ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូវីដ​១៩ ៖ អាជ្ញាធរ​ចិនទទួល​ស្គាល់​អំពី​ប្រសិទ្ធភាព​ទាប​នៃ​ថ្នាំវ៉ាក់សាំង​របស់​ខ្លួន​

សំឡេង ០៦:៤៥
នាយកមជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​និង​បង្ការ​ជំងឺ​ឆ្លង (Gao Fu)ធ្វើ​សន្និសីទ​កាសែត​ទទួលស្គាល់​អំពី​ប្រសិទ្ធភាពនៃ​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩​របស់​ចិន
នាយកមជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​និង​បង្ការ​ជំងឺ​ឆ្លង (Gao Fu)ធ្វើ​សន្និសីទ​កាសែត​ទទួលស្គាល់​អំពី​ប្រសិទ្ធភាពនៃ​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩​របស់​ចិន AP

នៅ​​ប្រទេស​ចិន លោក​ហ្កាវ ហ្វូ (Gao Fu)នាយកមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការ​ជំងឺឆ្លងបាន​ថ្លែង​ទទួល​ស្គាល់​ជា​សាធារណៈ​នា​ថ្ងៃ​សៅរ៍ ទី១០ មេសាថា ប្រសិទ្ធភាពរបស់​វ៉ាក់សាំង​ចិននៅមាន​កម្រិតទាប។ លោក​នាយក​មជ្ឈមណ្ឌល​បាន​លើក​ឡើង​អំពី​​សេណារីយ៉ូ​ ជា​ច្រើន​ ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ថ្នាំ​បង្ការ​ប្រឆាំង​កូវីដ១៩ ដូច​ជា​ការ​ចាក់​លាយ​ជាមួយវ៉ាក់សាំង​ផ្សេង ឬ​មួយ​បង្កើន​ចំនួន​ដូស​ដែល​ត្រូវ​ចាក់។

ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើក​ទីមួយ ដែល​ចិន​អាជ្ញាធរ​ចិន​ព្រម​ទទួល​ស្គាល់​ជា​សាធារណៈ​​ នូវ​អ្វី​ដែល​មន្ទីរ​ពិសោធន៍ជា​ដៃគូ​នៅ​បរទេសបាន​និយាយ​កន្លង​មក ថា ថ្នាំ​បង្ការ​ប្រឆាំង​នឹងកូវីដ​១៩​របស់​ចិន ដែលផលិត​ឡើង​ដោយ​ប្រើ​បច្ចេកវិទ្យា​បែប​បូរាណ អាច​ការ​ពារមនុស្ស​ពី​ជំងឺកូវីដ​១៩​បាន​តិច​/ទាប​ជាង​ថ្នាំ​បង្ការ​ដែល​ប្រើ​បច្ចេកវិទ្យា​ទំនើបប្រភេទ ARN (ប្រើ​​សារ​មេរោគ​ទៅ​ដាស់​ប្រាប់​សរីរាង្គកាយ​ឱ្យ​បង្កើត​អ័រទីករ​សម្រាប់​ទប់​នឹងមេរោគ​ប្រភេទនេះ)។

ប្រសិទ្ធភាព​ទាប

ថ្នាំ​បង្ការ​ចិន​ទាំង​ពីរ​​ របស់​មន្ទីរ​ពិសោធន៍ Sinovac និង Sinopharm ផលិត​ឡើង​ដោយ​ប្រើវិធីសាស្ត្រ​​ធម្មតា គឺ​​យកមេរោគ កូរ៉ូណាវីរុស Sars-CoV-2 សម្លាប់ហើយ​ ក្នុងកម្រិតដ៏តិច​តូចមួយ មិនអាច​​បង្ក​ឱ្យ​មាន​ជំងឺបាន​​ទៅ​ផ្សំ​ជា​ថ្នាំ មកចាក់បញ្ចូល​ទៅក្នុង​ខ្លួន​មនុស្ស​ ដើម្បី​ដាស់សរីរាង្គមនុស្ស ឲ្យ​កម្រើក និង​ផលិត​ប្រព័ន្ធអង់ទីក័រ សម្រាប់​​ទប់ទល់ជាមួយ​មេរោគនេះ។ គុណសម្បតិ្តមួយទៀត នៃ​វ៉ាក់សាំងចិន​ គឺគេអាចរក្សាទុក ក្នុងទូរទឹកកកធម្មតា ក្នុងសីតុណ្ហភាព ចន្លោះពី ២°c ទៅ ៨°c។​

ចំពោះ​​កំរិត​ប្រសិទ្ធភាព​វិញ បើ​តាម​វិទ្យាស្ថាន​ជីវវេជ្ជសាស្ត្រក្រុង São Paulo ប្រេស៊ីល ថ្នាំ​វ៉ាក់សាំង​Sinovac​ មាន​ប្រសិទ្ធភាពការ​ពារ​ការ​ចម្លងបានជាង​៥០%​បន្តិច តែអាច​ការ​ពារ​​មិន​ឱ្យ​អ្នកជំងឺ​ធ្លាក់ខ្លួន​​ឈឺ​ធ្ងន់​ធ្ងរ បាន​ដល់​៨០% ​និង​ការពារ​បាន​១០០%​មិន​ឱ្យ​ស្លាប់។

តែ​​បើ​តាម​ការ​សិក្សារបស់​សាកលវិទ្យាល័យ​ស៊ីលីថ្នាំ​បង្ការ​ចិន​នេះ មាន​​​ប្រសិទ្ធភាព​តែ​៣% ប៉ុណ្ណោះ ពោល​គឺ​ស្ទើរ​គ្មានប្រសិទ្ធភាព​សោះ​នៅ​ពេល​ចាក់​ម្ជុល​ទីមួយ។ នៅ​អារ៉ាប៊ីសាអូឌីត មន្ទីរ​ពេទ្យ​ខ្លះ​បាន​ចាក់​ បី​ដូស ដល់​អ្នក​ជំងឺ​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ។

ចាក់​រាល់​៦​ខែម្តង ឬ​លាយ​ជាមួយ​ថ្នាំ​បង្ការ​មួយ​មុខ​ទៀត​ ​ដើម្បី​បង្កើន​ប្រសិទ្ធភាព ?​

នៅពេល​នេះ ចិន​មិន​ទាន់​ចេញ​អនុសាសន៍​អ្វី​​ទេ ប៉ុន្តែ​ប្រហែលជា​អាច​មាន​ការ​ប្តូរ​ផ្លាស់ ព្រោះ​បើ​តាម​ការ​ពន្យល់​របស់​លោក ហ្កាវ ហ្វូ ​ ​អាជ្ញាធរ​ចិន​កំពុង​ពិចារណាលើ​​រក​វិធី​​​បង្កើន​ប្រសិទ្ធភាព​ថ្នាំ​វ៉ាក់សាំង​​ទាំង​ពីរ​នេះ។ ទីមួយ គឺ​តម្រែ​តម្រឹម​គម្លាត​នៃ​ការ​ចាក់​ថ្នាំ​បង្ការ ដោយ​ត្រូវ​ចាក់​ពីរ​ដូស​ជា​រៀង​រាល់​៦​ខែម្តង ឬ​ក៏​បង្កើត​​ចំនួន​ ដូស ពី​ពីរ​ទៅ​បី​ដូស​ម្តង។ ដំណោះស្រាយ​​ទីពីរ គឺ​ការ​ចាក់​លាយ​ជាមួយ​ថ្នាំ​បង្ការ​ប្រឆាំងកូវីដ​១៩​ មួយ​មុខ​ផ្សេង​ទៀត។​ ត្រង់​ចំណុច​នេះ លោកនាយកមជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​​និង​បង្ការ​ជំងឺ​ឆ្លង​ មិន​បាន​បញ្ជាក់​ថា​តើត្រូវលាយ​​ជា​ថ្នាំ​បង្ការ​មួយ​ណាដែរ។ តែ​ចិន​កំពុង​សម្រុក​បង្កើន​ការ​សិក្សាស្រាវជ្រាវ​​រក​ថ្នាំបង្ការ​ដែល​មាន​ប្រសិទ្ធភាព​ការ​ពារ​ខ្ពស់​ជាង​នេះ។

​​សេចក្តី​ថ្លែងការណ៍ជា​សាធារណៈ​ស្តី​ពី​អំពី​ប្រសិទ្ធភាព​ថ្នាំ វ៉ាក់សាំងនេះ​ ​អាចនាំ​ឱ្យ​គេ​កាត់​​យល់​បាន​បន្ថែម​ទៀត​ថា ថ្វីបើ​ថ្នាំ​បង្ការ​ជា​អាវុធ​ដ៏​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​មែន ប៉ុន្តែ​ថ្នាំ​បង្ការ​ទំនង​ជា​មិន​អាច​ជួយ​ចិន​ឱ្យ​ឆាប់​មាន​ភាព​ស៊ាំ​រួម និង​ចាប់​មានជីវិត​ជា​ធម្មតា​ឡើង​វិញបាន​ដូច​ការ​គ្រោង​ទុក និង​ ស្រប​តាមកម្មវត្ថុ​ទេ។ រដ្ឋាភិបាល​ចិន​រំពឹង​ផ្តល់​​ភាព​ស៊ាំ​រួម​កំរិត​៨០% ឱ្យ​បាន​មុន​ការ​បើក​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងារ​ក្រុង​ប៉េកាំង​ឆ្នាំ​២០២២។ ​

​អង្គការ​សុខភាព​ពិភពលោកមិនទាន់​ប្រកាស​​​ទទួល​ស្គាល់​ ​ថ្នាំ​បង្ការ​របស់​ចិន​ ​​ជា​ផ្លូវការ

ថ្នាំវ៉ាក់សាំង​ចិន​ទាំង​ពីរ​ មាន​ធ្វើ​ចរាចរណ៍​នៅ​ក្នុងជា​ច្រើនប្រទេស និង​ចាក់​លើមនុស្ស​បាន​ជាង​២០០​លាននាក់ ក្នុង​២០ប្រទេស រាប់​ទាំងចិនខ្លួន​ឯង​ផង។ ​មន្ទីរពិសោធន៍​ចិន​ទាំង​ពីរ ក៏​បាន​ដាក់​ពាក្យ​ស្នើសុំអាជ្ញាបណ្ណ​ ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​​អនុឡោមតាម​នីតិវិធីបន្ទាន់ (EUL)ហើយដែរ ដោយ​​​អង្គការ​សុខភាពពិភពលោក ត្រូវ​ផ្តល់សេចក្តី​សម្រេច​​នៅដើម​​ខែមេសានេះ។

ប៉ុន្តែ​ក្រុមអ្នកជំនាញ​ផ្តល់ប្រឹក្សាយុទ្ធសាស្ត្រ​ (SAGE) របស់អង្គការសុខភាពពិភពលោកដែលមានតួនាទី​ត្រួតពិនិត្យ​គុណភាពវ៉ាក់សាំង ​បានជួប​ប្រជុំសិក្សា​អំពី​ប្រសិទ្ធភាព​ថ្នាំ​បង្ការ​ចិន ពីថ្ងៃទី២២ ដល់ថ្ងៃទី​២៥មីនា និង​បាន​ចេញ​របាយការណ៍​​​​ប្រជុំ​នៅ​​ថ្ងៃ​ទី ៣១​មីនា ថា វ៉ាក់សាំងប្រឆាំងកូវីដ​១៩ របស់​​មន្ទីរពិសោធន៍ Sinopharm និង Sinovac បានបង្ហាញនូវ​ប្រសិទ្ធភាពល្អ និងភាពគួរឲ្យទុកចិត្តបាន មិន​បង្កគ្រោះថ្នាក់អ្វីទេ តែ​ចង់​បាន​ទិន្នន័យ​ឲ្យ​បានច្រើនជាងនេះបន្ថែមទៀត មុន​នឹង​អាច​បញ្ជាក់ឲ្យ​ច្បាស់អំពីប្រសិទ្ធភាពរបស់វាជា​ផ្លូវការ។ គេនៅខ្វះ​ទិន្នន័យ​ច្រើនទៀត​ ស្តីពី​ប្រសិទ្ធភាព​នៃ​​វ៉ាក់សាំងទាំង២នេះ ចំពោះ​​មនុស្សវ័យចំណាស់ និង​អ្នកដែលមាន​ជំងឺប្រចាំកាយ​ផ្សេងៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI