឌកម្ម​មិន​លក់​អាវុធ​ឲ្យ​ភូមា។

យ៉ាង​ណា​ក៏​ដោយ ដើម្បី​បញ្ជៀស​ការ​ប្រឈម​មុខ​ជាមួយ​ចិន និង​រុស្ស៊ី​ជា​ថ្មី​ដែល​អាច​នាំ​ឲ្យ​មាន​ភាព​ប្រេះឆា និង​ចម្រូងចម្រាស​នៅ​ផ្ទៃក្នុង​ក្រុមប្រឹក្សា​សន្តិសុខ ក្រុមប្រទេស​បស្ចិមលោក​អាច​រង់ចាំ​មើល​លទ្ធផល​កិច្ចប្រជុំកំពូល​អាស៊ាន​នា​ថ្ងៃទី២០ មេសា​ខាង​មុខ។ តាម​មន្រ្តី​ទូត​មិន​ព្រម​បង្ហាញ​ឈ្មោះ​ឲ្យ​ដឹង​ថា កិច្ចប្រជុំកំពូល​អាស៊ាន​អាច​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ដោយ​មាន​ការ​ចូលរួម​ផ្ទាល់​ពី​ប្រទេស​សមាជិក​ពី​ថ្ងៃទី២០ ដល់​ថ្ងៃទី២២ មេសា​ខាង​មុខ។

បង្កើត​តំបន់​ហាម​ឃាត់​ផ្លូវអាកាស​នៅ​ភូមា

គេ​បាន​សង្កេត​ឃើញ​ថា ក្រៅ​ពី​ភាព​ខ្នះខ្នែង​របស់​សហគមន៍​អន្តរជាតិ គំនាប​លើ​របបសឹក​ក៏​មាន​ពី​ក្រុម​មន្រ្តីទូត​ភូមា​មួយ​ចំនួន​នៅ​បរទេស​ដែល​បាន​ងាក​ទៅ​គាំទ្រ​បុព្វហេតុ​របស់​ពលរដ្ឋ​ភូមា។ ជា​ទូទៅ គ្មាន​ពលរដ្ឋ​ភូមា​មួយ​ចំនួន​ដែល​រស់នៅ​បរទេស​បាន​ប្រឆាំង​នឹង​រដ្ឋប្រហារ និង​មិន​ចង់​ឃើញ​របបសឹក​បន្ត​កាន់​តំណែង​ជា​ថ្មី​ទេ។ មែនទែន​ទៅ ភូមា​បាន​ស្គាល់​ការ​គ្រប់គ្រង​ដោយ​របបសឹក​ច្រើន​ជាង​របប​ស៊ីវិល​ទៅ​ទៀត។ តែ​អ្វី​ដែល​ហាក់​ដូច​ជា​ថ្មី​នា​ពេល​នេះ មាន​មន្រ្តី​ទូត​ភូមា​នៅ​ប្រទេស​មួយ​ចំនួន​ដែល​ខ្លះ​ជា​ឯកអគ្គរដ្ឋទូត​ផង​បាន​បែរ​ជំហរ​ប្រឆាំង​នឹង​របបសឹក។ ក្រៅ​ពី​ឯកអគ្គរដ្ឋទូត​ភូមា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ គឺ​មាន​មន្រ្តីទូត​ជាង ២០នាក់​បាន​ប្រឆាំង​នឹង​របបសឹក​ដោយ​ងាក​ទៅ​គាំទ្រ​ចលនា​របស់​ពលរដ្ឋ​ភូមា​ក្នុង​ស្រុក ដូច​ជា​មន្រ្តី​ទូតភូមា​ក្នុង​ប្រទេស​បារាំង អាល្លឺម៉ង់ អង់គ្លេស ស៊្វីស ឬ​មួយ​ក៏​នៅ​អាមេរិក។

ការងារ​ដែល​ពួក​គេ​អាច​ធ្វើ​បាន​ពី​ចម្ងាយ គឺ​កែន​ប្រមូល​ពលរដ្ឋ​ភូមា​ដែល​រស់នៅ​បរទេស​ឲ្យ​ប្រឆាំង​រដ្ឋប្រហារ និង​ប្រឆាំង​របបសឹក។ នេះ​ជា​យន្តការ​មួយ​ដើម្បី​ដាស់តឿន និង​បន្ត​ដាក់​គំនាប​លើ​សហគមន៍​អន្តរជាតិ​ឲ្យ​ចាត់​វិធានការ​ជាក់ស្តែង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ភូមា។ នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​នា​ថ្ងៃ​សុក្រ ទី៩ មេសា ឯកអគ្គរដ្ឋទូត​ភូមា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​ដែល​ត្រូវ​បាន​របបសឹក​ដក​តំណែង តែ​នៅ​បន្ត​អង្គុយ​កៅអី​ដដែល​បាន​សម្តែង​ការ​សោយស្តាយ​ពី​កង្វះ​សកម្មភាព​ម៉ឺងម៉ាត់ និង​គ្រប់គ្រាន់​ពី​សហគមន៍​អន្តរជាតិ ពិសេស​ពី​ក្រុមប្រឹក្សាសន្តិសុខ។ អ្វី​ដែល​ឯកអគ្គរដ្ឋទូត​ភូមា​រូប​នេះ​ចង់​បាន​នៅ​ចំពោះ​មុខ​ភ្លាមៗ គឺ​ចង់​ឲ្យ​ក្រុមប្រឹក្សា​បង្កើត​តំបន់​ហាមឃាត់​ផ្លូវអាកាស​នៅ​ភូមា​ក្នុង​គោលដៅ​រារាំង​របបសឹក​មិន​ឲ្យ​ប្រើ​យន្តហោះ​ទម្លាក់​គ្រាប់បែក​លើ​ក្រុម​បាតុករ និង​ក្រុម​ជនជាតិ​ភាគតិច។

គួរ​រម្លឹក​ថា​មក​ទល់​ពេល​នេះ វិធានការ​របស់​សហគមន៍​អន្តរជាតិ​ហាក់​មិន​ទាន់​មាន​អ្វី​ជាក់ស្តែង​នៅ​ឡើយ​ទេ​ដោយសារ​តែ​ចិន និង​រុស្ស៊ី​បាន​ប្រើ​សិទ្ធិវ៉េតូ​ខ្ទប់​នឹង​ទណ្ឌកម្ម​ប្រឆាំង​នឹង​របបសឹក​ភូមា។ គឺ​ទើប​មាន​តែ​ទណ្ឌកម្ម​ជា​លក្ខណៈ​ប្រទេស ដូច​យ៉ាង​អាមេរិក​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន​រដ្ឋ​មួយ​នៅ​ក្នុង​អាជីវកម្ម​រ៉ែត្បូង​មាន​តម្លៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI